ប្រជាពលរដ្ឋខ្មែររស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិពាមមន្ទារ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លើកឡើងថា ការអភិវឌ្ឍព្រំដែនយឺតយ៉ាវ ធ្វើឲ្យវៀតណាម កាន់តែមានឥទ្ធិពលខ្លាំងគ្របលើកម្ពុជា ស្ទើរគ្រប់វិស័យ។ សង្គមស៊ីវិលថា ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន ឬគេចចេញពីឥទ្ធិពលរបស់វៀតណាម នោះ កម្ពុជា ត្រូវតែមានការឯកភាពគ្នា និងពង្រឹងសមត្ថភាពអភិវឌ្ឍនៅតាមព្រំដែន។
ភូមិពាមមន្ទារ គឺជាភូមិខ្មែរក្រីក្រមួយស្ថិតនៅក្នុងឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ភូមិនេះជាប់ព្រំដែនប្រទេសវៀតណាម ដោយមានទន្លេជាខ្សែបន្ទាត់ព្រំដែនពុះចែកប្រទេសទាំងពីរ។
នៅពេលទៅដល់ភូមិនោះ លោកអ្នកនឹងឃើញ ឬឮការត្អូញត្អែរពីភាពលំបាកលំបិនរបស់ប្រជាពលរដ្ឋខ្មែរ ថាការអភិវឌ្ឍនៅតាមព្រំដែនកម្ពុជា មានការយឺតយ៉ាវខុសឆ្ងាយពីប្រទេសវៀតណាម ដែលធ្វើឲ្យកម្ពុជា នៅតែឋិតនៅក្រោមឥទ្ធិពលរបស់វៀតណាម រហូតមក។
ប្រជាពលរដ្ឋមួយចំនួនប្រាប់អាស៊ីសេរីថា សព្វថ្ងៃនេះ ថ្វីត្បិតតែកម្ពុជា មានព្រំដែនពុះចែកប្រទេសទាំងពីរទៅហើយក្តី តែកិច្ចការមួយចំនួន គឺវៀតណាម ជាអ្នកកំណត់ ឬត្រូវសុំការអនុញ្ញាតពីវៀតណាម ជាដើម។
អ្នកភូមិម្នាក់សុំមិនបញ្ចេញឈ្មោះរៀបរាប់ថា ទឹកទន្លេដែលពុះចែកព្រំដែននោះ គឺពលរដ្ឋខ្មែរមិនមានសិទ្ធិប្រើប្រាស់ដូចពលរដ្ឋវៀតណាម ឡើយ។ ចំណែកតម្លៃកសិផលរបស់ពួកគាត់វិញ គឺវៀតណាម ជាអ្នកកំណត់តម្លៃទីផ្សារស្រេចចិត្ត ដោយសារកម្ពុជា ពុំមានទីផ្សារលក់ចេញឡើយ។ ចំពោះបញ្ហាចេញចូលតាមច្រកព្រំដែនវិញ គឺជនជាតិវៀតណាម ចេញចូលកម្ពុជា ងាយស្រួលជាងពលរដ្ឋខ្មែរចេញចូលទៅទឹកដីវៀតណាម៖ «គេឲ្យយើងគោរព សូម្បីតែតាមទូកក៏ត្រូវសុំច្បាប់ដែរ ប៉ុន្តែខាងយើងវិញ មិនសូវតឹងប៉ុន្មានឡើយ។ ចំពោះទឹកទន្លេនោះកាលមុន ខ្ញុំជីករង្វះបង្ហូរទឹក ស្រាប់តែជីកហើយ ខាងវៀតណាម ឲ្យលុបវិញ។ បើស្រូវវិញតាមតែតម្លៃគេដាក់ទេ»។
ពួកគាត់បន្ថែមថា សូម្បីតែគោក្របីរាប់ពាន់ក្បាលរបស់ពលរដ្ឋវៀតណាម វិញ តែងតែដេញចូលទឹកដីកម្ពុជា ដោយសេរី ហើយស៊ីស្រូវពលរដ្ឋខ្មែរទៀតផង ទោះពលរដ្ឋខ្មែរហាម ក៏ពួកគេមិនខ្វល់ដែរ។ បញ្ហានេះ កន្លងមកធ្លាប់បានបណ្ដាលឲ្យមានទំនាស់កាប់គ្នាទៀតផង ហើយពេលមានទំនាស់កើតឡើង ពលរដ្ឋខ្មែរហាក់មិនត្រូវបានការពារដោយកក់ក្តៅពីអាជ្ញាធរឡើយ៖ «វៀតណាម គ្រាន់តែប្រាប់ភូមិ-ឃុំគេ គេប្រាប់បណ្ដាញគេបន្តទៀត ដល់ភ្លាម ពេលមានរឿងហេតុការណ៍អីកើតឡើង តែខ្មែរយើងវិញទាល់តែស្អែក ឬថ្ងៃក្រោយ ហើយគេមិនចង់ដោះស្រាយឲ្យយើងទេ គេថារវល់អ៊ីចឹង»។
បុរសម្នាក់ទៀតបានរៀបរាប់ថា បើទោះបីជានៅខាងទឹកដីខ្មែរប្រហែល ៥០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនក្តី ក៏ពលរដ្ឋខ្មែរមិនអាចធ្វើអ្វីចម្លែកៗបានឡើយ ដូចជាបើកត្រាក់ទ័រភ្ជួរស្រែពេលយប់ក្តី ក៏ត្រូវអាជ្ញាធរវៀតណាម ហាមឃាត់ដែរ ជាពិសេសបើនៅក្នុងភូមិវិញ គឺវៀតណាម មិនអនុញ្ញាតឲ្យខ្មែរដុតកាំជ្រួចក្នុងពិធីបុណ្យទានម្តងម្កាលឡើយ ចំណែកវៀតណាម វិញ អាចធ្វើសមយុទ្ធយោធាយ៉ាងកងរំពងនៅតាមព្រំដែននោះជាច្រើនម៉ោង ដោយគ្មានអាជ្ញាធរខ្មែរហ៊ានរារាំងឡើយ។ ពួកគេថា វៀតណាម ហាក់ដូចជាមានឥទ្ធិពល ឬមានប្រៀបលើកម្ពុជា រហូត៖ «គោវៀតណាម អីមក គេឲ្យលុយពីរបីសែនដុង ដល់ (ប៉ូលិសព្រំដែន) ឲ្យគេចូលហើយ។ យើងពិបាកបូមទឹក ហើយបើត្រូវការជីកប្រឡាយ យើងត្រូវសុំគេ តែគេធ្វើស្រេចតែចិត្តគេ ទោះបីគេបូមពីដីខាងទន្លេយើង ក៏អាជ្ញាធរយើងមិនដែលទៅរវីរវល់អី។ នោះខាងនោះ វាបូមទឹកខាងយើងបណ្ដាលឲ្យបាក់ច្រាំងដីខាងយើងរហូត»។
មិនខុសគ្នាប៉ុន្មានឡើយ បុរសសម្បុរខ្មៅស្រអែមម្នាក់ទៀត ក៏បាននិយាយថា វៀតណាម ហាក់មិនញញើតនឹងច្បាប់ ឬអាជ្ញាធរកម្ពុជា ឡើយ។ ពួកគេហ៊ានចូលមកនេសាទខុសច្បាប់ និងចេញ ឬចូលរកស៊ីលក់ដូរគ្រប់ប្រភេទក្នុងទឹកដីខ្មែរ។ ពលរដ្ឋថា បើនិយាយជាភាសាសាមញ្ញ គឺវៀតណាម មិនខុសពីបងធំរបស់កម្ពុជា ឡើយ៖ «វៀតណាម គេចូលមកភ្លែតអ៊ីចឹង គេឲ្យតែ ១ម៉ឺន ពីរម៉ឺនដុងចឹងទៅ គេឲ្យគេទៅហើយ ហើយយើងវិញចូលទៅគេតែភ្លែត គេត្រូវការអត្តសញ្ញាណប័ណ្ណ ហើយមិនស្រួលឆែកឆេរអស់រលីង ... ល្មមៗចាប់យើងទុកទៀត»។
ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមយល់ថា ការអភិវឌ្ឍឲ្យមានប្រព័ន្ធទឹកភ្លើង សាលារៀន ឬមន្ទីរពេទ្យ ពិសេសផ្លូវថ្នល់នៅតាមបន្ទាត់ព្រំដែនមានពលរដ្ឋរស់នៅ និងមានសកម្មភាពសេដ្ឋកិច្ច គឺជារនាំងដ៏រឹងមាំ ដើម្បីទប់ទល់នឹងឥទ្ធិពលប្រទេសជិតខាង ឬទប់ស្កាត់ការលួចរំកិលព្រំដែនពីប្រទេសជិតខាងមានប្រសិទ្ធភាព៖ «សូមថ្នាក់លើជួយមើលអាជ្ញាធរថ្នាក់ក្រោមផង កុំគិតតែលុយពេក គិតពីជាតិ គិតពីរាស្ត្រខ្លះផង»។
ឆ្លើយតបបញ្ហានេះ មេឃុំពាមមន្ទារ លោក ឡាយ ស៊ាប មានប្រសាសន៍ថា ចំពោះបញ្ហានៅតាមព្រំដែននោះមិនឋិតនៅក្រោមសមត្ថកិច្ចរបស់ឃុំនោះទេ គឺជាសមត្ថកិច្ចរបស់គណៈកម្មការព្រំដែន។ ប៉ុន្តែយ៉ាងណាក៏ដោយចុះ លោកទទួលស្គាល់ថា កម្ពុជា ពិតជាមានការអភិវឌ្ឍនៅទាបជាងវៀតណាម បន្តិចមែន ប៉ុន្តែបច្ចុប្បន្ននេះ រដ្ឋាភិបាលប្រហែលជាកំពុងធ្វើកិច្ចការនេះដែរ។ ម្យ៉ាងវិញទៀត អ្វីដែលពលរដ្ឋលើកឡើងនោះមានករណីខ្លះមិនពិតនោះទេ៖ «តាំងតែពីព្រមព្រៀងគ្នាមក ទឹកនេះឃើញថា ប្រើប្រាស់ស្រោចស្រពដូចជាមិនមានបញ្ហាអីទេ តែគោមានការឆ្លងកាត់មែន តែក្រោយមកយើងបានប្រជុំជម្រាបទៅវៀតណាម ជាច្រើនលើកច្រើនសាដែរ ដូច្នេះរយៈកាលកន្លងទៅឃើញថា អត់ឆ្លងមកទៀតទេ។ រីឯរឿងការជីក ការស្ដារអីនេះ គឺវាមានសមត្ថកិច្ចគណៈកម្មការព្រំដែន គាត់បានកំណត់ទាំងអស់គ្នា។ ម្យ៉ាងទៀត សមត្ថកិច្ចយើងអស់នេះ យើងគ្រប់គ្រងតែទៅលើប្រជាពលរដ្ឋ តែយើងមិនមានភារកិច្ចជំនួសមុខឲ្យខាងគណៈកម្មការព្រំដែនឡើយ»។
រីឯប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា លោកពិតជាបានដឹងថា កម្ពុជា នៅមានចំណុចខ្សោយដូចជានៅខ្វះផ្លូវ ខ្វះទឹក និងបញ្ហាមួយចំនួនទៀត ប៉ុន្តែខាងលោកពុំមានសមត្ថកិច្ចធ្វើការលើរឿងនេះឡើយ ពោលគឺស្ថិតនៅលើអាជ្ញាធរដែនដី៖ «វាឋិតនៅលើអាជ្ញាធរដែនដី វាក្រោមក្រសួងមហាផ្ទៃ តិចទៀត។ គាត់មានគោលនយោបាយ គាត់មានកម្មវិធីអភិវឌ្ឍន៍ឃុំ-ស្រុកនៅទីនេះ ទីនោះជាដើម ព្រោះគាត់អ្នកគ្រប់មេភូមិ មេឃុំ ហើយយើងមិនបានគ្រប់គ្រងមេភូមិ មេឃុំឯណា»។
ទាក់ទងនឹងរឿងព្រំដែននេះដែរ ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ជាការពិតណាស់ មិនមែនតែពលរដ្ឋខ្មែរនៅជាប់ព្រំដែនវៀតណាម ទេ ពោលគឺពលរដ្ឋខ្មែរនៅជាប់ព្រំដែនថៃ ភាគខាងលិច ក៏រងឥទ្ធិពលដូចគ្នាដែរ៖ «នៅជាប់ថៃ ប្រើទឹកម្ទេសថៃ នៅជាប់វៀតណាម ប្រើទឹកម្ទេសវៀតណាម ប្រើបន្លែវៀតណាម ប៉ុន្តែសួរប្រជាជន ១០០នាក់ គាត់ថាគាត់កង្វល់នឹងបន្លែគីមី តែគាត់មិនព្រមដាំទេ។ វាមិនត្រូវបន្ទោសទៅលើប្រជាជនទេ វាត្រូវបន្ទោសអាជ្ញាធរពាក់ព័ន្ធដែរថាយើងដាំស្អី»។
ដើម្បីដោះស្រាយបញ្ហានេះ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ក្រោយពីបញ្ចប់ការសិក្សាស្រាវជ្រាវនៅតាមព្រំដែននោះ លោកនឹងបង្ហាញអំពីផែនការអភិវឌ្ឍន៍នៅតាមព្រំដែន។
កន្លងមកនៅតាមខ្សែបន្ទាត់ព្រំដែនភាគខាងកើត តែងតែមានបាតុភាពកើតឡើងជាច្រើនរួមមាន ការលួចជីកស្រះ ជីកប្រឡាយ លួចសាងសង់ប៉ុស្តិ៍យុទ្ធសាស្ត្រ លួចធ្វើផ្លូវនៅតំបន់ហាមឃាត់ និងកាប់រានព្រៃធ្វើចម្ការជាដើម ដែលពួកគេមិនបានពិគ្រោះយោបល់ជាមួយកម្ពុជា នោះទេ ប៉ុន្តែសម្រាប់ភាគីកម្ពុជា វិញ មិនដែលហ៊ានបញ្ចេញសកម្មភាពដូចវៀតណាម ឡើយ។ លើសពីនេះ បើទោះបីជាកម្ពុជា បានផ្ញើលិខិតកំណត់ទូតទៅវៀតណាម ២៣លើកក្តី តែវៀតណាម បានបង្ហាញកាយវិការមិនយកចិត្តទុកដាក់ឡើយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ដែលធ្លាប់ចុះស្រាវជ្រាវនៅតាមព្រំដែនទាំងខាងលិច និងខាងកើតនោះ មានប្រសាសន៍ថា នៅតាមព្រំដែននៃប្រទេសទាំងពីរនេះ មានបញ្ហាប្រហែលគ្នា។ លោកបន្តថា វៀតណាម ហាក់ដូចជាផ្តល់នូវការគោរពបូរណភាពទឹកខ្មែរនេះតិចណាស់៖ «បើនិយាយពីឥទ្ធិពលវាមានណាស់ទៅហើយ នៅតាមតំបន់ខ្លះសេវាកម្មខាងខ្មែរយើងអត់មានទេ ដូចជាខាងសុខភាពជាដើម គឺបងប្អូនខ្មែរយើងនៅតាមបណ្តោយបន្ទាត់ព្រំដែនវៀតណាម ត្រូវទៅពឹងពាក់វៀតណាម ទាំងអស់។ នេះយើងមិនទាន់និយាយដល់កន្លែងខ្លះទៀត ដូចជាតំបន់កន្ទុយនាគ ពីមុនសូម្បីតែកងទ័ពយើង ក៏ត្រូវបានវៀតណាម ចិញ្ចឹមដែរ តែឥឡូវមិនដឹងយ៉ាងម៉េចទេ។ ក្នុងកាលៈទេសៈដែលខ្មែរយើងមិនទាន់មានឯកភាពជាតិ កាលណាគ្នាយើងនិយាយពីរឿងព្រំដែន ត្រូវមានទោសទណ្ឌ ត្រូវចាប់ដាក់គុក ជាដើម។ ខ្ញុំគិតថា បរទេសគេមិនស្តាប់យើងទេ ហើយគេក៏មិនផ្តល់ការគោរពឲ្យយើងដែរ»។
លោកបណ្ឌិត មាស នី បន្តថា ដើម្បីរំដោះខ្លួនចេញពីឥទ្ធិពលប្រទេសជិតខាងនោះ គឺកម្ពុជា ត្រូវរកឯកភាពជាតិ ហើយត្រូវពន្លឿនការវាស់វែងព្រំដែន ព្រមទាំងពង្រឹងសមត្ថភាពអភិវឌ្ឍនៅតាមព្រំដែនដូចជាប្រទេសជិតខាងដែរ៖ «សំខាន់ចុងក្រោយ គឺសមត្ថភាពរបស់រដ្ឋាភិបាលខ្មែរយើងអភិវឌ្ឍប្រទេសយើងឲ្យដើរទាន់គេ ព្រោះថារាល់ថ្ងៃនេះ បើប្រៀបធៀបជាមួយប្រទេសជិតខាង គឺយើងនៅក្រោយគេដប់ឆ្នាំទៅដប់ប្រាំឆ្នាំអីណោះ។ រដ្ឋាភិបាលត្រូវតែទទួលស្គាល់រឿងនេះ»។
ការអភិវឌ្ឍព្រំដែនយឺតយ៉ាវ គឺជាបញ្ហាមួយដែលមនុស្សភាគច្រើនចាត់ទុកថា ជាចំណុចខ្សោយមួយរបស់កម្ពុជា ក្នុងការការពារទឹកដីរបស់ខ្លួនពីការរំលោភបំពានពីប្រទេសជិតខាង។ ការមិនសូវអើពើពីសំណាក់រដ្ឋាភិបាលទៅកាន់ប្រជាជននៅតាមព្រំដែន រឹតតែធ្វើឲ្យពលរដ្ឋនៅតាមព្រំដែនធ្វើចំណាកស្រុកចេញពីតំបន់ព្រំដែនកាន់តែច្រើន ដើម្បីស្វែងរកការងារនៅកន្លែងផ្សេង ដែលធ្វើឲ្យតំបន់ព្រំដែនក្លាយជាតំបន់គ្មានពលរដ្ឋខ្មែររស់នៅច្រើន៕