ប្រជាសហគមន៍នៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចោទអាជ្ញាធរឃុំ ថាមិនបានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈមពួកគាត់ឡើយ។ ការលើកឡើងនេះ បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរឃុំ ឲ្យជួយដោះស្រាយបញ្ហាក្រុមហ៊ុន ម៉ែន សារុន ជីកប្រឡាយផ្តាច់ផ្លូវធ្វើដំណើរទៅកាន់ដីចម្ការរបស់ពួកគាត់ ប៉ុន្តែអាជ្ញាធរមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះទេ។ មេឃុំជាំក្រវៀន អះអាងថា បញ្ហានេះនឹងអាចដោះស្រាយក្នុងពេលឆាប់ៗ។
ប្រជាសហគមន៍លើកឡើងថា ផលិតផលកសិកម្មរបស់ពួកគាត់រួមមាន ស្រូវ ពោត ដំឡូង ជាដើម កំពុងប្រឈមការខូចខាតជាបណ្ដើរៗ ហើយក្នុងរយៈពេលខ្លីខាងមុខ វានឹងខូចខាតកាន់តែច្រើនដោយសារមិនមានផ្លូវដឹកជញ្ជូនចេញមកផ្ទះសម្បែងបាន។
បញ្ហានេះ កើតឡើងបន្ទាប់ពីភាគីក្រុមហ៊ុន ម៉ែន សារុន បានជីកប្រឡាយផ្តាច់ផ្លូវធ្វើដំណើរទៅកាន់ដីចម្ការរបស់ពលរដ្ឋជាច្រើនខែមកហើយ ប៉ុន្តែអាជ្ញាធរនៅតែមិនអាចដោះស្រាយបាន បើទោះបីជាប្រជាសហគមន៍បានដាក់ពាក្យបណ្ដឹងជាផ្លូវការក៏ដោយ។
ពលរដ្ឋនៅឃុំជាំក្រវៀន មួយរូបសុំមិនបញ្ចេញអត្តសញ្ញាណនិយាយថា ស្រូវរបស់លោកស្រីជាច្រើនហិកតារ លោកស្រីបានច្រូតកាត់រួចរាល់តាំងពីខែវិច្ឆិកា ប៉ុន្តែត្រូវរក្សាទុកនៅដីស្រែនោះរហូតមក ពីព្រោះមិនអាចដឹកជញ្ជូនយកមកផ្ទះបាន។ លោកស្រីបន្តថា ប្រសិនបើអាជ្ញាធរមិនអាចដោះស្រាយជាមួយភាគីក្រុមហ៊ុនបានទេ ស្រូវរបស់គាត់ និងអ្នកភូមិជាច្រើនគ្រួសារផ្សេងទៀត ព្រមទាំងដំណាំដំឡូង អាចត្រូវខូចខាតកាន់តែធ្ងន់ធ្ងរមិនខាន៖ «មិនដឹងធ្វើម៉េច បានរាល់ថ្ងៃនៅស្ងៀមហ្នឹង ដឹកមិនទាន់ចេញ មួយៗនៅគ្រប់គ្នា»។
តំណាងសហគមន៍ឃុំជាំក្រវៀន លោក ផុន សុផល មានប្រសាសន៍ថា កំណាត់ផ្លូវនៅក្នុងក្រុមហ៊ុន ម៉ែន សារុន ចំនួនបីកន្លែង ត្រូវបានក្រុមហ៊ុនជីកប្រឡាយកាត់ផ្តាច់ គឺមានទទឹងជាង ១ម៉ែត្រ និងជម្រៅជាង ១ម៉ែត្រ។ លោកថា ក្រុមហ៊ុនបានជីកកាត់ផ្តាច់កាលពីខែតុលា គឺបណ្ដាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១០០គ្រួសារ ដែលប្រើប្រាស់ផ្លូវនោះជាចាំបាច់សម្រាប់ដឹកផលិតផលកសិកម្មរបស់ពួកគាត់។ លោកយល់ថា អាជ្ញាធរឃុំមិនបានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ឡើយ ម្យ៉ាងការជីកផ្តាច់ផ្លូវនេះ គឺជាការធ្វើបាបប្រជាពលរដ្ឋតែម្តង៖ «ក្រុមហ៊ុនធ្វើបែបនេះ គឺចង់បំផ្លាញ ហើយទីមួយគឺចង់បំបាក់មុខរាជរដ្ឋាភិបាលតែម្តង»។
កាលពីខែវិច្ឆិកា តំណាងប្រជាពលរដ្ឋជិត ១០នាក់ បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំ ដោយរៀបរាប់ថា ក្រុមហ៊ុន ម៉ែន សារុន នៅតែបន្តជីកប្រឡាយព័ទ្ធដីរបស់ពួកគាត់នៅចំណុចទួលគ្រោះ ហើយមួយទៀត ក្រុមហ៊ុនបានជីកប្រឡាយផ្តាច់ផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរទៅកាន់ដីចម្ការបាន។
អាស៊ីសេរី នៅមិនទាន់អាចទាក់ទងទៅតំណាងក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា បានទេនៅថ្ងៃទី១១ ធ្នូ។
យ៉ាងនេះក្តី កាលពីខែវិច្ឆិកា មេឃុំជាំក្រវៀន លោក អ៊ួច យឿន បានចុះទៅពិនិត្យដល់ទីតាំងដែលក្រុមហ៊ុនជីកផ្តាច់ផ្លូវនោះដែរ ប៉ុន្តែក្រោយមកក៏បាត់ដំណឹងសូន្យ។
ទាក់ទងបញ្ហានេះ មេឃុំជាំក្រវៀន លោក អ៊ួច យឿន បញ្ជាក់ថា បញ្ហាទាំងនោះលោកបានដឹងហើយ ប៉ុន្តែដោយសារលោករវល់ពេក ទើបមិនទាន់បានហៅភាគីក្រុមហ៊ុនចូលមកដោះស្រាយ។ តែយ៉ាងណា បញ្ហានេះនឹងត្រូវបានដោះស្រាយនៅប៉ុន្មានថ្ងៃខាងមុខទៀត៖ «បើនិយាយពីរឿងត្រឹមត្រូវ គឺវាមិនត្រឹមត្រូវទេ»។
ជម្លោះដីធ្លីរវាងក្រុមហ៊ុន ម៉ែន សារុន ជាមួយពលរដ្ឋ គឺកើតឡើងខ្លាំងតាំងពីឆ្នាំ២០១៤។ កាលពីខែសីហា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានសរសេរនៅលើគេហទំព័រហ្វេសប៊ុក (Facebook) របស់លោកដោយបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី សម្រេចប្រគល់ដីចំនួនជិត ២ពាន់ហិកតារ (១.៩៦០ហិកតារ) ដែលជាដីពាក់ព័ន្ធក្រុមហ៊ុន ម៉ែន សារុន ឲ្យទៅពលរដ្ឋជាង ៦០០គ្រួសារ (៦៤៣គ្រួសារ) នៅឃុំជាំក្រវៀន ឃុំទន្លូង ឃុំចាន់មូល ឃុំរូង ឃុំត្រមូង និងឃុំជាំ ក្រោមទម្រង់ដីសម្បទានសង្គមកិច្ច។ ប៉ុន្តែមកទល់ពេលនេះ ពលរដ្ឋនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិដីទាំងនោះជាផ្លូវការឡើយ ហើយទំនាស់រវាងពលរដ្ឋ និងក្រុមហ៊ុន ចេះតែកើតមានជាបន្តបន្ទាប់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នាង សុវ៉ាត មានប្រសាសន៍ថា អាជ្ញាធរឃុំត្រូវដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋជាអាទិភាព ពុំមែនយកហេតុផលរវល់មកដោះសានោះឡើយ៖ «ហើយគាត់ឆ្លើយថារវល់ អាហ្នឹងវាមិនមែនជារឿងមន្ត្រីរាជការទេ តែជារឿងថៅកែផ្សេងទេ ប៉ុន្តែបើមន្ត្រីរាជការរវល់ គឺរវល់រឿងប្រជាពលរដ្ឋ»។
លោកយល់ថា មូលហេតុធ្វើឲ្យទំនាស់ដីធ្លីនេះមិនអាចដោះស្រាយចប់ ពីព្រោះអាជ្ញាធរមិនហ៊ានដោះស្រាយទេ ដោយខ្លាចប៉ះពាល់ផលប្រយោជន៍របស់ខ្លួន។ លោកថា ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន រាជរដ្ឋាភិបាលត្រូវដកមន្ត្រីអាជ្ញាធរណាដែលអសកម្មចោលតែម្តង ហើយដាក់អ្នកថ្មីដែលធានាថាមិនជាប់ពាក់ព័ន្ធទំនាស់ផលប្រយោជន៍របស់ខ្លួនជាមួយក្រុមហ៊ុន៕