Thursday, January 19, 2017

កសិករ​ខេត្ត​ប៉ៃលិន​ត្អូញត្អែរ​ពី​តម្លៃ​ផ្លែ​តាង៉ែន​ចុះ​ថោក ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ


កសិករ​ប្រមូល​ផល​ផ្លែ​តាង៉ែន​នៅ​ភូមិ​សួនអំពៅលិច សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided



ប្រជា​កសិករ​នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ត្អូញត្អែរ​អំពី​តម្លៃ​ផ្លែ​តាង៉ែន​ចុះ​ថោក​ខ្លាំង ធ្វើ​ឲ្យ​លក់​មិន​បាន​ប្រាក់​កម្រៃ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ អ្នក​ភូមិ​អះអាង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ផ្លែ​តាង៉ែន​លក់​មិន​បាន​ប្រាក់​កម្រៃ ដោយសារ​សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ យក​ប្រាក់​ពី​រថយន្ត​ឈ្មួញ​ជនជាតិ​ថៃ ច្រើន​ហួសហេតុ។

ប្រជា​កសិករ​នៅ​ស្រុក​សាលាក្រៅ កំពុង​ព្រួយ​បារម្ភ​ខ្លាច​រក​ប្រាក់​សង​បំណុល​គេ​ដែល​បាន​ខ្ចី​យក​មក​ធ្វើ​ដើមទុន​ដាំ​តាង៉ែន​មិន​បាន ដោយសារ​តាង៉ែន​ចុះ​ថោក។

ប្រជា​កសិករ​ម្នាក់​រស់នៅ​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ លោក គង់ សារ៉ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មករា ថា លោក​ដាំ​តាង៉ែន​ចំនួន ២​ហិកតារ ហើយ​ចំណាយ​ដើមទុន​អស់​ប្រមាណ ៦​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ លោក​បន្ថែម​ថា ផ្លែ​តាង៉ែន​ឆ្នាំ​នេះ​ចុះ​ថោក គឺ​ឈ្មួញ​ក្នុង​ស្រុក​ប្រមូល​ទិញ​តាង៉ែន​ល្អ​តម្លៃ ២​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​តាង៉ែន​មិន​សូវ​ល្អ ១.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

លោក​អះអាង​ថា សព្វថ្ងៃ​មាន​ឈ្មួញ​មក​ពី​ប្រទេស​ថៃ ចូល​ទិញ​ឲ្យ​តម្លៃ​សមរម្យ​ប្រមាណ ៤​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ក៏ប៉ុន្តែ​ក្រុម​ឈ្មួញ​ទាំងនោះ​តម្រូវ​ឲ្យ​កសិករ​ជា​អ្នក​ចំណាយ​ថ្លៃ​បង់​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ ដែល​រថយន្ត​ចំណុះ ២​តោន​ចំនួន ២៥​ម៉ឺន​រៀល​ក្នុង​មួយ​ជើង។ លោក​ថា តម្លៃ​ទាំងអស់​នេះ​លក់​មិន​បាន​ប្រាក់​ចំណេញ​នោះ​ឡើយ៖ «សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​មើល​ច្រក​ព្រំដែន​ផ្សារ​ព្រំ​ផង ព្រោះ​ដោយសារ​តែ​ច្រក​មួយ​នេះ​ធ្វើ​ឲ្យ​ឈ្មួញ​ពិបាក​នាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​ថៃ ខ្លាំង​ណាស់។ ឥឡូវ​កសិករ​បាក់​លែង​ចង់​ដាំ​ដំណាំ​តាង៉ែន​ហើយ ដោយសារ​ពិបាក​រឿង​នាំ​ចេញ ហើយ​គ្មាន​ទីផ្សារ​លក់​ផ្លែ​តាង៉ែន»។


ចម្ការ​តាង៉ែន​នៅ​ភូមិ​សួនអំពៅលិច សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided

អាស៊ីសេរី ពុំ​អាច​ទាក់ទង​សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ ដើម្បី​ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ មករា។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន លោក សាយ សុផាត មាន​ប្រសាសន៍​ថា ឈ្មួញ​ជនជាតិ​ថៃ នៅ​តែ​បន្ត​ទទួល​ទិញ​តាង៉ែន​ពី​កសិករ​រៀង​រាល់​ថ្ងៃ បើ​ទោះ​ជា​តម្លៃ​ចុះ​ថោក​បន្តិច​ក៏ដោយ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​កសិករ​ជួប​បញ្ហា​តម្លៃ​តាង៉ែន​ចុះ​ថោក គឺ​ពួក​គាត់​អាច​មក​ទាក់ទង​ខាង​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​អន្តរាគមន៍​ទៅ​ក្រសួង​ពាក់ព័ន្ធ ធ្វើ​លិខិត​បញ្ជាក់​គុណភាព​អនាម័យ​កសិផល ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ងាយ​ស្រួល៖ «ក្នុង​នោះ​មិន​ជា​យូរ​ទេ ព្រោះ​ថា​ខាង​ជំនាញ​គេ​ដឹង​ថា យើង​ចេញ​ទំនិញ​ស្រស់​អ៊ីចឹង គេ​មិន​ទុក​ឲ្យ​យូរ​ទេ គឺ​យ៉ាង​យូរ​មួយ​សប្ដាហ៍ ឬ​ក៏​មិន​ដល់​ផង ព្រោះ​ប្រទេស​គេ​ភ័យ​ខ្លាច​យើង​នាំ​ទំនិញ​ទៅ​មិន​មាន​អនាម័យ​ត្រឹមត្រូវ ឆ្លង​ដល់​ប្រទេស​គេ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី វ៉ែន ដារ៉ា មាន​ប្រសាសន៍​ថា ទិន្នផល​តាង៉ែន​នៅ​ខេត្ត​ប៉ៃលិន មាន​ស្ទើរ​គ្រប់​រដូវ ក៏ប៉ុន្តែ​នៅ​ចន្លោះ​ពាក់​កណ្ដាល​ខែ​មករា ដល់​ចុង​ខែ​កុម្ភៈ មាន​ច្រើន​ជាង​គេ។ អ្នកស្រី​បន្ថែម​ថា បញ្ហា​ទិន្នផល​របស់​កសិករ​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ចុះ​ថោក រួម​មាន​ដំឡូងមី ពោត និង​ដំណាំ​តាង៉ែន តែង​ជួប​ប្រទះ​ជា​រៀង​រាល់​ឆ្នាំ៖ «អ៊ីចឹង​ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ អត់​មាន​ទីផ្សារ​សម្រាប់​ឲ្យ​កសិផល​របស់​ពួក​គាត់ ដែល​ស្ថិត​ក្នុង​តម្លៃ​សមរម្យ​នៅ​ឡើយ​ទេ។ ខ្ញុំ​ប្រជុំ​លើក​ណា ក៏​ខ្ញុំ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​រក​ទីផ្សារ​លក់​កសិផល​ជូន​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​ដោះស្រាយ​មិន​ចេញ​ទេ»។

របាយការណ៍​មន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន ឲ្យ​ដឹង​ថា កសិករ​ដាំ​ដំណាំ​តាង៉ែន​នៅ​ក្នុង​ខេត្ត​នេះ​មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ​នៅ​ស្រុក​សាលាក្រៅ និង​ក្រុង​ប៉ៃលិន។

រដ្ឋធម្មនុញ្ញ​មាត្រា​៦២ ចែង​ថា រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិតផល ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​កសិផល។ ចំណែក​មាត្រា​៦៣ ចែង​ថា រដ្ឋ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​សមរម្យ៕

សហគមន៍​ការពារ​ព្រៃឡង់​ខេត្ត​កំពង់ធំ​ស្នើ​ឱ្យ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ឈើ

គោយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ ត្រង់​ចំណុច​ផ្លូវ​បំបែក​ចូល​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ជាប់​ចំការ​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) ខណៈ​ប្រជា​សហគមន៍​ព្រៃឡង់ ស្រុក​សណ្ដាន់ ចុះ​ល្បាត​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo provided


ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ស្ថាប័ន​តុលាការ ធ្វើ​យ៉ាង​ណា​ស៊ើបអង្កេត​រក​ឈ្មួញ​ឈើ​ធំៗ ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង។ ការ​ស្នើ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ដោយ​ចាប់​បាន​មនុស្ស​ចំនួន ៦​នាក់ បញ្ជូន​ទៅ​តុលាការ ប៉ុន្តែ​សហគមន៍​យល់​ថា ពួកគេ​ទាំង​នោះ​គឺ​ជា​កម្មករ ពុំ​មែន​ជា​មេខ្លោង​នោះ​ឡើយ។

​ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ បញ្ជាក់​ថា បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ នឹង​លែង​កើត​មាន ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ ព្រម​ទាំង​តុលាការ​អាច​ស៊ើប​អង្កេត​រក​មេខ្លោង​ធំៗ ដែល​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​ទាំង​នោះ​ឃើញ។ បន្ថែម​ពី​នេះ គឺ​ជួយ​ឱ្យ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ការពារ​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ជា​ជាង​ចាប់​ខ្លួន​កូន​ចៅ ឬ​កម្មករ​តូចតាច​នោះ។

ប្រជា​សហគមន៍​នៅ​ស្រុក​សណ្ដាន់ ម្នាក់ លោក ជុំ យីន មាន​ប្រសាសន៍​ថា យុទ្ធនាការ​បង្ក្រាប​កន្លែង​ស្តុក​ឈើ​ប្រណិត​នៅ​ក្បែរ​ផ្ទះ​របស់​អធិការ​ស្រុក​សណ្តាន់ គឺ​លោក អួង ម៉ូលី កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា គឺ​ទទួល​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ច្រើន។ លោក​បន្ត​ថា យុទ្ធនាការ​បង្ក្រាប​នេះ គឺ​សមត្ថកិច្ច​ចាប់​បាន​រថយន្ត​ដឹក​ឈើ​មួយ​ចំនួន និង​មនុស្ស​ចំនួន ៦​នាក់ ប៉ុន្តែ​លោក​ថា អាច​ជា​កម្មករ​ច្រើន​ជាង។

លោក​បញ្ជាក់​ថា កន្លែង​ស្តុក​ទុក​ឈើ​ក្បែរ​គេហដ្ឋាន​លោក អួង ម៉ូលី គឺ​អាច​មាន​ពាក់ព័ន្ធ​ជាមួយ​អធិការ​ស្រុក​សណ្ដាន់ រូប​នេះ ពិសេស ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី ផានី ព្រម​ទាំង​ឈ្មួញ​ឈើ​ធំៗ​ផ្សេង​ទៀត៖ «សហគមន៍​ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន​ចំពោះ​សកម្មភាព​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ ទាន់​ពេល​វេលា​ទី​មួយ។ ទី​ពីរ ខ្ញុំ​ស្នើ​ឱ្យ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ធំ ចុះ​ស៊ើប​អង្កេត​មន្ត្រី​ស្ថាប័ន​ជា​អ្នក​ពាក់ព័ន្ធ»។
​សកម្មជន​ការពារ​ព្រៃឡង់ ដដែល​បញ្ជាក់​ថា មុន​ពេល​បង្ក្រាប​បទល្មើស​កើត​ឡើង សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ គឺ​មាន​ច្រើន ដោយ​សម្រុក​ដឹក​ចូល​ទីតាំង​ក្បែរ​ផ្ទះ​អធិការ​ស្រុក​សណ្ដាន់ ប៉ុន្តែ​ក្រោយ​ពេល​បង្ក្រាប​រួច​មក សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​គឺ​ស្ងប់ស្ងាត់​ទៅ​វិញ។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ លោក អ៊ិត សុធា មាន​ប្រសាសន៍​ថា ជន​ទាំង ៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត។ លោក​បន្ត​ថា សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​រួច​ហើយ ប៉ុន្តែ​ប្រសិនបើ​គេ​រក​ឃើញ​ថា ជន​ទាំង ៦​នាក់​នោះ មិន​បាន​ប្រព្រឹត្ត​ទេ នឹង​ត្រូវ​ដោះលែង​វិញ។ ចំណែក​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​យ៉ាង​ណា គឺ​ជា​ភារកិច្ច​របស់​ចៅក្រម​ស៊ើបសួរ៖ «ជា​ធម្មតា​ចៅក្រម​គាត់​ស៊ើបសួរ​សិន ប្រសិនបើ​រក​ឃើញ​ថា ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ទេ អា​ហ្នឹង​គេ​ឱ្យ​គាត់​ទៅ​វិញ»។

​ជុំវិញ​ករណី​នេះ អធិការ​ស្រុក​សណ្ដាន់ លោក អួង ម៉ូលី មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ដោយ​ថា លោក​ជាប់​ប្រជុំ។ ប៉ុន្តែ​ក្នុង​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក អួង ម៉ូលី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ លោក​ថា រថយន្ត​ដឹក​ឈើ​មិន​មែន​ជា​របស់​លោក​ទេ ហើយ​ប្រពន្ធ​របស់​លោក​ក៏​មិន​បាន​ពាក់ព័ន្ធ​ដែរ។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​កម្មករ​អារ​ឈើ​ឱ្យ​ប្រពន្ធ​អធិការ​ស្រុក​សណ្ដាន់ បញ្ជាក់​ថា អ្នកស្រី ផានី គឺ​ជា​មេខ្លោង​ជួល​ពួកគាត់​ឱ្យ​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់។

​បុរស​ដដែល​បន្ត​ថា សកម្មភាព​នេះ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដោយ​ពួកគាត់​អះអាង​ថា ក្រុម​គ្រួសារ​អធិការ​ស្រុក​សណ្ដាន់ បាន​បង់​ប្រាក់​ប្រចាំខែ​មួយ​ចំនួន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ថ្នូរ​ការ​ចូល​ទៅ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ព្រៃឡង់ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក អួង ម៉ូលី ទាត់​ចោល ដោយ​លើក​ឡើង​ថា ជា​ការ​បង្ខូច​កិត្តិយស​ក្រុម​គ្រួសារ​របស់​លោក​ទៅ​វិញ។

​មន្ត្រី​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង មាន​ប្រសាសន៍​ថា បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ​នៅ​តែ​កើត​មាន​ឡើង បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល​មាន​វិធានការ​តឹងរ៉ឹង​ក៏ដោយ។ លោក​យល់​ថា បទល្មើស​នៅ​តែ​កើត​ឡើង គឺ​ដោយសារ​តែ​មាន​អំពើ​ពុករលួយ​តែម្ដង ហើយ​ករណី​នេះ លោក​ពុំ​មាន​សង្ឃឹម​ថា អាជ្ញាធរ​ពាក់ព័ន្ធ ឬ​តុលាការ​អាច​ស្វែង​រក​មេខ្លោង​ឃើញ​ណាស់៖ «ប្រសិនបើ​ចាប់​បាន​អ្នក​កាប់​ព្រៃឈើ​គ្មាន​ខ្សែ​បណ្ដាញ មនុស្ស​គ្មាន​បុណ្យ​ស័ក្ដិ​អី គឺ​យើង​ឃើញ​ថា មាន​ប្រសិទ្ធភាព​ច្រើន ប៉ុន្តែ​ប្រសិនបើ​ចាប់​បាន​ឈើ​ខុស​ច្បាប់​របស់​មន្ត្រី​រាជរដ្ឋាភិបាល របស់​មន្ត្រី​មាន​អំណាច​ហ្នឹង គឺ​យើង​ឃើញ​ថា មិន​ដែល​មាន​ប្រសិទ្ធភាព​ទេ»។

បើ​ទោះ​បី​ជា​មិន​សូវ​មាន​ជំនឿ​លើ​ការ​ស៊ើប​អង្កេត​រក​មេខ្លោង​ក៏ដោយ ប៉ុន្តែ​លោក សេង សុខហេង យល់​ថា ដើម្បី​ឱ្យ​យន្តការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពី​ក្រោយខ្នង​ឱ្យ​បាន​ច្បាស់លាស់។ បន្ថែម​ពី​នេះ ត្រូវ​ដាក់​ទោសទណ្ឌ​ជន​ទាំង​នោះ​ដោយ​គ្មាន​ការ​លើក​លែង៕

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ​ប្រកប​របរ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​លើ​ភ្នំ​ត្បែង


យុវជន ឡន លន់ ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth


ភ្នំ​ត្បែង ឋិត​នៅ​ចម្ងាយ​ជិត ៣០​គីឡូម៉ែត្រ​ទិស​ទក្សិណ​ពី​ទី​រួម​ខេត្ត​ព្រះវិហារ។ ទីនោះ​ស្ថិត​នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៤ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​សង្គមថ្មី ស្រុក​គូលែន និង​ស្រុក​រវៀង នៃ​ខេត្ត​ព្រះវិហារ។ នៅ​លើ​ខ្នង​ភ្នំ​ត្បែង បច្ចុប្បន្ន​មិន​មាន​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ស្អាត​សម្រាប់​ឲ្យ​អ្នក​ដំណើរ ឬ​ក៏​ប្រជាពលរដ្ឋ​អាច​ដឹក​ជញ្ជូន​អីវ៉ាន់ ឬ​ក៏​កសិផល​នានា​បាន​ដោយ​ងាយ​ស្រួល​ទេ។

អ្នក​ដំណើរ ឬ​ក៏​ប្រជាពលរដ្ឋ​ដែល​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង គឺ​ត្រូវ​តែ​ប្រើ​កម្លាំង​កាយ​ដើរ​ដោយ​ថ្មើរ​ជើង ហើយ​ប្រសិន​បើ​មាន​អីវ៉ាន់​ច្រើន គឺ​ត្រូវ​ជួល​កម្លាំង​មនុស្ស​ខ្លះ​ឲ្យ​ជួយ​ស្ពាយ ឬ​ក៏​លី​ឡើង​ទៅ​លើ​ភ្នំ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ដាច់ស្រយាល​ខ្លះ​នៃ​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ស្រុក​ត្បែងមានជ័យ និង​ស្រុក​គូលែន របស់​ខេត្ត​ព្រះវិហារ កំពុង​នាំ​គ្នា​ទៅ​ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នួល​លី និង​ស្ពាយ​អីវ៉ាន់​គ្រប់​ប្រភេទ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង នា​ពេល​បច្ចុប្បន្ន។

ការ​ស៊ី​ឈ្នួល​លី និង​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ដែល​មាន​កម្ពស់​ប្រមាណ ៦០០​ម៉ែត្រ​តាម​ជណ្ដើរ​ចំនួន​រហូត​ដល់​ទៅ ៣.០០០​កាំ​នោះ គឺ​ប្រើ​កម្លាំង​កាយ​សុទ្ធសាធ ប៉ុន្តែ​ពួក​គេ​នៅ​តែ​តស៊ូ​ធ្វើ​ការងារ​នេះ ពីព្រោះ​មិន​មាន​ការងារ​អ្វី​ផ្សេង​ទៀត​នៅ​ជិត​តំបន់​ដែល​ពួក​គេ​រស់នៅ​ឡើយ។

យុវជន​អាយុ​ជាង ២០​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​ជាច្រើន​ទៀត​ដែល​កំពុង​អង្គុយ​នៅ​ជើង​ភ្នំ​ត្បែង រង់ចាំ​អ្នក​មក​ជួល​ឲ្យ​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ គឺ​លោក ឡន លន់។ គាត់​មាន​ប្រសាសន៍​ថា រូប​គាត់​មាន​ស្រុក​កំណើត​នៅ​ឃុំ​សាលាវិស័យ នៃ​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ប៉ុន្តែ​បច្ចុប្បន្ន​គាត់​មាន​ប្រពន្ធ​នៅ​ភូមិ​ក្រាំងដូង ឃុំ​ព្រះឃ្លាំង នៃ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។
ឡន លន់ ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ព្រឹក​ព្រលឹម គាត់​តែង​ចេញ​ពី​ផ្ទះ​មក​អង្គុយ​នៅ​ជើង​ភ្នំ​ត្បែង ដើម្បី​រង់ចាំ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​របស់​ភ្ញៀវ ឬ​ក៏​លី​គ្រឿង​សំណង់​របស់​ព្រះសង្ឃ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង។ គាត់​ធ្វើ​ការងារ​ដ៏​លំបាក​បែប​នេះ ដោយសារ​តែ​គ្មាន​ការងារ​អ្វី​ផ្សេង​ទៀត​ទេ៖ «ស្ពាយ​ឡើង​ភ្នំ​រាល់​ថ្ងៃ និយាយ​ពី​ពិបាក​លើស​ពី​ពិបាក​ហើយ។ ខ្ញុំ​យក​ការងារ​នេះ​ធ្វើ​ជា​មុខ​របរ​យូរ​ដែរ​ហើយ ចុះ​ឡើងៗ​បាន​ប្រាក់​តិចតួច មិន​ដែល​សល់​ទុក​ទេ»។

ជា​រៀង​រាល់​ថ្ងៃ ក្រុម​កម្មករ​ស៊ី​ឈ្នួល​លី និង​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង ទទួល​រ៉ាប់រង​ស្ពាយ​អីវ៉ាន់​គ្រប់​មុខ​ទាំងអស់ ឲ្យ​តែ​ភ្ញៀវ​ត្រូវ​ការ​ជួល​ពួក​គេ។ ពួក​គេ​ម្នាក់ៗ​អាច​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ចាប់​ពី​ទម្ងន់ ៣០​គីឡូក្រាម​ឡើង​ទៅ​ដល់ ៧០​គីឡូក្រាម ដោយ​ទទួល​បាន​កម្រៃ​ប្រហែល ១៥.០០០​រៀល​ទៅ ២០.០០០​រៀល​ក្នុង​មួយ​ជើងៗ។ ជួនកាល ពួក​គេ​មិន​ត្រឹម​តែ​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​ដល់​ទី​វត្ត​ដំបូក​ខ្មៅ នៃ​កំពូល​ភ្នំ​ត្បែង​ប៉ុណ្ណោះ​ទេ គឺ​គេ​បាន​ស្ពាយ​ដើរ​ថ្មើរ​ជើង​រហូត​ទៅ​ដល់​ភូមិ​ថ្មបីដុំ ដែល​នៅ​ឆ្ងាយ​ប្រហែល ៨​គីឡូម៉ែត្រ​ថែម​ទៀត​ផង។

យុវជន សារឿន រ៉ា (ឆ្វេង) និង​មិត្តភ័ក្ដិ​របស់​គាត់​ដែល​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ ឈប់​សម្រាក​នៅ​ក្នុង​ទី​វត្ត​ដំបូក​ខ្មៅ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth

យុវជន​ម្នាក់​ទៀត​ជា​កម្មករ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ដែរ មក​ពី​ឃុំ​សាលាវិស័យ នៃ​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ លោក សារឿន រ៉ា ឲ្យ​ដឹង​ថា គាត់​មិន​មាន​ចំណេះ​វិជ្ជា​សម្រាប់​ធ្វើ​ការងារ​អ្វី​ចិញ្ចឹម​ជីវិត​ទេ ពីព្រោះ​គាត់​មិន​ចេះ​អក្សរ​ខ្មែរ​ទាល់​តែ​សោះ។ យុវជន​ដដែល​បញ្ជាក់​ថា តាំង​តែ​ពី​កុមារភាព រូប​គាត់​តែង​ប្រើ​កម្លាំង​ដើរ​ស៊ី​ឈ្នួល​គេ គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​ជីវិត ពីព្រោះ​តែ​ដី​ស្រែ​ចម្ការ​មាន​តិចតួច៖ «ស្ពាយ​ស៊ីម៉ងត៍ លី​អីវ៉ាន់​គ្រប់​យ៉ាង​ទាំងអស់ ពិបាក​ណាស់! ណា​វា​ហត់​ផង ណា​ចុក​ជើង​ចុក​ដៃ សរសៃសសូង​គ្រប់​កន្លែង​ទាំងអស់។ សំណួរ៖ ចុះ​កម្រៃ​ដែល​រក​បាន​យក​ទៅ​ធ្វើ​អ្វី​ខ្លះ? ឆ្លើយ៖ យក​ទៅ​ឲ្យ​ប្រពន្ធ​ធ្វើ​ស្រែ​ភ្ជួរ​រាស់​ដី​ជាដើម»។

ភាគច្រើន​នៃ​អីវ៉ាន់​ដែល​កម្មករ​ស៊ី​ឈ្នួល​ស្ពាយ​ឡើង​លើ​ភ្នំ​ត្បែង​នោះ គឺ​ជា​សម្ភារ​សំណង់​របស់​ព្រះសង្ឃ​ដែល​កំពុង​តែ​ត្រូវ​ការ​កសាង​វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ ដូចជា​ការ៉ូ ឥដ្ឋ ស៊ីម៉ងត៍ ព្រម​ទាំង​ដែក​ជាដើម។

អ្នក​គ្រប់គ្រង​ការ​សាងសង់​អារាម​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ លោក ឌុក វុទ្ធី មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ​មាន​កម្មករ​ប្រុសៗ​ជាច្រើន​នាក់​មក​ពី​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ មក​ពី​ស្រុក​ត្បែងមានជ័យ និង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ជាដើម តែង​មក​ស៊ី​ឈ្នួល​លី និង​ស្ពាយ​សម្ភារ​សំណង់​មក​សាងសង់​ទី​វត្ត។ លោក ឌុក វុទ្ធី បញ្ជាក់​ថា បច្ចុប្បន្ន​ដំណើរ​ការ​សាងសង់​ទី​វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ នៅ​លើ​ខ្នង​ភ្នំ​ត្បែង​នេះ បើ​កុំ​តែ​បាន​កម្លាំង​កម្មករ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ កុំ​អី​មិន​អាច​ដំណើរ​ការងារ​គ្រប់​យ៉ាង​បាន​ទេ៖ «កាល​មុន​វា​មាន​ច្រើន ប៉ុន្តែ​ឥឡូវ​ដល់​រដូវ​គេ​ដក​ដំឡូង គឺ​កម្មករ​ខ្លះ​បាន​ទៅ​ដក​ដំឡូង​ហើយ។ នៅ​ទីនេះ​បើ​កម្មករ​មួយ​ក្រុម​រវល់​ទៅ គឺ​កម្មករ​មួយ​ក្រុម​ទៀត​មក​ប្ដូរ​វេន​គ្នា»។

ចាប់​តាំង​តែ​ពី​ជើង​ភ្នំ​រហូត​ទៅ​ដល់​កំពូល​ភ្នំ​ត្បែង គឺ​មិន​សូវ​មាន​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ទេ។ ក្រុម​កម្មករ​ដែល​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ទាំងអស់ ប្រសិន​បើ​គេ​ចុះ​មក​ជើង​ភ្នំ​អង្គុយ​ចាំ​ស្ពាយ​អីវ៉ាន់​យូរ គឺ​ពួក​គេ​ប្រាកដ​ជា​ដាច់​បាយ​ថ្ងៃ​ត្រង់ ប៉ុន្តែ​បើ​ពួក​គេ​បាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាន់​ពេល​ព្រះសង្ឃ​ឆាន់​ចង្ហាន់​ថ្ងៃ​ត្រង់ គឺ​អាច​បាន​ចង្ហាន់​ដែល​នៅ​សេសសល់។

ព្រះ​ភិក្ខុ រី បូរិន គង់​នៅ​វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ មាន​ព្រះ​ថេរ​ដីកា​ថា បច្ចុប្បន្ន​នៅ​ទី​វត្ត​លើ​កំពូល​ភ្នំ គឺ​មាន​ព្រះសង្ឃ​តែ ៣​អង្គ​គង់​នៅ និង​មាន​តា​យាយ​ចំនួន ៦​នាក់​នៅ​ជួយ​ធ្វើ​ចង្ហាន់​ប៉ុណ្ណោះ មិន​មាន​ភូមិ​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​ទេ។ ភិក្ខុ រី បូរិន បញ្ជាក់​ថា សព្វថ្ងៃ ព្រះអង្គ និង​ព្រះសង្ឃ ២​អង្គ​ផ្សេង​ទៀត​ក៏​មិន​មាន​ចង្ហាន់​គ្រប់គ្រាន់​ដូចជា​ព្រះសង្ឃ​ដែល​គង់​នៅ​ទីក្រុង​ដែរ ប៉ុន្តែ​ចេះ​តែ​ជួយ​ដល់​កម្មករ​ដែល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ទាំងនោះ ឲ្យ​គ្នា​បាន​អាហារ​គ្រាន់​តែ​ចម្អែត​ក្រពះ​ទៅ៖ «ចង្ហាន់​សព្វថ្ងៃ​ហ្នឹង​ជួន​ណា​ទៅ​ក៏​មាន​បន្លែ​បេះ​ពី​ក្នុង​ព្រៃ ហើយ​មាន​មើម​ដំឡូង​អី​ខ្លះ​ទៅ។ ជួនកាល​ក៏​មាន​ញាតិញោម​យក​មក​ពី​ឆ្ងាយ​ប្រគេន​ខ្លះ​ទៅ»។

លើ​ខ្នង​ភ្នំ​ត្បែង ថ្វីត្បិតតែ​ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ មាន​ទឹក​ធ្លាក់ និង​ព្រៃ​ភ្នំ​ស្រស់​បំព្រង ក៏ប៉ុន្តែ​មិន​មាន​អ្នក​ទេសចរ​ពី​ចម្ងាយ​ឡើង​ទៅ​កម្សាន្ត​នៅ​ឡើយ​ទេ។ អ្នក​ដែល​ឡើង​ទៅ​កាន់​តំបន់​ភ្នំ​នេះ ភាគច្រើន គឺ​សុទ្ធតែ​មាន​ឥរិយាបថ​ចម្លែកៗ​មិន​សូវ​ចាប់​អារម្មណ៍​ពី​ការ​រីក​ចម្រើន​របស់​សង្គម​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អ្វី​ទេ ច្រើន​តែ​របៀប​ជា​តាបស និង​លោកធុតង្គ ស្វែងរក​ធម៌ និង​អំណាច​ខាង​សាសនា​ប៉ុណ្ណោះ។

បច្ចុប្បន្ន ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​ដំបូក​ខ្មៅ កំពុង​ប្រឹងប្រែង​កសាង​សមិទ្ធផល​ជា​បន្តបន្ទាប់​នៅ​លើ​កំពូល​ភ្នំ​ត្បែង ក្នុង​បំណង​ចង់​ឲ្យ​ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នោះ ដើម្បី​ធ្វើ​បុណ្យ​ទាន​ផង និង​កម្សាន្ត​សប្បាយ​ជាមួយ​ធម្មជាតិ​ផង​ក្នុង​ពេល​អនាគត៕

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់


បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Den Ayuthyea


មន្ត្រី​គណៈកម្មការ​ចម្រុះ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​វាស់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់ ដើម្បី​អភិរក្ស​បឹង​ទឹក​សាប​មួយ​នេះ​ឲ្យ​បាន​គង់វង្ស និង​ដាក់​ឲ្យ​ការពារ​ដោយ​ព្រះរាជក្រឹត្យ។ មន្ត្រី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម គាំទ្រ​សកម្មភាព​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ក្រុម​គណៈកម្មការ​ចម្រុះ​ចុះ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ឈាន​ដល់​ដក​ហូត​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ដែល​មន្ត្រី​មាន​អំណាច និង​បុគ្គល​មួយ​ចំនួន​ចាក់​ដី​រំលោភ​យក​កន្លង​ទៅ យក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ផ្តល់​សម្ភាស​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​ការងារ​ចម្រុះ​កំពុង​ចុះ​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​បង្កើត​តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែក​ទប់ ដែល​មាន​ផ្ទៃដី​រង​ទឹក​ភ្លៀង​ចំនួន​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) ដើម្បី​ធានា​ថែ​រក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ។

លោក​បន្ត​ថា រដ្ឋបាល​ខេត្ត​បាន​បង្កើត​ក្រុម​ការងារ​ចម្រុះ​ដឹកនាំ​ដោយ​រូប​លោក និង​មាន​ការ​ចូលរួម​ពី​ប្រធាន​មន្ទីរ សុរិយោដី​ខេត្ត មន្ទីរ​បរិស្ថាន មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម និង​អាជ្ញាធរ​ក្រុង-សង្កាត់ បាន​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់ ជា​ជំហាន​ដំបូង​រួច​ហើយ​នៅ​ខែ​មករា ឆ្នាំ​២០១៧ នេះ ដើម្បី​រៀបចំ​ឯកសារ​ទាំងនេះ​ដាក់​ជូន​ក្រសួង​ពាក់ព័ន្ធ មាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​បរិស្ថាន ជាដើម ដើម្បី​ឈាន​ដល់​កំណត់​ព្រំ​ច្បាស់លាស់​រក្សា​ការពារ និង​អភិរក្ស​តំបន់​ប្រភព​ទឹក​ស្អាត​នៃ​បឹង​ទឹក​សាប​ព្រែក​ទប់ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើង​វិញ។

លោក ស្រ៊ុន ស្រ៊ន់ បាន​បញ្ជាក់​ថា ដោយសារ​តែ​កន្លង​ទៅ នៅ​ជុំវិញ​បរិវេណ​តំបន់​បឹង​ទឹក​សាប​ព្រែក​ទប់ ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​ហ៊ុមព័ទ្ធ​របង និង​ចាក់​ដី​ចូល​មាត់​បឹង រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់ ដែល​ឈាន​ដល់​រដ្ឋាភិបាល​មាន​ផែនការ​ការពារ​ឲ្យ​បាន​គង់វង្ស​នា​ថ្ងៃ​អនាគត។


មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ស្នើ​ឲ្យ​ក្រុម​ការងារ​គណៈកម្មការ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​ចុះ​អនុវត្ត​ការងារ​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឈាន​ដល់​អាច​រក្សា​ផ្ទៃ​បឹង​ឲ្យ​បាន​គង់វង្ស​នា​ពេល​ខាង​មុខ។

មន្ត្រី​ឃ្លាំ​មើល​សង្គម​រូប​នេះ បាន​រិះគន់​សកម្មភាព​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ផ្ដើម​ដោយ​អភិបាល​ខេត្ត និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ អាណត្តិ​មុនៗ​ដែល​ឃុបឃិត​ចាក់​ដី​រំលោភ​យក​ដី​ចំណី​មាត់​បឹង ឬ​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់​ពី​មាន​វិសាលភាព​ធំ​ទូលាយ មក​សល់​ត្រឹម​ជាង ១៦​ហិកតារ​នៅ​ពេល​នេះ៖ «ផ្ទៃ​បឹង​ពី​មុន​ធំធេង​រាប់​សិប​ហិកតារ ហើយ​ឥឡូវ​នៅ​សល់​តែ ១៦​ហិកតារ ឃើញ​ថា​បាត់​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​នេះ​យ៉ាង​ធំ បាន​ធ្លាក់​ទៅ​ដល់​ដៃ​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ដែល​ឆ្លៀត​ឱកាស​ពុះ​ច្រៀក​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ តាម​រយៈ​ប្រព័ន្ធ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទឹក​សាប​មួយ​នេះ​នៅ​សល់​តែ ១៦​ហិកតារ។ យើង​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ហើយ​ទោះ​បី​នៅ​សល់​តែ ១៦​ហិកតារ​ក៏ដោយ បើ​សិន​ជា​យើង​អភិរក្ស​បោះ​បង្គោល​ព្រំ​កំណត់​ផ្ទៃ​បឹង​ក៏ដោយ ក៏​ផ្ទៃ​បឹង​នេះ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​បាន​ធំ​ទូលំទូលាយ​ដូច​កាល​ពី​ដើម​ឡើយ»។

បន្ថែម​លើ​នេះ លោក ប៊ួន ណារិទ្ធិ ក៏​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល​គួរ​ត្រូវ​ពិនិត្យ​មើល​ទិដ្ឋភាព​ផ្លូវ​ច្បាប់ ដើម្បី​ឈាន​ដល់​រឹប​អូស​យក​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ដែល​ត្រូវ​មន្ត្រី​មាន​អំណាច និង​បុគ្គល​មួយ​ចំនួន​បាន​រំលោភ​ធ្វើ​កម្មសិទ្ធិ​កន្លង​ទៅ យក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំ​មើល​សង្គម​រូប​នេះ ហាក់​មាន​ជំនឿ​តិចតួច​ថា គណៈកម្មការ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អាច​ចុះ​អនុវត្ត​ការងារ​ការពារ និង​អភិរក្ស​បឹង​ព្រែក​ទប់​មាន​ប្រសិទ្ធភាព ព្រោះ​អ្នក​មាន​ចំណែក​ដី​ភាគច្រើន​នៅ​ជុំវិញ​បរិវេណ​តំបន់​បឹង​ព្រែក​ទប់ គឺ​ជា​ឈ្មួញ​មាន​ទ្រព្យ និង​ជា​អ្នក​មាន​ឋានៈ​ខ្ពស់ៗ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន។

បឹង​ព្រែកទប់ ស្ថិត​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ចុះ​បោះ​បង្គោល​កំណត់​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ទឹក​សាប​ព្រែក​ទប់ ជា​ការ​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ស្ដីពី​ការងារ​ថែ​រក្សា​ការពារ​ផ្ទៃ​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នា​ខេត្ត​ព្រះសីហនុ។ លោក​បន្ត​ថា សកម្មភាព​ចុះ​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​នេះ ក៏​ដើម្បី​ត្រៀម​រៀបចំ​សង់​ទំនប់​ការពារ និង​ដាំ​ដើមឈើ​ជុំវិញ​មាត់​បឹង ដើម្បី​កែលំអ​បឹង​ទឹកសាប​មួយ​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​កម្សាន្ត​តំបន់​នេះ​នា​ថ្ងៃ​ខាង​មុខ។

លោក នួន ប៉ុក ឲ្យ​ដឹង​ទៀត​ថា តំបន់​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់ នឹង​ត្រូវ​ធានា​ថែ​រក្សា​ការពារ​សោភ័ណភាព​ធម្មជាតិ វប្បធម៌ និង​អភិរក្ស​បឹង​ព្រែក​ទប់​មួយ​នេះ​ឲ្យ​បាន​គង់វង្ស សម្រាប់​បម្រើ​ដល់​ផល​ប្រយោជន៍​រួម​របស់​សាធារណជន​ទូទៅ។

ចំណែក​អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ក្រុម​ការងារ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​វាស់​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់ ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​សំខាន់ និង​ត្រូវ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ខ្ញុំ​ចង់​និយាយ​ថា ពី​មុន​ផ្ទៃ​បឹង​ហ្នឹង​មិន​មាន​ត្រឹម​តែ​ជាង ១៦​ហិកតារ​ហ្នឹង​ទេ គឺ​មាន​ទំហំ ឬ​ផ្ទៃ​បឹង​ធំ​ទូលាយ​ណាស់។ តាំង​ពី​ដើម​មក យើង​ជា​សង្គម​ស៊ីវិល​បាន​តស៊ូ​មតិ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចេញ​មុខ​ប្ដឹង​ទាមទារ​យក​ចំណី​ផ្ទៃ​បឹង​ធម្មជាតិ​បឹង​ព្រែក​ទប់ មក​ដាក់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​គ្រប់គ្រង​វិញ ព្រោះ​មាន​តែ​អាជ្ញាធរ​ខេត្ត​នេះ​ហើយ ដែល​តំណាង​ឲ្យ​រដ្ឋ​នៅ​ក្នុង​ការងារ​ប្ដឹង​ទាមទារ​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ យក​មក​ថែ​រក្សា​ទុក​វិញ។ ក៏ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​ហ្នឹង​ទេ»។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល និង​សាធារណជន បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​វិវឌ្ឍន៍​ថ្មីៗ​នៃ​ផែនការ​អភិរក្ស​ការពារ​បឹង​ព្រែក​ទប់ របស់​គណៈកម្មការ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល ដើម្បី​ឈាន​ដល់​ដាក់​បញ្ចូល​តំបន់​បឹង​ព្រែក​ទប់ ការពារ​ដោយ​ព្រះរាជក្រឹត្យ​ឲ្យ​មាន​ប្រសិទ្ធភាព។

ជាង​នេះ​ទៀត សាធារណជន​ក៏​ទន្ទឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​បុគ្គល​ដែល​ចាក់​ដី​រំលោភ​យក​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ហើយ​មាន​បុគ្គល​ខ្លះ​ត្រូវ​មន្ទីរ​ជំនាញ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់​ស្រប​ច្បាប់​ផង​នោះ ថា​តើ​រដ្ឋាភិបាល​នឹង​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​បែប​ណា​ចំពោះ​បុគ្គល​ខ្លះ ដើម្បី​ឈាន​ដល់​ដក​ហូត​យក​ចំណែក​ដី​មាត់​បឹង​ព្រែក​ទប់ ដែល​ត្រូវ​រំលោភ​បំពាន​ទាំងនោះ យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ៕

អង្គការ​ឃ្លាំមើល​ពិភពលោក​ស្នើ​ឲ្យ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បិទ​ទ្វារ​មិន​ឲ្យ​លោក ហ៊ុន សែន ចូលរួម

                                                                                                                                                                                       អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ស្នើ​ឲ្យ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ដាវូស (Davos) ប្រទេស​ស្វីស (Switzerland) នៅ​ខែ​ឧសភា ខាង​មុខ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ចូល​រួម​ក្នុង​បំណង​ទាក់ទាញ​អ្នក​វិនិយោគទុន​ថ្មីៗ​ពី​ក្រៅ​ប្រទេស។

អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ លើក​ឡើង​ថា កិច្ច​ប្រជុំ​ដែល​មាន​ការ​ចូល​ដោយ​ក្រុម​មន្ត្រី​សំខាន់ៗ​ខាង​ផ្នែក​ហិរញ្ញវត្ថុ មិន​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ជន​ផ្ដាច់ការ​ដ៏​សាហាវ​ម្នាក់​នេះ​អាច​ស្វែង​រក​ដៃគូ​អន្តរជាតិ​ថ្មី ចូល​រួម​ធ្វើ​ពាណិជ្ជកម្ម​នោះ​ឡើយ។

មន្ត្រី​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស អ្នកស្រី អាលីស ហារីសាន់ (Alice Harrison) បាន​ថ្លែង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​ចុះ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែ​មករា ថា អ្នកស្រី​គ្មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​លោក ហ៊ុន សែន ព្យាយាម​ទាក់ទាញ​អ្នក​វិយោគ​ទុន​កំពូលៗ​ពី​ទីក្រុង​ដាវូស។ អ្នកស្រី​ថា លោក ហ៊ុន សែន និង​គ្រួសារ​របស់​គាត់​កំពុង​ក្ដោបក្ដាប់ សេដ្ឋកិច្ច​របស់​ប្រទេស ហេតុ​ដូច្នេះ​រាល់​លុយ​ទាំង​ឡាយ​របស់​អ្នក​វិនិយោគ​ទុន​ថ្មីៗ​ទាំង​នោះ នឹង​អាច​ធ្លាក់​ក្នុង​ហោប៉ៅ​របស់​ពួកគេ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន លោក ជុំ ប៊ុនរ៉ុង អះអាង​ថា លោក​មិន​ខ្វល់​ពី​ការ​ចោទ​ប្រកាន់​របស់​អង្គការ គ្លបល វីនេស នោះ​ទេ ពីព្រោះ​វា​ជា​សេចក្ដី​ថ្លែងការណ៍​ដែល​គ្មាន​ប្រយោជន៍៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​របាយការណ៍​នេះ​ទេ។ យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​អំពី​ជំហរ​របស់ គ្លបល វីនេស ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ទេ ពីព្រោះ​វា​ខាត​ពេល»។


ទោះជា​យ៉ាង​ណា​ក៏ដោយ អ្នកស្រី អាលីស ហារីសាន់ អះអាង​ថា កិច្ច​ប្រជុំ​កំពូល​ខាង​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​ដាវូស គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​ប្រទេស​ទាំង​ឡាយ​ក្នុង​ពិភពលោក​មាន​ភាព​ប្រសើរ​ឡើង​ខាង​ផ្នែក​សេដ្ឋកិច្ច ហើយ​ប្រសិនបើ​នេះ​ជា​ការ​ពិត​មែន។ វេទិកា​នេះ​គួរ​បិទ​ទ្វារ​មិន​ឲ្យ​មនុស្ស​ដូច​ជា​លោក ហ៊ុន សែន ចូល​រួម​ឡើយ។

កាល​ពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស បាន​បញ្ចេញ​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ ដែល​មាន​ចំណង​ជើង​ថា ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា បង្ហាញ​ថា អធិរាជ​ត្រកូល​ហ៊ុន កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើ​ពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។

គ្លបល វីនេស រក​ឃើញ​ថា គ្រួសារ​ត្រកូល​ហ៊ុន បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូចជា Apple Nokia Unilever Visa Nestle Honda និង​ក្រុមហ៊ុន​ចំនួន ​១១៤​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។

អ្នកស្រី អាលីស ហារីសាន់ បន្ត​ទៀត​ថា ត្រកូល​ហ៊ុន មាន​ទំនាក់ទំនង​នឹង​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​ជា​ច្រើន​ហើយ ដូច្នោះ​ក្រុមហ៊ុន​ដែល​ចង់​បង្កើត​ទំនាក់ទំនង​នឹង​កម្ពុជា ត្រូវ​តែ​ប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​ក្នុង​ការ​បាត់បង់​កេរ្តិ៍​ឈ្មោះ ថវិកា និង​អាច​ទទួល​រង​ការ​ប្ដឹងផ្ដល់ ប្រសិនបើ​ក្រុមហ៊ុន​ទាំង​នោះ​បន្ត​ដាក់​វិនិយោគ​នៅ​កម្ពុជា។

អង្គការ​អន្តរជាតិ​ដែល​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង (London) ប្រទេស​អង់គ្លេស មួយ​នេះ​បង្ហាញ​ថា សមាជិក​ត្រកូល​ហ៊ុន ដែល​អ្នក​ខ្លះ​ធ្លាប់​ជាប់​ឈ្មោះ​រត់​ពន្ធ​គ្រឿងញៀន​ក្នុង​តម្លៃ ១​ពាន់​លាន​ដុល្លារ​តាម​រយៈ​ការ​បាញ់​បោះ អ្នក​ខ្លះ​បើក​ឡាន​បុក​គេ​ស្លាប់​ហើយ​រត់ និង​អ្នក​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ដីធ្លី​ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ដីធ្លី និង​ភាព​ក្រីក្រ​នៅ​ទី​ជនបទ៕

សង្គម​ស៊ីវិល​ថា​បញ្ហា​ដីធ្លី​ពាក់ព័ន្ធ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយ


ពលរដ្ឋ​ប្រមាណ ១០០​នាក់​មក​ពី​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ តវ៉ា​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​បាន​កាន់​កាប់​ស្រប​ច្បាប់​លើ​ដី​ដែល​ពួក​គាត់​កំពុង​អាស្រ័យ​ផល និង​ស្នើសុំ​ដោះលែង​អ្នក​ភូមិ ៣​នាក់​ដែល​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Sochivy


អង្គការ​សង្គម​ស៊ីវិល​និយាយ​ថា តួលេខ​ករណី​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​តែ​មាន គឺ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​នៅ​ឡើយ។ មន្ត្រី​រដ្ឋាភិបាល​ថា ការ​លើក​ឡើង​ពី​បញ្ហា​នេះ​ជា​ការ​មិន​យល់​ពី​នីតិវិធី។

មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា ករណី​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​យូរ​មក​ហើយ​នោះ នៅ​តែ​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ ជាពិសេស​ក្នុង​ចំណោម​ករណី​ដីធ្លី​ចំនួន​៤២ ដែល​លោក​កំពុង​ធ្វើ​ការ៖ «៤២​ករណី​នេះ គឺ​ខ្ញុំ​សំដៅ​ទៅ​លើ​ករណី​ដីធ្លី មិន​មែន​តែ​សម្បទាន​សេដ្ឋកិច្ច​ទេ។ ប៉ុន្តែ​នៅ​ក្នុង​ហ្នឹង​ក៏​មាន​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ដែរ ដែល​ខ្ញុំ​ធ្វើ​ការ​ជាមួយ ជាពិសេស​នៅ​មណ្ឌលគិរី រតនគិរី កោះកុង ហើយ​និង​កំពង់ស្ពឺ អី​ហ្នឹង។ យើង​ឃើញ​ថា​មាន​ការ​ដោះស្រាយ​អី​អ៊ីចឹង តែ​គ្រាន់​តែ​ជា​ការ​សន្យា ឬ​ក៏​ប្រជុំ​ដោះស្រាយ ហើយ​មួយ​ចំនួន​ក៏​មាន​ការ​ដោះស្រាយ​អ៊ីចឹង​ដែរ ប៉ុន្តែ​បើ​ថា​ឲ្យ​បញ្ចប់​នោះ គឺ​ថា​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ គឺ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​បន្ត​ការ​តវ៉ា​នៅ​ឡើយ»។

ប្រសាសន៍​របស់​លោក វណ្ណ សូផាត ជា​ការ​បញ្ជាក់​ចំពោះ​សេចក្ដី​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៩ មករា។ លោក សាយ សំអាល់ ថ្លែង​ថា បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហើយ៖ «អ្វី​ដែល​នៅ​សេសសល់ គឺ​ការ​ចុះ​បញ្ជី​ដីធ្លី អា​ហ្នឹង​នៅ​មែន ព្រោះ​វា​ច្រើន។ យើង​ធ្វើ​មិន​ទាន់​បាន​ទាំងអស់​ទេ។ តែ​យើង​នៅ​ធ្វើ​ជា​បណ្ដើរៗ ដែល​យើង​កំពុង​ធ្វើ​បណ្ដើរៗ​រាល់​ថ្ងៃ​នេះ។ អា​ហ្នឹង​និយាយ​មែនទែន​ទៅ គឺ​អស់​ហើយ ចប់​ហើយ។ តែ​អង្គការ​សង្គម​ស៊ីវិល​លោក​ជួនកាល គាត់​មិន​ដែល​បាន​មក​ជជែក​ជាមួយ​យើង។ គាត់​មិន​ដែល​បាន​មក​ពិគ្រោះ​ជាមួយ​គ្នា គាត់​បែរ​ជា​ចេញ​របាយការណ៍ ចេញ​ទិន្នន័យ​ផ្សេង​ពី​យើង​ទៅ​វិញ»។

លោក សាយ សំអាល់ មិន​បាន​បញ្ជាក់​ពី​ចំនួន​ទំនាស់​ដែល​ខាង​លោក​ដោះស្រាយ​ទេ ប៉ុន្តែ​លោក វណ្ណ សូផាត ឲ្យ​ដឹង​ថា តួលេខ​ករណី​ដីធ្លី​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​កត់​ត្រា​ទុក​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​ចំនួន​ជាង ៣០០​ករណី។ លោក​ថា ករណី​ដោះស្រាយ​បាន​ខ្លះ គឺ​ករណី​តូចៗ៖ «យើង​ឃើញ​ថា​ក្នុង​ចំណោម ៤២​ករណី​នេះ មាន​តែ ៥ ទៅ ៦​ករណី ត្រូវ​បាន​ដោះស្រាយ។ ប៉ុន្តែ​អា​ហ្នឹង​ជា​ករណី​ដែល​ដី​ទំហំ​តូច ហើយ​មិន​មែន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ។ អ៊ីចឹង​យើង​ឃើញ​ថា ដី​ដែល​អាច​ដោះ​បាន​ហ្នឹង គឺ​ជា​ដី​ដែល​មិន​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ជា​ដី​មាន​ទំហំ​តូចៗ​ត្រឹម ១០០​ហិកតារ​ចុះ។ តែ​យើង​អត់​ឃើញ​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​កាត់​មក​ប្រជាពលរដ្ឋ​វិញ ជា​ការ​បញ្ចប់​ជម្លោះ​ដីធ្លី​តែ​ម្ដង​នោះ គឺ​យើង​អត់​ឃើញ​មាន​ទេ»។

ទន្ទឹម​គ្នា​នេះ ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច នៅ​តែ​មាន​ប្រជាពលរដ្ឋ​ច្រើន​ស្វែងរក​ដំណោះស្រាយ​នៅ​ឡើយ មាន​ជាអាទិ៍ ដូចជា​នៅ​ខេត្ត​ព្រះវិហារ ជាដើម។ លោក​ថា បញ្ហា​នេះ ជួនកាល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម ឬ​ក៏​ខេត្ត៖ «ជម្លោះ​ដី​ជាមួយ​អ្នក​មាន​អំណាច​អី​នោះ គឺ​វា​នៅ​តែ​មាន កំពុង​គគ្រឹកគគ្រេង​ណាស់។ យើង​មិន​បាច់​មើល​អី​ច្រើន​ទេ​ថា តើ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ហ្នឹង​គាត់​តវ៉ា​រឿង​ដីធ្លី​ហើយ​ឬ​នៅ? ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ គាត់​នៅ​តវ៉ា បើ​សិន​ជា​អស់ អា​ហ្នឹង​បញ្ហា​ដីធ្លី​ចប់​ហើយ ហើយ​ចំពោះ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​ក៏​អ៊ីចឹង​ថា បើ​សិន​ជា​មិន​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​ដី​សេដ្ឋកិច្ច​ទៀត​ទេ អា​ហ្នឹង​បាន​យើង​សន្មត​ថា វា​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់»។

ទាក់ទង​នឹង​ករណី​ជម្លោះ​ដីធ្លី​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មករា ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ខេត្ត​កោះកុង ប្រមាណ ១០០​នាក់ ដែល​តំណាង​ឲ្យ​ពលរដ្ឋ ១៧០​គ្រួសារ​បាន​នាំ​គ្នា​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​ពួក​គាត់ ដែល​ត្រូវ​ក្រុមហ៊ុន​ទាំង​ពីរ​ឈូស​ឆាយ​ផ្ទះ​សម្បែង។ សម្រាប់​ករណី​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​នេះ ក្រុម​ពលរដ្ឋ​នឹង​រង់ចាំ​មើល​លទ្ធផល​ដោះស្រាយ​ក្រោយ​ការ​ជួប​ចរចា​គ្នា​នៅ​ថ្ងៃ​ទី​២០ មករា ខាង​មុខ​នេះ៕