Tuesday, November 29, 2016

សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ

នារី​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​ក្នុង​រឿង​ចាប់​រំលោភ​ពី​សំណាក់​លោក អធិការ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទទួល​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់​ពី​មន្ត្រី​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Chin Chetha

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​របាយការណ៍​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១៦ ស្តី​អំពី​ការ​រួច​ខ្លួន​ពី​បទល្មើស​រំលោភ​សេពសន្ថវៈ​នៅ​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​ស្ត្រី និង​កុមារ នៃ​អង្គការ​លីកាដូ កញ្ញា ណាប់ សុម៉ាលី បញ្ជាក់​ថា ការ​ផ្ដន្ទាទោស​លើ​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ​មាន​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ជា​លក្ខណៈ​ប្រព័ន្ធ ហើយ​ដែល​បញ្ហា​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា នេះ​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន ដូចជា​ការ​ប្រើប្រាស់​ប្រាក់​សំណង​ដើម្បី​ដោះស្រាយ​បញ្ចប់​រឿង​ក្តី ការ​រីក​រាលដាល​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​នគរបាល និង​តុលាការ ចៅក្រម​នៅ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​អនុវត្ត​ច្បាប់ និង​អាកប្បកិរិយា​រើសអើង​ចំពោះ​ស្ត្រី​ភេទ។

កញ្ញា ណាប់ សុម៉ាលី បន្ត​ថា៖ «ជាង ៥០​ភាគរយ គឺ​កុមារ​អាយុ​ចន្លោះ​ពី ១២​ឆ្នាំ​ទៅ ១៧​ឆ្នាំ ដែល​ងាយ​រងគ្រោះ​ដោយសារ​ការ​រំលោភ​សេពសន្ថវៈ​នៅ​ការិយាល័យ​ដែល​លីកាដូ​ទទួល​បាន។ បើ​សិន​ជា​ការ​រំលោភ​សេពសន្ថវៈ​នៅ​តែ​កើត​មាន​ឡើង ហើយ​អាជ្ញាធរ និង​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ខ្ញុំ​យល់​ថា​វា​នឹង​ក្លាយ​ជា​ហានិភ័យ​មួយ ដោយសារ​តែ​ស្ត្រី និង​កុមារ​នៅ​កម្ពុជា ស្ថិត​នៅ​ក្នុង​និទ្ទណ្ឌភាព​មួយ​ដោយសារ​តែ​ជន​ល្មើស​អាច​ប្រើប្រាស់​លុយ ដើម្បី​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ និង​ការ​ប្រើប្រាស់​លុយ​ដើម្បី​គេច​ពី​សំណាញ់​ច្បាប់​ដែរ»។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ បាន​នៅ​ឡើយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ។

កាល​ពី​ឆ្នាំ​២០១៥ អង្គការ​លីកាដូ បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ចំនួន​ជិត ៣០០​ករណី (២៨២​ករណី) ដែល​ក្នុង​នោះ​មាន ១២៥​ករណី ត្រូវ​បាន​បិទ​បញ្ចប់ និង ១៥៧​ករណី​ផ្សេង​ទៀត​នៅ​បើក​បន្ត។ ក្នុង​ចំណោម​សំណុំ​រឿង​ដែល​នៅ​បើក​បន្ត​មាន​ជិត ៤០​ករណី (៣៨​ករណី) ត្រូវ​បាន​ចុះ​កាលបរិច្ឆេទ​តាំង​ពី​ត្រី​មាស​ទី​១ នៃ​ឆ្នាំ​២០១៥ ដែល​នេះ​មាន​ន័យ​ថា សំណុំ​រឿង​ទាំងនោះ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​រយៈពេល​ជិត ២​ឆ្នាំ​កន្លង​ទៅ​នេះ។

អង្គការ​លីកាដូ ចាត់​ទុក​ការ​មិន​អើពើ​ដោះស្រាយ​បញ្ហា​នេះ ថា​ជា​ការ​រួម​ចំណែក និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រំលោភ​សេពសន្ថវៈ​ជា​បន្ត​ទៀត ហើយ​ថា​វប្បធម៌​និទ្ទណ្ឌភាព​ចំពោះ​ជន​ប្រព្រឹត្តិ​បទល្មើស​បែប​នេះ នឹង​បង្ក​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុវត្ថិភាព​ស្ត្រី និង​កុមារ៕

ការ​សន្ទនា​ឆ្លើយ​ឆ្លង​គ្នា​រវាង​​កញ្ញា ធី សុវណ្ណថា និង​លោក ហ៊ុន ម៉ានិត តាម​​ហ្វេសប៊ុកត្រូវ​​បែក​​ធ្លាយ​




អ្វីដែលទំនងជាការសន្ទនាឆ្លើយឆ្លងគ្នាដែលបែកធ្លាយរវាង កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សប្រឆាំងដែលចេះដឹងច្រើនអំពីបណ្តាញទំនាក់ទំនងសង្គម និង កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសផ្សេងៗទៀតរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញអំពីអ្នកទាំងពីរពិភាក្សាពីផែនការរៀបចំការតវ៉ាប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។

ការទម្លាយលក្ខណៈអនាមិកនេះ ដែលត្រូវបានបង្ហោះជាវីដេអូរយៈពេល២២នាទីក្នុងគេហទំព័រយូធ្យូបកាលពីថ្ងៃអាទិត្យ គឺជាសំណាងអាក្រក់ដែលមិនសមនឹងកើតមានចំពោះក្រុមប្រឆាំងនឹងគណបក្សប្រឆាំង ដែលបានឆ្លៀតឱកាសទាញប្រយោជន៍ពីខ្សែអាត់សំឡេងដែលបែកធ្លាយកាលពីខែមីនាស្តីពីការសន្ទនាដែលគេអះអាងថា រវាងលោក កឹម សុខា  អនុប្រធានគណបក្សប្រឆាំងនិងស្រីកំណាន់ម្នាក់ដែលគេចោទថា ជារបស់លោក។


ការឆ្លើយឆ្លងគ្នាតាមហ្វេសប៊ុកដែលទើបតែបែកធ្លាយនេះ ដែលមានភ័ស្តុតាងបង្ហាញថា រវាងកញ្ញា ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កូនប្រុសទីពីររបស់លោកនាយករដ្ឋមន្ត្រី ដែលជាឧត្តមសេនីយ៍ទោនៅក្នុងជួរកងទ័ពនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃកងយោធពលខេមរភូមិន្ទ គឺជាការសន្ទនាតាំងពីខែតុលាឆ្នាំមកម្លេ៉ះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការសន្ទនាឆ្លើយឆ្លងគ្នានេះគឺពិត ប៉ុន្តែបានបន្ទោសការបែកឆ្លាយនេះលើអ្នកដែលហ៊ែកទូរស័ព្ទ បន្ទាប់ពីលោក  ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត បានលក់វាចោល។

កញ្ញា ធី សុវណ្ណថា ធ្លាប់ជាអ្នកជួយគាំទ្រជ្រោមជ្រែងគណបក្សសង្គ្រោះជាតិដ៏ស្មោះស្ម័គ្រ ដោយមានអ្នកគាំទ្រតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើន ប៉ុន្តែបានរងការចោទប្រកាន់ថា ជាចារកម្មរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនៅក្នុងឆ្នាំ២០១៤ ហើយទីបំផុតបានបំបែកខ្លួនចេញពីគណបក្សប្រឆាំងនេះកាលពីខែមីនា ពេលដែលខ្សែអាត់សំឡេងដែលគេអះអាងថា រវាងលោក កឹម សុខា និងស្រីកំណាន់របស់លោកត្រូវបានបង្ហោះយ៉ាងព្រោងព្រាតតាមអុីនធឺណិត។នាងបានប្តូរបក្សភ្លាមៗ ហើយបានចាប់ផ្តើមវាយប្រហារលើគណបក្សសង្គ្រោះជាតិ ដោយផ្តោតកំហឹងរបស់នាងលើរឿងស្នេហាលួចលាក់របស់លោក កឹម សុខា។

វីដេអូក្នុងគេហទំព័រយូធ្យូបបានអូសចុះមកក្រោមម្តងបន្តិចៗនូវការសន្ទនាឆ្លើយឆ្លងគ្នាដែលបង្ហាញយ៉ាងច្បាស់ថា រវាង កញ្ញា ធី សុវណ្ណថា អាយុជាង២០ ឆ្នាំ និង លោក ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ដោយប្រើភាសាលាយឡំគ្នា ទាំងអង់គ្លេសនិងខ្មែរ ព្រមទាំងមានសារ រូបភាព និងសារជាសំឡេងអមដោយរូបតុក្កតា។

នៅក្នុងការឆ្លើយឆ្លងគ្នាកាលពីថ្ងៃទី២៧ ខែមីនា គឺនិយាយអំពីផែនការរៀបចំការហែក្បួនរបស់នាងដើម្បីដាក់សម្ពាធឲ្យលោក កឹម សុខា ឆ្លើយសារភាពពីរឿងស្នេហាលួចលាក់ ដែលលោកបានដិសេធរហូតមកទល់ពេលនេះ និងការស្នើសុំជំនួយពីក្រុមយុវជនរបស់នាង។

នាងបានសេរសេរថា “បងនិត ថ្ងៃអង្គារម៉ោងពីររសៀល ខ្ញុំហែក្បួនពី UNទៅបក្សសង្គ្រោះជាតិ ចេញពីសង្គ្រោះជាតិទៅផ្ទះ កឹម សុខា និងសុំកម្លាំងយុវជនបង៥០នាក់ជិះម៉ូតូហែក្បួន”។

ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត បានឆ្លើយតបថា “បងអត់ឲ្យពួកគាត់ចូលរួមទេ។ កុំលាក់កម្លាំងអី ថា យកកម្លាំងយុវជនរបស់ ថា ចេញមកប្រើសិនទៅ ដើម្បីបង្ហាញអំពីឆន្ទៈរបស់ពួកគាត់លើការងារនេះ។ មិនចង់ឲ្យបែកការទេ កម្លាំងបងរក្សាទុកទាល់តែពេលចំាបាច់បានប្រើគាត់”។

ពីរថ្ងៃក្រោយមក នៅថ្ងៃទី ២៩ ខែ មីនា កញ្ញា ធី សុវណ្ណថា បានផ្ញើរូបភាពស្តីពីអ្នកហែក្បួននៅខាងក្រៅរដ្ឋសភា ហើយលោក ហ៊ុន ម៉ានិត បានឆ្លើយថា “ហា ហា …អបអរសាទរ!”។

នៅថ្ងៃដដែលនោះ កញ្ញា ធីសុវណ្ណថា បានសួរថា ”កំពុងរកនឹកវិធីញ៉ោះគេទៀត បងនិតមានគំនិតអីទេ?”។ លោក ហ៊ុន ម៉ានិត បានឆ្លើយដោយប្រើរូបតុក្កតាសេើច។

កញ្ញា ធី សុវណ្ណថា មិនអាចទាក់ទងតាមទូរស័ព្ទបានទេ។ ទាំងនាងនិងលោក ហ៊ុន ម៉ានិត សុទ្ធតែមិនឆ្លើយតបនឹងសំណើសុំការបំភ្លឺតាមហ្វេសប៊ុក។

នៅក្នុងការបង្ហោះមុនៗនោះ អ្នកទាំងពីរបានឆ្លើយឆ្លង  ដោយពិភាក្សាអំពីរឿងផ្ទះ រថយន្តដែលជាកម្មសិទ្ធិរបស់កញ្ញា ធី សុវណ្ណថា និងដល់ចំណុចមួយ និយាយអំពីរឿងធ្វើច្រមុះរបស់នាង។

នាងបាននិយាយថា “ខ្ញុំទើបតែធ្វើច្រមុះរួច មិនទាន់ស្អាតទេ មិនអាចជួបពូបានទេ ចាំពីរខែទៀត”។

លោក ហ៊ុន ម៉ានិត បានឆ្លើយតបថា “អឺទៅធ្វើច្រមុះធើអី  ច្រមុះយើងគ្រប់គ្រាន់ហើយតើ ទៅធើច្រមុះធើអី មិនព្រមទុកឲ្យធម្មជាតិទៅ”។

លោក សុខ ឥសាន បានលើកឡើងកាលពីម្សិលមិញថា សំឡេងរបស់បុរសនៅក្នុងសារជាសំឡេង ពិតជាដូចសំឡេង ឧត្តសេនីយ៍ទោ ហ៊ុន ម៉ានិត ហើយថា ការបែកធ្លាយនេះទំនងជាចេញមកពីទូរស័ព្ទដែលលក់ចេញមួយគ្រឿង។

លោកបានមានប្រសាសន៍ទាក់ទិននឹងការសន្ទនាឆ្លើយឆ្លងជាមួយកញ្ញា ធី សុវណ្ណថា ថា “ខ្ញុំគិតថា  វាជាសំឡេងរបស់គាត់។ ទូរស័ព្ទរបស់គាត់បានលក់ជាយូរមកហើយ ហើយគេបានដោនឡូដ រួចធ្វើឲ្យវាបែកធ្លាយ។វាគ្រាន់តែជាការសន្ទនាឆ្លើយឆ្លងធម្មតាតើ ម៉េចក៏ចំបាច់យកចិត្តទុកដាក់ពីរឿងនេះមេ៉ះ”