|
គ្រឿងចក្រឈូសឆាយផ្លូវក្រាលកៅស៊ូនៅប្របឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ក្រោមរូបភាពអភិវឌ្ឍន៍ឆ្នេរសមុទ្រ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។ RFA/Den Ayuthyea |
អ្នកឃ្លាំមើលការងារអភិវឌ្ឍន៍សង្គម បានរិះគន់ថា ស្នាព្រះហស្តព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ និងស្នាដៃនានាដែលប្រមុខដឹកនាំជំនាន់មុនបន្សល់ទុក ត្រូវមន្ត្រីខិលខូចមួយចំនួននៅខេត្តព្រះសីហនុ ឃុបឃិតបំផ្លាញភស្តុតាង និងចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជន។
សកម្មភាពបំផ្លាញសមិទ្ធផលដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកនាមូលដ្ឋាននេះ បានរងការរិះគន់ពីសាធារណជនមួយចំនួន ពិសេសក្រុមយុវជនដែលចូលទៅទស្សនាតាមតំបន់ឆ្នេរនាខេត្តព្រះសីហនុ នៅមុនពិធីបុណ្យសមុទ្រជុំទី២ ដែលនឹងចូលមកដល់នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ខាងមុខ។
មន្ត្រីសង្គមស៊ីវិល និងសាធារណជន បានបន្តរិះគន់មន្ត្រីខិលខូចមួយចំនួនដែលបម្រើការងារក្នុងជួររាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ដែលបានឃុបឃិតបំផ្លាញសមិទ្ធផល និងទីតាំងសម្គាល់អត្តសញ្ញាណជាតិខ្មែរមួយចំនួន ដែលអតីតថ្នាក់ដឹកនាំគ្រប់ជំនាន់បន្សល់ទុក ដើម្បីបំផ្លាញភស្តុតាង និងបម្រើឲ្យប្រយោជន៍ផ្ទាល់ខ្លួន។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេតឃើញថា ស្នាដៃផ្សេងៗដែលសម័យសង្គមរាស្ត្រនិយមបន្សល់ទុកមានដូចជា ថ្នល់ក្រាលកៅស៊ូនៅប្របឆ្នេរអូរឈើទាល ទល់មុខវិមានលំហែកាយរបស់ប្រមុខដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ឆ្ពោះទៅកាន់ភ្នំដំណាក់ស្ដេច ត្រូវអតីតអភិបាលខេត្តព្រះសីហនុ និងអតីតប្រធានមន្ទីរសុរិយោដីខេត្ត ជាដើម បានចេញប្លង់កម្មសិទ្ធិជូនឈ្មួញធ្វើកម្មសិទ្ធិឯកជនទាំងស្រុង។ អ្នកស្រីបន្តថា បច្ចុប្បន្ននេះ ផ្លូវក្រាលកៅស៊ូដែលបន្សល់ទុកពីជំនាន់សម្ដេចព្រះ នរោត្តម សីហនុ ដឹកនាំ គឺត្រូវគ្រឿងចក្រឈូសកម្ទេចចោលតឹកតាងទាំងស្រុង និងបានហ៊ុមព័ទ្ធរបងរឹងមាំមិនឲ្យយានជំនិះគ្រប់ប្រភេទ និងមនុស្សដើរឆ្លងកាត់ទេ។
ជាងនេះទៀត ភ្នំដំណាក់ស្ដេច ដែលមានទីតាំងនៅចុងឆ្នេរអូរឈើទាល ក៏ត្រូវប្ដូរឈ្មោះទៅជាភ្នំប៉ុលសារឿន ហើយរាល់ថ្ងៃនេះ ត្រូវគេហៅពេញៗមាត់ថា ភ្នំប៉ុលសារឿនៗថែមទៀត។
ត្រង់ចំណុចនេះ អ្នកស្រី សុធារី បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវជួយទប់ស្កាត់សកម្មភាពឃុបឃិតបំផ្លាញសមិទ្ធផលនានាដែលថ្នាក់ដឹកនាំជំនាន់មុន ឬពីមួយជំនាន់ទៅមួយជំនាន់បានកសាង ឬបន្សល់ទុក ឲ្យបានគង់វង្សទុកសម្រាប់ជាមរតក និងកេរដំណែលដល់កូនខ្មែរជំនាន់ក្រោយបានប្រើប្រាស់ និងចងចាំនូវស្នាដៃទាំងនោះ។
អ្នកឃ្លាំមើលសង្គមរូបនេះសង្កត់ធ្ងន់ថា ស្នាដៃ ឬស្នាព្រះហស្តរបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់បន្សល់ទុក គួរត្រូវថ្នាក់ដឹកនាំបន្តវេន រួមគ្នាថែរក្សា និងអភិរក្សឲ្យគង់វង្ស ជាជាងឃុបឃិតបំផ្លាញភស្តុតាងក្រោមរូបភាពផ្សេងៗ ដើម្បីបម្រើដល់ប្រយោជន៍ផ្ទាល់ខ្លួន។
ដូចគ្នាដែរ សាធារណជន ពិសេសក្រុមយុវជនដែលបានចូលមកទស្សនាតាមតំបន់ឆ្នេរនាខេត្តព្រះសីហនុ បានរិះគន់អតីតអភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត់ និងអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ លោក សូ សុខ ព្រមទាំងមន្ត្រីពាក់ព័ន្ធដទៃទៀតដែលរួមគ្នាចេញប្លង់កម្មសិទ្ធិនៅលើថ្នល់ក្រាលកៅស៊ូ បន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម ដើម្បីផ្តល់ដីទីតាំងនេះជូនក្រុមហ៊ុន សុខា អូតែល (Sokha Hotel)។
ក្រុមយុវជនទាំងនោះបានថ្កោលទោសមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្នទាំងឡាយណាដែលគ្មានឆន្ទៈបម្រើជាតិពិតប្រាកដ ហើយយកតួនាទីទៅបំផ្លាញសមិទ្ធផលនានា និងធនធានធម្មជាតិដែលមាននៅក្នុងមូលដ្ឋានខេត្តទេសចរណ៍មួយនេះ។
យុវជនមួយក្រុមដែលបានដើរកម្សាន្តតាមឆ្នេរអូរឈើទាល បានរិះគន់រដ្ឋបាលខេត្តនេះ ដែលអនុញ្ញាតឲ្យបុគ្គល ឬក្រុមហ៊ុនហ៊ុមព័ទ្ធរបងរឹងមាំបិទឆ្នេរសមុទ្រនានា មិនឲ្យភ្ញៀវទេសចរដើរឆ្លងកាត់ជាច្រើនទីតាំង ក្នុងនោះមានចុងឆ្នេរអូរឈើទាល ជាដើម។
|
ផ្លូវឆ្នេរអូរឈើទាល ព្រះសីហនុ ២០១៦ ៨៥៥ផ្លូវក្រាលកៅស៊ូនៅប្របឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។ RFA/Den Ayuthyea |
បញ្ហានេះ អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញទស្សនៈថា ស្នាដៃដែលថ្នាក់ដឹកនាំប្រទេសពីមួយជំនាន់ទៅមួយជំនាន់បានបន្សល់ទុក គួរត្រូវថ្នាក់ដឹកនាំបន្តវេនជួយថែរក្សា និងអភិរក្សកែលំអឲ្យគង់វង្ស ដោយមិនត្រូវបំផ្លាញវត្ថុតាងទាំងនោះចោលទេ។
អ្នកឃ្លាំមើលសង្គមរូបនេះបង្ហាញការហួសចិត្ត កាលបើសង្កេតឃើញគ្រឿងចក្រឈូសថ្នល់ក្រាលកៅស៊ូដែលជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ មានទីតាំងនៅតាមប្របឆ្នេរអូរឈើទាល ត្រូវគេជីកកាយយកអាចម៍ដីបំផ្លាញស្ទើរបាត់ភស្តុតាងទាំងស្រុងមកទល់ពេលនេះ៖ «ពាក់ព័ន្ធផ្លូវជាតិក្រាលកៅស៊ូ ដែលសាងសង់ដោយសម្ដេចតា នរោត្តម សីហនុ គឺចាប់ពីមុខផ្ទះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់ចុងឆ្នេរអូរឈើទាល គឺផ្លូវនេះត្រូវបានកាត់ផ្តាច់ត្រង់ដីក្រុមហ៊ុន សុខា អូតែល ដោយបានបិទរបង ហើយបានឈូសឆាយកាយថ្នល់ក្រាលកៅស៊ូនេះមួយចំនួន។ សកម្មភាពនេះខ្ញុំយល់ថា ជាការបំផ្លាញនូវស្នាដៃរបស់អ្នកដឹកនាំជំនាន់មុន ធ្វើឲ្យបាត់បង់ភស្តុតាងជាប្រវត្តិសាស្ត្រសម្រាប់ជាការសម្គាល់នូវការរីកចម្រើនកាលពីសម័យសង្គមរាស្ត្រនិយម»។
ជាងនេះទៀត លោក ប៊ួន ណារិទ្ធិ ក៏សំណូមពរដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសរដ្ឋាភិបាល ត្រូវមានវិធានការទៅលើការប៉ុនប៉ងប្ដូរឈ្មោះទីតាំងប្រវត្តិសាស្ត្រ ដីភ្នំ និងដីកោះជាដើមនៅខេត្តព្រះសីហនុ ឲ្យរក្សាឈ្មោះដើម ព្រោះតាមការសង្កេតរាល់ថ្ងៃនេះ មានដីកោះ ភ្នំ និងតំបន់ឆ្នេរមួយចំនួន ត្រូវគេប្ដូរឈ្មោះទៅប្រើភាសាបរទេស បំបាត់អត្តសញ្ញាណជាតិខ្មែរជាបន្តបន្ទាប់មានដូចជា ឆ្នេរកោះសំពោច ត្រូវគេប្ដូរហៅទៅជាឆ្នេរសមុទ្រចិន និងកោះអូនកោះបង ត្រូវគេហៅជាភាសាថៃ ថា កោះភីណង ជាដើម៖ «សូមស្នើដល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមលោកមេត្តាជួយស្ថាបនាផ្លូវក្រាលកៅស៊ូដែលជាកេរដំណែលរបស់សម្ដេចតា នរោត្តម សីហនុ ចាប់ពីមុខផ្ទះសម្ដេច រហូតដល់ចុងឆ្នេរអូរឈើទាល ត្រង់ដំណាក់ស្ដេច ភ្ជាប់ទៅឆ្នេរអូរត្រេះ ឲ្យបានល្អដូចពីដើមវិញ»។
រាល់ថ្ងៃនេះ ភ្ញៀវទេសចរជាតិ ពិសេសក្រុមយុវជនដែលចូលទៅទស្សនាតាមតំបន់ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ បានបន្តរិះគន់រដ្ឋាភិបាលដែលគ្មានលទ្ធភាពជួយថែរក្សាផ្លូវក្រាលកៅស៊ូ ដែលអតីតព្រះមហាក្សត្របន្សល់ទុក ដោយអនុញ្ញាតឲ្យមន្ត្រីក្រោមឱវាទឃុបឃិតចេញប្លង់កម្មសិទ្ធិឲ្យបុគ្គលឯកជនបំផ្លាញចោលទៅវិញ។
ពួកគេបង្ហាញការហួសចិត្ត កាលបើឃើញសកម្មភាពអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់រដ្ឋាភិបាល ឈានដល់បំផ្លាញថ្នល់ក្រាលកៅស៊ូទាំងស្រុងរបស់អតីតព្រះមហាក្សត្រ បន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម មានទីតាំងនៅចុងឆ្នេរអូរឈើទាល ភ្ជាប់ពីផ្លូវក្រាលកៅស៊ូនៅទល់មុខវិមានលំហែកាយរបស់ប្រមុខដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ត្រូវគ្រឿងចក្រឈូសកម្ទេចចោលភស្តុតាង។
កាលពីដើមខែឧសភា នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចតាមរថភ្លើងពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ លោកបានរំឭកពីស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ គឺផ្លូវរថភ្លើង មានខ្លឹមសារថា «ផឹកទឹកត្រូវនឹកដល់ប្រភព ទទួលទានផ្លែឈើត្រូវនឹកដល់អ្នកដាំ។ កូនចៅប្រជារាស្ត្រទូទាំងប្រទេសចងចាំ និងដឹងគុណចំពោះស្នាព្រះហស្តអតីតព្រះមហាវីរក្សត្រកម្ពុជា សម្ដេចឪ សម្ដេចតា សម្ដេចតាទួតនៃយើង ដែលបានកសាងផ្លូវដែកក្នុងទសវត្សរ៍ឆ្នាំ៦០ ដែលបានបន្សល់ទុកឲ្យកម្ពុជា ប្រើប្រាស់មកទល់សព្វថ្ងៃនេះ»។
ត្រង់ចំណុចនេះ អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក គាំទ្រការប្ដេជ្ញាចិត្តរបស់ប្រមុខដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ដែលធានាថែរក្សា និងអភិរក្សនូវសមិទ្ធផលនានារបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ បន្សល់ទុកឲ្យគង់វង្ស។ ព្រមគ្នានេះ អ្នកស្រី សុធារី ក៏សំណូមពរជាថ្មីម្តងទៀតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយពិចារណាថែរក្សាផ្លូវក្រាលកៅស៊ូជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ បន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម ដូចប្រមុខដឹកនាំបានជួយថែរក្សា និងអភិវឌ្ឍផ្លូវរថភ្លើងឲ្យដំណើរការឡើងវិញដូចគ្នាដែរ៕