Thursday, November 17, 2016

គ្រួសារ​សព​កីឡាករ​ទូក​ង​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់

អដ្ឋិធាតុ​យុវជន ឈឺន ចន ដែល​ស្លាប់​ដោយ​កប៉ាល់​ទេសចរណ៍​បុក​ទូក​ង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មុន​ពីរ​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក។ រូបថត​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ RFA/Cheu Sideth

គ្រួសារ​ជន​រងគ្រោះ​ជា​កីឡាករ​ទូក​ង​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​កប៉ាល់​ទេសចរណ៍​បុក​ទូក​ង អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ចេញ​មុខ​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់​ផង។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ខាង​ក្រុមហ៊ុន បាន​ពន្យារ​ពេល​ដើម្បី​និយាយ​អំពី​ការ​ផ្ដល់​ប្រាក់​សំណង​ឲ្យ​គ្រួសារ​ពួក​គាត់។

កំពុង​រៀបចំ​ពិធី​បុណ្យ​គម្រប់​ខួប ៧​ថ្ងៃ​ឲ្យ​សព​កូន​ប្រុស​ឈ្មោះ សុខ ច័ន្ទចេស្ដា ដែល​ស្លាប់​ដោយសារ​កប៉ាល់​ទេសចរណ៍​បើក​បុក​កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា លោក សឹម សម្ផស្ស អះអាង​ថា គ្រួសារ​របស់​លោក​នៅ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​ទេ ថ្វី​បើ​លោក​បាន​ជួប​និយាយ​ជាមួយ​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍​បាន​ចំនួន​ពីរ​លើក​ក្ដី។

លោក​អះអាង​ថា លោក​មិន​ទាន់​ហ៊ាន​បញ្ជាក់​បាន​ទេ​ថា ក្រុមហ៊ុន​ឈ្មោះ គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​កូន​ប្រុស​របស់​លោក​ដែល​ស្លាប់ ប៉ុន្តែ​លោក​ថា បើ​សិន​ជា​ក្រុមហ៊ុន​មិន​ផ្ដល់​សំណង​ទេ លោក​នឹង​គិតគូរ​ប្ដឹង​ទៅ​តុលាការ​បន្ត​ទៀត៖ «សោកស្ដាយ​រឿង​កូន​បាត់​រាល់​ថ្ងៃ អារម្មណ៍​នឹក​ឃើញ​តែ​វា ចុង​ក្រោយ​ខ្ញុំ​អត់​មាន​អី​ទេ សុំ​តែ​អំពាវនាវ​អ្នក​ដឹកនាំ​រាល់​ថ្ងៃៗ ហេតុ​អី​បាន​ជា​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ថី​បាន​ឲ្យ​ទូក (កប៉ាល់​ទេសចរណ៍) ទៅ​បុក​កូន​ខ្ញុំ​នៅ​ក្នុង​បរមរាជវាំង​ទៀត បើ​ថា​បុក​នៅ​ក្រៅ ខ្ញុំ​អត់​ថា​ទេ តែ​អា​នេះ​បុក​នៅ​ក្នុង​សង្វៀន​ផ្ដាច់ព្រ័ត្រ​ទៀត ចំ​កន្លែង​ទូង​ម៉ង​ហ្នឹង។ ខ្ញុំ​សំណូមពរ​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី អ្នក​ដឹកនាំ ស្វែងរក​យុត្តិធម៌​ឲ្យ​កូន​ខ្ញុំ។ ខ្ញុំ​សុំ​តែ​ប៉ុណ្ណឹង»។

នៅ​រសៀល​ថ្ងៃ​ទី​១៧ វិច្ឆិកា ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទាំង​ពីរ បាន​រៀបចំ​ពិធី​បុណ្យ​សព​គម្រប់​ខួប ៧​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​កូនៗ​របស់​ពួក​គាត់ ដែល​មាន​ឈ្មោះ​ថា សុខ ច័ន្ទចេស្ដា និង ឈឺន ចន។

អដ្ឋិធាតុ​យុវជន សុខ ច័ន្ទចេស្ដា ដែល​ស្លាប់​ដោយ​កប៉ាល់​ទេសចរណ៍​បុក​ទូក​ង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មុន​ពីរ​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក។ រូបថត​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ RFA/Cheu Sideth

ឪពុក​យុវជន សុខ ច័ន្ទចេស្ដា រៀបរាប់​ក្នុង​រោង​បុណ្យ​សព ៧​ថ្ងៃ​នោះ​ទៀត​ថា ចាប់​តាំង​ពី​កូន​ប្រុស​របស់​គាត់​បាន​ស្លាប់​ទៅ លោក និង​ភរិយា​សឹងតែ​មិន​បរិភោគ​អ្វី​ឡើយ ហើយ​សូម្បី​ពេល​យប់​ក៏​ដេក​មិន​លក់​ដែរ នៅ​ពេល​បិទ​ភ្នែក​ទៅ នៅ​តែ​នឹក​ស្រណោះ​អាល័យ​ថា កូន​ប្រុស​ហាក់​មិន​ទាន់​បាត់បង់​ជីវិត​អ៊ីចឹង។ លោក សឹម សម្ផស្ស បញ្ជាក់​ថា ទឹក​ប្រាក់​ចំនួន ៣៥.០០០​ដុល្លារ​ដែល​គ្រួសារ​លោក​ទាមទារ​ជា​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍​នោះ មិន​អាច​ទិញ​អាយុ​ជីវិត​កូន​ប្រុស​មក​វិញ​ទេ ប៉ុន្តែ​ប្រាក់​ទាំងនេះ​លោក​ទុក​សម្រាប់​ទូទាត់​ពិធី​បុណ្យ​សព​ទាំងអស់ ទាំង​បុណ្យ​សព បុណ្យ ៧​ថ្ងៃ និង​បុណ្យ ១០០​ថ្ងៃ ហើយ​សេសសល់​មួយ​ចំនួន លោក​នឹង​ទុក​សម្រាប់​ទ្រទ្រង់​គ្រួសារ ខណៈ​កំពុង​ជួប​ប្រទះ​ភាព​ក្រីក្រ​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា កប៉ាល់​ទេសចរណ៍​បាន​បើក​បុក​ទូក​ង​ឈ្មោះ "រស្មី​ស្រី​ស្រស់​ដាញ់​ទិព្វ" មក​ពី​វត្ត​អម្ពវ័ន បណ្ដាល​ឲ្យ​ចំណុះ​ទូក​ពីរ​នាក់​ដែល​ជា​យុវជន​បាត់​ខ្លួន។ នៅ​ថ្ងៃ​ទី​១៣ អាជ្ញាធរ​បាន​រក​ឃើញ​សាកសព​ទាំង​ពីរ ដោយ​សព​យុវជន ឈឺន ចន បាន​អណ្ដែត​ដល់​ស្រុក​ស្អាង និង​សព​យុវជន សុខ ច័ន្ទចេស្ដា បាន​អណ្ដែត​ដល់​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។

ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍​បាន​អញ្ជើញ​គ្រួសារ​ជន​រងគ្រោះ​ទាំង​ពីរ​ទៅ​និយាយ​អំពី​រឿង​ប្រាក់​សំណង​ពីរ​លើក​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ វិច្ឆិកា ប៉ុន្តែ​ការ​ជួប​គ្នា​ទាំង​ពីរ​លើក​នេះ មិន​ទាន់​សម្រេច​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​ក្រុមហ៊ុន​បាន​លើក​ពេល​មួយ​សប្ដាហ៍​ទៀត។

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទាំង​ពីរ​អះអាង​ថា ខាង​ក្រុមហ៊ុន​ក៏​មិន​បាន​និយាយ​នៅ​ចំពោះ​មុខ​ពួក​គាត់ ថា​ខ្លួន​ជា​អ្នក​ខុស​ដែរ ហើយ​បាន​ត្រឹម​និយាយ​សោកស្ដាយ​ប៉ុណ្ណោះ។

ទីតាំង​នៃ​ពិធី​បុណ្យ ៧​ថ្ងៃ​របស់​សព​យុវជន​ទាំង​ពីរ ឋិត​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ឡើយ។

ឪពុក​សព​យុវជន ឈឺន ចន គឺ​លោក ឃួន ខុម ក៏​បាន​អះអាង​មិន​ខុស​គ្នា​នឹង​គ្រួសារ​សព​ទី​មួយ​ដែរ។ លោក​អះអាង​ថា នៅ​ពេល​រក​ឃើញ​សាកសព​អណ្ដែត​ទឹក​រហូត​ដល់​ស្រុក​ស្អាង គឺ​សព​កូន​ប្រុស​របស់​គាត់ ពិនិត្យ​ឃើញ​មាន​បាក់​ដៃ​បាក់​ជើង និង​បែក​ក្បាល។ ដូច្នោះ​លោក​អះអាង​ថា កូន​ប្រុស​គាត់​ឈ្មោះ ឈឺន ចន គឺ​ត្រូវ​បាន​កប៉ាល់​បុក​ទង្គិច​ខ្លាំង។ លោក​បន្ត​ថា ប្រសិន​បើ​កប៉ាល់​មិន​បុក​ចំ​កូន​លោក​ទេ ឬ​បុក​ត្រឹម​តែ​ទូក​ង​ឲ្យ​លិច នោះ​កូន​ប្រុស​របស់​គាត់​ប្រហែល​មិន​ស្លាប់​ដែរ ព្រោះ​ទាំង​កូន​គាត់ ទាំង​យុវជន សុខ ច័ន្ទចេស្ដា គឺ​ជា​អ្នក​ចេះ​ហែល​ទឹក​យ៉ាង​ស្ទាត់​ជំនាញ។ លោក​ថា ម្យ៉ាង​ទៀត ឈឺន ចន គេ​ក៏​ធ្លាប់​ធ្វើ​ជា​ចំណុះ​ទូក​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែរ៖ «បុក​ចំ​ម៉ង ព្រោះ​អង្គុយ​ចំ​តា​ហ្នឹង (កន្ទុយ​ទូក​ង)។ បើ​អា​គ្នា​ក្មេងៗ​ប៉ុន្មាន​នាក់​នោះ វា​នៅ​មុខៗ (ក្បាល​ទូក) គេ​អត់​អី ផ្លោង​ទៅ វា​លោត​ចេញ​អស់ នៅ​វា​តែ​ពីរ​នាក់ (សុខ ច័ន្ទចេស្ដា និង ឈឺន ចន) បុក​ចំ​តា​ម៉ង បុក​ចំ​ភឹង ធ្លាក់​លិច​ទៅ​ប៉ាដោយ។ បែក​បាក់​មុខ និង​ក្បាល»។

ក្រុម​គ្រួសារ​សព​យុវជន​ទាំង​ពីរ​បញ្ជាក់​ថា បើ​សិន​ក្រុមហ៊ុន​មិន​ព្រម​ផ្ដល់​ប្រាក់​សំណង​នៅ​សប្ដាហ៍​ក្រោយ​ទេ ពួក​គាត់​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​ប្រុស​ទាំង​ពីរ​ដែល​បាន​ស្លាប់​ផង ព្រោះ​គ្រួសារ​ពុំ​មាន​លទ្ធភាព​ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឡើយ។

លើស​ពី​នេះ គ្រួសារ​សព​យុវជន​ទាំង​ពីរ ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​រឹត​បន្តឹង​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​វិធានការ​ទប់ស្កាត់​កប៉ាល់​ធំៗ​ចូល​តំបន់​ហាមឃាត់​ឲ្យ​បាន ៥ ទៅ ៦​ថ្ងៃ​មុន​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ដើម្បី​កុំ​ឲ្យ​កីឡាករ​ទូក​ង​ត្រូវ​បាត់បង់​ជីវិត​ដូច​ឆ្នាំ​២០១៦ នេះ​ទៀត៕

សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី​រក​ឃើញ​កន្លែង​លាក់​ឈើ​ខុស​ច្បាប់

ប៉ូលិស​ស្រុក​អូរយ៉ាដាវ ចុះ​រឹប​អូស​ឈើ​ដែល​កាប់​ពី​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal

សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី រក​ឃើញ​កន្លែង​​លាក់​ឈើ​ជាង ២០០​កំណាត់ ដែល​ឈ្មួញ​ទិញ​ឈើ​យក​មក​លាក់​ទុក​នៅ​តំបន់​ក្បែរ​ព្រៃ​សហគមន៍​ការពារ។កំណាត់​ឈើ​ដែល​រក​ឃើញ​នេះ គឺ​ជា​ឈើ​ដែល​ប្រជាពលរដ្ឋ​សហគមន៍​លួច​កាប់​ពី​ព្រៃ​ការពារ​លក់​ទៅ​ឲ្យ​ឈ្មួញ។

ឈើ​ប្រភេទ​លេខ​១ ដែល​គេ​អារ​ជា​ជ្រុង​មាន​ទំហំ​បួន​តឹក​បួន​ជ្រុង និង​បណ្ដោយ ១​ម៉ែត្រ​កន្លះ ជាង ៨០​ដុំ​ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អូរយ៉ាដាវ រក​ឃើញ​ក្នុង​ចំណោម​ឈើ​ជាង ១០០​ដុំ​ទៀត​ដែល​​ឈ្មួញ​បាន​ដឹក​ជញ្ជូន​ចេញ​កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។

ការ​រក​ឃើញ​ឈើ​ខុស​ច្បាប់​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​សហគមន៍​ផ្ដល់​ព័ត៌មាន​ពី​ទី​តាំង​លាក់​ឈើ និង​សុំ​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​ត្រង់​ទី​១៧ ខែ​វិច្ឆិកា ទើប​ក្រុម​ប៉ូលិស​ស្រុក​ទៅ​ដល់​ទី​កើត​ហេតុ។

ប្រធាន​សហគមន៍​ភូមិ​ឡែ លោក សល់ ណក បញ្ជាក់​ថា ឈើ​ដែល​សមត្ថកិច្ច​រឹប​អូស​នេះ​គឺ​ជា​ឈើ​ដែល​សេសសល់​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ចេញ​ពី​កន្លែង​លាក់​ទុក​ក្នុង​ភូមិ​កាល​ពី​រាត្រី​កន្លង​ទៅ ដោយសារ​សមត្ថកិច្ច​យឺតយ៉ាវ​ចុះ​បង្ក្រាប។ លោក​ថា ឈើ​ដែល​រឹប​អូស​នេះ គឺ​វា​វត្ថុតាង​បង្ហាញ​​ថា ឈើ​ក្នុង​ព្រៃ​សហគមន៍​នៅ​តែ​រក​ការ​កាប់​ធ្វើ​អាជីវកម្ម​រាល់​ថ្ងៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ និង​ភូមិ​ជិត​ខាង​តំបន់​ព្រៃ​ការពារ៖ «យប់​មិញ​ចេញ​ឈើ​ពីរ​ឡាន ពួក​ឈ្មួញ​ដឹក​ឈើ។ យើង​ក៏​បារម្ភ​ដែរ ព្រោះ​គេ​កាប់​អនាធិបតេយ្យ»។

​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ មាន​ទំហំ​ជាង ៥០០​ហិកតារ​ត្រូវ​បាន​ក្រសួង​កសិកម្ម រៀបចំ​ជា​ព្រៃ​អភិរក្ស​ប្រគល់​ឲ្យ​សហគមន៍​អភិរក្ស​តាំង​ពី​ឆ្នាំ​២០១២ ក៏​ប៉ុន្តែ​ព្រៃ​នេះ​បាន​រក​ការ​ឈូស​ឆាយ​អស់​ជាង ៣០​ហិកតារ​ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន​នៅ​ក្បែរ​តំបន់​ព្រៃ រួម​ទាំង​សហគមន៍​ជិត​ខាង​ព្រៃ​នេះ​ទន្ទ្រាន​ចូល​​ធ្វើ​ស្រែ​ចម្ការ​នៅ​ក្នុង​ព្រៃ​ការពារ​បន្ថែម​ទៀត។ លើស​ពី​នេះ​ទៀត សមាជិក​សហគមន៍​ភូមិ​ឡែ និង​​ភូមិ​សោមគល់ បាន​ចូល​កាប់​យក​ឈើ​មាន​តម្លៃ​លក់​ទៅ​ឲ្យ​ឈ្មួញ ខណៈ​គណៈកម្មការ​សហគមន៍​​ការពារ​ព្រៃ​អះអាង​ថា សមាជិក​សហគមន៍​មិន​ស្ដាប់​ការ​ណែនាំ​របស់​គណៈកម្មការ​សហគមន៍​នោះ​​ទេ។

ប្រធាន​ភូមិ​ឡែ លោក​ទទួល​ស្គាល់​ថា អ្នក​ភូមិ​ពិត​ជា​ចូល​ព្រៃ​កាប់​ឈើ បើ​ទោះ​បី​គណៈកម្មការ​សហគមន៍ និង​អាជ្ញាធរ​ភូមិ ឃុំ បាន​អប់រំ​ណែនាំ និង​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​យ៉ាង​ណា​ក្ដី។ លោក​ថា អ្នក​ភូមិ​ប្រមាណ ៣០ ទៅ ៤០​ភាគរយ​នៃ​សមាជិក​សហគមន៍​ជាង ១០០​គ្រួសារ គឺ​ជា​អ្នក​ចូល​​ព្រៃ​ការពារ​កាប់​យក​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ៖ «ប្រជុំ​បី​បួន​ប្រាំ​លើក​ហើយ គេ​អត់​ជឿ​ទេ អ្នក​ខ្លះ​ជឿ អ្នក​ខ្លះ​អត់​ជឿ។ ក្នុង ១៤០​គ្រួសារ​ហ្នឹង មាន​អ្នក​ប្រព្រឹត្ត​ជាង ៣០​គ្រួសារ ភាគ​ច្រើន​អត់​ទេ»។

អធិការ​រង​ប៉ូលិស​ស្រុក​អូរយ៉ាដាវ លោក ងយ ដន ដែល​ដឹកនាំ​កង​នគរបាល​ចុះ​រឹប​អូស​ឈើ​បញ្ជាក់​ថា សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​ម្ចាស់​ឈើ​ជា​នរណា​នោះ​ទេ ហេតុ​នេះ​ប៉ូលិស​សម្រេច​ដឹក​ជញ្ជូន​ឈើ​ជាង ៥០​ដុំ មក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស។ ដោយ​ឡែក​ឈើ​ប្រមាណ ៣០​កំណាត់​ទៀត ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​អះអាង​ថា ជា​ឈើ​ពួកគាត់​កាប់​សម្រាប់​ធ្វើ​លំនៅឋាន៖ «គេ​ថា​យួន ប៉ុន្តែ​យើង​អត់​ទាន់​ដឹង​ថា អ្នក​ណា​ផង។ ចាត់​ការ​យក​ទៅ​ណា ឬ​ប្រគល់​ឲ្យ​មេព្រៃ នៅ​លើ​ចៅហ្វាយ​ស្រុក ព្រោះ​គាត់​គណៈ​បញ្ជាការ​កង​ឯកភាព​ស្រុក»។

យ៉ាង​ណា​ក៏ដោយ អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ បញ្ជាក់​ថា ឈើ​ដែល​ប៉ូលិស​រឹប​អូស​នឹង​ត្រូវ​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់​ការ​បន្ត៕

កសិករ​ស្នើ​រដ្ឋាភិបាល​ផ្ដល់​អ្នក​ជំនាញ​បណ្ដុះ​បណ្ដាល​ពី​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ

កសិករ និង​គ្រូ​បណ្ដុះបណ្ដាល​នៃ​អង្គការ​សេដាក (CEDAC) ប្រណាំង​ដាំ​ស្រូវ​តាម​បច្ចេកទេស​ប្រព័ន្ធ​ប្រពលវប្បកម្ម ប.វ.ស នា​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ Photo: RFA


សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម និង​កសិករ នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា បាន​ប្រារព្ធ​ពិធី​ទិវា​ស្រែ​ក្រោម​ប្រធានបទ «ការ​ជំរុញ​ការ​ធ្វើ​ស្រែ​តាម​បែប​ប្រពលវប្បកម្ម ស្រូវ​តាម​គោលការណ៍​ធម្មជាតិ»។ ក្នុង​ទិវា​នេះ កសិករ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អ្នក​ជំនាញ​បណ្តុះបណ្តាល​កសិករ​ពី​ការ​ធ្វើ​ស្រែ​តាម​បែប​ប្រពលវប្បកម្ម ស្រូវ​តាម​គោលការណ៍​ធម្មជាតិ (ប.វ.ស)។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម និង​កសិករ​អះអាង​ថា ការ​ធ្វើ​ស្រែ​តាម​បែប​ប្រពលវប្បកម្ម ស្រូវ​តាម​គោលការណ៍​ធម្មជាតិ (ប.វ.ស) គឺ​ជា​បច្ចេកទេស​តែ​មួយ​គត់​ដែល​ផ្តល់​គុណ​ប្រយោជន៍​ច្រើន​ដល់​កសិករ ពិសេស​ជួយ​ស្រោចស្រង់​វិស័យ​កសិកម្ម​កម្ពុជា ឡើង​វិញ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ទិវា​ស្រែ​ក្រោម​ប្រធានបទ «ការ​ជំរុញ​ការ​ធ្វើ​ស្រែ​តាម​បែប​ប្រពលវប្បកម្ម ស្រូវ​តាម​គោលការណ៍​ធម្មជាតិ» ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ភូមិ​ត្បែងទទឹង ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

កសិករ​ឆ្នើម​ដែល​ធ្វើ​ស្រែ​តាម​បែប​ប្រពលវប្បកម្ម ស្រូវ​តាម​គោលការណ៍​ធម្មជាតិ (ប.វ.ស) បាន​ជោគជ័យ លោក ហ៊ឹម ណន កសិករ​នៅ​ខេត្ត​តាកែវ លើក​ឡើង​ថា ប.វ.ស គឺ​ជា​គោលការណ៍​ស្ទូង​ស្រូវ​មួយ​ដើម​កាត់​បន្ថយ​ប្រើ​ជី​គីមី ប្រើ​ពូជ​តិច តែ​ទិន្នផល​ស្រូវ​កើន​ឡើង។ លោក​បន្ត​ថា លោក​ចាប់​ផ្ដើម​អនុវត្ត​គោលការណ៍ ប.វ.ស ចាប់​ពី​ឆ្នាំ​២០១៣ ហើយ​ក្នុង​មួយ​ឆ្នាំៗ​លោក​អាច​ទទួល​ទិន្នផល​ជាង ៩​តោន​ក្នុង​ផ្ទៃដី ១​ហិកតារ និង​អាច​ទទួល​ប្រាក់​ចំណូល​រហូត​ជាង ៩​លាន​រៀល​ក្នុង​មួយ​ឆ្នាំៗ។

លោក​បញ្ជាក់​ថា ទិន្នផល និង​ចំណូល​ដែល​លោក​ទទួល​បាន​នេះ លើស​ជាង​ពាក់​កណ្ដាល បើ​ធៀប​នឹង​ការ​អនុវត្ត​ធ្វើ​ស្រែ​តាម​ទម្លាប់​ដូច​កសិករ​ទូទៅ។

កសិករ​រូប​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ពិសេស​ក្រសួង​កសិកម្ម ផ្តល់​មន្ត្រី​ជំនាញ​បច្ចេកទេស បណ្តុះបណ្តាល​កសិករ​ពី​គោលការណ៍ ប.វ.ស ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ចំណាក​ស្រុក​ពី​ជនបទ និង​ធានា​សុវត្ថិភាព​ដល់​អ្នក​បរិភោគ​អង្ករ​កម្ពុជា៖ «បច្ចេកទេស ប.វ.ស ជា​គោលការណ៍​មួយ​ដែល​បាន​ទទួល​នូវ​គុណ​ប្រយោជន៍​ច្រើន។ ទី​១ ចំណាយ​ពូជ​តិច តែ​ទិន្នផល​ច្រើន ហើយ​ចំណែក​កសិផល គឺ​ធានា​នូវ​សុវត្ថិភាព​ខ្ពស់ ព្រោះ​មិន​ប្រើ​ជី​គីមី។ សូម​ឲ្យ​រដ្ឋាភិបាល​ចាត់​អ្នក​ជំនាញ​ទៅ​បំផុស​គំនិត​កសិករ​ពី​គោលការណ៍​នេះ»។

ទន្ទឹម​គ្នា​នេះ ប្រធាន​ក្រុម​ការងារ​របស់​អង្គការ​សេដាក (CEDAC) ប្រចាំ​ខេត្ត​តាកែវ ដែល​រៀបចំ​កម្មវិធី​ទិវា​ស្រែ​នេះ លោក វង្ស សាវឿន មាន​ប្រសាសន៍​ថា កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​កំពុង​ខ្វះខាត ខណៈ​កសិករ​ជាច្រើន​បាន​ផ្លាស់ប្ដូរ​ទម្លាប់​ធ្វើ​ស្រែ​ពី​ស្ទូង មក​ពង្រោះ​វិញ ដែល​ជំរុញ​ឲ្យ​ទិន្នផល​ស្រូវ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ ដើម្បី​ជំរុញ​ឲ្យ​កសិករ​ងាក​មក​អនុវត្ត​គោលការណ៍ ប.វ.ស កាន់​តែ​ច្រើន៖ «តាម​គោលការណ៍​ធម្មជាតិ​ក្នុង ១​ហិកតារ យើង​ប្រើ​ពូជ​អស់​តែ ១០​គីឡូក្រាម​ប៉ុណ្ណោះ។ ចឹង​អា​ហ្នឹង​វា​ចំណេញ​ចឹង ព្រោះ​បើ​យើង​ចេះ​តាម​បច្ចេកទេស ការ​ស្ទូង​ស្រូវ​មួយ​ដើម​វា​លូតលាស់​ល្អ​ជាង ស្រូវ​វា​មាន​កម្លាំង​ខ្លាំង​ជាង ហេតុ​នេះ​ធ្វើ​ឲ្យ​ទទួល​បាន ទិន្នផល​ខ្ពស់»។

ចំណែក​ឯ​ប្រតិភូ​រាជ​រដ្ឋាភិបាល និង​ប្រធាន​ក្រុម​ការងារ​ពង្រឹង​ស្រុក​ត្រាំកក់ ប្រចាំ​ខេត្ត​តាកែវ លោក ច័ន្ទ សារុន ថ្លែង​ក្នុង​ទិវា​នេះ​ថា រដ្ឋាភិបាល​មាន​គោលការណ៍​ជំរុញ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​បច្ចេកទេស ប.វ.ស ទៅ​ដល់​កសិករ​នៅ​កម្ពុជា តាម​រយៈ​ផ្តល់​បច្ចេកទេស ផ្តល់​ពូជ​ស្រូវ​សុទ្ធ ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញ​អង្ករ​ដែល​មាន​គុណភាព​ខ្ពស់​ទៅ​ទីផ្សារ​អន្តរជាតិ។

ទោះ​បី​ជា​យ៉ាង​ណា ក្រៅ​ពី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អ្នក​ជំនាញ​កសិកម្ម​ទៅ​បណ្តុះបណ្តាល​កសិករ​ពី​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ (ប.វ.ស) អ្នក​ជំនាញ​ផ្នែក​កសិកម្ម សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម និង​កសិករ​ដែល​ចូលរួម​ទិវា​ស្រែ​ប្រមាណ​ជាង ៤០​នាក់ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គាំទ្រ​កសិករ​ដែល​អនុវត្ត​គោលការណ៍ ប.វ.ស នេះ​បាន​ជោគជ័យ ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ និង​លើក​មុខ​លើក​មាត់​ផលិតផល​កសិកម្ម​កម្ពុជា៕

សារសំខាន់​នៃ​ការ​រួម​គ្នា​ល្បាត​និង​ការពារ​ព្រៃ​ព្រះ​រកា​នៅ​ខេត្ត​ព្រះវិហារ

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​សន្តិភាព បំបួស​ដើម​ឈើ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth


បណ្ដាញ​ព្រះសង្ឃ សហគមន៍ និង​មន្ត្រី​បរិស្ថាន បាន​រួម​គ្នា​ជា​លើក​ដំបូង​ចុះ​ទៅ​ល្បាត​ព្រៃ​ព្រះ​រកា​ជា​តំបន់​ព្រៃ​អភិរក្ស ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ពីរ​យប់​នៃ​យុទ្ធការ​ល្បាត​ព្រៃ ដែល​ស្ទើរ​ពុំ​មាន​ការ​ឈប់​សម្រាក​កាល​ពី​ចុង​ខែ​តុលា ក្រុម​នេះ​ចាប់​បាន​បទល្មើស រឹប​អូស​សម្ភារៈ និង​នាំ​ខ្លួន​មនុស្ស​មួយ​ចំនួន​ទៅ​តុលាការ។

ក្រុម​អ្នក​ល្បាត​ព្រៃ​រំពឹង​ថា ប្រសិន​បើ​មាន​ការ​ចូលរួម​គ្នា​ដោយ​ស្មោះត្រង់​បន្ត​ទៀត នោះ​នឹង​អាច​រួម​គ្នា​រក្សា​ព្រៃ​ព្រះ​រកា​ឲ្យ​បាន​គង់វង្ស។

ក្រៅ​ពី​ចាប់​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្រុម​បណ្ដាញ​ព្រះសង្ឃ បាន​បំបួស​ដើម​ឈើ​ធំៗ​មួយ​ចំនួន​ក្នុង​ព្រៃ​ព្រះ​រកា ដែល​មាន​ន័យ​សេចក្ដី​ថា ព្រៃ​នេះ​ជា​ព្រៃ​រក្សា​ទុក​មិន​ត្រូវ​កាប់​បំផ្លាញ​ឡើយ។

«ព្រះសង្ឃ​សូត្រ​ធម៌​បំបួស​ព្រៃ»

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា ការ​រក្សា​ព្រៃ គឺ​ជា​ការ​កសាង​សន្តិភាព ហើយ​ព្រះសង្ឃ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចការ​នេះ៖ «»។

យុទ្ធនាការ​ចុះ​ល្បាត​ព្រៃ​ដែល​ដឹកនាំ​ដោយ​ក្រុម​បណ្ដាញ​ព្រះសង្ឃ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា។ ក្នុង​នោះ មន្ត្រី​បរិស្ថាន​បាន​ចាប់​ខ្លួន​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ចំនួន ៥​នាក់​បញ្ជូន​ទៅ​តុលាការ ៣​នាក់​ទៀត​ឋិត​ក្នុង​ការ​ត្រួត​ពិនិត្យ និង​ស្ត្រី​ម្នាក់​បាន​រត់​រួច​ខ្លួន។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា ផ្ដល់​បទសម្ភាសន៍​កាល​ពី​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា​ជាមួយ​សហគមន៍ និង​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​សន្តិភាព ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
ក្រុម​ព្រះសង្ឃ​ដែល​មាន​ចំនួន​ជាង ៣០​អង្គ ភាគច្រើន​ជា​ព្រះសង្ឃ​វ័យ​ក្មេង មាន​ភាព​រវៀសរវៃ ធ្វើ​ដំណើរ​ដោយ​ពុំ​ខ្លាច​នឿយ​ហត់​នាំ​មុខ​ក្រុម​អ្នក​ល្បាត​ព្រៃ។ ដំណើរ​ល្បាត​ព្រៃ​នេះ​ប្រើប្រាស់​គោយន្ត​ចំនួន ១០​គ្រឿង ប៉ុន្តែ​ភាគតិច​បំផុត​ដែល​ព្រះសង្ឃ​បាន​គង់​នៅ​លើ​គោយន្ត។ ព្រះសង្ឃ​គ្រប់​អង្គ​តែង​ជួយ​រុញ ជួយ​អូស និង​លើក​គោយន្ត ដ្បិត​ស្ថានភាព​ផ្លូវ​ពិបាក​ខ្លាំង។ ព្រះសង្ឃ​ដែល​មិន​ឆាន់​អាហារ​ល្ងាច ឆាន់​តែ​ភេសជ្ជៈ​ប្រើ​អស់​កម្លាំង​កាយ​ចិត្ត​ក្នុង​យុទ្ធនាការ​ល្បាត​ព្រៃ។

«សំឡេង​ព្រះសង្ឃ​ប្រឹង​លើក​គោយន្ត»

ក្រុម​ព្រះសង្ឃ​លើក​ឡើង​ថា មូលហេតុ​ចម្បង​មួយ​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ដោយសារ​បទល្មើស​កាប់​បំផ្លាញ​ឈើ​មិន​បាន​ថយ​ចុះ​ទេ​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ព្រះ​រកា នៅ​ក្រោយ​ពេល​ដែល​ព្រៃ​នេះ​ត្រូវ​ដាក់​ជា​ព្រៃ​អភិរក្ស។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​សន្តិភាព ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា ការ​ចុះ​ល្បាត​ចូល​ទៅ​ដល់​ក្នុង​ព្រៃ​បង្ហាញ​ថា បទល្មើស​នៅ​តែ​កើត​មាន ហើយ​ចាំបាច់​ត្រូវ​មាន​សកម្មភាព​បែប​នេះ​បន្ត​ទៀត ទើប​អាច​ទប់ស្កាត់​បទល្មើស​បាន៖ «»។

ព្រៃ​ព្រះ​រកា​ដែល​ឋិត​នៅ​ចន្លោះ​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​ព្រះវិហារ រួម​មាន​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ អនុក្រឹត្យ​របស់​រដ្ឋាភិបាល​បញ្ជាក់​ថា ព្រៃ​នេះ​មាន​ទំហំ​ជាង ៩​ម៉ឺន​ហិកតារ (៩០.៣៦១​ហិកតារ)។

ផ្ទុយ​ពី​ការ​អះអាង​របស់​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​សន្តិភាព ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា មាន​ប្រសាសន៍​ថា បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ព្រះ​រកា​បាន​ថយ​ចុះ។ លោក​បន្ត​ថា ក្នុង​នោះ​មន្ត្រី​បរិស្ថាន​ចាប់​បាន​បទល្មើស​មួយ​ចំនួន​ដែរ​ចាប់​តាំង​ពី​ទទួល​បាន​ភារកិច្ច​ការពារ​ព្រៃ​នេះ៖ «»។

លោក អ៊ា សុខា ទទួល​ស្គាល់​ថា ការ​ចូលរួម​ពី​សហគមន៍ និង​បណ្ដាញ​ព្រះសង្ឃ​មាន​សារសំខាន់​ក្នុង​ការ​អភិរក្ស​ព្រៃ៖ «»។

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ភូមិ​ប្រមេរុ លោក រិត សាវ៉ន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា នៅ​ក្នុង​វេទិកា​ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​វិមាន​សន្តិភាព លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ធ្វើ​ការ​ជាមួយ​សហគមន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​ព្រៃ និង​ធនធាន​ធម្មជាតិ។

មិន​ខុស​ពី​ក្រុម​ព្រះសង្ឃ​ទេ ក្រុម​សហគមន៍​ដែល​ចូលរួម​ល្បាត​ព្រៃ​លើក​ឡើង​ដែរ​ថា អាជ្ញាធរ​ជា​ភាគី​គន្លឹះ​នៅ​ក្នុង​កិច្ច​ការពារ​ព្រៃ។

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ភូមិ​ប្រមេរុ លោក រិត សាវ៉ន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​លោក​ត្រូវ​ស៊ី​ឈ្នួល​ដង​ជ័រ​ឲ្យ​អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​មាន​ដើម​ច្បោះ​នៅ​សេសសល់ នៅ​ក្រោយ​ពេល​ដែល​ដើម​ជ័រ​ច្បោះ​របស់​ក្រុម​គ្រួសារ​របស់​លោក ត្រូវ​គេ​លួច​កាប់​អស់​គ្មាន​សល់។ លោក​ថា សហគមន៍​ប្រឹងប្រែង​ការពារ​ព្រៃ​នេះ ដោយ​សង្ឃឹម​ថា​អាច​រក្សា​ព្រៃ​គង់វង្ស​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ៖ «»។

ភាគច្រើន​នៃ​ដើម​ឈើ​ទាល និង​ច្បោះ​ជ័រ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​ក្រុម​ល្បាត​ពិបាក​ទៅ​ដល់ តែង​ត្រូវ​គេ​លួច​កាប់​បំផ្លាញ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា ដោយសារ​ការ​ដាក់​តំបន់​ព្រៃ​ព្រះ​រកា​ជា​តំបន់​ធម្មជាតិ​អភិរក្ស​នេះ​ទើប​ចាប់​ផ្ដើម​ថ្មីៗ ទើប​រចនាសម្ព័ន្ធ​ក្នុង​ការងារ​អភិរក្ស​ព្រៃ​នេះ​នៅ​មិន​ទាន់​ដំណើរ​ការ​បាន​ល្អ​នៅ​ឡើយ។ លោក​រំពឹង​ថា ការងារ​នេះ​នឹង​ដំណើរ​ការ​ល្អ​នៅ​ក្នុង​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាង​មុខ៖ «»។

បើ​ទោះ​ជា​យ៉ាង​ណា ចំពោះ​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​សន្តិភាព ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា បញ្ហា​ចម្បង​នៅ​ក្នុង​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា គឺ​មាន​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ពី​ក្រោយ និង​ជា​ឈ្មួញ​ទិញ​យក​ឈើ ដែល​ជន​ខិល​ខូច​លួច​កាប់​លក់​ឲ្យ៖ «»។

ឆ្លើយតប​នឹង​ការ​បារម្ភ​របស់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា ថ្លែង​ថា ក្នុង​គោលដៅ​របស់​លោក ក៏​នឹង​តាមដាន​រក​ឲ្យ​ឃើញ​មេខ្លោង​នៅ​ពី​ក្រោយ​បទល្មើស​ព្រៃ​ឈើ​ទាំងនេះ៖ «»។

ក្រុម​ព្រះសង្ឃ និង​សហគមន៍​អះអាង​ថា ពួក​គាត់​នៅ​តែ​បន្ត​សកម្មភាព​ល្បាត​ព្រៃ​នេះ​ត​ទៅ​ទៀត នៅ​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ថា​គេ​ត្រូវ​ការ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​នៅ​ក្នុង​មូលដ្ឋាន ដោយ​រួម​ទាំង​សហគមន៍​ផង។ ពួក​គេ​នៅ​តែ​អះអាង​ថា នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ឆ្មក់​ចូល​ទៅ​ចាប់​បទល្មើស និង​រាប់ ឬ​ចំណាំ​ដើម​ឈើ​ធំៗ​ដែល​មាន​ក្នុង​ព្រៃ​នេះ​បាន។

«សំឡេង​បំបួស​ព្រៃ»

សហគមន៍​ឲ្យ​ដឹង​ថា ក្នុង​តំបន់​ព្រៃ​ព្រះ​រកា​នេះ​សម្បូរ​ឈើ​ប្រភេទ​បេង និង​ធ្នង់ ប៉ុន្តែ​មក​ដល់​ពេល​នេះ ក្នុង​ព្រៃ​នៅ​សល់​តែ​ឈើ​ដែល​ច្រើន​តែ​ជា​ឈើ​ទាល និង​ច្បោះ​ជ័រ​របស់​សហគមន៍៕

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth ឈើ​មូល​ដែល​ក្រុម​អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​គរ​ទុក​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth គំនរ​ឈើ​ដែល​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ រក​ឃើញ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth

ព្រះសង្ឃ ប៊ុត ប៊ុនតិញ មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ករណី​បណ្ដឹង​លោក ម៉ម សុណង់ដូ

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពេល​ព្រះអង្គ​ដឹក​នាំ​ព្រះសង្ឃ និង​សហគមន៍​ចុះ​ល្បាត​ព្រៃ​ព្រះរកា ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។  RFA/Chuop Sereyroth



ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អតីត​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​និមន្ត​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ករណី​បណ្ដឹង​របស់​លោក ម៉ម សុណង់ដូ ទេ។

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សុណង់ដូ ប្តឹង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពី​បទ​បរិហារកេរ្តិ៍​ដែល​លោក​ចោទ​ថា ព្រះអង្គ ប៊ុត ប៊ុនតិញ និយាយ​មូល​បង្កាច់​លោក​ថា ការ​បង្កើត​គណបក្ស​ថ្មី​នេះ ដើម្បី​ផ្ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ឲ្យ​តំណែង​តំណាងរាស្ត្រ​ដល់​លោក និង​ភរិយា។ លោក​ថា សម្ដី​នេះ​ប៉ះពាល់​ដល់​កិត្តិយស​លោក​គណបក្ស​លោក និង​អ្នក​គាំទ្រ​លោក។

​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ទទួល​ស្គាល់​ថា ព្រះអង្គ​ពិត​ជា​បាន​ថ្លែង​ដូច្នេះ​មែន។ តែ​ព្រះអង្គ​លើក​ឡើង​ថា នេះ​ជា​សេរីភាព​បញ្ចេញ​មតិ៖ «អាត្មា​គិត​ថា ញោម ម៉ម សូណង់ដូ មិន​បាន​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ ពី​អ្នក​នយោបាយ​ដែល​រក​ដំណោះស្រាយ​ជូន​ជាតិ​ទេ ហើយ​គាត់​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ តែ​ប្រកាន់​ពាក្យ​សម្ដី និង​មតិ​យោបល់។ ប្រសិនបើ​អ្នក​នយោបាយ​ខ្លាច​សម្ដី​អាត្មា មើល​ទៅ​ដូចជា​អ្នក​លក់​ប្រហុក។ អ្នក​លក់​ប្រហុក​ខ្លាច​រុយ ហើយ​រុយ​រោម​តែងតែ​បក់​រុយ​រហូត»។

​ការ​អះអាង​នេះ ត្រូវ​លោក ម៉ម សុណង់ដូ ច្រានចោល។ លោក​ថា នេះ​មិន​មែន​ជា​ការ​រិះគន់​នោះ​ទេ តែ​ជា​ការ​មូល​បង្កាច់​ធ្ងន់ធ្ងរ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ ដែល​ព្រះអង្គ​ជា​ព្រះសង្ឃ ពាក់​ស្បង់​ចីពរ ហើយ​និយាយ​មិន​មាន​ការពិត។ វា​ប៉ះពាល់ មិន​ត្រឹម​ដល់​ខ្ញុំ​ទេ តែ​ដល់​ព្រះពុទ្ធ​សាសនា​យ៉ាង​ធ្ងន់ធ្ងរ។ ជា​ព្រះសង្ឃ​ដើរ​ភរភូត​គេ គ្មាន​ការពិត ខ្ញុំ​ថា នេះ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ជា​ទី​បំផុត»។

​លោក ម៉ម សុណង់ដូ ទាមទារ​ប្រាក់​ជំងឺ​ចិត្ត ១​ម៉ឺន​រៀល ដែល​លោក​ថា ជា​និមិត្តរូប​ពី​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី ឲ្យ​ដឹង​ថា តុលាការ​នឹង​ចេញ​ដីកា​កោះ​និមន្ត​ព្រះអង្គ ប៊ុត ប៊ុនតិញ ជា​លើក​ទី​ពីរ ក្នុង​ពេល​ឆាប់ៗ តែ​មិន​បញ្ជាក់​ថា ថ្ងៃ​ណា​នោះ​ទេ។

​មុន​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ លោក ម៉ម សុណង់ដូ ធ្លាប់​ទាមទារ​ឲ្យ​ព្រះអង្គ ប៊ុត ប៊ុនតិញ បកស្រាយ​លើ​ថេរដីកា​របស់​ព្រះអង្គ តែ​ត្រូវ​ព្រះអង្គ​បដិសេធ​មិន​ឆ្លើយ​តប៕

សកម្មជន​ជាប់ឃុំ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន បញ្ចេញ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​បង្ហាញ​ការ​ពិត

សមត្ថកិច្ច​បណ្តើរ​អ្នកស្រី ទេព វន្នី សកម្មជន​ដី​ធ្លី​ពី​តំបន់​បឹង​កក់​ដែល​កំពុង​ជាប់​ឃុំ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ក្រោយ​បញ្ចប់​សវនាការ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)


កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ស្ត្រី​បឹងកក់​ម្នាក់ គឺ​អ្នកស្រី​ ទេព វន្នី ដែល​ជា​សកម្មជន​តវ៉ា​រឿង​ដីធ្លី​ដ៏​ល្បី​រហូត​ទទួល​បាន​ពាន​រង្វាន់។

ភ្នំពេញ —  ស្ត្រី​បឹងកក់​ដែល​កំពុង​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​ហិង្សា​ខាងមុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី បាន​ស្រែក​អំពាវ​នាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​ធ្វើ​ជា​ភស្តុតាង​ ដើម្បី​បង្ហាញ​ថា​អ្នក​ស្រី​គ្មាន​កំហុស បន្ទាប់​ពី​តុលាការ​សម្រេច​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកស្រី ។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ស្ត្រី​បឹងកក់​ម្នាក់ គឺ​អ្នកស្រី​ ទេព វន្នី ដែល​ជា​សកម្មជន​តវ៉ា​រឿង​ដីធ្លី​ដ៏​ល្បី​រហូត​ទទួល​បាន​ពាន​រង្វាន់។

សំណុំ​រឿង​នោះ​ពាក់ព័ន្ធ​នឹង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ឬ​ត្រូវ​មាន​ទោស​ក្នុង​កម្រិត​ធ្ងន់ ប្រព្រឹត្ត​នៅ​ក្បែរ​វិមាន​ឯក​រាជ្យ ខាង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ដូនពេញ រាជ​ធានី​ភ្នំពេញ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣។

លោក ទូច ថាវរិទ្ធ អ្នកនាំ​ពាក្យ​សាលា​ឧទ្ធរណ៍ ប្រាប់ VOA ថា លោក ងួន រតនា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​អ្នកស្រី ទេព វន្នី ដោយ​លើក​មូលហេតុ​ថា​ តុលាការ​បារម្ភ​ពី​អសន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម ប្រសិន​បើ​ខ្លួន​ដោះលែង​ឲ្យ​អ្នក​ស្រី​នៅ​ក្រៅ​ឃុំ។

«បើសិនជា​ឲ្យ​នៅ​ក្រៅ​ឃុំ វា​អាច​ឲ្យ​មាន​គាត់​ហ្នឹង​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ថ្មី​កើតឡើង​ទៀត។ ទី​២ ការ​ស៊ើប​សួរ​របស់​ចៅ​ក្រម​ស៊ើប​សួរ​ហ្នឹង​មិន​ទាន់​ចប់​ជាស្ថាពរ​ទេ។ ទី៣​ហ្នឹង​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ប៉ះពាល់​សណ្ដាប់​ធ្នាប់​សាធារណៈ។ អញ្ចឹង​ទេ​បាន​ជា​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​ដីកា​សម្រេច​មិន​ព្រម​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ឲ្យ​នៅ​ដដែល»។

ក្រោយ​ចេញពី​បន្ទប់​សវនាការ​អ្នកស្រី ទេព វន្នី ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា តុលាការ​ជា​ឈ្នាន់​ដែល​ធ្វើ​តាម​បញ្ជា​របស់​អ្នក​មាន​លុយ​មាន​អំណាច។ ដូច្នេះ ​អ្នកស្រី​គ្មាន​សង្ឃឹម​ថា​ តុលាការ​នឹង​ដោះ​លែង​អ្នកស្រី​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ ។

អ្នកស្រី​បន្ត​ថា សំណុំ​រឿង​របស់​អ្នកស្រី​ជា​កំហុស​របស់​ក្រុម​សន្តិសុខ​ខណ្ឌ និង​រាជធានី ហើយ​ថា​អ្នកស្រី​ជា​ជន​រងគ្រោះ​ក្នុង​ករណី​នេះ។

អ្នកស្រី ទេព វន្នី បាន​បន្ថែម​ដោយ​អំពាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​យុត្តិធម៌​ឲ្យ​អ្នកស្រី​តាម​រយៈ​ការ​បង្ហាញ​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក ដែល​អ្នកស្រី​អះអាង​ថា​ជា​ភស្តុតាង​បញ្ជាក់​ថា​ អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់។

សមត្ថកិច្ច​បណ្តើរ​អ្នកស្រី ទេព វន្នី សកម្មជន​ដី​ធ្លី​ពី​តំបន់​បឹង​កក់​ដែល​កំពុង​ជាប់​ឃុំ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ក្រោយ​បញ្ចប់​សវនាការ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

អ្នកស្រី​ស្រែក​ថា៖ «អ្នក​ដែល​ប្រព្រឹត្ត​ហិង្សា​ពិត​ប្រាកដ​កំពុង​តែ​មាន​សេរីភាព​នៅ​ខាង​ក្រៅ គឺ​ខាង​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​មួយ​ចំ​នួន ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ដីធ្លី ដែល​ប្រជា​ពលរដ្ឋ​គ្រាន់​តែ​ជួបជុំ​គ្នា​បញ្ចេញ​មតិ​និយាយ​ពី​ភាព​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អញ្ចឹង​ ពួកគាត់​ទាំងអស់​នោះ​ជា​អ្នកទោស​ពិត​ប្រាកដ​ មិន​មែន​នាង​ខ្ញុំ​ទេ។ ហើយ​ករណី​ដែល​នាង​ខ្ញុំ​ជាប់​គុក​ម្ដង​ហើយ​ម្ដង​ទៀត​ សុទ្ធ​តែ​សំណុំ​រឿង​ប្រឌិត​ទាំងអស់ មិន​ដែល​មាន​សំណុំ​រឿង​ពិត​ណា​មួយ​យក​មក​ដាក់​ទោស​នាង​ខ្ញុំ​ទេ។ អញ្ចឹង​រឿង​នេះ​ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់។ មាន​តែ​សម្ដេច ហ៊ុន សែន​ ទេ ដែល​អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​បាន ព្រោះ​សម្ដេច ​ហ៊ុន ​សែន ​មាន​កាមេរ៉ា​សុវត្ថិភាព​នៅ​ផ្ទះ​គាត់។ អញ្ចឹង​គាត់​អាច​មើល​ឃើញ​រូបភាព​ច្បាស់​ថា​កម្លាំង​សមត្ថកិច្ច ឬក៏​នាង​ខ្ញុំ​ជា​អ្នក​ប្រព្រឹត្ត​បែប​ណា»។

លោក ទូច ថាវរិទ្ធ សុំ​មិន​អធិប្បាយ​លើ​ករណី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​មិន​បានយក​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ខាងមុខ​ផ្ទះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មក​បង្ហាញ​តាម​ការ​ទាមទារ​របស់​អ្នកស្រី ទេព វន្នី។

លោក អំ សំអាត មន្ត្រី​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការលីកាដូ​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​បរទេស ប្រាប់​ VOA ​តាមរយៈ​បណ្ដាញ​សង្គម ​Facebook ថា អ្នកស្រី ទេព វន្នី ជា​សកម្មជន​ការ​ពារ​ដីធ្លី​សកម្ម​មួយ​រូប ដូច្នេះ​លោក​ថា តុលាការ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ​ទេ​ បើ​ទោះ​ជា​អ្នកស្រី​មាន​មូលហេតុ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ក៏​ដោយ។

លោក​បញ្ជាក់​ក្នុង​សម្រង់​សម្ដី​ដើម​ថា៖ «ក្រោយ​ពី​មាន​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ អ្នកស្រី ទេព វន្នី ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​របស់​អាជ្ញាធរ​បន្ថែម​ទៀត ហើយ​តុលាការ​បាន​លើក​យក​ករណី អ្នកស្រី ទេព វន្នី និង​សកម្មជន​បឹងកក់​ជា​ច្រើន​មក​ដំណើរការ​នៅ​ពេល​នេះ»។

លោក​បន្ថែម​ថា អ្នកស្រី​អាច​នឹង​ត្រូវ​បាន​ដោះ​លែង​ ប្រសិន​ជា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មាន​ភាព​ធូរ​ស្រាល។

«នៅ​ពេល​ដែល​ស្ថានភាព​នយោបាយ​មាន​ភាព​ល្អ​ប្រសើរ ​ហើយ​គណបក្ស​ទាំង​ពីរ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ មាន​ការ​ចរចា​គ្នា បន្ត​នូវ​វប្បធម៌​សន្ទនា ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ និង​ធ្វើការ​រួមគ្នា​ដោយ​ផ្អែក​លើ​ឧត្ដម​ប្រយោជន៍​ជាតិ​ ឧត្ដម​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ធំ នោះ​អ្នកស្រី ទេព វន្នី​ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​គណបក្ស​នយោបាយ និង​អ្នក​ទោស​មនសិការ​អាច​មាន​សង្ឃឹម​នៅ​ក្រៅ​ឃុំ​ដូច​កាល​កន្លង​មក»។

កាល​ពី​ថ្ងៃទី២២ ខែ​សីហា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី​បឹងកក់​២នាក់ គឺ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ពី​បទ​ប្រមាថ​ តាម​មាត្រា​៥០២​នៃ​ក្រម​ព្រហ្មទណ្ឌ​ដោយ​ដាក់​ពន្ធនាគារ​រយៈពេល​៦ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​៨ម៉ឺនរៀល​ក្នុង​ម្នាក់ៗ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ពាក់​អាវ​ខ្មៅ​ធ្វើ​យុទ្ធនាការ​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​៤រូប មន្ត្រី គ.ជ.ប ១រូប និង​ទាមទារ​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី។

ក្រោយ​ការ​សម្រេច​នេះ អ្នកស្រី បូវ សោភា ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ នៅ​យប់​ថ្ងៃ​ដដែល។

ដោយ​ឡែក​អ្នកស្រី​ ទេព វន្នី ត្រូវ​បន្ត​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​នៅ​មាន​ពីរ​ករណី​ផ្សេង​ទៀត​នៅ​ស្ថាប័ន​តុលាការ ដូចជា​ករណី​ទី១ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ករណី​ទីពីរ បទល្មើស​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ និង​បទ​ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​ជាដើម។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ចំនួន​៦០​ បាន​ស្នើ​សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ និង​ដោះលែង​សកម្មជន​សិទ្ធិ​លំនៅស្ថាន​តំបន់​បឹងកក់​ទាំងពីរ​រូប​នេះ។
អង្គការ​ទាំងនោះ​ ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ធានា​នូវ​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ដោយ​អហិង្សា​របស់​ប្រជាជន​ ដូចជា​អ្នក​ដែល​គាំទ្រ​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​ផង​ដែរ៕