Saturday, December 3, 2016

ក្រសួង​ការងារ​ប្រតិកម្ម​នឹង​របាយការណ៍​របស់​អង្គការ​លីកាដូ


 
រូប​ក្រប​នៃ​របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) ស្ដីពី​ពលកម្ម​លើ​កុមារ​សម្រាប់​ឆ្នាំ​២០១៦។ Screenshot






ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ចុះ​ស្រាវជ្រាវ​បញ្ហា​ពលកម្ម​កុមារ ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO)។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​ចេញ​ភ្លាមៗ​នៅ​ក្រោយ​របាយការណ៍​អង្គការ​លីកាដូ លើក​ឡើង​ថា ក្រសួង​ចាត់​វិធានការ​បន្ទាន់ ដើម្បី​ស៊ើប​អង្កេត​ជា​បន្ទាន់​លើ​ករណី​នេះ។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ចំ​ទិវា​អន្តរជាតិ​លុបបំបាត់​អំពើ​ទាសភាព។ របាយការណ៍​នោះ​មាន​ចំណង​ជើង​ថា ការ​អភិវឌ្ឍ​លើ​ទាសភាព​ ដោយ​ផ្ដោត​លើ​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ។

របាយការណ៍​​របស់​អង្គការ​លីកាដូ បាន​រក​ឃើញ​ថា ទោះ​បី​ជា​មាន​បទដ្ឋាន​ច្បាប់​ដែល​ហាម​ឃាត់​ចំពោះ​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ប្រើប្រាស់​ពលកម្ម​កុមារ ក៏​រឿង​នេះ​មិន​ត្រូវ​អាជ្ញាធរ​អើពើ​ឡើយ​នៅ​ពេល​ដែល​វា​កំពុង​កើត​ឡើង​នៅ​តាម​សិប្បកម្ម​ឡ​ឥដ្ឋ។ លើស​ពី​នេះ​កុមារ​ក៏​កំពុង​រង​ផល​ប៉ះពាល់​ផ្ទាល់​ពី​បញ្ហា​បំណុល។

ករណី​នេះ​ក្រសួង​ការងារ លើក​ឡើង​ថា ក្រសួង​សោកស្ដាយ​ដែល​ទទួល​ព័ត៌មាន​នេះ និង​អង្គការ​លីកាដូ ដែល​មិន​បាន​ផ្ដល់​ដំណឹង​នៅ​ពេល​រក​ឃើញ​ករណី​ពលកម្ម​កុមារ​នៅ​តាម​សិប្បកម្ម​ឡ​ឥដ្ឋ។

ក្រសួង​ការងារ​ក៏​បាន​បញ្ជាក់​ថា ក្រុម​អធិការកិច្ច និង​គណៈកម្មការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ ដោយ​សហការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភព​លោក និង​ដៃគូ​នានា បាន​ចុះ​ផ្សព្វផ្សាយ ដើម្បី​ដកហូត​ទប់​ស្កាត់​ពលកម្ម​កុមារ និង​ផាក​ពិន័យ​ធ្ងន់ធ្ងរ​អ្នក​ប្រើប្រាស់​ពលកម្ម​កុមារ​រហូត​ទទួល​បាន​ការ​សរសើរ​ពី​ក្រសួង​ការងារ​សហរដ្ឋអាមេរិក ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ។

លីកាដូ៖ របប​ទាសភាព​ថ្មី​ក្នុងសម័យ​បច្ចុប្បន្នកំពុង​រីកដុះដាល​នៅក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា


របបទាសភាពថ្មីក្នុងសម័យបច្ចុប្បន្ន កំពុងរីកដុះដាលនៅក្នុងឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជា


អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ ស្តីពី “ការ​អភិវឌ្ឍ​លើ​ទាសភាព៖ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា”។ ជា​របាយការណ៍​ដែល​បាន​បង្ហាញ​ពី​ភ័ស្តុតាង​ជា​ច្រើន នៃ​រប​បទាសភាព​ថ្មី​ក្នុង​សម័យ​បច្ចុប្បន្ន ដែល​កំពុង​រីក​ដុះដាល​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា។ របាយការណ៍​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បំណុល​របស់​កម្មករ​ទាំង​នោះ តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​មាន​គម្រោង​ដូច្នេះ​ទេ។

ការ​បញ្ចាំ​ខ្លួន​ដោះបំណុល និង​ពលកម្ម​កុមារ គឺជា​ប្រភេទ​ការងារ​ខុសច្បាប់។ នោះ​បើ​យោង​តាម​ច្បាប់​របស់​កម្ពុ​ជា និង​សន្ធិសញ្ញា​អន្តរជាតិ​ជាច្រើន​ទៀត ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី ប៉ុន្តែ​របប​ទាសភាព​ថ្មី​ក្នុងសម័យ​បច្ចុប្បន្ននេះ កំពុងតែ​រីកដុះដាល​នៅក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា។ នេះ​បើ​យោងតាម​របាយការណ៍​លើក​ទី១ស្តីពី “ការអភិវឌ្ឍ​លើ​ទាសភាព៖ ការ​បញ្ចាំ​ខ្លួន​ដោះបំណុល និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា” ដែល​ចេញផ្សាយ​ដោយ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស លីកាដូ (Licadho) នៅ​ថ្ងៃទី២ធ្នូ​ឆ្នាំ២០១៦នេះ។ របាយការណ៍​ដែលមាន​កម្រាស់​ជាង២០ទំព័រ​នេះ​បាន​លើកឡើងថា ការ​បញ្ចាំ​ខ្លួន​ដោះ បំណុល គឺជា​មធ្យោបាយ​ដែល​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​ដោយ​ម្ចាស់​សិប្បកម្ម ដើម្បី​ទទួល បាន​នូវ​កម្លាំង​ពលកម្ម​រយៈពេល​យូរ មានតម្លៃ​ថោក និង​ចេះ​ស្តាប់បង្គាប់។

របាយការណ៍ ដែល​បាន​ធ្វើឡើង​ដោយ​ផ្អែកលើ​ការស្រាវជ្រាវ​នៅតាម​សិប្បកម្ម​ផលិត​ឥដ្ឋ ១១កន្លែង ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ត្បូងឃ្មុំ ទៅលើ​កម្មករ​ជាង៥០នាក់​បាន​បង្ហាញថា ពួកគេ​ភាគច្រើន​បាន​ជំពាក់​ប្រាក់​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាប​បំផុត​ក៏១០០០ដុល្លារ ទៅ៦០០០ដុល្លារ​ដែរ។ ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​ពួកគេ​ធ្លាក់ខ្លួន​ជំពាក់​បំណុល គឺ​ផ្តើមចេញពី​បញ្ហា​មួយចំនួន​ដូចជា ការឈឺ​ស្កាត់​នៅក្នុង​គ្រួសារ ឬ​ទិន្នផល​ដំណាំ​មិនល្អ​ជាដើម។ ហើយ​ប្រាក់កម្ចី​ដំបូង​មាន​ចំនួន​តិច​ទេតែ​រយៈពេល​កាន់តែយូរៗទៅ ប្រាក់​បំណុល​កាន់តែ​កើនឡើង។ របាយការណ៍​នេះ បាន​រកឃើញ​ទៀតថា គ្រួសារ​មួយចំនួន​ត្រូវ​ធ្វើការ​ដើម្បី​សងបំណុល​គេ​អស់៣ជំនាន់​មកហើយ។ របាយការណ៍​លើក​ទី៤ ដែលមាន​កម្រាស់​ជាង២០ទំព័រ​នេះ ក៏បាន​បង្ហាញ​ពី​លក្ខខណ្ឌ​ការងារ​ដែល​ប្រកបដោយ​ភាពគ្រោះថ្នាក់​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​និង​កង្វះខាត​អនាម័យ នៃ​ការ​រស់នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ផង ដែរ ពិសេស​គឺ​ពលកម្ម​លើ​កុមារ។

យ៉ាងណាក៏ដោយ របាយការណ៍​នេះ បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ ដើម្បី​ដោះលែង​កម្មករ​បញ្ចាំ​ខ្លួន​ដោះបំណុល​ទាំងអស់​ដោយ​ការចេញ​បទបញ្ជា​ជាបន្ទាន់ ក្នុងការ​លុបចោល​បំណុល​ដែលមាន​រវាង​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ និង​កម្មករ​បញ្ចាំ​ខ្លួន​ដោះបំណុល​នេះ។ របាយការណ៍​នេះ​ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​ដើម្បី​ធានាថា វិនិយោគ​គិ​ន​បរទេស​បានដឹង​ពី​មធ្យោបាយ​ក្នុងការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល និង​ពលកម្ម​កុមារ​ក្នុង​ឧស្សាហកម្ម​សំណង់​កម្ពុជា​ផងដែរ។

កញ្ញា ណាប់ សុ​ម៉ាលី មន្ត្រីជាន់ខ្ពស់​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិ​ទិ្ធ​ស្ត្រី និង​កុមារ​នៃ​អង្គការ លីកាដូ បាន​លើកឡើងថា បើ​មិនមាន​ការអន្តរាគមន៍​បន្ទាន់​ពី​រដ្ឋាភិបាល​ទេ របប​ទេសភាព​ថ្មី​មួយ​នៅក្នុង​សម័យ​បច្ចុប្បន្ន នឹង​រីកដុះដាល​កាន់តែខ្លាំង​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ឡឥដ្ឋ​កម្ពុជា​នេះ។ ប៉ុន្តែ​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​លើកឡើងថា រដ្ឋាភិបាល​មិនមាន​គម្រោង​សងបំណុល​ជំនួស​នោះទេ តែ​បាន​លើកទឹកចិត្ត​ឲ្យ​ថៅកែរ ឬ​ម្ចាស់​សហគ្រាស​ទាំងនោះ ពន្យា​ពេល​ក្នុងការ​ទារបំណុល។

សូមបញ្ជាក់ថា ការចេញផ្សាយ​របាយការណ៍​លើក​ទី១ស្តីពី “ការអភិវឌ្ឍ​លើ​ទាសភាព៖ ការ​បញ្ចាំ​ខ្លួន​ដោះបំណុល និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា”នេះ គឺ​ចំ​ពេល​ដែល​​កម្ពុជា​ប្រារព្ធ​ទិវា​អន្តរជាតិ​លុបបំបាត់​អំពើ​ទាសភាព​ពិភពលោក ថ្ងៃទី២ ធ្នូ ឆ្នាំ​២០១៦​នេះ៕

ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​C អាច​​ដាស់​ជំងឺរលាក​​ថ្លើមប្រភេទ​B


ជំងឺ​រលាក​ថ្លើម​ប្រភេទ​C អាច​ព្យាបាល​ជា តែ​ថ្នាំ​ថ្លៃ pvsq.org


ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ ថ្មីៗ ដែល​មាន​​តម្លៃ​ខ្ពស់​ស្ទើរ​កប់​ពពក​ ​និង​ប្រសិទ្ធិភាព​ខ្លាំងបំផុត​ អាច​ទៅ​ដាស់​មេរោគ​រលាកថ្លើម​ប្រភេទ​បេ ឱ្យ​រើ​ឡើង​បាន។ នេះ​ជា​ការ​ព្រមាន​របស់​ភ្នាក់ងារឱសថ​អឺរ៉ុប នៅ​ថ្ងៃសុក្រ​នេះ បន្ទាប់​ពី​បានធ្វើ​ការ​​ត្រួតពិនិត្យប្រសិទ្ធិភាព​ថ្នាំ​​ឡើង​វិញ។

ចំពោះ​អ្នក​ជំងឺ​មាន​ផ្ទុក​ជំងឺ​រលាកថ្លើម​ប្រភេទ​C ផង និង​ប្រភេទ B ផង​សូម​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ធ្វើការព្យាបា​ជំងឺ​រលាកថ្លើមC ដោយ​ប្រើថ្នាំ​សម្លាប់​មេរោគ​ផ្ទាល់ ពពួក​ថ្នាំ antiviraux d’action direct។ ព្រោះ​បើ​តាម​ការ​សិក្សា​ជា​ថ្មី ស្នើ​ឡើង​ដោយ​សហភាព​អឺរ៉ុប កាលពី​ខែ​មីនា បាន​បញ្ជាក់​ថា នៅ​ពេល​អ្នក​ជំងឺ​បាន​ទទួល​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ថ្នាំនោះ​អាច​ទៅ​សាល់​វីរ៉ុស​រលាក​ថ្លើម​ប្រភេទ C ឱ្យ​មាន​សកម្មភាពឡើងវិញ ​ដែល​អាច​​បង្ក​គ្រោះ​ថ្នាក់ដល់​ជីវិត​តែ​ម្តង។

វីរ៉ុស​មាន​សកម្មភាព​ឡើង មាន​ន័យ​ថា​​ ពីមុន​មក អ្នក​ជំងឺ​មាន​ឆ្លង​វីរ៉ុស​រលាក​ថ្លើម​ប្រភេទ​B​ជា​ដាន ឬ​គ្មាន​រោគ​សញ្ញា​អ្វី​ទេ​ ឬ​ជា​ករណី​ដំបូង​គ្មាន​អ្វី​ជា​គ្រោះថ្នាក់ តែ​នៅ​ពេល​ត្រូវ​ថ្នាំ​ក៏​ចាប់​កំរើក​​ធ្វើ​សកម្មភាព​។

ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ទើប​ចេញ​លក់​​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​សមត្ថភាព​ទៅ​បិទ​ខ្ទប់​វីរ៉ុសមិន​ឱ្យ​ពង្រីក​ខ្លួន​ បង្កើន​វីរ៉ុស VHC រលាក​ថ្លើម​ប្រភេទ​C​បាន និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ជាង​ការព្យាបាល​ដោយ​ថ្នាំ​ Interferon និងRibavirine។ ប៉ុន្តែ​តម្លៃ​ក៏​ខ្ពស់​ខ្លាំង អាច​ឡើង​ដល់​៨ម៉ឺន​អឺរ៉ូ នៅក្នុង​ប្រទេស​ខ្លះ។

ថ្នាំ​ទាំង​នោះ​មាន ៖
Sovaldi (មូលេគុល sofosbuvir)  របស់​ក្រុមហ៊ុន​អាមេរិក Gilead,  Daklinza (daclatasvir), Exviera (dasabuvir), Harvoni, Olysio (symeprevir)  Viekirax, Epclusa និងZepatier …ដែល​សហភាពអឺរ៉ុប​ទើប​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​កាលពី​ប៉ុន្មាន​ខែ​មុន។

ប៉ុន្តែ​គ្មាន​អ្វី​គួរ​ឱ្យ​ស្លន់​ស្លោ​ឡើយ ព្រោះ​ថា​ករណី​ថ្នាំ​រលាក​ថ្លើម​សេ ធ្វើ​ឱ្យ​វីរ៉ុស​B ភ្ញាក់​ រក​ឃើញ​មាន​តែ​៣០​ករណី​ប៉ុណ្ណោះ ក្នុង​ចំណោម​អ្នក​ជំងឺ​រាប់​ពាន់​នាក់។ គណៈកម្មការ​ឱសថ​អឺរ៉ុប គ្រាន់​តែ​វាយតម្លៃ​ហានិភ័យ​ ដើម្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​ចង់​ផ្តល់​អនុសាសន៍​ឱ្យ​មានការ​ធ្វើ​តេស្ត​រក​វីរ៉ុស​រលាក​ថ្លើម​B លើ​គ្រប់​អ្នក​ជំងឺ​រលាក​ថ្លើម​C មុន​នឹង​ផ្តល់​ការ​ព្យាបាល ព្រមទាំង​ត្រូវ​ធ្វើ​ការ​តាមដាន​ជាពិសេស​ ចំពោះ​អ្នក​ជំងឺ​មាន​ជំងឺ​រលាក​ថ្លើម​ទាំង​ពីរ B និង​C។
សូម​បញ្ជាក់​ថា គ្មាន​ទេ​ថ្នាំ​វ៉ាក់សាំង​បង្កា​រជំងឺ​រលាកថ្លើម​ប្រភេទ​សេ ដែល​មាន​ចំនួន​ប្រមាណ​ជាំង​១៧០​លាន​នាក់​នៅ​លើ​លោក តែ​ជំងឺ​នេះ​អាច​ព្យាបាល​ជា​ ខុស​ពី​ជំងឺ​រលាក​ថ្លើម​បេ ដែល​គ្មាន​ថ្នាំព្យាបាល​ តែ​មាន​ថ្នាំ​បង្ការ​៕

ជំនឿ​អរូបិយ​នៅ​ក្នុង​សង្គម​ខ្មែរ ជា​ឱកាស​អាជីវកម្ម​របស់​ជន​ទុច្ចរិត


ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​នានា​។ ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ© លាង ដឺលុច



ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​នានា​។ នេះ​ជា​ទំនៀម​ទម្លាប់​ដែលដូន​តា​ខ្មែរ​បន្សល់​ទុក​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ប៉ុន្តែពលរដ្ឋ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ព្រោះ​ជំនឿ​អរូបិយ​គឺ​ជា​ឱកាស​អាជីវកម្ម​របស់​ជន​ទុច្ចរិត ប្រសិន​បើពលរដ្ឋ​មិន​បាន​​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​មុន​នឹង​ដាក់​ចិត្ត​ជឿ​​ទេនោះ​​​។

ជំនឿ​អរូបិយ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ពោល​គឺ​យូរ​ជាងការ​ចូល​មក​ដល់​នៃ​ព្រហ្មញ្ញ​សាសនា និង ព្រះ​ពុទ្ធ​សាសនា​ទៅ​ទៀត​។ ជន​ជាតិ​ខ្មែរ​ដើម មាន​ជំនឿ​លើ​កម្លាំង​ក្រៅ​ធម្មជាតិ និង កម្លាំង​ក្រៅ​ខ្លួន ​ដែល​ជាទូទៅ​គោរព​បូជា​វត្ថុ​អរូប​ដូច​ជា អាទិទេព ទេវតា អារុក្ខ​អារក្ស និង​អ្នក​តា​នានា​។

អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​កន្លង​ទៅ​នេះ ជំនឿ​អរូបិយ​នៅ​ក្នុង​សង្គម​ខ្មែរ​មិន​ធ្លាប់​ឃ្លាត​ចាក​ទៅ​ណា​ទេ​។ ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ ​នៅ​តែ​មាន​ជំនឿ​លើ​រឿង​អរូបិយ​ដដែល​។ សត្វ​ជ្រូក​ជើង​ប្រាំ សត្វ​គោ​ក្បាល​ពីរ និង​ភាព​មិន​ប្រក្រតី​ខុស​ធម្មជាតិ​ផ្សេង​ៗ អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ផ្អើល​អុជ​ទៀន​ធូប​គោរព​បូជា​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ករណី​ខ្លះ​ថែម​ទាំង​ត្រូវ​បាន​យក​ទៅ​ចុះ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ទៀត​ផង​។ សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​រឿង​អរូបិយ ករណី​ចម្លែក​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​បារមី​​​សក្តិសិទ្ធ​ខ្លាំង​ពូកែ​ចូល​សន្ធិត។ ហើយ​ការ​អុជទៀន​ធូប​គោរព​បូជា​នានា នឹង​នាំ​មក​នូវ​លាភ​សំណាង​ដល់​ពួក​គេ​។ នេះ​ជា​រឿង​មួយ។

ក្រៅ​ពី​ជំនឿ​លើ​ភាព​មិន​ប្រក្រតី​នៃ​ធម្មជាតិ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ថែម​ទាំង​មាន​ជំនឿ​លើ​​​អាគម​អរូបិយ និង​សិល្ប៍​សាស្ត្រវិទ្យាការ​ផ្សេង​ៗ​​ទៀត​ផង​។ ជំនឿ​នេះ​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ទៅ​រក​គ្រូ​ទាយ៖ ខ្លះ​ដើម្បី​ជោគ​សំណាងក្នុង​ការងារ​មុខ​របរ ខ្លះ​ដើម្បី​រំដោះ​គ្រោះ​អាក្រក់ ហើយ​ខ្លះ​ទៀត​ទៅ​រក​គ្រូ​ទាយ ដើម្បី​ភាព​សម​បំណង​ក្នុង​រឿង​ស្នេហា​ជា​ដើម​។

ជា​ការ​កត់​សម្គាល់ ជំនឿ​លើ​រឿង​អរូបិយ បារមី​សក្តិសិទ្ធ​អស់​ទាំង​នេះ មិន​មែន​មាន​តែនៅ​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​តាម​ជនបទ ដែល​មាន​ចំណេះដឹង​ទាប ខ្វះទី​ពឹង​ពំនាក់​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយនោះ​ទេ ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​អ្នក​មាន​ទ្រព្យ​ធន ជាពិសេស​អ្នក​ដែល​ប្រកប​មុខ​របរ​រក​ស៊ី អ្នក​នយោបាយ និង​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ដែល​មាន​តំណែង​ខ្ពស់​មួយ​ចំនួន ក៏​ជឿ​លើ​រឿង​ទាំង​នេះ​ដែរ​។

ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ការ​​​ជឿជាក់​ទៅ​​​​លើ​អារុក្ខ​អារក្ស​អ្នក​តា ឬ​ដាក់​ចិត្ត​ដាក់​ថ្លើម​ជឿ​ទៅ​លើ​គ្រូ​បារ្យ​អាចារ្យ​ណា​មួយ គឺ​ជា​ជំនឿ​ដូច​គ្នា​នឹង​ការ​បូជា​ចំពោះ​ព្រះ​ព្រហ្ម ព្រះ​សិវៈ និង​ព្រះ​វិស្ណុ​នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា ឬ​ការ​គោរព​បូជា​ព្រះ​ពុទ្ធសាសនា​ដូច្នោះ​ដែរ​។ ការ​មិន​ជឿ​លើ​សាសនា ឬ លទ្ធិ​ណា​មួយ​សោះ ក៏​ជា​សិទ្ធិ និង​ជា​ជំនឿ​មួយ​ប្រភេទ​ដែរ​។

បើ​ទោះ​បី​ជា​វា​ជា​សិទ្ធិ​សេរីភាពរៀង​​ៗខ្លួន​​ក៏​ដោយ ក៏​ពលរដ្ឋ​​ម្នាក់​ៗ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ដោយ​ចំពោះ​ជំនឿ​អរូបិយ​តែ​ម្ដង ព្រោះ​ខុស​ពី​សាសនា​ផ្សេង​ៗ ជំនឿ​អរូបិយ​ជា​ទូទៅ​ត្រូវ​បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​តាម​រយៈ​បុគ្គល​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់ ដើម្បី​​វាស់ស្ទង់​​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​ឡើយ​។ ភាព​មិន​ច្បាស់​លាស់​ និង​ជំនឿ​ងប់​ងល់​របស់​ពលរដ្ឋ ផ្ដល់​ឱកាស​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​អាជីវកម្ម​បោក​បញ្ឆោត​របស់​ជន​ទុច្ចរិត​។

នៅ​ក្នុង​សង្គម​ខ្មែរ គេ​ធ្លាប់​ឃើញ​មាន​ឧទាហរណ៍​ជា​ច្រើន​មក​ហើយ​ជុំ​វិញ​ករណី​ជន​ទុច្ចរិត ដែលឆ្លៀត​ឱកាស​យក​ជំនឿ​អរូបិយ​របស់​ពលរដ្ឋ មក​ធ្វើ​អាជីវកម្ម​ស្វែង​រក​ផល​ប្រយោជន៍​បំពេញ​កិលេស​ផ្ទាល់​ខ្លួន។ ជាក់​ស្ដែង​ដូច​ជា​ករណី​អតីត​​ចៅ​អធិការ​វត្ត​ស្រះ​ចក នេត ខៃ ដែល​បាន​លួច​ថត​រូប​អាស​អាភាស​របស់​ស្ដ្រី​មិន​តិច​ជាង​៦០០​នាក់​ឡើយ នៅ​ពេល​ពួក​គេ​មក​​ស្រោច​ទឹក​មន្ត​នៅ​វត្ត​ស្រះ​ចក។ និង​ករណី បុរស​ឈ្មោះ​ធាន វុទ្ធី ដែល​តាំង​ខ្លួន​ឯង​ជា​ព្រះ​សិអារ្យ​មេត្រិយ៍ ស្លៀក​ស ពាក់​ស នៅ​វត្ត​ទួល​ព្រះ​រាជា ហើយ​បង្គាប់​ឲ្យ​ព្រះ​សង្ឃ​ថ្វាយ​បង្គំ​ខ្លួន​ជា​ដើម​។

​បើ​ទោះ​បី​ជា​​​ករណី​ទាំង​ពីរ​ខាង​ដើមត្រូវ​បាន​សមត្ថកិច្ច​បើក​កកាយ​និង​កាត់​ទោស​រួច​ហើយ​ក្ដី ក៏​ប៉ុន្តែ​ទង្វើ​បោក​បញ្ឆោត​ដោយ​ឈរ​លើ​ជំនឿ​អរូបិយ​របៀប​នេះ នៅ​តែ​មាន​ជាប់​ជា​និច្ច​នៅ​ក្នុង​សង្គម​ខ្មែរ​។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​លុប​បំបាត់ ឬ​គាស់​រំលើង​ក្រុមជន​ទុច្ចរិត​ទាំង​នោះ​ណាស់ ខណៈពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​រឿង​ទាំង​នោះ ដែល​ជា​លទ្ធផល គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ខាត​បង់​ពេល​វេលា​និង​ប្រាក់​កាស​នោះ​ឡើយ​។

សរុប​មក​វិញ បើ​ទោះ​បី​ជា​ជំនឿ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់​ៗ​ក៏​ដោយ ក៏​ពលរដ្ឋ​គួរ​តែ​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ មុន​នឹង​ដាក់​ចិត្ត​ជឿ​ទៅ​លើ​អ្វី​មួយ ឬ​បុគ្គល​ណា​ម្នាក់​។ ការជឿជាក់​លើ​ជំនឿ​មិន​សម​ហេតុផល គ្មាន​ឫស​គ្មាន​គល់ និង គ្មាន​មូលដ្ឋាន​រឹង​មាំ គ្មាន​នាំ​ប្រយោជន៍​អ្វី​ដល់​ខ្លួន​ឡើយ ក្រៅ​តែ​ពី​ការ​ខាត​បង់ពេលវេលា​និង​ប្រាក់​កាស ហើយ​ពេល​ខ្លះ វិនាស​ខូច​ខាត​ដល់​ខ្លួន​ឯង​និង​គ្រួសារ​ថែម​ទៀត៕