ប្រជាពលរដ្ឋរស់នៅភូមិអន្ទ្រងសាមគ្គីមានជ័យ ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាង ៦០នាក់ នាំគ្នាមកសាលាខេត្តតវ៉ាឲ្យអាជ្ញាធរគោរពកិច្ចសន្យាដែលបានធ្វើជាមួយពលរដ្ឋ ពាក់ព័ន្ធបណ្ដឹងចោទប្រកាន់តំណាងប្រជាពលរដ្ឋ ៣នាក់ ដែលតវ៉ាប្រឆាំងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ដាយណាម (Day Nam) ឈូសឆាយប៉ះពាល់ដីព្រៃអារក្សប្រជាពលរដ្ឋ។
មន្ត្រីអាជ្ញាធរខេត្តមណ្ឌលគិរី បានសម្របសម្រួលឲ្យប្រជាពលរដ្ឋបីនាក់រស់នៅភូមិអន្ទ្រងសាមគ្គីមានជ័យ ក្នុងឃុំពូជ្រៃ ចូលខ្លួនទៅឆ្លើយបំភ្លឺតាមដីកាកោះរបស់តុលាការ ដើម្បីឆ្លើយបំភ្លឺជុំវិញបទចោទប៉ុនប៉ងឃាតកម្ម។
ការសម្របសម្រួលនេះ ធ្វើឡើងខណៈប្រជាពលរដ្ឋរស់នៅភូមិអន្ទ្រងសាមគ្គីមានជ័យ ក្នុងឃុំពូជ្រៃ ជាង ៦០នាក់ នាំគ្នាប្រមូលផ្តុំនៅមុខសាលាខេត្ត ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត ដោយសារតែអ្នកភូមិភ័យខ្លាចតុលាការ ចាប់ខ្លួនតំណាងពួកគាត់ដែលបានតវ៉ារឿងក្រុមហ៊ុនចិន ឈូសឆាយប៉ះពាល់ព្រៃអភិរក្សអ្នកភូមិ។
កាលពីឆ្នាំ២០១៤ ប្រជាពលរដ្ឋភូមិអន្ទ្រងសាមគ្គីមានជ័យ រាប់រយនាក់ បានចាប់ឃាត់គ្រឿងចក្រឈូសដីមួយគ្រឿងរបស់ក្រុមហ៊ុនចិន ឈ្មោះ ដាយណាម ដែលកំពុងឈូសឆាយដីសម្បទានរំលោភចូលព្រៃគោរពបូជារបស់អ្នកភូមិ។ ក្រោយពីអ្នកភូមិឃាត់គ្រឿងចក្រនេះ តុលាការបានចេញដីកាកោះហៅតំណាងអ្នកភូមិពីរនាក់ និងមេភូមិ ពីបទលួច និងប្រើអំពើហិង្សា ប៉ុន្តែអ្នកភូមិរាប់រយនាក់ បាននាំគ្នាមកតវ៉ានៅសាលាខេត្ត ទើបអាជ្ញាធរខេត្តសម្របសម្រួលឲ្យអ្នកភូមិបញ្ចប់ការតវ៉ា ដោយសន្យាថានឹងបញ្ចប់រឿងចោទប្រកាន់អ្នកភូមិនេះ។
តំណាងអ្នកភូមិ លោក សុខ តឿ បញ្ជាក់ថា រហូតមកទល់នឹងខែមករា ឆ្នាំ២០១៧ តុលាការចេញដីកាកោះហៅតំណាងប្រជាពលរដ្ឋ និងមេភូមិជាថ្មី ឲ្យចូលខ្លួនឲ្យចៅក្រមស៊ើបសួរពីបទប៉ុនប៉ងឃាតកម្ម។ ហេតុនេះ ទើបប្រជាពលរដ្ឋនាំគ្នាទៅសាលាខេត្តជាថ្មី ដើម្បីសុំឲ្យអាជ្ញាធរអនុវត្តតាមការសន្យាដែលបានធ្វើជាមួយពលរដ្ឋ។ លោកថា អាជ្ញាធរខេត្តបានអនុញ្ញាតឲ្យអ្នកភូមិចូលជួបពិភាក្សាគ្នា និងសម្របសម្រួលឲ្យអ្នកភូមិអនុវត្តតាមនីតិវិធីនៃការកោះហៅ និងសន្យាមិនមានការចាប់ខ្លួនអ្នកភូមិនោះទេ៖ «ចោទហ្នឹងដើម្បីដាក់ឃុំខ្លួនពួកខ្ញុំហ្នឹងណា! ដល់ចុងក្រោយ គេសម្រួលគ្នាទៅគេមិនឲ្យឃុំខ្លួនទេ គេឲ្យចូលខ្លួនទៅបំពេញបែបបទ គេធ្វើបែបបទបញ្ចប់ឲ្យ»។
តំណាងអ្នកភូមិដែលតុលាការកោះហៅរួមមាន ឈ្មោះ សុខ តឿ និង យ៉ែម ថា ឲ្យចូលខ្លួនទៅការិយាល័យចៅក្រមស៊ើបសួរនៅថ្ងៃទី២៤ ខែមករា។ ចំណែកប្រធានភូមិឈ្មោះ គ្រឿន ប៊ុនធឿន ឲ្យចូលខ្លួននៅថ្ងៃទី២៥ ក៏ប៉ុន្តែប្រធានភូមិបានស្លាប់កាលពីឆ្នាំ២០១៥ បាត់ទៅហើយ។
អភិបាលរងខេត្តមណ្ឌលគិរី លោក ចឹង សុចន្ថា មានប្រសាសន៍បញ្ជាក់ថា រឿងក្តីនេះជារឿងចាស់ ដែលក្រុមហ៊ុនបានប្ដឹងប្រជាពលរដ្ឋ ប៉ុន្តែអាជ្ញាធរខេត្តបានសម្របសម្រួលឲ្យក្រុមហ៊ុនបញ្ចប់រឿងនេះតាំងពីឆ្នាំ២០១៤។ លោកថា ដោយសាររាជរដ្ឋាភិបាលបានបញ្ចប់អាជ្ញាប័ណ្ណក្រុមហ៊ុនសម្បទាននេះកាលពីឆ្នាំ២០១៥ ទើបក្រុមហ៊ុនចាកចេញដោយមិនបានដកពាក្យបណ្ដឹងប្រជាពលរដ្ឋ ទើបចៅក្រមតុលាការកោះហៅមកសាកសួរ ដើម្បីបំពេញនីតិវិធីតែប៉ុណ្ណោះ៖ «ឥឡូវខ្ញុំបានជម្រាបគាត់ហើយថា គេហៅដើម្បីសួរយើងទេ បើយើងមិនធ្វើខុស ខ្លាចចូលទៅ បង្ហាញខ្លួនទៅ ខ្លាចស្អី? វាចប់ហើយ»។
នៅរសៀលម៉ោង ២ ថ្ងៃទី២៤ ខែមករា តំណាងអ្នកភូមិទាំងពីរនាក់ បានចូលខ្លួនទៅកាន់ការិយាល័យចៅក្រមស៊ើបសួរតាមការសម្របសម្រួលរបស់អាជ្ញាធរខេត្ត។ ដោយឡែកប្រជាពលរដ្ឋដែលអមដំណើរតំណាងរបស់គេ បានរង់ចាំនៅមុខសាលាដំបូង ឃ្លាំមើលការសាកសួរនេះ។
អ្នកនាំពាក្យ និងជាប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី លោក មាស ប្រុស ថ្លែងបញ្ជាក់ថា នេះជាការអនុវត្តនីតិវិធីរបស់ចៅក្រមស៊ើបសួរ ខណៈរឿងក្តីនេះកំពុងឋិតក្នុងចំណាត់ការចៅក្រមស៊ើបសួរ។ លោកថា ការចូលខ្លួនបំភ្លឺរបស់ពលរដ្ឋ គឺជាការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ហើយការសម្រេចយ៉ាងណា ឋិតលើចៅក្រមស៊ើបសួរដែលកាន់សំណុំរឿងក្តីប្រជាពលរដ្ឋនេះ៖ «គាត់នៅឆ្លើយបំភ្លឺនៅបន្ទប់ចៅក្រមខាងលើ ទើបឆ្លើយបានម្នាក់ហ្នឹងតាមដីកាកោះហៅហ្នឹង។ គាត់ចេះតែមកខ្លាចគ្នាគាត់ ប៉ុន្តែចៅក្រមមិនទាន់សម្រេចអ្វីទេ កំពុងស៊ើបសួរ»។
ក្រុមហ៊ុន ដាយណាម កាលពីឆ្នាំ២០១៤ បានដាក់ពាក្យប្ដឹងប្រជាពលរដ្ឋភូមិអន្ទ្រងសាមគ្គីមានជ័យ ពីបទលួច និងប្រើអំពើហិង្សាចាប់យកគ្រឿងចក្រក្រុមហ៊ុនដែលកំពុងឈូសឆាយដីសម្បទាន។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់ថា ការសម្របសម្រួលរបស់អាជ្ញាធរខេត្តឲ្យប្រជាពលរដ្ឋចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការ គឺជារឿងត្រឹមត្រូវតាមនីតិវិធីតុលាការ។ លោកថា ចៅក្រមស៊ើបសួរនឹងសម្រេចថា តើប្រជាពលរដ្ឋមានកំហុស ឬយ៉ាងណានោះ អាស្រ័យលើលទ្ធផលស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរ ចំណែកមន្ត្រីអាដហុក នឹងបន្តឃ្លាំមើលបញ្ហានេះ៖ «ករណីនេះចៅក្រមលោកមានតួនាទីក្នុងការស៊ើបសួរភាគីពាក់ព័ន្ធ បើសិនរកឃើញ គាត់មានសិទ្ធិបន្តនីតិវិធី ប្រសិនរកមិនឃើញ អាស្រ័យលើឆន្ទានុសិទ្ធិចៅក្រមដោយផ្អែកលើវិធានច្បាប់»។
រហូតមកទល់នឹងម៉ោង ៥រសៀលថ្ងៃដដែល ចៅក្រមស៊ើបសួរបានបញ្ចប់ការសាកសួរ និងអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋទាំងពីរនាក់វិលទៅលំនៅឋានវិញ៕