Friday, November 11, 2016

វៀតណាម​នៅ​តែ​បន្ត​ជួល​ដី​ខ្មែរ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​តាកែវ

ពលរដ្ឋ​វៀតណាម ដែល​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ នេសាទ​នៅ​ក្នុង​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Morm Moniroth

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​វៀតណាម រិះគន់​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជួល​ដី​ឲ្យ​ទៅ​ប្រទេស​ជិត​ខាង ជា​ពិសេស​ប្រទេស​វៀតណាម ធ្វើ​ស្រែ​ចម្ការ​នោះ​ថា គឺ​ពុំ​មាន​ប្រសិទ្ធភាព​ទេ។ ជុំវិញ​រឿង​នេះ រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ធ្លាប់​ព្រមាន​ម្ដង​រួច​មក​ហើយ ដោយ​ហាម​មិន​ឲ្យ​ពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន ជួល​ដី​បន្ត​ឲ្យ​ប្រទេស​ជិត​ខាង​ប្រកប​អាជីវកម្ម​ទេ។

សកម្មភាព​នៃ​ការ​ជួល​ដី​ធ្វើ​ស្រែ និង​​ជួល​ដី​សម្រាប់​នេសាទ​ក្នុង​រដូវវស្សា​ដោយ​ពលរដ្ឋ​វៀតណាម តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ នៅ​តែ​បន្ត​កើត​មាន​មិន​ឈប់​ឈរ​ឡើយ។

ការ​រិះគន់​ពី​ពលរដ្ឋ​នេះ ក្រោយ​​ពេល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ហាម​មិន​ឲ្យ​ពលរដ្ឋ​ជួល​ដី​នៅ​តាម​ព្រំដែន​កម្ពុជា-ឡាវ កម្ពុជា-វៀតណាម និង​កម្ពុជា-ថៃ ត​ទៅ​ទៀត។


បើ​ទោះ​ជា​បម្រាម​ដែល​រដ្ឋាភិបាល បាន​ប្រកាស​ហើយ​នេះ ដាក់​ឲ្យ​ដំណើរការ​ក៏​ដោយ​ចុះ ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ស្រុក​បូរីជលសារ ខេត្ត​តាកែវ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រិះគន់​ថា សារ​នយោបាយ​របស់​រដ្ឋាភិបាល​នេះ មើល​ទៅ​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​សោះ​ឡើយ។ ពួក​គេ​បន្ត​ថា វៀតណាម​បាន​បន្ត​ហូរ​ចូល​គ្រប់​រដូវ​កាល​ទាំង​ប្រាំង និង​ខែ​វស្សា។ ជាង​នេះ​ទៀត ដី​ដែល​ដាក់​ឲ្យ​ពលរដ្ឋ​វៀតណាម ជួល​នេះ គឺ​ភាគ​ច្រើន​ជា​ដី​របស់​​ឧកញ៉ា ឬ​មន្ត្រី​យោធា និង​នគរបាល​ព្រំដែន​ជាដើម ដែល​មាន​ទំហំ​​ដី​​រាប់​ពាន់​ហិកតារ៖ «ដល់​ឥឡូវ​ក្រសួង​មហាផ្ទៃ និយាយ​បាន ប៉ុន្តែ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​មិន​បាន។ បើ​ធ្វើ​មិន​បាន​សុខ​ចិត្ត​កុំ​និយាយ។ ដូច​សៃយ៉ឺន​នៅ​ក្នុង​ឃុំ​កំពង់ក្រសាំង សុទ្ធ​តែ​របស់​យួន​ទាំង​អស់។ ចាប់​ពី​ភូមិ​ចេញ​ទៅ​ចម្ងាយ​ប្រហែល​ជា ២០០​ម៉ែត្រ ហ្នឹង​ប្រជាជន​យើង​ធ្វើ។ បើ​ចូល​ទៅ​ជ្រៅៗ សុទ្ធ​តែ​ប្រជាជន​វៀតណាម ធ្វើ។ នៅ​តាម​ប្រឡាយ​សេក​យំ និង​ប្រឡាយ ០៩ ជាដើម គឺ​សុទ្ធ​តែ​យួន​ទាំង​អស់»។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ចេញ​គោលនយោបាយ ដោយ​ហាម​មិន​ឲ្យ​ពលរដ្ឋ​​របស់​ខ្លួន​ជួល​ដី​ឲ្យ​ប្រទេស​ជិត​ខាង​តទៅ​ទៀត​ទេ ស្រប​ពេល​ក្រសួង​មហាផ្ទៃ ក៏​បាន​ដាក់​ចេញ​បម្រាម​ដូច​គ្នា​នេះ​ដែរ។ វិធានការ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា នោះ​គឺ​តម្រូវ​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត ក្រុង ឃុំ​សង្កាត់​ដែល​នៅ​ជាប់​ព្រំដែន ត្រូវ​ចាត់ចែង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។

ផ្ទុយ​ពី​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​នេះ ពលរដ្ឋ​រស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ក្នុង​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ លើក​ឡើង​ថា ពលរដ្ឋ​វៀតណាម ​ស្ទើរ ៩៥​ភាគរយ បាន​បន្ត​ជួល​ដី​ស្រែ​ក្នុង​រដូវ​ប្រាំង និង​ឡូត៍​នេសាទ ក្នុង​រដូវ​វស្សា​មិន​ដាច់​ទេ។ មក​ដល់​ពេល​នេះ​តួលេខ​ជា​ផ្លូវការ​ណា​មួយ​ជុំវិញ​តម្លៃ​នៃ​ការ​ជួល​ដី​ខ្មែរ​ធ្វើ​ស្រែ​នេះ មិន​ត្រូវ​បាន​អាជ្ញាធរ​បញ្ជាក់​ឲ្យ​ដឹង​ជា​ផ្លូវការ​ទេ។ ក៏​ប៉ុន្តែ​ពលរដ្ឋ​និយាយ​ថា ជា​ទម្លាប់​នៃ​ការ​ជួល​នេះ គឺ​គេ​តែង​ធ្វើ​ក្នុង​តម្លៃ​ចន្លោះ​ស្រូវ​ពី ១​តោន​កន្លះ ទៅ ២​តោន​ប្រមាណ ១,៣០​លាន​រៀល។

ជុំវិញ​រឿង​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ចុះ​អប់រំ​ជា​ហូរហែ​រួច​មក​ហើយ មិន​ឲ្យ​ពលរដ្ឋ​ជួល​ដី​ឲ្យ​បរទេស​ធ្វើ​ស្រែ​ទេ ប៉ុន្តែ​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​ឡើង​ទៀត។

លោក​បន្ត​ថា សំខាន់​កម្ពុជា ពុំ​ទាន់​មាន​ច្បាប់​ត្រូវ​ចាប់​ចង ឬ​ដាក់​ទោសទណ្ឌ​ប្រឆាំង​អ្នក​ដែល​ជួល​ដី​នេះ​នៅ​ឡើយ ក្រៅ​ពី​ពលរដ្ឋ​គ្រប់​រូប ត្រូវ​មាន​ភក្ដីភាព​ចំពោះ​ទឹក​ដី​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ៖ «គាត់​យល់​ខ្លួន​គាត់​បាន​ល្អ​ជាង ចំពោះ​វិធានការ​ច្បាប់ គឺ​យើង​មិន​អាច​ចាប់​ចង ឬ​ប្ដឹង​គាត់​ទៅ​តុលាការ​បាន​ទេ។ មាន​ច្បាប់​ណា​ទៅ​ចាប់ចង​គាត់​បាន»។

លោក​បណ្ឌិត កែម ឡី មុន​ឃាតក​បាញ់​ប្រហារ​បាន​លើក​ឡើង​ថា ការ​បន្ត​ជួល​ដី​ឲ្យ​បរទេស​ធ្វើ​អាជីវកម្ម​នេះ វា​នឹង​ក្លាយ​ទៅ​ជា​ដី​ខ្មែរ​ស្រែ​វៀតណាម ដី​ខ្មែរ ស្រែ​ឡាវ និង​ដី​ខ្មែរ ស្រែ​ថៃ។ ពេល​នេះ ប្រសិន​បើ​គេ​ធ្វើ​ដំណើរ​តាម​ទូក កាត់​ស្រុក​បូរីជលសារ ខេត្ត​តាកែវ គេ​នឹង​ឃើញ​ទូក​នេសាទ​វៀតណាម ព្រោងព្រាត​បណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក។ ប៉ុន្តែ​បើ​គេ​ធ្វើ​ដំណើរ​នៅ​រដូវ​ប្រាំង​វិញ គេ​នឹង​ឃើញ​នៅ​តាម​វាលស្រែ​មាន​សន្ទូង​ខៀវ​ខ្ចី​ដាច់​កន្ទុយ​ភ្នែក ដែល​ពលរដ្ឋ​វៀតណាម ជួល​ពី​ពលរដ្ឋ​ខ្មែរ​ធ្វើ​រាប់​ពាន់​ហិកតារ​គ្រប់​រដូវ​កាល៕

No comments:

Post a Comment