Wednesday, December 14, 2016

តុលាការ​ឃុំ​ខ្លួន​មនុស្ស​ម្នាក់​និង​បន្ត​សាកសួរ​២​នាក់​ករណី​មនុស្ស​១៥​ស្លាប់​ដោយ​ពុល​ស្រា​ស



អ្នក​ភូមិ​នៃ​ឃុំ​ក្រាំងស្គារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែល​សង្ស័យ​ថា​ពុល​ស្រា​ស កំពុង​សម្រាក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha
អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ឆ្នាំង កំពុង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​បិត​ស្រា​នៅ​ក្នុង​ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស ក្នុង​សំណុំ​រឿង​ពុល​ស្រា​បង្ក​ឲ្យ​មនុស្ស ១៥​នាក់​ស្លាប់ និង ៧៧​នាក់​ឈឺ​ធ្ងន់។ វិធានការ​នេះ បន្ទាប់​ពី​ចេញ​លទ្ធផល​វិភាគ​ពី​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល រក​ឃើញ​ថា មាន​ទីតាំង​ផលិត​ស្រា​ស​ចំនួន​៣ មាន​ជាតិ​ពុល ឬ​មេតាណុល​កម្រិត​ខ្ពស់ បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល និង​គ្រោះថ្នាក់​ដល់​ជីវិត។

តុលាការ​ខេត្ត​កំពង់ឆ្នាំង សម្រេច​ឃុំ​ខ្លួន​មនុស្ស​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត និង​ពីរ​នាក់​ទៀត សមត្ថកិច្ច​បន្ត​នីតិវិធី​សាកសួរ ដោយ​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ពុល​ស្រា​បង្ក​ឲ្យ​មនុស្ស ១៥​នាក់​ស្លាប់។

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឡុច សុវណ្ណរ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ថា បន្ទាប់​ពី​បាន​លទ្ធផល​វិភាគ​ពី​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល ដែល​មាន​ទីតាំង​ផលិត​ស្រា​ស​ចំនួន​៣ រក​ឃើញ​ថា​មាន​ជាតិ​មេតាណុល​ក្នុង​ស្រា​ស ដែល​បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល​ស្លាប់​ចំនួន ១៥​នាក់​ជា​បន្តបន្ទាប់ នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង នោះ សមត្ថកិច្ច​បាន​ហៅ​អ្នក​បិត​ស្រា​នៅ​ក្នុង​មូលដ្ឋាន​ចំនួន ៣​នាក់​មក​សាកសួរ តាម​លិខិត​បង្គាប់​របស់​តុលាការ។

លោក សុវណ្ណរ៉ា បន្ត​ថា ក្នុង​ចំណោម​មនុស្ស​ទាំង ៣​នាក់​នោះ មាន​ម្នាក់​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ម្នាក់​កំពុង​ស្ថិត​ក្នុង​នីតិវិធី​សាកសួរ និង​ម្នាក់​ទៀត​សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​ហៅ​មក​សាកសួរ​បន្ត៖ «ម្សិលមិញ​បាន​ទៅ​យក​មក​ហើយ ប្រហែល​ជា​ល្ងាច​នេះ​អាច​ត្រូវ​គេ​ធ្វើ​បែបបទ​ចប់​ហើយ នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​តុលាការ​ទៀត។ ការ​ដែល​គេ​ពិនិត្យ​រួច​ដែល​គេ​បញ្ជូន​មក​ខ្ញុំ មាន​តែ ៣ ទេ តែ​គេ​ពិនិត្យ​អត់​ទាន់​អស់។ ឈ្មោះ​ដែល​យើង​បញ្ជូន​ទៅ​អត់​ទាន់​អស់ នៅ​មាន​បញ្ជូន​បន្ត​មក​ទៀត គ្រាន់​តែ​យើង​ទទួល​បាន​លើក​ទី​១ គឺ ៣​នាក់​ហ្នឹង ផល​ប៉ះពាល់​ហ្នឹង​វា​នៅ​មាន​ឈ្មោះ​ច្រើន​ត​ទៅ​ទៀត មិន​ដឹង​ថា​គេ​ពិនិត្យ​ចប់​គេ​បញ្ជូន​មក​ទៀត»។


មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៤ ធ្នូ បាន​បង្ហាញ​ជា​ផ្លូវ​ការ​ថា ក្នុង​ចំណោម​ទីតាំង​ផលិត​ស្រា​ស​ចំនួន ៨​ទីតាំង មាន ៣​ទីតាំង​រក​ឃើញ​មាន​ជាតិ​ពុល ឬ​មេតាណុល​កម្រិត​ខ្ពស់ បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល។ ស្រា​ស​ដែល​មាន​ជាតិ​មេតាណុល​លើស​ពី ០,១៥% អាច​ធ្វើ​ឲ្យ​អ្នក​ផឹក​គ្រោះថ្នាក់​ដល់​ជីវិត។ ទីតាំង​ទី​មួយ​មាន​កម្រិត​រហូត​ដល់ ១,៤៣% ទីតាំង​ទី​ពីរ មាន​កម្រិត ១,៧៤% និង​ទីតាំង​ទី​បី​មាន​កម្រិត​ដល់ ០,២០% ដែល​បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល​ស្លាប់​ចំនួន ១៥​នាក់ និង​ឈឺ​ធ្ងន់ ៧៧​នាក់​នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ករណី​ស្លាប់ ១៥​នាក់​នេះ គឺ​ជា​ករណី​ទី​១ ក្នុង​ឆ្នាំ​២០១៦។ លោក​ថា ក្រសួង​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​មាន​ក្រសួង​៦ ក្នុង​នោះ​មាន​ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ទេសចរណ៍ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ឲ្យ​លឿន ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ និង​ជួយ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល៖ «ខ្ញុំ​បាន​សំណូមពរ​ហើយ​ថា សូម​ឲ្យ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នោះ បង្កើន​ការ​ត្រួត​ពិនិត្យ មុន​នឹង​ចេញ​អាជ្ញាប័ណ្ណ សូម​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​សិន មុន​នឹង​អនុញ្ញាត​ឲ្យ​ផលិត។ មិន​ដូច្នោះ​ទេ វា​អាច​បង្ក​ឲ្យ​ដដែលៗ ឈឺ និង​ស្លាប់​ដល់​ពលរដ្ឋ​របស់​យើង»។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ក្រុម​គ្រូពេទ្យ​ក៏​កំពុង​ព្យាបាល​អ្នក​ជំងឺ​ពុល​ស្រា​មិន​ទាន់​ជា​សះ​ស្បើយ​ពីរ​នាក់​ទៀត ក្នុង​ចំណោម​មនុស្ស ៧៧​នាក់​ដែល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ហើយ។ ចំណែក​អ្នក​នៅ​សម្រាក​ព្យាបាល​ទាំង​ពីរ​នាក់​នោះ បាន​ផុត​ពី​គ្រោះថ្នាក់​ហើយ៖ «អត់​អី​ទេ គាត់​ស្រាកស្រាន្ត​ហើយ គ្រាន់​តែ​វាយ​តម្លៃ​ថា គាត់​មិន​ទាន់​អាច​ចេញ​បាន»។

មន្ត្រី​ជំនាញ​សុខាភិបាល បាន​បញ្ជាក់​ថា ដើម្បី​បញ្ចៀស​បញ្ហា​នេះ មាន​តែ​វិធានការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ និង​សូម​ឲ្យ​ពលរដ្ឋ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​ស្រា ឬ​អាហារ​ដែល​គ្មាន​ស្លាក​សញ្ញា និង​គ្មាន​ប្រភព​នៃ​ការ​ផលិត​ច្បាស់លាស់។

ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦ មាន ៩២​ករណី គឺ​មាន​មនុស្ស ១៥​នាក់​ស្លាប់ និង​អ្នក​ឈឺ​ដោយសារ​ពុល​ស្រា​ស​ចំនួន ៧៧​នាក់។ មន្ត្រី​ជំនាញ​សុខាភិបាល ថា​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា អ្នក​ពុល និង​អ្នក​ស្លាប់​ទាំងអស់ សុទ្ធតែ​មាន​ប្រវត្តិ​ផឹក​ស្រា​ដែល​បាន​បិត ឬ​ផលិត​នៅ​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ក្ដុល ដំណាក់​អំពិល និង​ភូមិ​កូនដំរី នៃ​ឃុំ​ក្ដុលសែនជ័យ ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

ករណី​ពុល​ស្រា​នេះ កន្លង​មក​បាន​កើត​ឡើង​នៅ​ខេត្ត​មួយ​ចំនួន​ដូចជា ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និង​ខេត្ត​ឧត្តរមានជ័យ ជាដើម៕

គ្រួសារ​អ្នក​ស្លាប់​ដោយ​ប៉ូលិស​ស្រុក​ស្អាង​ព្រួត​វាយ​បញ្ចប់​រឿង​ក្ដី​ដោយ​សំណង​២​ម៉ឺន​ដុល្លារ


ភរិយា​ជនរងគ្រោះ​ដែល​ស្លាប់ អ្នកស្រី ឃួន ស្រីមុំ (ស្ដាំ) និង​ជន​ដែល​រង​ការ​វាយ​ដំ ឈ្មោះ ទិត លាភ ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៦។ RFA/Ou Banung



សមាជិក​គ្រួសារ​របស់​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ព្រួត​គ្នា​វាយ​រហូត​បណ្ដាល​ឲ្យ​ស្លាប់ កាល​ពី​ខែ​តុលា នោះ សម្រេច​ចិត្ត​បញ្ចប់​រឿង​ក្ដី​ប្ដឹងផ្ដល់ ដោយ​ការ​ទទួល​យក​ប្រាក់​សំណង​ពី​គ្រួសារ​ជន​ដៃ​ដល់។ រីឯ​ជន​ដៃ​ដល់ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​យក​មក​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​នៅ​ឡើយ​ទេ។

ភរិយា​របស់​សព​ជន​រងគ្រោះ​ដែល​នគរបាល​ស្រុក​ស្អាង វាយ​ស្លាប់​កាល​ពី​ខែ​តុលា គឺ​លោកស្រី ឃួន ស្រីមុំ បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ថា លោកស្រី​ព្រម​ទទួល​យក​ទឹក​ប្រាក់ ២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជា​សំណង​នោះ​ហើយ៖ «»។

លោកស្រី ឃួន ស្រីមុំ បន្ត​ទៀត​ថា ចំនួន​ទឹក​ប្រាក់​នេះ​មិន​គ្រប់​តាម​ការ​ទាមទារ​ដំបូង​ចំនួន ៦​ម៉ឺន ៥​ពាន់​ដុល្លារ​ទេ ប៉ុន្តែ​ដោយសារ​តែ​លោកស្រី​មិន​ចង់​បន្ត​រឿង​ក្ដី​នេះ​វែង​ឆ្ងាយ​ត​ទៅ​ទៀត។

នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) គឺ​លោក​មេធាវី ហុង គឹមសួន ពន្យល់​អំពី​ផ្លូវ​ច្បាប់​ថា ករណី​ស្លាប់​ដូច​នេះ មិន​អាច​បញ្ចប់​ដោយ​សំណង​បាន​ទេ៖ «»។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក សំរឹទ្ធ វាសនា មាន​ប្រសាសន៍​ថា ទោះ​ជា​មាន​ការ​សង​សំណង​នេះ​ក៏ដោយ ក៏​ខាង​លោក​នៅ​តែ​បន្ត​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​ដដែល៖ «ដីកា​ហៅ​នគរបាល​ទាំង ៣​រូប​នោះ»។
ជន​រងគ្រោះ​ឈ្មោះ ចំរើន សីហា អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​តានង់ ឃុំ​ក្រាំងអំពិល ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​តាខ្មៅ បន្ទាប់​ពី​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ៣​នាក់ ព្រួត​គ្នា​វាយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា។ ចំណែក​ជន​រងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ ទិត្យ លាភ អាយុ ២២​ឆ្នាំ ត្រូវ​ជា​ប្អូន​ថ្លៃ​អ្នក​ស្លាប់​បាន​របួស​ធ្ងន់។ បញ្ហា​នេះ កើត​ចេញ​ពី​ជម្លោះ​ជិះ​ម៉ូតូ​ជែង​គ្នា ហើយ​មន្ត្រី​នគរបាល​ចោទ​បុរស​ទាំង​ពីរ​នាក់​នោះ​ថា​ជា​ចោរ​ប្លន់។

នគរបាល​ដែល​ជាប់​ចោទ​ក្នុង​ករណី​សម្លាប់​នេះ មាន​ឈ្មោះ ឆៃ ស៊ីណា ជា​នាយ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ស្រុក ឈ្មោះ ភក្ដី វិទូ ជា​អធិការ​រង​នគរបាល​ស្រុក និង ឃាង សុថេង ជា​នាយ​រង​នគរបាល​បច្ចេកទេស​ស្រុក។

ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន ថ្លែង​បញ្ជាក់​បន្ថែម​ថា ខាង​លោក​នៅ​តែ​តាម​រក​ចាប់​នគរបាល​ទាំងនោះ ដោយ​អនុវត្ត​តាម​ដីកា​សម្រេច​របស់​ព្រះរាជអាជ្ញា៕

សង្គម​ស៊ីវិល​និង​ប្រជា​នេសាទ​បារម្ភ​ពី​ទិន្នផល​ត្រី​ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​នេះ


ត្រី​ដែល​អាជីវករ​ដាក់​លក់​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr


ប្រជា​នេសាទ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ​ពួកគេ​បាន​ទម្លាក់​កំហុស​ទៅ​លើ​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ការ​កើន​ឡើង​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ទ្រង់ទ្រាយ​ធំ បង្ក​ឲ្យ​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន​មាន​តម្លៃ​ខ្ពស់​កាន់​តែ​ខ្សត់​ស្ទើរ​ផុត​ពូជ។  ពួកគេ​អះអាង​ថា ត្រី​កម្រ​មាន​តម្លៃ​ខ្ពស់ ដូចជា​ត្រី​ប៉ាសេអ៊ី និង​ត្រី​ប៉ាវ៉ា​មុខ​ពីរ​ជាដើម បាន​ថយ​ចុះ​ខ្លាំង​នៅ​ឆ្នាំ​នេះ ព្រោះ​កម្រ​មាន​អ្នក​នេសាទ​ចាប់​បាន​ត្រី​នេះ​ដូច​ឆ្នាំ​មុនៗ​ណាស់។

ក្រុម​អ្នក​នេសាទ​សម្ដែង​ក្ដី​កង្វល់​ពី​សន្តិសុខ​ស្បៀង​ដែល​មាន​ក្នុង​តំបន់ និង​ជួយ​ទ្រទ្រង់​ជីវភាព​ពលរដ្ឋ​តាម​ដង​ទន្លេ​តាំង​ពី​ដើម​មក ប្រឈម​ការ​បាត់បង់​បន្តិច​ម្ដងៗ បង្ក​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ ខណៈ​ទិន្នផល​ត្រី​ដែល​អ្នក​នេសាទ​ចាប់​បាន​នៅ​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ខ្លាំង ហើយ​ការ​ដាក់​លក់​ត្រី​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង ក៏​ពុំ​សូវ​ឃើញ​មាន​ប្រភេទ​ត្រី​កម្រ​មាន​តម្លៃ​ដែរ  ដូចជា​ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវ៉ា​មុខ​ពីរ និង​ត្រី​ក្របី​ជាដើម។ បញ្ហា​នេះ​ជា​សញ្ញា​បង្ហាញ​ថា ត្រី​កម្រ​ទាំង​នោះ​អាច​ប្រឈម​ការ​ផុត​ពូជ។

​អាជីវករ​លក់​ត្រី​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង គឺ​លោកស្រី ឡូត វី កត់សម្គាល់​ថា ស្ទើរ​ជាង​រៀង​រាល់​ឆ្នាំ​នៅ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ គឺ​សំបូរ​ត្រី​ប៉ាសេអ៊ី និង​ត្រី​ប៉ាវ៉ា​មុខ​ពីរ ក៏ប៉ុន្តែ​ប្លែក​តែ​ឆ្នាំ​នេះ ក្រុម​អ្នក​នេសាទ​កម្រ​ចាប់​បាន​ប្រភេទ​ត្រី​ទាំង​នោះ​ណាស់។ លោកស្រី​ថា កាល​ពី​ចុង​ឆ្នាំ​២០១៥ អាជីវករ​រក​ចំណូល​ពី​ការ​លក់​ត្រី​ក្នុង​មួយ​ថ្ងៃ​ជាង ១០​ម៉ឺន​រៀល ក៏ប៉ុន្តែ​ឆ្នាំ​នេះ​លក់​បាន​ជាង ៣​ម៉ឺន​រៀល​ប៉ុណ្ណោះ។ លោកស្រី​សង្កេត​ឃើញ​ថា ត្រី​កម្រ​មាន​តម្លៃ​ក្នុង​តំបន់​ប្រឈម​គ្រោះថ្នាក់ ក្រោយ​ពី​មាន​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​តាម​ដងទន្លេ៖ «ឮ​សូរ​ថា មក​ពី​ទំនប់​វារីអគ្គិសនី​បិទ ហើយ​បិទ​ទៅ​វា​បាត់បង់​ត្រី​វា​នៅ​ទី​នោះ។ អត់​ចេញ​ទេ ត្រី​អត់​សូវ​មាន​ទេ។ រាល់​ឆ្នាំ​ត្រី​ប៉ាសេអ៊ី និង​ប៉ាវ៉ា ត្រូវ​ដល់​ហើយ តែ​ឥឡូវ​អត់​មាន​ទេ»។
ប្រជា​នេសាទ​នៅ​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក ហួត សេង  អះអាង​ថា មាន​កត្តា​ច្រើន​បង្ក​ឲ្យ​ទិន្នផល​ត្រី​ធ្លាក់​ចុះ ដូចជា​ទឹក​ទន្លេ​មេគង្គ ប្រែ​ល្អក់​ខុស​ប្រក្រតី  ការ​នេសាទ​ខុស​ច្បាប់​កើន​ឡើង និង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី។ លោក​ព្យាករ​ថា ទិន្នផល​ត្រី​នៅ​ឆ្នាំ​នេះ​បាន​ថយ​ចុះ​ប្រហែល ៥០​ភាគរយ ខណៈ​អ្នក​នេសាទ​មួយ​ចំនួន​មិន​អាច​ចាប់​ត្រី​បរិភោគ​លក្ខណៈ​គ្រួសារ​បាន​គ្រប់គ្រាន់ ហើយ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​បង្ខំ​ចិត្ត​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ដើម្បី​រក​ប្រាក់​ដោះ​បំណុល​ធនាគារ។ លោក​ថា អ្នក​នេសាទ​ខ្លះ​ដាក់​មង​ក្នុង​មួយ​ថ្ងៃ មិន​អាច​ចាប់​បាន​ត្រី​ប៉ាវ៉ា និង​ប៉ាសេអ៊ី សូម្បី​តែ​មួយ​ក្បាល៖ «ឆក់​មាន​ពីរ​ប្រភេទ ដូចជា​ឆក់​ក្តៅ និង​ឆក់​ត្រជាក់ ៣០​ម៉ែត្រ​វា​ឆក់​បាន។ មេត្រី​ធំៗ ២០​គីឡូ ទៅ ៣០​គីឡូ​ឡើង​មក​គេ​ថា​ឆក់​បាន»។

​ពលរដ្ឋ​រស់​នៅ​ក្រុង​ស្ទឹងត្រែង លោក នៅ បាន ក៏​បារម្ភ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​រស់​នៅ​តាម​ទន្លេ​ដែរ ព្រោះ​ទិន្នផល​ត្រី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​ធ្លាក់​ចុះ ហើយ​ចំនួន​អ្នក​នេសាទ​កាន់តែ​កើន​ឡើង។ លើស​ពី​នេះ ត្រី​ប៉ាសេអ៊ី នៅ​ឆ្នាំ​នេះ ក៏​កម្រ​មាន​អ្នក​នេសាទ​ចាប់​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ដូច​ឆ្នាំ​មុនៗ​ដែរ។ លោក​ត្អូញ​ថា ការ​ផុត​ពូជ​នៃ​ប្រភេទ​ត្រី​នេះ ជា​សញ្ញា​អវិជ្ជមាន​បង្ក​ធ្លាក់​ចុះ​ទិន្នផល​ត្រី ដែល​ជា​ផ្នែក​មួយ​បង្ក​ប៉ះពាល់​សេដ្ឋកិច្ច​ពលរដ្ឋ៖ «យើង​មិន​និយាយ​ត្រី​ធំ​ទេ និយាយ​ត្រី​ល្អិតៗ​សព្វ​បែប​យ៉ាង​គឺ​សុទ្ធតែ​ឆក់​ទាំង​អស់។ ព្រួយ​បារម្ភ​ចេះ​តែ​ព្រួយ​ហើយ តែ​ប្រជាជន​មិន​ដឹង​ធ្វើ​ម៉េច​វា​នៅ​លើ​រដ្ឋ​អំណាច និង​លើ​អាជ្ញាធរ​អ្នក​ការពារ​ទប់ស្កាត់​ប្រជាជន​មិន​ដឹង​ធ្វើ​ម៉េច​ទេ»។

​ប្រជា​នេសាទ​កត់សម្គាល់​ថា ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវ៉ា​មុខ​ពីរ និង​ត្រី​ក្របី​ជាដើម រស់​នៅ​តំបន់​សម្បូរ​ថ្ម ស្លែ និង​អន្លង់​ជ្រៅៗ ដែល​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​មាន​លទ្ធផល​ស្រាវជ្រាវ​ការវិវឌ្ឍន៍​នៃ​ការ​ពង​កូន​របស់​ត្រី​នេះ​ឡើយ តែ​គេ​អាច​ប្រមូល​ផល​ត្រី​ប៉ាសេអ៊ី បាន​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​កុម្ភៈ និង​ចន្លោះ​ខែ​ឧសភា ដល់​ខែ​មិថុនា រៀង​រាល់​ឆ្នាំ។

នាយ​ផ្នែក​រដ្ឋបាល​ជលផល ខេត្ត​​ស្ទឹងត្រែង លោក ទុំ នីរ៉ូ ធ្លាប់​មាន​ប្រសាសន៍​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ធំ​ដែល​មន្ត្រី​ជំនាញ​កំពុង​ខ្វល់ខ្វាយ មាន​ជា​អាទិ៍ ដែន​នេសាទ​ធំធេង ខ្វះខាត​សម្ភារៈ ខ្វះខាត​ធនធាន​មនុស្ស ដែល​មិន​អាច​បំពេញ​តម្រូវ​ការ​អភិរក្ស​នៃ​វិសាលភាព​ជលផល​បាន​នោះ​ទេ។

កាល​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១០ អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​ទាំង​បី នៃ​ខេត្ត​ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី បាន​បង្ហាញ​មោទនភាព​ចំពោះ​មច្ឆជាតិ​ដង​ទន្លេ ដែល​ផ្ដល់​នូវ​ភាព​សម្បូរ​ត្រី​ជា​ច្រើន​ប្រភេទ មិន​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។ ពលរដ្ឋ​អាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ចាប់​ត្រី​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ទ្រទ្រង់​ជីវភាព​គ្រួសារ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ទិញ​នៅ​ទីផ្សារ ហើយ​មាន​អ្នក​ភូមិ​ខ្លះ អាច​រក​ចំណូល​ពី​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​សល់​លក់​ចេញ​ទៅ​ទីផ្សារ​ទៀត​ផង ក៏ប៉ុន្តែ​ឆ្នាំ​នេះ​អ្នក​ភូមិ​ភាគ​ច្រើន​ត្អូញ​ថា ពួកគេ​ពុំ​សូវ​ចាប់​ត្រី​បាន។

កាល​ពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៤ ត្រី​ប៉ាសេអ៊ី ទម្ងន់​មួយ​គីឡូក្រាម​ឡើង​ទៅ​​​មាន​តម្លៃ​ប្រមាណ ១៦​ម៉ឺន​រៀល​ទៅ ២០​ម៉ឺន​រៀល (៤០ ទៅ ៥០​ដុល្លារ) និង​ត្រី​ប៉ាសេអ៊ី ទម្ងន់​តិច​ជាង​កន្លះ​គីឡូក្រាម​មាន​តម្លៃ ៥​ម៉ឺន​រៀល ដល់ ៧​ម៉ឺន​រៀល នៅ​លើ​ទីផ្សារ​ខេត្ត​ស្ទឹងត្រែង។

មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) ខេត្ត​ស្ទឹងត្រែង លោក ស្រែង មុន្នីចិន្ថា ទទួល​ស្គាល់​ការ​ធ្លាក់​ចុះ​ត្រីប៉ាសេអ៊ី  បង្ក​ការ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ជា​ពិសេស​ពលរដ្ឋ​មួយ​ចំនួន​ពឹង​ផ្អែក​លើ​ផល​នេសាទ។ លោក​ពន្យល់​ថា ការ​ប្រែប្រួល​របប​ទឹក​ទន្លេ ប៉ះពាល់​ស្លែ និង​កម្អែល​ថ្ម​ដែល​ជា​ចំណី​ដ៏​សំខាន់​របស់​ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវ៉ា និង​ត្រី​ក្របី ត្រូវ​រង​ការ​គំរាម​កំហែង។ លោក​បញ្ជាក់​ថា ស្លែ និង​កម្អែល​ថ្ម​កើត​ឡើង​តាម​លំហូរ​ទឹក​លក្ខណៈ​ធម្មជាតិ ហើយ​នៅ​គ្រា​មាន​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ធ្វើ​ឲ្យ​ស្លែ និង​កម្អែល​ថ្ម​ដែល​ជា​ចំណី​របស់​ត្រី​កម្រ​បាន​លាយឡំ​និង​ធាតុ​កខ្វក់​ផ្សេងៗ បង្ក​ការ​ប៉ះពាល់​ដល់​ជម្រក និង​ចំណី​របស់​ត្រី​ទាំង​នោះ។

លោក​ថា សហគមន៍​នេសាទ​រាយការណ៍​ថា  ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​តាម​ដង​ទន្លេ​កើត​មាន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ នៅ​ទីតាំង​ជ្រក​របស់​ត្រី​កម្រ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ ទន្លេ​សេកុង និង​ទន្លេ​សេសាន បណ្ដាល​ឲ្យ​ទិន្នផល​ត្រី​ធ្លាក់​ចុះ៖ «ត្រី​ដែល​ស៊ី​ស្លែ​​មាន​បញ្ហា​ប្រឈម​ការ​បាត់បង់​ចំណី ដែល​វា​មិន​អាច​រស់​នៅ​នៅ​កន្លែង​ហ្នឹង​បាន​យូរ។ ពី​មុន​វា​សំបូរ តែ​ឥឡូវ​គ្មាន​អី​ស៊ី វា​មិន​អាច​នៅ​កើត»។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ប្រសិនបើ​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ​កើត​ឡើង​ដោយ​ជោគជ័យ បង្ក​ឲ្យ​បរិមាណ​ត្រី​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទន្លេសាប​ធ្លាក់​ចុះ ៩,៣​ភាគរយ និង​កាត់​បន្ថយ​លំហូរ​ដី​ល្បាប់​ប្រហែល ៦​ភាគរយ ទៅ ៨​ភាគរយ ហើយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​រស់​តាម​ដង​ទន្លេ​មេគង្គ​ប្រឈម​ការ​ប៉ះពាល់​ជីវភាព និង​សន្តិសុខ​ស្បៀង។

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន សន្និដ្ឋាន​ថា មូលហេតុ​ដែល​អ្នក​នេសាទ​មិន​អាច​នេសាទ​ត្រី​កម្រ​ក្នុង​តំបន់​បាន ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ព្រោះ​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី​ប៉ាសេអ៊ី រស់​នៅ​ក្នុង​អន្លង់​ជ្រៅ ផ្សារភ្ជាប់​លំនឹង​ទឹក និង​សីតុណ្ហភាព​របស់​ទឹក​មិន​ទាន់​ដល់​កម្រិត​វា​ច្រាល​ឡើង ឬ​ចេញ​ពី​រូង​ថ្ម។ លោក​បញ្ជាក់​ថា ប្រភេទ​ត្រី​កម្រ​ទាំង​នោះ វា​រស់​នៅ​ជាប់​ថ្ម តែ​បើ​ថ្ម​ទន្លេ​មិន​ទាន់​ផុស​ឡើង​ទេ វា​ក៏​មិន​ទាន់​ច្រាល​ឡើង​ដែរ។

លោក​អះអាង​ថា ទិន្នផល​ត្រី​ធ្លាក់​ចុះ រួមផ្សំ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​ទំនប់​ដនសាហុង (Don Sahong) បាន​គំរាមកំហែង​លក្ខខណ្ឌ​ជីវសាស្ត្រ​របស់​ត្រី។ លោក​កត់សម្គាល់​ថា ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដូចជា​បោក​គ្រាប់​បែក ប្រើ​ចរន្តអគ្គិសនី​ឆក់​ត្រី និង​ឧបករណ៍​ដាក់​របាំង​រាំង​ព្រួល ឬ​អួន​ទន្លេ ក៏​ជា​បញ្ហា​បំបាត់​ពូជ​ត្រី​ដែរ៖ «យើង​មាន​ការ​ព្រួយ​បារម្ភ ការ​ព្រួយ​បារម្ភ​ទី​១ គឺ​ដំណើរ​ការ​អភិវឌ្ឍន៍​តាម​ដង​ទន្លេ ទី​២ ការ​កើន​ឡើង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​មាន​ខ្នាត​ធំ​ដូច​នៅ​បឹង​ទន្លេ​សាប​សុទ្ធតែ​រាប់ពាន់​ម៉ែត្រ ដូចជា​មិន​បាន​គិតគូរ​ដល់​ការ​អភិរក្ស​ត្រី​ទេ»។

​តំបន់​ទន្លេ​បី ដូចជា​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង គឺ​ជា​ប្រភព​នៃ​ជម្រក ត្រី​កម្រ​ក្នុង​តំបន់ ដូចជា​ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវា​មុខ​ពីរ ឬ​ត្រី​ប៉ាកក និង​ត្រី​ក្អែក​ជាដើម ហើយ​ត្រី​ទាំង​នោះ ច្រើន​រស់​នៅ​តំបន់​អូរ​ព្រះ ឬ​អន្លង់​ព្រះ គឺ​ជា​ចំណុច​ប្រសព្វ​គ្នា​រវាង​ទន្លេ​សេសាន និង​ទន្លេ​ស្រែ​ពក ជា​តំបន់​សម្បូរ​ថ្ម និង​ដង្ហើម​ទឹក​ហូរ​ធម្មជាតិ មាន​អុកស៊ីហ្សែន​ខ្ពស់។

​មន្ត្រី​សង្គម​ស៊ីវិល ព្យាករ​ថា ប្រភេទ​ត្រី​ប៉ាសេអ៊ី នឹង​ឈាន​ដល់​ការ​ផុត​ពូជ បើ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ មិន​មូល​គំនិត​គ្នា​អភិរក្ស​នៅ​តំបន់​ណា​មួយ​ឲ្យ​ជាក់លាក់ ដើម្បី​ធានា​ការ​បង្ក​កំណើត​របស់​ត្រី​ប្រភេទ​នេះ៕

អ្នក​ភូមិ​នៅ​សៀមរាប​ម្នាក់​ស្លាប់​និង​៤​នាក់​ឈឺ​ដោយ​សង្ស័យ​ពុល​ផ្អក​ត្រីប្រៃ


អ្នក​ភូមិ​បង្កោង សង្កាត់​អំពិល ធ្វើ​​មឈូស​សម្រាប់​ដាក់​សព​ស្ត្រី​ឈ្មោះ គង់ ផ្លយ ដែល​ស្លាប់​បន្ទាប់​ពី​ពិសា​ផ្អក​ត្រីប្រៃ​ជាមួយ​បន្លែ។ រូបថត​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth



មន្ត្រី​មន្ទីរ​សុខាភិបាល ខេត្ត​សៀមរាប បាន​ប្រមូល​យក​បន្លែ​ជា​ច្រើន​ប្រភេទ​ដូចជា​ត្រសក់ និង​ស្ពៃ ព្រម​ទាំង​ផ្អក​ត្រីប្រៃ​ពី​ភូមិ​បង្កោង សង្កាត់​អំពិល ក្រុង​សៀមរាប ដើម្បី​យក​ទៅ​ពិសោធ​រក​មូលហេតុ​ថា តើ​ជាតិ​ពុល​បណ្ដាល​មក​ពី​អ្វី?

ការ​ប្រមូល​យក​កាក​សំណល់​បន្លែ និង​ផ្អក​ត្រី​ប្រៃ ទៅ​ពិសោធន៍​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ចំនួន ៥​នាក់ ដែល​ក្នុង​នោះ​មាន​កុមារ​ចំនួន ៤​នាក់​ផង កើត​មាន​អាការៈ​ពុល ក្រោយ​ពី​ហូប​ត្រី​ប្រៃ​ជាមួយ​បន្លែ​ជា​ច្រើន​មុខ​មក។

ស្ត្រី​ចំណាស់​ម្នាក់​ក្នុង​ចំណោម​ក្មេង​ស្រី ៤​នាក់​ផ្សេង​ទៀត បាន​ស្លាប់​នៅ​ភូមិ​បង្កោង សង្កាត់​អំពិល ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប បន្ទាប់​ពី​គាត់​បាន​ហូប​ផ្អក​ត្រីប្រៃ ជាមួយ​នឹង​បន្លែ​ជា​ច្រើន​មុខ ហើយ​ពុល កាល​ពី​រាត្រី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ កន្លង​ទៅ។

ក្មេង​ស្រី​ម្នាក់ ក្នុង​ចំណោម​ប្អូន​តូចៗ ដែល​ពុល​អាហារ ៣​នាក់​ទៀត គឺ​នាង ពេជ្រ ស្រីលាក់ អាយុ ១៦​ឆ្នាំ។ នាង​មាន​ប្រសាសន៍​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​ធ្នូ ថា ជី​ដូន​នាង​បាន​នៅ​មើល​ថែរក្សា​រូប​នាង​ជាមួយ​នឹង​ប្អូនស្រី ៣​នាក់​ទៀត នៅ​ក្នុង​ផ្ទះ​ឈើ​ដ៏​ធំ​នេះ ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​នាង​មិន​នៅ គឺ​រវល់​ទៅ​ធ្វើ​ការ​នៅ​ឯ​ខេត្ត​កំពង់ធំ។
នាង ពេជ្រ ស្រីលាក់ បញ្ជាក់​ទៀត​ថា កាល​ពី​វេលា​ម៉ោង​ប្រហែល ៥​ល្ងាច ថ្ងៃ​ទី​១៣ ខែ​ធ្នូ ជីដូន​របស់​នាង​ឈ្មោះ គង់ ផ្លយ អាយុ ៧០​ឆ្នាំ បាន​យក​ផ្អក​ត្រីប្រៃ​ពី​អ្នក​ជិត​ខាង ហើយ​ក៏​ទៅ​ទិញ​បន្លែ​ស្ពៃ ត្រសក់ និង​ពពាយ មក​ធ្វើ​ជា​ម្ហូប​ឱ្យ​បងប្អូន​របស់​នាង​ទទួលទាន។ ក្នុង​ពេល​នោះ ជី​ដូន​របស់​នាង​បាន​ទទួល​ទាន​មុន​គេ រួច​ហើយ​អញ្ជើញ​ទៅ​សុំ​សីល​នៅ​ឯ​ទី​វត្ត។ រូប​នាង​និង​ប្អូនៗ​ក៏​ទទួលទាន​ផ្អក​ត្រី​ប្រៃ​នោះ​ដែរ ស្រាប់​តែ​ប្រហែល ២​ម៉ោង​ក្រោយ​មក ជីដូន​របស់​នាង​មាន​អាការៈ​ពុល ហើយ​បាន​ស្លាប់​នៅ​ក្នុង​ទី​វត្ត។ ចំណែក​រូប​នាង និង​ប្អូនៗ ពេល​ឭ​ថា ជី​ដូន​ស្លាប់ ក៏​នាំ​គ្នា​ទៅ​យក​សព ហើយ​ក៏​ដឹង​ខ្លួន​ថា មាន​អាការៈ​ពុល​ដែរ ក៏ប៉ុន្តែ​ត្រូវ​អ្នក​ភូមិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព រួច​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ក្នុង​ខេត្ត​សៀមរាប ទាន់​ពេល​វេលា៖ «ត្រី​ប្រៃ​នោះ អ៊ំ​របស់​ខ្ញុំ​ឱ្យ មាន​កំពឹស មាន​កូន​ត្រី​តូចៗ ប៉ុន្តែ​ពេល​ដែល​គេ​កូរ​បញ្ចូល​គ្នា​ទៅ ខ្ញុំ​អត់​ដឹង​ថា ក្នុង​នោះ​មាន​អ្វី​ខ្លះ​ទៀត​ទេ»។

ក្មេង​ស្រី​តូច​ម្នាក់​ទៀត​ដែល​ពុល​អាហារ​ដែរ​នោះ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​នាង​ទទួល​ទាន​ផ្អក​ត្រី​ប្រៃ និង​បន្លែ​រយៈពេល ២​ម៉ោង​ក្រោយ​មក​នាង​ចាប់​ផ្ដើម​មាន​អាការៈ​មិន​ស្រួល​នៅ​ក្នុង​ខ្លួន ក៏ប៉ុន្តែ​នាង​មិន​ប្រាកដ​ថា តើ​ជាតិ​ពុល​មាន​នៅ​ក្នុង​អ្វី​នោះ​ទេ៖ «តឹង​ពោះ ដក​ដង្ហើម​ក៏​ដូចជា​តឹងៗ ក្អួត។ ខ្ញុំ​ហូប​តែ​ត្រសក់​និង​ស្ពៃ អំពិល​ចិត​ដាក់​ជាមួយ​ផ្អក​ត្រី​ប្រៃ»។

បន្ទាប់​ពី​កើត​ហេតុការណ៍​ពុល​អាហារ​មក ប៉ូលិស​បាន​ចុះ​ទៅ​ប្រមូល​យក​សំណល់​បន្លែ និង​ផ្អក​ត្រី​ប្រៃ ដើម្បី​បញ្ជូន​ទៅ​មន្ទីរ​សុខាភិបាល​ពិសោធ​រក​ជាតិ​ពុល​ហើយ។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អំពិល លោក ស៊ុយ សេងអ៊ី បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ស្ត្រី​ម្នាក់​ដែល​ស្លាប់ និង​ក្មេង ៤​នាក់ ដែល​មាន​បញ្ហា​សុខភាព​នោះ ទំនង​ជា​ពុល​ផ្អក​ត្រី​ប្រៃ ដែល​ធ្វើ​មិន​ល្អ៖ «ពុល​ត្រី​ប្រៃ ព្រោះ​ត្រីប្រៃ កាល​ណា​ធ្វើ​មិន​ស្អាត មាន​សត្វ​ល្អិត​សត្វ​អី​នៅ​ក្នុង​នោះ វា​ពុល​ហើយ»។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ក្រូស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប ដើម្បី​សុំ​ការ​ពន្យល់​អំពី​លទ្ធផល​ពិសោធ​កាក​សំណល់​ដែល​ប្រមូល​យក​ពី​កន្លែង​ពុល​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ។

នៅ​ដើម​ខែ​ធ្នូ នេះ ខេត្ត​សៀមរាប មាន​ហេតុការណ៍​ពុល​អាហារ​ចំនួន ២​លើក​ហើយ។ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ កន្លង​ទៅ អ្នក​ភូមិ​ចុង​ស្រុក សង្កាត់​សៀមរាប ចំនួន ៣៦​នាក់ មាន​អាការៈ​ក្អួតចង្អោរ ទន់​ដៃជើង ដែល​គេ​សង្ស័យ​ថា អាច​ជា​ការ​ពុល​ផ្អក​ត្រីប្រៃ​នៅ​ក្នុង​ពិធី​បុណ្យ​សព ១​កន្លែង៕

ជីវប្រវត្តិ​សង្ខេប​របស់​ប្រធានាធិបតី​ហ្វីលីពីន​និង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា


ប្រធានាធិបតី​ហ្វីលីពីន ​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (រូប​លើក​ដៃ) ពេលមក​ដល់​កម្ពុជា នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev


ប្រធានាធិបតី​ទី​១៦ នៃ​ប្រទេស​ហ្វីលីពីន​ កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា។ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែល​ជាប់​ជា​ប្រធានាធិបតី​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦ បាន​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​ដែល​បាន​ធ្វើ​អោយ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រធានាធិបតី​ទាំង​ឡាយ​របស់​ប្រទេស​នេះ។

តើ​លោក​មាន​ជីវប្រវត្តិ​យ៉ាង​ណា​ខ្លះ? ហើយ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា របស់​លោក​ប្រធានាធិបតី​រូប​នេះ អាច​មាន​អត្ថន័យ​យ៉ាង​ណា​ខ្លះ​សម្រាប់​ទំនាក់ទំនង​កម្ពុជា-​ហ្វីលីពីន?

គឺ​លោក ឌូតឺតេ នេះ​ហើយ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា មាន​ចំណុច​មួយ​ចំនួន​ដូច​រូបលោក ជា​ពិសេស​គឺ​ការ​មិន​ចូលចិត្ត​អោយ​បរទេស​លូកលាន់​កិច្ចការ​ដែល​លោក​ចាត់​ទុក​ថា ជា​របស់​ប្រទេស​លោក៖ «ប៉ុន្តែ​ខ្ញុំ​ជាមួយ​ប្រធានាធិបតី​ត្រូវ​គ្នា​ហើយ ខ្ញុំ​ថា​យើង​ចរិត​ដូច​គ្នា ប៉ុន្តែ​ខ្ញុំ​និយាយ​អ៊ីចេះ​ទៅ​វិញ បើ​ប្រៀបធៀប​ឯកឧត្តម​អាយុ​ច្រើន​ជាង​ខ្ញុំ។ ចឹង​ខ្ញុំ​ដូច​ឯកឧត្តម មិន​មែន​ឯកឧត្តម​ដូច​ខ្ញុំ។ ចំពោះ​គាត់​គឺ​គាត់​ធុញទ្រាន់​ចំពោះ​រឿង​គេ​លូកលាន់​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គាត់។ នៅ​ក្នុង​ប្រជុំ​អាស៊ី​បូព៌ា គាត់​លេង​ម៉ង គាត់​ថា​អ្នក​ឯង​ចង់​និយាយ​ពី​ប្រជាធិបតេយ្យ ចង់​និយាយ​ពី​សិទ្ធិ​មនុស្ស? នេះ​សិទ្ធិ​មនុស្ស សិទ្ធិ​អាមេរិកាំង​សម្លាប់​ជនជាតិ​ហ្វីលីពីន ហើយ​ឥឡូវ​ក្រដាស​របស់​គាត់​ហ្នឹង សន្ទរកថា​គាត់​ឲ្យ​មក​ខ្ញុំ ព្រោះ​គាត់​កំពុង​ខឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ពីព្រោះ​លោក​កំពុង​បង្ក្រាប​ក្រុម​គ្រឿង​ញៀន»។

ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា ជា​លើក​ដំបូង​របស់​លោក ឌូតឺតេ នេះ គឺ ៣​​ខែ​ក្រោយ​ពេល​លោក​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ប្រទេស​ឡាវ។ ដំណើរ​មក​កាន់​កម្ពុជា​នេះ គឺ​ស្រប​ពេល​ដែល​លោក ឌូតឺតេ កំពុង​ធ្វើ​អោយ​មជ្ឈដ្ឋាន​អន្តរជាតិ​ភ្ញាក់​ផ្អើល​នៅ​ក្រោយ​ពេល​ដែល​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រកាស​ពី​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន។ លើស​ពី​នេះ​លោក​បាន​ប្រើប្រាស់​ពាក្យ​សម្ដី​អសុរោះ​ទៅ​លើ​មេដឹកនាំ និង​អង្គការ​ពិភពលោក​ធំៗ​ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង ដែល​ថ្កោលទោស និង​ទាមទារ​អោយ​លោក​បញ្ឈប់​សង្គ្រាម​បង្ហូរ​ឈាម​ក្នុង​រឿង​គ្រឿងញៀន។
មនុស្ស​ជិត ៦​ពាន់​នាក់​ត្រូវ​អាជ្ញាធរ​ហ្វីលីពីន បញ្ជាក់​ថា ត្រូវ​បាញ់​សម្លាប់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន រួម​ទាំង​អ្នក​ប្រើប្រាស់ ចែកចាយ និង​ជួញដូរ នៅ​ក្នុង​រយៈពេល ៦​ខែ​មក​នេះ។

បណ្ដាញ​ព័ត៌មាន​ក្នុង​ប្រទេស​ហ្វីលីពីន នៅ​ដើម​ខែ​ធ្នូ​នេះ បាន​ស្រង់​សម្ដី​របស់​លោក ឌូតឺតេ ដែល​ថា រូប​លោក​មិន​មែន​ជា​ឃាតក​ឡើយ លោក​មិន​ដែល​សប្បាយ​រីករាយ ឬ​ចូលចិត្ត​មើល​ឃើញ​មនុស្ស​ដេក​ស្ដូកស្ដឹង ហើយ​ឈាម​ហូរ​ជោក​ខ្លួន​នោះ​ដែរ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បាន​គំរាម​​ថា នឹង​បាញ់​សម្លាប់​មន្ត្រី ឬ​ប៉ូលិស​ណា ដែល​បាន​សម្លាប់​មនុស្ស​ស្លូត​ត្រង់។ លោក​ថា មន្ត្រី​មិន​ត្រូវ​សម្លាប់​អ្នក​ដែល​លុតជង្គង់​ទទួល​កំហុស ដែល​ត្រូវ​ចង​ដៃ​ទៅ​ក្រោយ ហើយ​មន្ត្រី​សមត្ថកិច្ច​ដែល​ល្មើស​នឹង​ត្រូវ​លោក​បាញ់​សម្លាប់។ លោក​ថា មាន​មន្ត្រី​មិន​តិច​ជាង ២.០០០​នាក់​ទេ​ដែល​កំពុង​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿងញៀន។ លោក​អះអាង​ថា លោក​នឹង​មិន​បក​ក្រោយ​ទេ លុះ​ណា​តែ​លោក​បាន​នាំ​អោយ​មាន​ការ​ផ្លាស់ប្ដូរ​អោយ​ប្រទេស​ហ្វីលីពីន ពោល​គឺ​ជា​ប្រទេស​ដែល​រួចផុត​ពី​ការ​ញាំញី​នៃ​គ្រឿងញៀន។ លោក​ថា សង្គ្រាម​នឹង​ឆាប់​ចប់​បើ​អ្នក​ជួញដូរ​គ្រឿងញៀន​បញ្ឈប់​ជំនួញ​របស់​ខ្លួន​ដែរ។

បើ​ទោះ​ជា​យ៉ាង​ណា លោក​ក៏​ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​ផ្សព្វផ្សាយ​ថា បាន​ការពារ​មន្ត្រី​ម្នាក់​ក្នុង​ករណី​សង្ស័យ​ថា បាញ់​សម្លាប់​ចៅហ្វាយ​ក្រុង​នៅ​ក្នុង​ពន្ធនាគារ។

លោក ឌូតឺតេ ដែល​មាន​វ័យ ៧១​ឆ្នាំ ជា​ប្រធានាធិបតី​ដែល​ចាស់​ជាង​គេ និង​ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រធានាធិបតី​ទាំង​១៦ របស់​ហ្វីលីពីន។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​ថា រយៈពេល​ប៉ុន្មាន​ខែ​នៃ​ការ​កាន់​អំណាច​របស់​លោក ឌូតឺតេ មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​ការ​កាន់​អំណាច​របស់​ប្រធានាធិបតី​ផ្ដាច់ការ លោក ហ្វែឌីណាន់ ម៉ាខូស (Ferdinand Marcos) ដែល​បញ្ចប់​ក្នុង​ឆ្នាំ​១៩៨៦ នោះ​ទៀត។ ពួកគេ​ហៅ លោក ឌូតឺតេ ថា ជា​អ្នក​ដាក់​ទណ្ឌកម្ម។

លោក ឌូតឺតេ កើត​នៅ​ក្នុង​ត្រកូល​អ្នក​ចេះ​ដឹង​ជាប់​សែស្រឡាយ​ចិន នៅ​ក្នុង​តំបន់ មីនដាណាវ (Mindanav) ដោយ​មាន​ឪពុក​ជា​មេធាវី និង​ម្ដាយ​ជា​គ្រូ​បង្រៀន។ លោក​រៀន​ចប់​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ។ លោក​ធ្លាប់​ជា​រដ្ឋអាជ្ញា​នៅ​ក្នុង​ក្រុង​កំណើត​របស់​លោក​គឺ​ក្រុង​ដាវ៉ាវ (Davoa) ពី​ឆ្នាំ​១៩៧៧ រហូត​ដល់​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៨៦ ទើប​លោក​ត្រូវ​តែងតាំង​ជា​ចៅហ្វាយ​រង​ក្រុង។ លោក​បាន​ជាប់​ឆ្នោត​ជា​ចៅហ្វាយ​ក្រុង នៅ ២​ឆ្នាំ​ក្រោយ​មក ហើយ​បាន​ឋិត​ក្នុង​តួនាទី​នេះ​អស់​រយៈពេល ១០​ឆ្នាំ។ លោក​បាន​ជាប់​ជា​តំណាង​ពលរដ្ឋ​ក្នុង​តំបន់​ក្នុង​ឆ្នាំ​២០០១ ហើយ​បាន​ត្រឡប់​មក​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​វិញ​រហូត​ដល់​ឆ្នាំ​២០១០។ លោក​ក៏​ធ្វើ​ជា​ជំនួយ​ការ​កូនស្រី​របស់​លោក ដែល​បាន​ជាប់​ជា​ចៅហ្វាយ​ក្រុង​ជំនួស​រូប​លោក​មួយ​អាណត្តិ លុះ​ដល់​ឆ្នាំ​២០១៣ លោក​បាន​ត្រឡប់​ទៅ​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​វិញ និង​ចុង​ក្រោយ​នេះ​លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី​១៦ របស់​ហ្វីលីពីន។

នៅ​ក្នុង​ការឃោសនា​បោះឆ្នោត​ប្រធានាធិបតី លោក ឌូតឺតេ បាន​ប្រកាស​ពី​ការ​បោស​សំអាត​គ្រឿងញៀន ដែល​ឈាន​ទៅ​ដល់​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ក្រោយ​លោក​បាន​តួនាទី។ ការ​លើក​យក​អំណះអំណាង​ពី​ចំណុច​ល្អៗ ដែល​កើត​ឡើង​ក្រោម​ស្នាដៃ​របស់​លោក​នៅ​ពេល​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​ដាវ៉ាវ នោះ​ហើយ​ដែល​ជា​ចំណែក​សំខាន់​មួយ​ធ្វើ​​អោយ​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។ លោក​ក៏​ធ្លាប់​ប្រើប្រាស់​កណ្ដាប់​ដៃ​ដែក​​បែប​នេះ​ដែរ នៅ​ពេល​លោក​នៅ​ជា​ចៅហ្វាយ​ក្រុង ហើយ​បាន​ធ្វើ​អោយ​បទ​ឧក្រិដ្ឋ​ក្នុង​ក្រុង​ថយ​ចុះ ប្រែ​ក្លាយ​ក្រុង​នេះ​ជា​ទី​មាន​សុវត្ថិភាព​មិន​ធ្លាប់​មាន​ពី​មុន។

អ្នក​យក​ព័ត៌មាន​របស់​​សារព័ត៌មាន ឌឹ អាត្លង់ទិច(The Atlantic) បាន​រំលឹក​ថា គេ​ធ្លាប់​ជួប​ជជែក​ជាមួយ​លោក ឌូតឺតេ កាល​លោក​នៅ​ជា​ចៅហ្វាយ​ក្រុង ក្នុង​ឆ្នាំ​១៩៨៨ កាល​ណោះ​លោក​បាន​និយាយ​ពី​ផែនការ​ក្នុង​ការ​កែប្រែ​ទីក្រុង​របស់​លោក ពេល​នោះ​លោក​ក៏​បាន​និយាយ​ពី​ការ​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​ដែរ។ លោក ឌូតឺតេ រំលឹក​​ថា មាន​ពេល​មួយ​មាន​ការ​បាញ់​ត​គ្នា​រវាង​ប៉ូលិស​ក្រុង និង​ក្រុម​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​មាន​របួស​សង្ខាង។ អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​របួស​មិន​ទាន់​ស្លាប់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ ពេល​នោះ​លោក​បាន​ទៅ​ដល់​មន្ទីរពេទ្យ​ ហើយ​បាន​ផ្ដាច់​ចោល​សម្ភារៈ​សង្គ្រោះ​បន្ទាន់​ទាំង​អស់។ អ្នក​យក​ព័ត៌មាន​ដដែល​ក៏​បាន​លើក​ឡើង​ពី​ព័ត៌មាន​ដែល​ថា លោក ឌូតឺតេ ក៏​ធ្លាប់​ច្រាន​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ទម្លាក់​ពី​លើ​ឧទ្ធម្ភាគចក្រ​ដែរ។

ចំពោះ​នយោបាយ​ការបរទេស​នៅ​ក្រោយ​ឡើង​កាន់​តំណែង​ លោក ឌូតឺតេ បាន​ប្រកាស​ថា នឹង​ចាប់​យក​ទំនាក់​ទំនង​ជាមួយ​ចិន និង​ងាក​ចេញ​ពី​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ជម្លោះ​នៅ​សមុទ្រ​ចិន ភាគ​ខាង​ត្បូង​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ លោក​ថែម​ទាំង​ប្រកាស​ដក​ខ្លួន​ចេញ​ពី​អង្គការ​សហប្រជាជាតិ​ផង។

ចំពោះ​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ មើល​ឃើញ​ថា អ្នក​ទាំង​២ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌូតឺតេ ពិត​ជា​មាន​ចំណុច​ជាច្រើន​ដូច​គ្នា។

បើ​ទោះ​ជា​យ៉ាង​ណា លោក អ៊ូ វីរៈ នៅ​តែ​មើល​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ហ្វីលីពីន អាច​អាក្រក់​ជាង​កម្ពុជា ពិត​មែន​ថា ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ប្រកាស​មិន​ចង់​បន្ត​ចូល​រួម​ជាមួយ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដូច​គ្នា​ក៏​ដោយ៖ «រឿង​គោល​នយោបាយ​រិះគន់​សហរដ្ឋ​អាមេរិក ប្រើ​ពាក្យ​អសុរោះ​អី​ហ្នឹង គឺ​ដូច​គ្នា។ បើ​ខ្ញុំ​ប្រៀបធៀប​ខ្ញុំ​ថា​ឥឡូវ​នេះ​ហ្វីលីពីន មាន​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាង មាន​អំពើ​ហិង្សា​ជាង មាន​និទ្ទណ្ឌភាព​ជាង មាន​ការ​សម្លាប់​ដោយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាង ការ​សម្លាប់​ហ្នឹង​ក៏​មិន​ចាំបាច់​មាន​ភស្តុតាង​ជាង។ ចំពោះ​កម្ពុជា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស គឺ​មាន​ច្រើន​តែ​កម្ពុជា នៅ​នឹងធឹង​ជាង»។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា របស់​លោក ឌូតឺតេ គឺ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ មាន​ពលរដ្ឋ​ហ្វីលីពីន ចំនួន ៥​នាក់ នៅ​កម្ពុជា បាន​លើក​បដា​តវ៉ា ដោយ​បិទ​មុខ​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង​ក្នុង​រយៈពេល​ខ្លី។ ពួកគេ​ទាមទារ​អោយ​ប្រធានាធិបតី​បញ្ឈប់​ការ​សម្លាប់​មនុស្ស​ដោយសារ​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​អនុវត្ត​នីតិរដ្ឋ និង​គោរព​សិទ្ធិ​មនុស្ស។ ពួក​គេ​បញ្ជាក់​ថា មាន​មនុស្ស​មិន​តិច​ទេ​ជា​ជន​ស្លូតត្រង់​ដែល​ត្រូវ​ស្លាប់​ក្នុង​សង្គ្រាម​បង្ហូរ​ឈាម​នេះ។

ទាក់ទិន​នឹង​ដំណើរ​មក​កម្ពុជា របស់​លោក ឌូតឺតេ នេះ លោក អ៊ូ វីរៈ មើល​ឃើញ​ថា កម្ពុជា និង​ហ្វីលីពីន ពុំ​មាន​ទំនាក់ទំនង​គ្នា​ធំដុំ​ទេ ទាំង​ផ្នែក​សេដ្ឋកិច្ច យោធា ឬ​សន្តិសុខ។ លោក​ថា ចំណុច​ដែល​ហ្វីលីពីន ចាប់​អារម្មណ៍​ជាមួយ​កម្ពុជា គឺ​ទំនាក់ទំនង​កម្ពុជា និង​ចិន។ លោក​បន្ត​ថា ជម្លោះ​នៅ​សមុទ្រ​ចិន ភាគ​ខាង​ត្បូង​គឺ​ជា​ប្រធានបទ​សំខាន់​សម្រាប់​ប្រធានាធិបតី​មីយ៉ាន់ម៉ា ឬ​ភូមា៖ «គឺ​លោក ឌូតឺតេ បាន​បង្ហាញ​ថា​លោក​ចង់​ចរចា​ជាមួយ​ចិន ដោយ​ផ្ទាល់ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ការ​ចរចា​នេះ ប្រហែល​ជំរុញ​ឲ្យ​អាស៊ាន​ទាំងមូល​ចូលរួម​ដើម្បី​ចរចា​ក្នុង​ការ​សហការ​ឃ្លាំ​មើល ឬ​មួយ​សម្របសម្រួល។ ចំពោះ​ប្រទេស​នៅ​អាស៊ាន​ទាំងមូល ជាពិសេស​កម្ពុជា ដើម្បី​ចូលរួម​ជួយ​សម្របសម្រួល ឬ​ជួយ​នាំ​សារ​នៅ​ពេល​ដែល​ប្រទេស​ទាំង​២ (ចិន និង​ហ្វីលីពីន ត្រូវ​ការ​ពាក់ព័ន្ធ​គ្នា)»។

របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ឌូតឺតេ នៅ​លើក​នេះ គឺ​កម្ពុជា និង​ហ្វីលីពីន​នឹង​ព្រមព្រៀង​គ្នា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​កីឡា។

លោក អ៊ូ វីរៈ មើល​ឃើញ​ថា កិច្ច​ព្រមព្រៀង​នេះ​ជា​តម្រូវ​ការ ប៉ុន្តែ​លោក​ក៏​បារម្ភ​ថា ការ​ជួប​ប្រជុំ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​តែងតែ​ជ្រើសរើស​ប្រទេស​ហ្វីលីពីន ជា​ទីតាំង​អាច​នឹង​ត្រូវ​រឹត​ត្បិត។ លោក​ថា រឿង​បែប​នេះ​ធ្លាប់​កើត​ឡើង​រួច​ហើយ​នៅ​ពេល​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​ថៃ៖ «ជា​ការ​ព្រួយ​បារម្ភ​មួយ​ដែរ​ចំពោះ​គណបក្ស​ប្រឆាំង ព្រោះ​គាត់​ខ្លាច​ថា​នៅ​ហ្វីលីពីន មាន​គេ​លួច​ថត ឬ​មួយ​ក៏​មាន​គេ​លួច​តាមដាន ឬ​មួយ​ក៏​មាន​បញ្ហា​អី ហ្វីលីពីន អាច​សហការ​ជាមួយ​កម្ពុជា ខ្ញុំ​មើល​ទៅ គឺ​លំនាំ​ដូច​នៅ​ប្រទេស​ថៃ»។

លោក អ៊ូ វីរៈ ក៏​បាន​ជំរុញ​អោយ​មេដឹកនាំ​ប្រទេស​ទាំង​២ ត្រូវ​ពិចារណា​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ប្រកាន់​យក​ភាព​ចាស់ទុំ​ទាំង​ក្នុង​នយោបាយ នីតិរដ្ឋ និង​សិទ្ធិមនុស្ស។ លើស​ពី​នេះ​អ្នក​ទាំង​២ ជា​ពិសេស​កម្ពុជា ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ចាប់​យក​ចិន និង​មិន​ត្រូវ​បោះបង់​អង្គការ​សហប្រជាជាតិ​ឡើយ ចៀសវាង​បញ្ហា​ទៅ​ថ្ងៃ​អនាគត៕

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នឹង​បង្ហាញ​របាយការណ៍​ស្ថានភាព​ព្រៃ​ឈើ​នៅ​ថ្ងៃ​ទី​១៥​ធ្នូ


គោយន្ត​ដឹក​ជញ្ជូន​ឈើ​នៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ធីង៉ា (Thy Nga) នៅ​ខេត្ត​ព្រះវិហារ ជាប់​ព្រំប្រទល់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០១៦។ Photo provided



សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ចាត់​ទុក​ព្រៃ​ឡង់​ជា​ព្រៃ​ដែល​មាន​ទំហំ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​ឥណ្ឌូ-ភូមា។ ទន្ទឹម​គ្នា​នេះ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​របាយការណ៍​ឃ្លាំ​មើល​លើក​ទី​៥ ស្តី​អំពី​ស្ថានភាព​ព្រៃ​នៅ​តំបន់​ព្រៃ​ឡង់ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នៅ​ផ្ទះ​មេត្តា (Meta House) រាជធានី​ភ្នំពេញ។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ព្រួយ​បារម្ភ​ពី​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឡង់​ដែល​កំពុង​តែ​កើត​មាន​ឥត​ឈប់​ឈរ។ ទន្ទឹម​គ្នា​នេះ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​គ្រប់គ្រង​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ឡង់។

ជាង​នេះ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង ៤​ខេត្ត ដែល​បាន​ឃ្លាំ​មើល​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ឡង់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ អះអាង​ថា ជន​ល្មើស​អនាធិបតេយ្យ អ្នក​មាន​អំណាច និង​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន នៅ​តែ​បន្ត​សកម្មភាព​កាប់​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់ និង​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ជាច្រើន​កន្លែង​ផង​ដែរ៕

ក្រុម​តន្ត្រី​ជន​ពិការ​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ការ​រៀបចំ​កន្លែង​សម្ដែង​សិល្បៈ​នៅ​វត្ត​ភ្នំ


ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ប្រគំ​តន្ត្រី​នៅ​ចំណុច​ស្តុប​អាងទឹក​អូឡាំពិក នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Um Raingsy



ក្រុម​តន្ត្រី​ជន​ពិការ​ដែល​តែង​ប្រគំ​សម្ដែង​តាម​ផ្សារ និង​តាម​ដង​ផ្លូវ​សាធារណៈ ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ផ្អាក​សកម្មភាព​ច្រៀង​រៃអង្គាស​ថវិកា​តាម​ទី​សាធារណៈ ដោយ​រង់ចាំ​សម្ដែង​សិល្បៈ​នៅ​ទីតាំង​រមណីយដ្ឋាន «វត្ត​ភ្នំ»។ ចំណែក​ឯ​ក្រសួង​សង្គមកិច្ច បាន​ស្នើ​ឲ្យ​ក្រុម​តន្ត្រី​ជន​ពិការ​យោគយល់ រង់ចាំ​មួយ​រយៈ​សិន ព្រោះ​រដ្ឋាភិបាល​កំពុង​ខិតខំ​ជំរុញ​សកម្មភាព​នេះ។

ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ដែល​តែង​ប្រគំ​សម្ដែង​តាម​ផ្សារ និង​តាម​ដង​ផ្លូវ​សាធារណៈ សុំ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​នីតិវិធី​ឲ្យ​ដំណើរ​សម្ដែង​សិល្បៈ​នៅ​ទីតាំង​រមណីយដ្ឋាន «វត្ត​ភ្នំ» ឲ្យ​បាន​ឆាប់។

ទន្ទឹម​គ្នា​នេះ ក្រុម​តន្ត្រី​ជន​ពិការ​អះអាង​ថា ពួក​គាត់​បាន​ផ្អាក​សកម្មភាព​ច្រៀង​រៃអង្គាស​ថវិកា​តាម​ទី​សាធារណៈ ដោយ​រង់ចាំ​ដំណើរ​សម្ដែង​សិល្បៈ​នៅ​ទីតាំង​រមណីយដ្ឋាន «វត្ត​ភ្នំ» ស្ថិត​នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ផ្តល់​ទីតាំង​រមណីយដ្ឋាន «វត្ត​ភ្នំ» នេះ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ជន​ពិការ​សម្ដែង​សិល្បៈ​នៅ​ទីនោះ ល្អ​ជាង​សម្ដែង​នៅ​តាម​ដង​ផ្លូវ ឬ​ស្ដុប​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

ករណី​នេះ ប្រធាន​សមាគម​តន្ត្រី​ចម្រៀង​ជន​ពិការ លោក ចាប់ តួ ឲ្យ​ដឹង​ថា ក្រោយ​ការ​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ និង​តំណាង​ជន​ពិការ និង​មន្ត្រី​ពាក់ព័ន្ធ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ជន​ពិការ​ចំនួន ១៩​ក្រុម បាន​ឯកភាព​គ្នា​បញ្ចូល​ជា ៥​ក្រុម​ធំ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​រួច​រាល់​ហើយ។ លោក​ថា​រហូត​មក​ដល់​ពេល​នេះ ក្រុម​ជន​ពិការ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់ ថា​នឹង​អាច​ឲ្យ​ពួក​គាត់​ចាប់​ផ្ដើម​សម្ដែង​នៅ​ទីតាំង​វត្ត​ភ្នំ នៅ​ថ្ងៃ​ណា​ប្រាកដ​នៅ​ឡើយ។
លោក​បន្ត​ថា ខណៈ​នេះ ក្រុម​តន្ត្រី​ជន​ពិការ​ស្វាគមន៍​ចំពោះ​វិធានការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្រេច​ផ្អាក​សកម្មភាព​ច្រៀង​បណ្ដោះអាសន្ន ដើម្បី​កំពុង​រង់ចាំ​ដំណើរ​ការ​វិធានការ​របស់​រដ្ឋាភិបាល។ ហេតុ​នេះ លោក​ថា​ចង់​ឃើញ​ក្រសួង​សង្គមកិច្ច និង​សាលា​រាជធានី​ភ្នំពេញ ពន្លឿន​វិធានការ​នេះ​ឲ្យ​ឆាប់​អនុវត្ត​វិធានការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​ជន​ពិការ​មាន​ទំនុក​ចិត្ត និង​បង្ហាញ​ពី​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ៖ «ពួក​ខ្ញុំ​ដឹង​ថា ក្រសួង​សង្គមកិច្ច កំពុង​ខិតខំ​ដោះស្រាយ​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​ស្នើ​ឲ្យ​ក្រសួង​សង្គមកិច្ច និង​សាលា​រាជធានី សុំ​ឲ្យ​ពន្លឿន​ទីតាំង​វត្ត​ភ្នំ ដើម្បី​សម្ដែង ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​ប្រសាសន៍​របស់​សម្ដេច​គ្មាន​ប្រសិទ្ធភាព និង​គ្មាន​ន័យ​នោះ​ទេ»។

ឆ្លើយតប​នឹង​ក្រុម​តន្ត្រី​ជន​ពិការ ពន្លឿន​រដ្ឋាភិបាល​ឲ្យ​ឆាប់​ដំណើរ​សម្ដែង​សិល្បៈ​នៅ​ទីតាំង​រមណីយដ្ឋាន «វត្ត​ភ្នំ» អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក ឯម ច័ន្ទមករា ឲ្យ​ដឹង​ថា ក្រសួង​សង្គមកិច្ច ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ នឹង​បញ្ជូន​របាយការណ៍​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត និង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ជន​ពិការ ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សម្រេច​ថា​នឹង​អាច​អនុញ្ញាត​ឲ្យ​ចាប់​ផ្តើម​នៅ​ពេល​ណា។

ទន្ទឹម​គ្នា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច រូប​នេះ អំពាវនាវ​ឲ្យ​ក្រុម​តន្ត្រី​ជន​ពិការ​ទាំងអស់ យោគយល់ និង​អត់ធ្មត់ ព្រោះ​ក្រសួង​នឹង​ពន្លឿន​អនុវត្ត​ដំណើរ​សម្ដែង​របស់​តន្ត្រី​ជន​ពិការ​នៅ​ពេល​ឆាប់ៗ​នេះ៖ «សូម​ឲ្យ​បង​ប្អូន​ទាំងអស់​គ្នា​យល់​យោគ​យើង​បន្តិច ដើម្បី​យើង​ដំណើរ​ការ​នីតិវិធី​នេះ ដើម្បី​ផ្តល់​របាយការណ៍ ថា​តើ​ក្រុម​ចំនួន​១៩ ដែល​បញ្ចូល​គ្នា​ទៅ​ជា ៥​ក្រុម មាន​ក្រុម​ណា​ខ្លះ​ដើម្បី​ជាក់​ជូន​ប្រមុខ​រដ្ឋាភិបាល​សិន យ៉ាង​យូរ​សប្ដាហ៍​ក្រោយ យើង​នឹង​បាន​ចម្លើយ​ហើយ»។

ក្នុង​ទិវា​ជន​ពិការ​កម្ពុជា លើក​ទី​១៨ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៤ ក្រោម​ប្រធានបទ «ផ្តល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ​ក្នុង​គ្រប់​វិស័យ ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព» កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ទុក​ឲ្យ​ជន​ពិការ​សម្ដែង​សិល្បៈ​នៅ​តាម​ផ្លូវ ឬ​ស្ដុប​ក្នុង​រាជធានី​ភ្នំពេញ គឺ​អាច​បង្ក​បញ្ហា​សណ្ដាប់ធ្នាប់ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ។

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ជន​ពិការ​កុំ​ទៅ​សម្ដែង​នៅ​តាម​ដង​ផ្លូវ ឬ​នៅ​ក្នុង​ទីផ្សារ​តូច​ចង្អៀត​ដែល​អាច​បង្ក​បញ្ហា​សណ្ដាប់ធ្នាប់ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​ជំរុញ​ឲ្យ​ជន​ពិការ​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​ឧបករណ៍​អាជីវកម្ម​របស់​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឡើយ។ លោក ហ៊ុន សែន ប្រកាស​ជួយ​ទំនុក​បម្រុង​ឧបករណ៍​តន្ត្រី​ឲ្យ​បាន​ល្អ​សមរម្យ​ដល់​ជន​ពិការ​សម្រាប់​សម្ដែង។

បន្ថែម​ពី​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ជន​ពិការ​ដែល​សម្ដែង​តាម​ស្តុប​ដែល​បំបែក​ជា​ក្រុម​តូចៗ មក​រួម​បញ្ចូល​គ្នា​ជា​ក្រុម​ធំ ដើម្បី​យក​ទីតាំង​វត្ត​ភ្នំ​សម្ដែង​រួម​គ្នា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ជន​ពិការ​ដែល​តែង​ធ្វើ​សកម្មភាព​ដើរ​ច្រៀង​តាម​ទី​សាធារណៈ ដើម្បី​រៃអង្គាស​ថវិកា​ចិញ្ចឹម​ជីវិត នៅ​តែ​ព្រួយ​បារម្ភ​ថា ដំណោះស្រាយ​របស់​រដ្ឋាភិបាល​នឹង​មិន​មាន​ប្រសិទ្ធភាព ប្រសិន​បើ​វិធានការ​នេះ​មិន​បាន​ពិគ្រោះ​យោបល់​ជា​មុន ដើម្បី​ដឹង​ពី​តម្រូវ​ការ​ចាំបាច់ និង​ស្ថានភាព​ជាក់ស្តែង​របស់​ជន​ពិការ ដែល​ប្រកប​របរ​ច្រៀង​តាម​ទី​សាធារណៈ​នោះ៕

កម្ពុជា​នឹង​រៀបចំ​កម្មវិធី​រត់​ប្រណាំង​សង្គម​មួយ​គ្មាន​ពិការភាព​នៅ​ថ្ងៃ​ទី​១៥​ធ្នូ


ជន​ពិការ​រង់ចាំ​រថយន្ត​ក្រុង​នៅ​ចំណត​រថយន្ត​ក្រុង​ផ្លូវ​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth


អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ថា ក្រសួង​នឹង​រៀបចំ​កម្មវិធី​រត់​ប្រណាំង​សង្គម​មួយ​គ្មាន​ពិការភាព​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​អបអរ​ទិវា​ជន​ពិការ​កម្ពុជា លើក​ទី​១៨ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៤ ក្រោម​ប្រធានបទ «ផ្តល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ​ក្នុង​គ្រប់​វិស័យ ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព»។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក ឯម ច័ន្ទមករា បាន​ប្រាប់​អាស៊ីសេរី​ថា កម្មវិធី​រត់​ប្រណាំង​សង្គម​មួយ​គ្មាន​ពិការភាព ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ រៀបចំ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង ៥:៣០​ព្រឹក ដល់​ម៉ោង ៩​ព្រឹក។

លោក​បន្ត​ថា កម្មវិធី​រត់​ប្រណាំង​សង្គម​មួយ​គ្មាន​ពិការភាព ដែល​មាន​កិច្ច​សហការ​ជាមួយ​សហព័ន្ធ​យុវជន​កម្ពុជា នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង ១.៥០០​នាក់ ដែល​ភាគច្រើន​ជា​ជន​ពិការ​គ្រប់​ប្រភេទ​មក​ពី​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ ដើម្បី​ប្រកួត​ប្រជែង​វិញ្ញាសា​ចំនួន​១៥៖ «គឺ​យើង​នឹង​រៀបចំ​កម្មវិធី​រត់​ប្រណាំង ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព ដោយ​មាន​ការ​ចូលរួម​ពី​សាធារណៈ និង​បង​ប្អូន​ជន​ពិការ​ប្រមាណ ១.៥០០​នាក់ ដោយ​យើង​នឹង​បែងចែក​វិញ្ញាសា​ធំ​ចំនួន ១៥​វិញ្ញាសា ដែល​មាន​ការ​រត់​ប្រណាំង​ជន​ពិការ​បុរស និង​ស្ត្រី​ផ្សេងៗ​គ្នា ជន​ពិការ​ដៃ ជន​ពិការ​ជិះ ជន​ពិការ​ដៃ ជាដើម ហើយ​ចុង​ក្រោយ​អ្នក​ចូលរួម​ទាំងអស់ នឹង​រត់​រួម​គ្នា​ប្រមាណ ៥០០​ម៉ែត្រ»។

អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច រូប​នេះ បាន​អំពាវនាវ​ឲ្យ​សាធារណជន​ចូលរួម​អបអរ​ពិធី​នេះ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​នៅ​កម្ពុជា៕

តើមួយណាគួរកើតមានជាមុន? លុយច្រើនឬកិច្ចការល្អ?




RE: ក្រសួង​អប់រំ​ប្រកាស​ឲ្យ​សាលារៀន​ក្នុង​រាជធានី​ចូល​រួម​ប្រឡង​​សាលារៀន​ស្អាត​បរិស្ថាន​ល្អ

(ដោយជូលាងហាក់)


នៅកម្ពុជា ក្នុងចំណោមទីកន្លែងស្អាតៗទាំងអស់ ដែលមានសោភ័ណភាពគួរគយគន់ គឺទេសភាពនៅជុំវិញព្រះបរមរាជវាំង នៅ

ភ្នំពេញ។ ខ្ញុំតែងគិតគូរម្តងៗដែរថា បើ(ខ្មែរ)មានគំនិតអាចធ្វើឱ្យទីកន្លែងមួយនេះ បានស្អាតបាតល្អល្អះអ៊ីចឹង ម៉េចបានជា(ខ្មែរ)

មិនប្រើចក្ខុវិស័យប្រមើលមើល ឱ្យឃើញសោភ័ណភាពល្អសឿងបឿងជាទូទៅ នៃប្រទេសដ៏តូចកំប៉ិចរបស់ខ្លួនផងដែរ? តើមាន

មូលហេតុ ឬឧបស័គ្គប៉ុន្មានជាន់ ហើយធំៗប៉ុនណា ដែលទាញសតិបញ្ញា(ខ្មែរ) មិនឱ្យសម្រេចកិច្ចការនេះបាន? អ្នកណាខ្លះជាខ្មែរ?


គឺ(ខ្មែរ)ជាទូទៅក្នុងប្រទេសរបស់ខ្លួន ដែលគួរមានចរិតរើសអើងនិងទម្លាប់រស់នៅក្នុងបរិស្ថានស្អាតបាត។ ចេះទើសភ្នែក ហើយ

មិនព្រមនៅស្ងៀម កាលបើបរិស្ថានក្នុងស្រុកភូមិរបស់ខ្លួន មានសម្រាមក្រខ្វក់រាយប៉ាយគ្រប់កន្លែង។ រដ្ឋាភិបាលពីខាងលើរហូត

ដល់អាជ្ញាធរភូមិដ្ឋាន គួរជាប្រភពនៃភ្នែកច្រមុះដែលចុះទៅមើលតាមមូលដ្ឋាន ហើយធ្វើការក្នុងករណីងាយស្រួលតូចកំប៉ិចនេះ។

ជាករណីតូចកំប៉ិចដែលអាចក្លាយជាធំប៉ុនភ្នំព្រះសុមេរុ ឬជាសមុទ្រសម្រាម ក៏តាំងលែងខ្វល់ ហើយចេះតែរស់យ៉ាងគគ្រិចគគ្រក់

អ៊ីចឹងទៅ រាប់តំណ តទៅមុខទៀត។


ចរិតនៃការរស់នៅក្នុងភាពគគ្រិចគគ្រក់ជាទម្លាប់អាក្រក់របស់ខ្មែរ រាប់រយឆ្នាំមកហើយ ដែលទិដ្ឋភាពគួរខ្មាស់អៀនទាំងនេះ បាន

ក្លាយជាទិដ្ឋភាពធម្មតា យ៉ាងស៊ាំភ្នែកចំពោះ(ខ្មែរ)រាល់គ្នាជាទូទៅ ដែលវាបានជួយបំបាំងគំនិតខ្មែរមិនឱ្យចេះខ្មាស់គេឯងសោះ។

ប្រហែលជាមានមនុស្ស១ពាន់លាននាក់ កំពុងចង្អុលដាក់កំហុសទៅលើគណបក្សប្រជាជន ក្នុងករណីនេះ។


ពេលនេះ ខ្ញុំបានអានសារព័ត៌មានថ្មីៗមួយ ដែលជួយឱ្យខ្ញុំមានចិត្តខ្មាស់ជំនួសផងដែរ ព្រោះថា(ខ្មែរអ្នកចេះដឹង)ក្នុងស្ថាប័នសិក្សា

បាននិយាយបញ្ចេញយោបល់ ដែលឆ្លុះបញ្ចាំងគំនិតគ្មានអំពល់ ចំពោះការរស់នៅយ៉ាងគគ្រិចគគ្រក់ នៃជីវិតខ្លួនជាខ្មែរ តែខ្លួនមាន

គំនិតជាចម្បង ក្នុងការរកលុយឱ្យបានច្រើន ទោះជាត្រូវរស់ក្នុងទិដ្ឋភាពឱយថយយ៉ាងណាក៏ដោយ។ សូមអានឃ្លាទាំងនេះ ដែល

ខ្ញុំសុំចម្លងពីសារព័ត៌មានវិទ្យុអាស៊ីសេរី ផ្សាយចេញម្សិលម៉ិញ ក្រោមចំណងជើង "ក្រសួងអប់រំប្រកាសឲ្យសាលារៀនក្នុងរាជធានី

ចូលរួមប្រឡងសាលារៀនស្អាតបរិស្ថានល្អ" ៖



"ក្រសួងអប់រំយុវជន និងកីឡា ធ្វើយុទ្ធនាការប្រឡងប្រណាំងសាលារៀនស្អាត បរិស្ថានល្អ នៅក្នុងរាជធានីភ្នំពេញ។"

"សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនស្វាគមន៍កម្មវិធីនេះឡើយ ប៉ុន្តែជំរុញឲ្យក្រសួងពង្រឹងគុណភាពអប់រំ និងផ្គត់ផ្គង់ប្រាក់ខែ

ដល់គ្រូបង្រៀនឲ្យមានជីវភាពរស់នៅសមរម្យទើបជាការប្រសើរ។"


យោបល់ខាងលើនេះ ក៏ដូចគ្នានឹងយោបល់ខាងក្រោមរបស់អ្នកគ្រូ អ៊ុកឆាយ៉ាវី នៅវគ្គខាងក្រោមផងដែរ។ ជាយោបល់ដែលឆ្លុះ

បញ្ចាំងឱ្យស្គាល់គំនិតអន់ខ្សោយ នៃសមាគមគ្រូបង្រៀននិងអ្នកគ្រូ ដែលផ្តោតអារម្មណ៍ តែទៅលើរឿងឡើងប្រាក់ខែបានច្រើន

ហើយយកលេសហ្នឹងថាជាឋាមពល ជួយធ្វើឱ្យគុណភាពអប់រំបានដុះឡើង។ ឯរឿងក្រខ្វក់គគ្រិចគគ្រក់នៃបរិស្ថានសាលា ពួក

គាត់គឺគ្មានការចាប់អារម្មណ៍នឹងគិតគូរ ពីផលវិជ្ជមាន ដែលអាចនឹងដុះចេញពីទស្សនីយភាពស្អាតស្អំ ព្រមទាំងសោភ័ណភាព

ស្រស់ត្រកាលនោះទេ។ ចង់ភ្នែកអ្នកណាគេមើលឃើញជាយ៉ាងណា ក៏អត់ខ្វល់ដែរ។ ពួកគាត់គិតរឿងបានលុយច្រើនៗគឺចប់។   


"ប្រធានស្ដីទីនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកគ្រូ អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា អ្នកគ្រូមិនចាប់អារម្មណ៍លើយុទ្ធនាការ

នេះ ប៉ុន្មាននោះទេ ពីព្រោះអ្នកគ្រូគិតថា ក្រសួងធ្វើឲ្យតែល្អមើល ចំណែកលទ្ធផលនឹងមិនបានល្អប្រសើរឡើយ ព្រោះទាំងគ្រូ

ទាំងសិស្ស នៅខ្វល់ច្រើនលើបញ្ហាជីវភាពប្រចាំថ្ងៃ។"


"អ្នកគ្រូបន្តថា យុទ្ធនាការនេះអាចជោគជ័យទៅបានទាល់តែក្រសួងពង្រឹងគុណភាពអប់រំ និងផ្គត់ផ្គង់ប្រាក់ខែឲ្យលោកគ្រូ អ្នកគ្រូ

ក្នុងកម្រិតមួយឲ្យពួកគាត់មានជីវភាពរស់សមរម្យជាចម្បង៖ «ដើម្បីប្រកួតប្រជែងឲ្យបានល្អលុះត្រាតែលោកគ្រូ អ្នកគ្រូ រស់នៅ

មានជីវភាពសមរម្យ ហើយសិស្សានុសិស្សទទួលបានការអប់រំដោយភាពថ្លៃថ្នូរ»"។ សូមអានអត្ថបទក្នុងខ្សែភ្ជាប់ខាងក្រោម។


យោបល់ខ្ញុំគឺថា រឿងតម្លើងប្រាក់ខែគ្រូនិងរឿងបង្កើនគុណភាពអប់រំ, ដែលខ្ញុំក៏ជួយគាំទ្រ, ជារឿងដែលជាប់ទាក់ទងដល់កិច្ចការ

ស្អាតស្អំនោះផងដែរ។ ដូច្នេះ មនុស្សអ្នកចេះដឹងទាំងហ្នឹង ចាំបាច់ត្រូវយល់ស្របថា ការថែរក្សាបរិស្ថានស្អាតស្អំក្នុងទីធ្លាសាលាក្តី

ក្នុងថ្នាក់រៀនក្តី គឺជាការចាំបាច់មួយ ក្នុងបរិយាកាសនៃកម្មវិធីសិក្សាទាំងសាលាខ្ពស់ទាំងថ្នាក់ទាប ព្រោះវានឹងជួយឱ្យពួកគ្រូៗ

និងសិស្ស ទាំងពាន់ ទាំងម៉ឺននាក់ មានមោទនភាពហ៊ឹកហ៊ាក់សឿងបឿងក្នុងអារម្មណ៍ ដោយសារសោភ័ណភាពល្អត្រកាល នៃ

សាលារបស់ខ្លួន ស្រដៀងគ្នានឹងទិដ្ឋភាពព្រះរាជវាំងនៃរូបខាងលើ។


ដូច្នេះដែលពួកគេ(គួរ)ជួយជ្រោមជ្រែង ឬជួយជម្រុញឱ្យកម្មវិធីដែលគេផ្ចុងផ្តើមបង្កើតឡើងនេះ មានប្រសិទ្ធភាពល្អ ប្រកបដោយ

ជោគជ័យជាក់ស្តែង (កុំ)គិតតែរឿងលុយច្រើន តែមានគំនិតឆិនឆៃមិនខ្វល់ចំពោះសោភ័ណភាពថ្លៃថ្នូរនៃបរិស្ថានដែលជាកន្លែង

សិក្សា ហើយដែលពួកគ្រូនិងសិស្សចូលទៅជួបជុំគ្នា បង្រៀននិងក្រេបយកចំណេះវិជ្ជាជារឿងរាល់ថ្ងៃនៃអំឡុងបវេសនកាលនោះ។


សុំឱ្យជឿថា កាលបើគ្រូនិងសិស្សទាំងពាន់ទាំងម៉ឺននាក់មានមោទនភាពក្នុងអារម្មណ៍(ដោយសារ)សោភ័ណភាពថ្នាក់រៀនស្អាតល្អ

ទីធ្លាសាលាស្អាតបាត, គ្មានសម្រាមពាសវាលពាសកាល, ហើយក៏ប្រកបដោយផ្កាភ្ញីដើមឈើតូចៗស្រស់ស្អាត ដែលភ្នែករាល់គ្នា

មើលឃើញជារៀងរាល់ថ្ងៃ វានឹងធ្វើឱ្យមោទនភាពនោះ បានក្លាយជាកម្លាំងចិត្តសាស្ត្រ ដែលតផ្ជាប់ទៅសតិបញ្ញាអ្នករាល់គ្នាហើយ

វាជួយប៉ះប៉ូវឱ្យសតិបញ្ញាហ្នឹងកាន់តែលូតលាស់ដុះដាលល្អឡើងចំពោះគ្រូនិងសិស្ស ក្នុងបឋមវ័យនៃកម្មវិធីសិក្សា។


មោទនភាពនេះគឺប្រាកដជាមានឋាមពលសំបើម ដល់សរសៃសរសូងនៃខួរក្បាលអ្នករាល់គ្នាជាគ្រូនិងសិស្ស។ នេះហើយជាផល

វិជ្ជមានធំ ផលិតដោយសោភ័ណភាពនៃថ្នាក់រៀនស្អាត និងបរិវេណស្អាតល្អត្រកាលជុំវិញទីធ្លាសាលា។ ដូច្នេះ សូម(កុំ)មើលរំលង

ផលវិជ្ជមាននៃមោទនភាពមួយនេះសោះឡើយ។


កាលបើសាលាមួយ បានទទួលជោគជ័យខ្ពស់ក្នុងកម្មវិធីសិក្សា នៃឆ្នាំនិមួយៗនោះ ពួកគ្រូៗគួរទទួលបានប្រាក់បៀវត្សខ្ពស់តាម

លទ្ធផលល្អខ្ពស់ដូច្នោះដែរ។ អ៊ីចឹង ពួកគ្រូរាល់គ្នាគួរយល់ឱ្យច្បាស់ពីផលវិជ្ជមាន ខ្ញុំបានពន្យល់ហ្នឹង ហើយចាប់ផ្តើម ជួយជ្រោម

ជ្រែងកម្មវិធី ប្រណាំងសាលារៀនស្អាត ព្រមទាំងធ្វើកិច្ចការនេះឱ្យបានជោគជ័យជាមុនសិន មុននឹងបានទទួលបៀវត្សខ្ពស់។


កិច្ចការល្អដែលនឹងបង្កើតជាលទ្ធផលល្អ គឺប្រាកដជាបានមកពីអ្នករាល់គ្នាមានមោទនភាពល្អ, ជាចំណីខួរក្បាល, ដោយសារវា

បានទទួលពីផ្នែកមួយនៃទស្សនីយភាពល្អគួរគយគន់ក្នុងបរិវេណសាលា ហើយថ្នាក់រៀននិមួយ ក៏លាបថ្នាំពណ៌តែមួយ មើលទៅ

ឃើញស្អាតបាតល្អ មានតុកៅអីថ្មីៗតាមសម័យទំនើប តែមិនមែនជាកៅអីកញ្ចាស់ៗសល់ពីជំនាន់ប៉ុលពតមកម៉្លេះនោះទេ៕

កម្ពុជា-ហ្វីលីពីន​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន




នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ) និង​ប្រធានាធិបតី​ហ្វីលីពីន (Philippine) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ជួប​ពិភាក្សា​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev


កម្ពុជា-ហ្វីលីពីន ចុះ​កិច្ចព្រមព្រៀង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។ កិច្ចព្រមព្រៀង​កើត​ឡើង​ក្នុង​ជំនួប​ពិសេស​ពិភាក្សា​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​វិមាន​សន្តិភាព​ក្រុង​ភ្នំពេញ។ ក្រៅ​ពី​នេះ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​មួយ​ចំនួន​ទៀត។

ថ្លែង​ក្រោយ​ជំនួប​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ឲ្យ​ក្រុម​អ្នក​កាសែត​ដឹង​ថា កម្ពុជា-ហ្វីលីពីន ព្រមព្រៀង​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ឲ្យ​ដឹង​លម្អិត​ថា តើ​កិច្ចព្រមព្រៀង​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នឹង​ធ្វើ​ដោយ​រូបភាព​បែប​ណា​នោះ​ទេ៖ «កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន វិស័យ​ភេរវកម្ម​ផង គ្រឿង​ញៀន​ផង។ យើង​មាន​កិច្ច​សហប្រតិបត្តិការ យើង​ចុះ​ហត្ថលេខា​វិស័យ​នេះ ប៉ុន្តែ​ទាក់ទង​ការ​លម្អិត ខ្ញុំ​អត់​ដឹង​ទេ​បាទ»។

ក្នុង​ពេល​លោក ហ៊ុន សែន ជួប​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នេះ​ដែរ ក្រុម​ការងារ​ពិធីការ​របស់​លោក ហ៊ុន សែន មិន​បាន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​រួម​មាន កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) កាសែត​ខេមបូឌា ដេលី (Cambodia Daily) វិទ្យុ​វីអូអេ (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) ចូល​ទៅ​ថត​រូបភាព​ក្នុង​ពេល​ចុះ​កិច្ចព្រមព្រៀង​ឡើយ ខណៈ​ដែល​ស្ថាប័ន​សារព័ត៌មាន​ផ្សេងៗ​ទៀត​អាច​ចូល​ថត និង​យក​ព័ត៌មាន​ក្នុង​ពេល​ចុះ​ហត្ថលេខា។
មន្ត្រី​រដ្ឋាភិបាល លោក អ៊ាង សុផល្លែត ឲ្យ​ដឹង​ទៀត​ថា ភាគី​ទាំង​ពីរ​ក៏​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ វិស័យ​កីឡា និង​វិស័យ​ទេសចរណ៍។ លោក​បន្ត​ថា កម្ពុជា បើក​ចំហ​ឲ្យ​អ្នក​វិនិយោគ​ក្នុង​ការ​ផលិត ប្រមូល​ទិញ កិន និង​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​ប្រ​ទេស​ហ្វីលីពីន។

ទាក់ទង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នេះ​ដែរ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ចេញ​វិធានការ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ក្នុង​ពេល​លោក លោក រ៉ូឌ្រីហ្គោ ឌូតឺតេ មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​ប្រកាស​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ រយៈពេល ៦​ខែ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧។

វិធានការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ អប់រំ បង្កើន​ការ​យល់​ដឹង​តាម​រយៈ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ពី​បញ្ហា​គ្រឿង​ញៀន បិទ និង​ដកហូត​ច្បាប់​ម្ចាស់​អាជីវកម្ម​ណា​ដែល​ពិនិត្យ​ឃើញ​ថា ទីតាំង​នោះ​មាន​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ទប់ស្កាត់​ការ​លួច​លាក់​នាំ​ចូល​គ្រឿង​ញៀន​តាម​ព្រំដែន ព្យាបាល និង​ស្ដារ​នីតិសម្បទា​ដោយ​ពង្រីក​មណ្ឌល​បណ្ដោះអាសន្ន​សម្រាប់​អប់រំ បន្សាប និង​ព្យាបាល​អ្នក​ដែល​រងគ្រោះ​ដោយ​គ្រឿង​ញៀន និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង និង​អង្គការ​អន្តរជាតិ​សំខាន់ៗ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ទាន់​ពេល។

ចំណែក​វិធានការ​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ឈ្មោះ​ជា​ប្រធានាធិបតី​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ ពិសេស​សម្លាប់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ក្នុង​ចំណោម​ប្រធានាធិបតី​ទាំងឡាយ​របស់​ប្រទេស​នេះ។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹង​ចាកចេញ​ពី​កម្ពុជា នៅ​យប់​ទី​១៤ ខែ​ធ្នូ នេះ បន្ទាប់​ពី​លោក​បាន​មក​ទស្សនកិច្ច​កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ៕