មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ (មន្ទីរពេទ្យបង្អែកសំពៅមាស) ស្ថិតក្រុងពោធិ៍សាត់។ រូបថតខែធ្នូ ២០១៤ |
មនុស្សជិត ៤០០នាក់ បានពុលអាហារក្នុងខេត្តពីរផ្សេងគ្នា កាលពីថ្ងៃសុក្រ ទី១៣ ខែមករា។ នៅខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣០០នាក់ ពុលបាយ និងចំណីអាហារ។ ពួកគេកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្នុងខេត្តនេះ។
អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានបដិសេធមិនប្រាប់ពីចំនួនពិតប្រាកដនៃចំនួនជនរងគ្រោះ ប៉ុន្តែកាសែតក្នុងស្រុកមួយបានចុះផ្សាយថា យ៉ាងហោចមានមនុស្សជាង ៣០០នាក់ រួមទាំងសិស្សសាលាបឋមសិក្សាបទរំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ បានពុលចំណីអាហារ និងបាយ។
នាយប៉ុស្តិ៍នគរបាលឃុំផ្ទះរុង លោក មាស ម៉ឺន បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា ករណីពុលបាយនេះ ដោយសារតែពលរដ្ឋ និងសិស្សានុសិស្សនៅឃុំផ្ទះរុង បានទទួលទានបាយប្រមាណ ២០០ប្រអប់ ដែលនៅសេសសល់ពីសន្និបាតគណបក្សប្រជាជនកម្ពុជា នៅស្រុកសំរោង។
ចំណែកពីខេត្តសៀមរាប ឯណោះវិញ ក៏មានករណីពុលអាហារនេះកើតឡើងដែរ។ ប្រជាពលរដ្ឋចំនួន ៣៧នាក់ នៅឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានពុលនំបញ្ចុក។ ក្នុងចំណោមអ្នកទាំង ៣៧នាក់នោះ មានក្មេងចំនួន ២៨នាក់ ។ អាជ្ញាធរខេត្តសៀមរាប អោយដឹងថា ជនរងគ្រោះកំពុងសម្រាកនៅមណ្ឌលសុខភាព ហើយករណីពុលនេះពុំមានអ្នករងគ្រោះរហូតដល់បាត់បង់ជីវិតនោះឡើយ៕
No comments:
Post a Comment