Saturday, December 10, 2016

សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ក្រោម​ការ​ឃ្លាំមើល​របស់​សមត្ថកិច្ច


ខែល និង​ដំបង​របស់​កម្លាំង​សមត្ថកិច្ច​ដែល​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្បែរ​កន្លែង​អង្គការ​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang



រដ្ឋាភិបាល គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បាន​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ខួប​ទី​៦៨ រៀងៗ​ខ្លួន។ អង្គការ​សមាគម សហគមន៍​ដីធ្លី កសិករ យុវជន និង​កម្មករ​កម្មការិនី រាប់​រាយ​នាក់​បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​នេះ នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ។ ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​ពួកគេ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស លើក​ស្ទួយ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួបជុំ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ការ​រំលោភ​ដីធ្លី ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី រួម​ទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វែក​មុខ​រក​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

«សំឡេង​ស្រែក​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ»

ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ក្រោម​ប្រធានបទ​ស្ដីពី​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព បញ្ចេញ​មតិ និង​ការ​ជួបជុំ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​វាយ​តម្លៃ​ថា ការ​យល់​ដឹង និង​ការ​ចូលរួម​ពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​មាន​ការ​កើន​ឡើង​ជាង​មុន ប៉ុន្តែ​អាជ្ញាធរ​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ប្រើប្រាស់​សិទ្ធិ​ដោយ​រដ្ឋាភិបាល​បាន​រៀបចំ​ច្បាប់​ដើម្បី​កម្រិត​សិទ្ធិ​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​រដ្ឋាភិបាល​ចង់​បាន។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​សកម្មភាព​នៃ​ការ​អនុវត្ត​សិទ្ធិ​មាន​ការ​រឹត​ត្បិត និង​មាន​ការ​យឺតយ៉ាវ៖ «យើង​ចង់​ឲ្យ​សិទ្ធិ​សេរីភាព​សហជីព សិទ្ធិ​កម្មករ ប្រជាពលរដ្ឋ និង​សិទ្ធិ​មនុស្ស​នេះ​វា​ទៅ​ជា​រឿង​ធំ​មួយ​រឿង​ទូទៅ​នៃ​ប្រទេស​កម្ពុជា​របស់​យើង វា​ទើប​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​យើង​ប្រកប​ដោយ​ចីរភាព ហើយ​អ្នក​មាន​អ្នក​ក្រ​មាន​សិទ្ធិ​ដូច​គ្នា អ្នក​រង​អំពើ​អយុត្តិធម៌​ត្រូវ​បាន​ទទួល​យុត្តិធម៌ ហើយ​អ្នក​រំលោភ​គេ​ត្រូវ​បាន​កាត់​ក្ដី​ដោយ​យុត្តិធម៌​នេះ​យើង​ចង់​បាន​សម្រាប់​ថ្ងៃ​អនាគត»។

កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ដែល​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឃ្លាំមើល​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៨ នា​ទីលាន​ប្រជាធិបតេយ្យ។ RFA/Rann Samnang

អតីត​អ្នក​បឹងកក់ លោកស្រី ស៊ា ណារ៉េត ពាក់​មួក​ស្លឹក​ត្នោត មាន​បិទ​ស្ទិកឃ័រ (Sticker) ១០ ធ្នូ នៅ​លើ​ថ្ពាល់ ឈរ​លើក​បដា ថ្លែង​ថា សូម​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ឈប់​ធ្វើ​ការ​អភិវឌ្ឍ​រំលោភ​សិទ្ធិ​ពលរដ្ឋ ដោយ​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ដោះលែង​អ្នក​ជាប់​ឃុំ​ដែល​មាន​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី រួម​ទាំង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី៖ «ចង់​បាន​ប្រជាពលរដ្ឋ​ត្រូវ​មាន​សិទ្ធិ​លំនៅឋាន​សមរម្យ​គឺ​ប្រជាពលរដ្ឋ​មួយៗ​ត្រូវ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ជួបជុំ​ប្រមូល​ផ្ដុំ​បញ្ចេញ​មតិ ហើយ​និង​មាន​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ សូម​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស ព្រោះ​ទិវា​សិទ្ធិ​មនុស្ស​រាល់​ដង​យើង​មិន​ដែល​បាន​មាន​ឃើញ​រដ្ឋាភិបាល​ចូលរួម​ឲ្យ​បាន​ពេញលេញ​ទេ។ សូម​ផ្ញើ​សារ​នេះ​ទៅ​រដ្ឋាភិបាល​សូម​ឲ្យ​លោក​គោរព​សិទ្ធិ​មនុស្ស គោរព​លទ្ធិប្រជាធិបតេយ្យ ដូច​ជា​បាញ់​នៅ​ស្ពាន​អាកាស​ដែល​គាត់​ចាប់​កម្មករ​ទៅ​ដាក់​គុក ចំពោះ​បណ្ឌិត​កែម ឡី គាត់​រក​មិន​ឃើញ​ទេ ឃាតក​នៅ​ពីក្រោយ​ខ្នង ជួប សម្លាប់ នេះ»។

កម្មការិនី យ៉ាត ស្រីមុំ មក​ពី​រោងចក្រ​ស៊ូព្រីមៀ ថ្លែង​ថា គាត់​សប្បាយ​ចិត្ត​ដែល​បាន​ចូលរួម​ទិវា​នេះ។ គាត់​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​សិទ្ធិ​កម្មករ។ រដ្ឋាភិបាល​ផ្ដល់​ការ​គាំទ្រ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ពួកគាត់​និង​មិន​ភ្លេច​ទេ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​ដីធ្លី​ដែល​ពុំ​ទាន់​មាន​ដំណោះស្រាយ៖ «ទាមទារ​ឲ្យ​ប្រាក់​ខែ​ក្នុង​មួយ​ឆ្នាំ​ឡើង ១០​ដុល្លារ ដូច​ដែល​ពួក​ខ្ញុំ​តវ៉ា​សា​មុន​អ៊ីចឹង​ណា។ ខ្ញុំ​ចង់​បាន​យុត្តិធម៌​ជួយ​សហគមន៍​ខាង​ដីធ្លី និង​ប្រាក់​ខែ​រោងចក្រ​គ្រប់​គ្នា​ទាំង​អស់»។

នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នេះ​ដែរ ផ្នែក​ម្ខាង​ទៀត​នៃ​ទីលាន​ប្រជាធិបតេយ្យ មាន​ក្រុម​មិត្ត ១០ ធ្នូ ដែល​មាន​សហគមន៍ កសិករ យុវជន និង​កម្មករ​កម្មការិនី និង​សមាគម​អ្នក​រត់​ម៉ូតូ​កង់​បី និង​ម៉ូតូ​ឌុប​ពាក់​មួយ​ស្លឹក​ត្នោត បង់​ក​ក្រមា លើក​បដា កាន់​ផ្កា​ឈូក និង​បង្ហោះ​ប៉េងប៉ោង ក្រោម​ប្រធានបទ "យុត្តិធម៌ ២០១៦"។



អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ថ្លែង​ថា ក្រុម​មិត្ត ១០ ធ្នូ ពិនិត្យ​ឃើញ​ថា ក្នុង​រយៈ​កាល ៥​ឆ្នាំ​កន្លង​មក​នេះ ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​សកម្មជន​ដីធ្លី​ទៅ​លើ​កម្មករ យុវជន ពិសេស​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​ការ​គំរាម​កំហែង​ខ្លាំង​រហូត​ទៅ​មាន​ការ​បាញ់​សម្លាប់ ចាប់​ដាក់​ពន្ធនាគារ និង​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ ដោយ​សារ​ការ​តវ៉ា និង​ការ​សម្ដែង​មតិ។

ដោយ​ឡែក រដ្ឋាភិបាល​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទ្ធិ​មនុស្ស​នេះ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្រោម​ប្រធានបទ "សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ"។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​កម្ពុជា លោក កែវ រ៉េមី បាន​ឆ្លើយ​តប​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​សេរីភាព​បញ្ចេញ​មតិ​ពេញលេញ ដោយ​បាន​សម្ដែង​មតិ​ដោយ​ផ្ទាល់ៗ រវាង​ពលរដ្ឋ​ជាមួយ​នាយករដ្ឋមន្ត្រី​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទៀត​ផង៖ «ខ្ញុំ​យល់​ឃើញ​ថា មហា​ល្អ​អស់​ប៉ុណ្ណឹង​ហើយ បង​ប្អូន​យើង​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល ​សំខាន់​បំផុត​ទាក់ទង​ការ​លើក​ស្ទួយ​ថែរក្សា​សិទ្ធិ​មនុស្ស​ដែល​យើង​មាន​បច្ចុប្បន្ន​និង​បន្ត​ទៅ​ទៀត»។

សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​ទៅ​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​សង្គម​ស៊ីវិល​ដែល​ថា នឹង​ប្រារព្ធ​ពិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល មាន​មន្ត្រី​សមត្ថកិច្ច​ប្រាប់​ទៅ​អ្នក​រៀបចំ​កម្មវិធី​ឲ្យ​ធ្វើ​បាន​តែ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន។ ទោះ​ជា​យ៉ាង​ណា​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​កម្លាំង​សមត្ថកិច្ច។

នៅ​ឯ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រារព្ធ​ទិវា​នេះ។ លោក កឹម សុខា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដោយ​ចេញ​ទៅ​បោះឆ្នោត៕

សង្គម​ស៊ីវិល ពលរដ្ឋ ព្រះសង្ឃ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នា​ទីលាន​ប្រជាធិបតេយ្យ។ RFA/Rann Samnangសង្គម​ស៊ីវិល ពលរដ្ឋ ព្រះសង្ឃ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នា​ទីលាន​ប្រជាធិបតេយ្យ។ RFA/Rann Samnangសង្គម​ស៊ីវិល ពលរដ្ឋ ព្រះសង្ឃ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នា​ទីលាន​ប្រជាធិបតេយ្យ។ RFA/Rann Samnangសង្គម​ស៊ីវិល ពលរដ្ឋ ព្រះសង្ឃ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នា​ទីលាន​ប្រជាធិបតេយ្យ។ RFA/Rann Samnangសង្គម​ស៊ីវិល ព្រះសង្ឃ ពលរដ្ឋ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នា​ទីលាន​ប្រជាធិបតេយ្យ។ RFA/Rann Samnang ក្រុម​ជនជាតិ​ដើម​ភាគ​តិច សម្ដែង​របាំ​ក្នុង​ពិធី​​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នា​ទីលាន​ប្រជាធិបតេយ្យ។ RFA/Rann Samnangពលរដ្ឋ​លើក​រូប​សកម្មជន​ព្រៃ​ឈើ ប្រធាន​សហជីព​កម្មករ និង​អ្នក​វិភាគ​បញ្ហា​សង្គម ដែល​ត្រូវ​គេ​បាញ់​សម្លាប់ ដើម្បី​ទាមទារ​យុត្តិធម៌ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨។ពលរដ្ឋ​លើក​រូប​សកម្មជន​ព្រៃ​ឈើ ប្រធាន​សហជីព​កម្មករ និង​អ្នក​វិភាគ​បញ្ហា​សង្គម ដែល​ត្រូវ​គេ​បាញ់​សម្លាប់ ដើម្បី​ទាមទារ​យុត្តិធម៌ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨។សង្គម​ស៊ីវិល ពលរដ្ឋ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នា​ទីលាន​ប្រជាធិបតេយ្យ។ កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ដែល​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឃ្លាំមើល​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៨ នា​ទីលាន​ប្រជាធិបតេយ្យ។ RFA/Chuop Sereyroth

No comments:

Post a Comment