Saturday, December 10, 2016

តំណាង​សហគមន៍​និង​ពលរដ្ឋ​នៅ​ពោធិ៍សាត់​ប្រមាណ​៤០០​នាក់​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស


ពលរដ្ឋ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចូល​រួម​ទិវា​សិទ្ធិមនុស្ស នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo courtesy of LICADHO


តំណាង​សហគមន៍ និង​ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់ ប្រមាណ ៤០០​នាក់ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០ ធ្នូ ក្រោម​ប្រធាន​បទ "យុត្តិធម៌​ឆ្នាំ​២០១៦"។ មន្ត្រី​សិទ្ធិមនុស្ស​ដែល​ចូល​រួម​ក្នុង​ពិធី​ជួបជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ ស្វាគមន៍​ចំពោះ​អាជ្ញាធរ​ដែល​មិន​រារាំង ហើយ​បាន​សហការ​ល្អ​ជាមួយ​សហគមន៍ និង​សង្គម​ស៊ីវិល​ក្នុង​ការ​រៀបចំ​រំលឹក​ខួប​នេះ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ដ​ក្បាលត្រាច។

ពលរដ្ឋ​មក​ពី​ឃុំ​ចំនួន​ប្រាំ ក្នុង​ស្រុក​ក្រគរ គឺ​ឃុំ​ក្បាល​ត្រាច អន្លង់ត្នោត ឈើតុំ ត្នោតជុំ និង​ឃុំ​ស្នាអន្សា បាន​រំសាយ​កម្មវិធី​នៅ​ម៉ោង​ប្រហែល ១០​ព្រឹក បន្ទាប់​ពី​បាន​ថ្លែង​ពី​ស្ថានភាព​សិទ្ធិមនុស្ស បញ្ហា​ប្រឈម​នៅ​ក្នុង​មូលដ្ឋាន។ ពលរដ្ឋ​ខ្លះ​ថា រឿងរ៉ាវ​ដីធ្លី​នៅ​ស្រុក​ក្រគរ ជា​ផ្នែក​មួយ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ដែរ ព្រោះ​អាជ្ញាធរ ឬ​ស្ថាប័ន​តុលាការ​មិន​ទាន់​បាន​ផ្ដល់​យុត្តិធម៌​ពេញលេញ​ជូន​ពលរដ្ឋ​នៅ​ឡើយ។

ពលរដ្ឋ​ម្នាក់​មក​ពី​ឃុំ​ក្បាលត្រាច លោក ហ៊ាង ហ៊ុន មាន​ប្រសាសន៍​ថា ការ​លើក​យក​ប្រធាន​បទ​យុត្តិធម៌​ឆ្នាំ​២០១៦ មក​និយាយ​គឺ​ជា​ការ​ផ្ញើ​សារ​មួយ​ដល់​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​ចូលរួម​គោរព​សិទ្ធិមនុស្ស និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។

លោក​រំលឹក​ថា កាល​ពី​ឆ្នាំ​២០១២ អាជ្ញាធរ​ឃុំ​បាន​បោះ​បង្គោល​រំលោភ​យក​ដី​ពលរដ្ឋ​ចំនួន ៦៤​គ្រួសារ ទៅ​ដាក់​ជា​ព្រៃ​សហគមន៍​ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​ម្ចាស់​ដី៖ «អ៊ីចឹង​បាន​ពួក​ខ្ញុំ​បាន​រៀបចំ​យុត្តិធម៌​ឆ្នាំ​២០១៦ ការ​រំលោភ​សិទ្ធិមនុស្ស ការ​រំលោភ​ដីធ្លី​វា​នៅ​តែ​មាន​នៅ​ឡើយ។ វា​មិន​ទាន់​បាន​គោរព​សិទ្ធិ​ពេញ»។

ចំណែក​ពលរដ្ឋ​ម្នាក់​មក​ពី​ឃុំ​ឈើតុំ លោក ម៉េង ប៊ុនរឿន ថ្លែង​ថា ការ​ទទួល​បាន​យុត្តិធម៌​សម្រាប់​អ្នក​ក្រ ឬ​ពលរដ្ឋ​សាមញ្ញ​មាន​តិចតួច។ ជាក់​ស្ដែង​បណ្ដឹង​របស់​លោក​ដែល​ប្ដឹង​ប្រឆាំង​នឹង​ជន​ខិលខូច​មាន​លុយ​ដែល​រំលោភ​យក​ដី​ព្រៃ​រដ្ឋ​នោះ តុលាការ​យឺតយ៉ាវ​ក្នុង​ការ​ចាត់ការ។ ប៉ុន្តែ​តាម​រយៈ​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នេះ​លោក​សង្ឃឹម​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​នឹង​ពិចារណា​ឡើង​វិញ៖ «សុំ​ភាព​យុត្តិធម៌​ទៅ​លើ​តុលាការ​ឲ្យ​ស្មោះ​ត្រង់ និង​អព្យាក្រឹត និង​មិន​ឲ្យ​មាន​គំនាប​ពី​អ្នក​នយោបាយ​ណា​មួយ សុំ​ឲ្យ​តុលាការ​ឯករាជ្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា»។

មន្ដ្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ដ​ពោធិ៍សាត់ លោក អេង ឈុនហាន សង្កេត​ឃើញ​ថា ពលរដ្ឋ​នៅ​មាន​បញ្ហា​ប្រឈម​ច្រើន​ដូច​ជា​បញ្ហា​ដីធ្លី ថៅកែ​រំលោភ​សិទ្ធិ​កម្មករ ហើយ​វា​ជា​ឱកាស​ល្អ​ដែល​ពួកគេ​បង្ហាញ​បញ្ហា​ទាំង​នេះ​ទៅ​កាន់​អាជ្ញាធរ ឬ​អ្នក​ពាក់ព័ន្ធ។ ទោះ​ជា​យ៉ាង​ណា​លោក​កោត​សរ​សើ​ចំពោះ​អាជ្ញាធរ​ស្រុក​ក្រគរ និង​អាជ្ញាធរ​ឃុំ​ដែលបង្ក​បរិយាកាស​ងាយ​ស្រួល​ដល់​ការ​រៀបចំ​នេះ៖ «ទិវា​១០ ធ្នូ ​ដែល​យើង​ប្រារព្ធ​នៅ​វត្ត​ក្បិលមហាព្រហ្ម ស្រុក​ក្រគរ ដំណើរការ​បាន​ល្អ ហើយ​យើង​ចង់​របៀប​សហការ​ល្អ និង​មាន​ការ​ចូល​រួម​ពី​សមត្ថកិច្ច​មូលដ្ឋាន​លោក​បាន​ធ្វើ​អ៊ីចឹង​ទៅ​ថ្ងៃ​មុខ​ទៀត»។

តំណាង​សហគមន៍ និង​ពលរដ្ឋ​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នេះ រៀបចំ​ដោយ​សហគមន៍​ទាំង​ប្រាំ​ឃុំ នៃ​ស្រុក​ក្រគរ ដោយ​មាន​ការ​ឧបត្ថម្ភ​អាវ បដា និង​ទឹក​បរិសុទ្ធ​ពីង​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក និង​អង្គការ​សហប្រជាជាតិ៕

No comments:

Post a Comment