ដើមច្បោះ ឬដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចកួយ នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។ RFA/Men Sothyr
អាជ្ញាធរខែត្រស្ទឹងត្រែង បានបញ្ជូនក្រុមការពារពិសេសចុះស្រាវជ្រាវវិវាទដីធ្លីនៅឃុំអន្លង់ជ្រៃ និងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ រវាងជនជាតិដើមភាគតិច ១២គ្រួសារ ជាមួយពលរដ្ឋចំណូលថ្មី។ ការស៊ើបអង្កេតនេះ ក្រោយពីជនជាតិដើមភាគតិចកួយ ១២គ្រួសារ បានប្ដឹងពលរដ្ឋចំណូលថ្មីកាប់បំផ្លាញដើមឈើផលិតជ័រទឹករបស់ពួកគាត់រាប់រយដើម។
អាជ្ញាធរខែត្រស្ទឹងត្រែង សន្យាថានឹងដោះស្រាយវិវាទដីធ្លីរបស់ជនជាតិដើមភាគតិចកួយ ១២គ្រួសារដោយយុត្តិធម៌ ផ្អែកតាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ព្រមទាំងឯកសារពាក់ព័ន្ធនានាទាក់ទិនវិវាទដីធ្លីនេះ។
អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ឲ្យដឹងនៅថ្ងៃទី១១ ធ្នូ ថា អាជ្ញាធរខែត្រស្ទឹងត្រែង បានចាត់ឲ្យមន្ត្រីជំនាញចុះស្រាវជ្រាវ និងពិនិត្យទិដ្ឋភាពជាក់ស្តែងទាក់ទិនជម្លោះដីធ្លីនេះ កាលពីថ្ងៃទី៩ ធ្នូ។ លោកបញ្ជាក់ថា ក្រោយពីស៊ើបអង្កេតបញ្ហានេះរួចរាល់ អាជ្ញាធរខែត្រនឹងពិចារណាបញ្ហានេះ ព្រមទាំងរាយការណ៍ករណីនេះជូនថ្នាក់ដឹកនាំខែត្រ។ លោកបន្តថា ជំហរសំខាន់របស់អាជ្ញាធរខែត្រ ប្រសិនបើរកឃើញថា នៅតំបន់នោះមានផលប៉ះពាល់ដល់ពលរដ្ឋធ្ងន់ធ្ងរ អាជ្ញាធរខែត្រអាចនឹងដោះស្រាយបញ្ហានេះជូនពលរដ្ឋផ្ទាល់នៅមូលដ្ឋាន។ លោកបញ្ជាក់ថា រដ្ឋបាលខែត្រស្ទឹងត្រែង សម្ដែងការគាំទ្រចំពោះការលើកឡើងរបស់ពលរដ្ឋទាក់ទិនការអភិរក្សធនធានធម្មជាតិ និងការអាស្រ័យផលធនធានធម្មជាតិ៖ «រាល់កិច្ចការងារទាំងអស់របស់អាជ្ញាធរមូលដ្ឋាន ឬក៏អាជ្ញាធរខែត្រ យើងត្រូវតែដោះស្រាយដោយយុត្តិធម៌ ប៉ុន្តែយើងត្រូវពឹងផ្អែកលើទិន្នន័យជាក់ស្តែង ទើបយើងអាចធ្វើការវិនិច្ឆ័យបាន»។
ជនជាតិដើមភាគតិចកួយ ១២គ្រួសារ បានប្ដឹងសុំការអន្តរាគមន៍ពីសាលាខែត្រស្ទឹងត្រែង ចំនួន ៣លើក គឺកាលពីឆ្នាំ២០១៤ ឆ្នាំ២០១៥ និងឆ្នាំ២០១៦។ ខ្លឹមសារពាក្យបណ្ដឹងនោះសរសេរថា សុំឲ្យអភិបាលខែត្រស្ទឹងត្រែង លោក ម៉ុម សារឿន ជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគេដោយយុត្តិធម៌ ករណីក្រុមគ្រួសារលោក សន សូត្រ បានកាប់បំផ្លាញដើមឈើផលិតជ័រទឹកជាង ៣០០ដើម ដើម្បីយកដីប្រើប្រាស់ជាកម្មសិទ្ធិបុគ្គល កាលពីឆ្នាំ២០១៣។ លើសពីនេះ ពួកគេទាមទារឲ្យមានទទួលខុសត្រូវបញ្ហានេះ ដោយផ្តល់សំណងដើមច្បោះ ឬដើមឈើផលិតជ័រទឹកមួយដើមតម្លៃ ១លានរៀល ឬប្រគល់ដីដែលពួកគាត់ធ្លាប់ដងជ័រទឹកនៅតំបន់នោះជាង ២០ហិកតារ ជូនជនជាតិដើមភាគតិចវិញ។
ទាក់ទិនបញ្ហានេះដែរ តំណាងជនជាតិដើមភាគតិចកួយ ១២គ្រួសារ លោកស្រី ចាន់ សុខា ចោទប្រកាន់ថា ក្រុមគ្រួសារលោក សន សូត្រ និងលោក សូត្រ សឿន ដែលជាពលរដ្ឋចំណូលថ្មីមកពីខែត្រកំពង់ចាម ថាមានមហិច្ឆតាបំពានដីព្រៃច្បោះ ឬដើមឈើជ័រទឹក ឋិតនៅឃុំសំអាង ជាប់ព្រំប្រទល់ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ហើយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅតែបន្តកាប់បំផ្លាញជិត ១០ដើមបន្ថែមទៀត។ លោកស្រីត្អូញថា ដើមផលិតជ័រទឹករបស់ពួកគាត់ត្រូវគេកាប់បំផ្លាញចោល បង្កផលប៉ះពាល់សេដ្ឋកិច្ចជនជាតិដើមភាគតិចធ្ងន់ធ្ងរ ខណៈដើមឈើទាំងនោះជាង ៣០០ដើម អាចមានលទ្ធភាពជួយសម្រាលជីវភាពអ្នកភូមិច្រើនគ្រួសារតាំងពីដើមមក។ ក្នុងមួយខែ ពួកគេអាចដងជ័រទឹកបានរាប់រយកាន (ក្នុងមួយកានមាន ៣០លីត្រ) ហើយក្នុងមួយកានពួកគេអាចលក់បាន ៣ម៉ឺនរៀលទៅ ៤ម៉ឺនរៀល៖ «ក្រុមការពារចុះទៅវារត់អស់ ហើយពេលហៅមកវាថាវាកាប់យកស្វា។ ខ្ញុំថាកាប់យកស្វារបៀបម៉េច អស់រាប់រយដើម។ អាលុយគេឲ្យអាដោះស្រាយ ក៏គេមិនដោះរាល់ថ្ងៃនេះ ចឹងបានថាពួកខ្ញុំរងទុក្ខលំបាករហូត។ គេនៅតែបើកដៃឲ្យពួកវាកាប់រហូតទាល់តែអស់ព្រៃច្បោះហ្នឹង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់ថា យន្តការដោះស្រាយវិវាទដីធ្លីករណីនេះរបស់អាជ្ញាធរខែត្រស្ទឹងត្រែង ហាក់ដូចជាយឺតយ៉ាវ។ ភាពយឺតយ៉ាវនេះ បង្កឲ្យភាគីម្ខាងដែលជាពលរដ្ឋចំណាកស្រុក នៅតែបន្តកាប់ទន្ទ្រានដីព្រៃពង្រីកផ្ទៃដីធ្វើកសិកម្ម និងកាប់បំផ្លាញដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចជាបន្តបន្ទាប់ ពុំឃើញមានមន្ត្រីជំនាញចុះអនុវត្តច្បាប់។ លោកផ្តល់ទស្សនៈថា អាជ្ញាធរខែត្រស្ទឹងត្រែង ត្រូវប្រកាន់ជំហរច្បាស់លាស់ក្នុងការស៊ើបអង្កេតករណីនេះឲ្យគ្រប់ជ្រុងជ្រោយ និងដោះស្រាយបញ្ហានេះដោយយុត្តិធម៌ ដើម្បីផ្សះផ្សាផ្លូវចិត្តជនជាតិដើមភាគតិចដែលរងគ្រោះដោយការបាត់បង់ធនធានធម្មជាតិ៖ «សំណូមពរទៅលោកអភិបាលខែត្រ និងស្ថាប័នអយ្យការ មេត្តាពង្រឹងឲ្យបានមែនទែនទៅលើផ្លូវច្បាប់ហ្នឹង។ អ្វីដែលជាច្បាប់ យើងគោរពច្បាប់ទាំងអស់គ្នាឲ្យបានស្មើភាពគ្នាទៅ»។
កាលពីខែមករា ឆ្នាំ២០១៥ មន្ត្រីជំនាញ រួមទាំងអាជ្ញាធរស្រុក បានកោះប្រជុំភាគីទំនាស់ គឺពលរដ្ឋចំណាកស្រុក និងជនជាតិដើមភាគតិច ១២គ្រួសារ សម្របសម្រួលដោយតម្រូវឲ្យចែកដីគ្នាធ្វើកសិកម្ម ក៏ប៉ុន្តែភាគីខាងពលរដ្ឋចំណាកស្រុក មិនយល់ព្រម។
អ្នកភូមិឲ្យដឹងទៀតថា ក្រោយពីមានវត្តមានពលរដ្ឋចំណាកស្រុករាប់ពាន់គ្រួសារមកពីខែត្រកំពង់ចាម និងខែត្រត្បូងឃ្មុំ មកតាំងទីលំនៅនៅស្រុកថាឡាបរិវ៉ាត់ តាំងពីឆ្នាំ២០១២ រហូតមក ដីព្រៃឈើ និងដីព្រៃអភិរក្សរបស់សហគមន៍ ត្រូវរងការកាប់ទន្ទ្រានយកដីអស់រាប់ម៉ឺនហិកតារ ជាពិសេសគឺដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចរាប់ពាន់ដើម ត្រូវបានកាប់បំផ្លាញដើម្បីយកដីធ្វើកសិកម្ម និងធ្វើអាជីវកម្ម។
ប្រពៃណីជនជាតិដើមភាគតិចកួយ គឺរស់អាស្រ័យអនុផលព្រៃឈើ ដូចជាការរកវល្លិ ផ្ដៅ បន្លែ ផ្លែឈើព្រៃ ដងជ័រ និងប្រមាញ់សត្វ ជាដើម៕
No comments:
Post a Comment