អាជ្ញាធរខេត្តព្រះសីហនុអំពាវនាវឲ្យភ្ញៀវទេសចរប្រុងប្រយ័ត្នចំពោះព្យុះភ្លៀងនិងរលកខ្លាំង
ថ្នាក់ដឹកនាំស្ថាប័នជំនាញពាក់ព័ន្ធនៅខេត្តព្រះសីហនុ ប្រកាសឲ្យប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរដែលចូលមកទស្សនាខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពពេលចុះងូតទឹកសមុទ្រនៅតាមឆ្នេរនីមួយៗ ព្រោះសព្វថ្ងៃនេះនៅលើលំហសមុទ្រមានរលក និងព្យុះភ្លៀងជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ រំឭកជាថ្មីទៀតដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដែលចូលមកទស្សនាខេត្តព្រះសីហនុ ទាំងលើដីគោក និងដីកោះ ត្រូវប្រុងប្រយ័ត្នពីខ្យល់ព្យុះភ្លៀងពេលចុះងូតទឹកនៅតាមឆ្នេរសមុទ្រនានា។ លោកបញ្ជាក់ថា រាល់ថ្ងៃនេះខ្យល់កន្ត្រាក់ និងព្យុះភ្លៀងបានផ្លាស់ប្ដូរឆាប់រហ័ស និងមិនបានប្រាប់ដំណឹងជាមុននោះទេ ដូច្នេះទាមទារឲ្យប្រជាពលរដ្ឋជាភ្ញៀវទេសចរដែលទៅកម្សាន្តតាមឆ្នេរនានា ហើយចុះងូតទឹក ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពជាប់ជានិច្ច។
លោក ជួន ណារិន្ទ បន្តថា៖ «ដើម្បីជៀសវាងបញ្ហាសុវត្ថិភាពកើតឡើងដល់ភ្ញៀវទេសចរគ្រប់ៗរូបដែលចុះងូតទឹកនៅតាមឆ្នេរនានា សូមឲ្យប្រុងប្រយ័ត្នគ្រប់ពេល ព្រោះខ្យល់ និងព្យុះភ្លៀងបានកើតឡើងគ្រប់ពេល និងឆាប់រហ័ស ដោយក្នុងមួយថ្ងៃបានផ្លាស់ប្ដូរពី ២ ទៅ ៣ដងក៏មាន ជាពិសេសរលកបែកផ្កាត្រែង ដែលបងប្អូនភ្ញៀវទេសចរនិយមងូតទឹកប្រលែងលេងនៅតាមឆ្នេរ គឺទាមទារឲ្យបងប្អូនប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពពេលចុះងូតទឹក ទាំងក្មេងចាស់ត្រូវពាក់អាវពោងការពារឲ្យបានជាប្រចាំ។ ជាងនេះទៀត សូមឲ្យបងប្អូនភ្ញៀវទេសចរទាំងអស់ ត្រូវស្តាប់តាមការណែនាំរបស់នគរបាលទេសចរ ឬឆ្មាំសមុទ្ររបស់កងកម្លាំងនគរបាលខេត្តព្រះសីហនុ ដើម្បីជៀសវាងបញ្ហាលិចលង់ដែលអាចកើតមានឡើងសម្រាប់បុគ្គលម្នាក់ៗ»។
សារអំពាវនាវជាថ្មីនេះ គឺកើតឡើងក្រោយពេលស្ទើរជារៀងរាល់ថ្ងៃនេះ នៅតាមឆ្នេរមួយចំនួនមានភ្ញៀវទេសចរបានលង់ទឹកសមុទ្រពេលចុះងូតទឹកជាបន្តបន្ទាប់ ក្នុងនោះមាននៅឆ្នេរព្រែកត្រែង ឆ្នេរអូរត្រេះ ពិសេសឆ្នេរអូរឈើទាល។
ទាក់ទិនករណីនេះ មន្ត្រីសង្គមស៊ីវិល និងប្រតិបត្តិករទេសចរខេត្តព្រះសីហនុ បានសំណូមពរឲ្យអាជ្ញាធរ ឆ្មាំសមុទ្រ ឬអាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ ត្រូវពង្រឹងសមត្ថភាពឆ្មាំសមុទ្រ និងដាក់ពង្រាយកម្លាំងជួយសង្គ្រោះឲ្យមានវត្តមាននៅតាមឆ្នេរនានា ដែលភ្ញៀវទេសចរនិយមចុះងូតទឹកកម្សាន្ត។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានរិះគន់អាជ្ញាធរ ឆ្មាំសមុទ្រ ថាមិនមានសម្ភារៈ និងកម្លាំងជំនាញគ្រប់គ្រាន់ ដើម្បីរង់ចាំជួយសង្គ្រោះភ្ញៀវទេសចរដែលជួបគ្រោះលង់ទឹកពេលចុះងូតទឹកនៅតាមឆ្នេរសមុទ្រនានា។ លោក ប៊ួន ណារិទ្ធិ សំណូមពរដល់អាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ពិសេសប៉ូលិសទេសចរ ត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពភ្ញៀវទេសចរដែលចូលមកកម្សាន្តតាមឆ្នេរ និងចុះងូតទឹកតាមឆ្នេរឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន។
លោករិះគន់ថា កន្លងមកអាជ្ញាធរខេត្តព្រះសីហនុ បានបង្កើតឲ្យមានឆ្មាំសមុទ្ររង់ចាំជួយសង្គ្រោះភ្ញៀវទេសចរពេលជួបបញ្ហាផ្សេងៗ ប៉ុន្តែមានតែឈ្មោះទេ ដោយមិនឃើញមានកម្លាំងជំនាញ និងឧបករណ៍សង្គ្រោះត្រូវដាក់ប្រចាំការ ឬមានវត្តមាននៅតាមឆ្នេរសមុទ្រជាប្រចាំនោះទេ៖ «ជាពិសេសត្រូវពង្រឹងដល់មន្ត្រីការងារឆ្មាំសមុទ្រ ដោយបន្ថែមឧបករណ៍ ឬសម្ភារៈ និងជំនាញសង្គ្រោះដល់ពួកគេឲ្យបានគ្រប់ចំនួន ដើម្បីឈានដល់សង្គ្រោះជនរងគ្រោះពេលលង់ទឹកសមុទ្រ ពេលចុះងូតទឹកឲ្យបានទាន់ពេលវេលា។ កន្លងមក ខេត្តព្រះសីហនុ នៅតាមឆ្នេរសមុទ្រមួយចំនួន នគរបាលបានបង្កើតឲ្យមានទីតាំងឆ្មាំសមុទ្រ ដើម្បីឃ្លាំមើលការលង់ទឹកពីសំណាក់ភ្ញៀវទេសចរនេះដែរ ប៉ុន្តែមានតែទីតាំង តែអត់ឃើញមានវត្តមានមន្ត្រីឆ្មាំសមុទ្រ ឬបុគ្គលឆ្មាំសមុទ្រមិនមានវត្តមាននៅតាមទីតាំងនីមួយៗនោះទេ ហើយពេលភ្ញៀវទេសចរជួបគ្រោះលង់ទឹកពេលចុះងូតទឹក មិនដឹងជាត្រូវទាក់ទងឆ្មាំសមុទ្រទាំងនោះឲ្យជួយសង្គ្រោះដោយវិធីណានោះទេ។ សូមឲ្យមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ជួយគិតគូរលើបញ្ហានេះឡើងវិញ»។
ការលង់ទឹកសមុទ្រពេលចុះងូតទឹកនៅតាមឆ្នេរនានានៅខេត្តព្រះសីហនុ ត្រូវប្រតិបត្តិករទេសចរនៅតាមឆ្នេរសមុទ្រខេត្តនេះចោទថា ដោយសារការធ្វេសប្រហែសរបស់ភ្ញៀវទេសចរ ដោយពួកគេបានចុះងូតទឹកមានជម្រៅជ្រៅនៅតាមឆ្នេរនានា ហើយមិនស្តាប់តាមការណែនាំ ឬការហាមឃាត់របស់អាជ្ញាធរ និងអាជីវករប្រចាំការនៅតាមឆ្នេរនីមួយៗនោះទេ។
បញ្ហានេះដែរ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួនពេលចូលមកកម្សាន្ត និងបានចុះងូតទឹកនៅតាមឆ្នេរនានា។ លោកបន្តថា ភ្ញៀវទេសចរគ្រប់រូបមិនត្រូវចុះងូតទឹកសមុទ្រនោះទេ នៅពេលមានព្យុះភ្លៀងបោកបក់មកខ្លាំងនៅតាមឆ្នេរសមុទ្រ ព្រោះអាចនាំឲ្យកើតមានគ្រោះលង់ទឹកកើតឡើងជាយថាហេតុ។
ស្ថិតិក្រៅផ្លូវការបានឲ្យដឹងថា កាលពីខែសីហា កន្លងទៅ មានចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលលង់ទឹកស្លាប់ពេលចុះងូតទឹកនៅតាមឆ្នេរសមុទ្រ និងតាមកោះមួយចំនួននាខេត្តព្រះសីហនុ មានជិត ១០នាក់ និងអាជ្ញាធរជួយសង្គ្រោះបានជាង ១០នាក់។ ជនរងគ្រោះលង់ទឹកភាគច្រើន គឺបានចុះងូតទឹកនៅឆ្នេរអូរឈើទាល៕
No comments:
Post a Comment