មន្ត្រីនគរបាលបង្វឹកជំនាញបង្ក្រាបបាតុកម្មដល់យោធា
កំពង់ស្ពឺៈ ខែលការពារកុបកម្មនៅក្នុងដៃឆ្វេងហើយដំបងក៏ត្រៀមរួចរាល់នៅក្នុងដៃរបស់ទាហានជាច្រើនដែលដើរជាជួរឆ្ពោះទៅកាន់ហ្វូងអ្នកតវ៉ាក្លែងក្លាយដែលមានដំបង និងស្លាកបដាដែលកំពុងរុលទៅមុខហើយបន្ទាប់មកវាយប្រហារទៅលើខែល។
បន្ទាប់មកមន្រ្តីដែលនៅខាងក្រោយបានគប់គ្រាប់បែកផ្សែងមួយចំនួនហើយទាហានបានសម្រុកចូលហើយហ្វូងអ្នកតវ៉ាសិប្បនិមិ្មតជាច្រើននាក់នោះបានបែកខ្ញែកគ្នានៅក្នុងកន្លែងហ្វឹកហ្វឺនរបស់នគរបាលជាតិក្នុងខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗនេះ។
កន្លែងដែលបង្ហាញនៅក្នុងរូបវីដេអូឃ្លីបដែលចេញនៅលើអនឡាញដោយព័ត៌មានរបស់នគរបាលជាតិបង្ហាញអំពីការចែករំលែកការបណ្តុះបណ្តាលអំពីការគ្រប់គ្រងការតវ៉ាដែលមានរយៈពេលបីខែកាលពីពេលថ្មីៗនេះដែលផ្តល់ឲ្យដោយនគរបាលជាតិ និងអ្នកជំនាញជនជាតិវៀតណាមទៅមន្រ្តីនគរបាលព្រមទាំងទាហានពីអង្គភាពចំនួន ៥ នៃកងយោធពលខេមរភូមិន្ទ។
ការហ្វឹកហាត់នេះបានធ្វើឡើងនៅចំពេលមានការគំរាមកំហែងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទថានឹងបង្ក្រាបមហាបាតុកម្មដែលគ្រោងធ្វើឡើងដោយគណបក្សសង្គ្រោះជាតិជាការឆ្លើយតបនឹងករណីរឿងតុលាការជាច្រើនដែលធ្វើឡើងទៅលើថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សសង្គ្រោះជាតិ។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនក្នុងការបិទវគ្គហ្វឹកហ្វឺន អគ្គស្នងការនគរបាលជាតិលោក នេត្រ សាវឿន ថ្លែងថាសមយុទ្ធហ្វឹកហាត់នេះបង្ហាញថាអ្នកចូលរួមចំនួន ២៧០ នាក់ពីខេត្តចំនួន ៩ បានត្រៀមខ្លួនរួចរាល់ដើម្បីតតាំងនឹងការតវ៉ា។ លោក សាវឿន បានថ្លែងថាកម្មវិធីហ្វឹកហ្វឺននេះរួមមានក្រុមសីលធម៌ យុទ្ធសាស្រ្ត ការប្រើប្រាស់អាវុធ ទ្រឹស្តីការពារមិនឲ្យមានបាតុកម្មព្រមទាំង «ការយកជំហរប្រយុទ្ធ» «គោលដៅចាប់» និង «ប្រយុទ្ធជាមួយខែល»។
លោកបានហៅការបំបែកហ្វូងអ្នកតវ៉ា និងការចាប់ខ្លួនមេបាតុករថាជា «បញ្ហាសំខាន់» ហើយបានថ្លែងថាមន្រ្តីយោធាជួបការ «លំបាកតិចតួច» ជាមួយវគ្គហ្វឹកហ្វឺននេះដោយសារពួកគេជាធម្មតាត្រូវបានហ្វឹកហ្វឺនសម្រាប់សមរភូមិ។
លោក សាវឿន ដែលរៀបការជាមួយក្មួយស្រីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបន្តថា៖ «សម្រាប់វគ្គនេះការប្រឈមមុខជាមួយបាតុកម្មវាជាបញ្ហាមួយទៀត»។
ចាប់តាំងពីមានការគំរាមធ្វើបាតុកម្មបន្ទាប់ពីអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ ខែកាលពីថ្ងៃទី ៩ កញ្ញាគណបក្សបានផ្តល់នូវសេចក្តីលម្អិតតិចតួចអំពីផែនការធ្វើបាតុកម្ម។ មន្រ្តីគណបក្សប្រឆាំងថ្លែងថាការចាប់ខ្លួនលោក សុខា ដែលកំពុងសម្ងំនៅក្នុងទីស្នាក់ការនឹងធ្វើឲ្យមានការតវ៉ា។
ទោះយ៉ាងណាមិនមានបាតុកម្មណាមួយត្រូវបានធ្វើឡើងចាប់តាំងពីខែឧសភាដែលជាពេលលោក កឹម សុខា ស្នាក់នៅក្នុងគណបក្សនោះទេ។
ទន្ទឹមនេះលោក ហ៊ុន សែន ដែលបានថ្លែងថាលោកនឹងមិនអនុញ្ញាតឲ្យមានការតវ៉ា «ជាដាច់ខាត» កាលពីសប្តាហ៍មុនបានប្រកាស «បទឈប់បាញ់គ្នា» ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ និងបានបង្ហើបថាគណបក្សប្រជាជនអាចនឹងបើកឲ្យមានការជជែកគ្នានៅសភា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេប៉ុន្តែតំណាងរាស្រ្តម្នាក់ដែលសុំមិនបញ្ចេញឈ្មោះថាការរៀបចំគម្រោងការតវ៉ានេះកំពុងដំណើរការទៅមុខ។
Kevin Nauen អ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់នៅវិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិភាពបានថ្លែងថាការបង្ហាញអំពីការចូលរួមពីយោធានៅក្នុងកិច្ចការក្នុងស្រុកគឺជាក្តីបារម្ភ។ «ការហ្វឹកហ្វឺននេះមិនមែនជាសញ្ញាថារដ្ឋាភិបាលបារម្ភជាមួយការកាត់បន្ថយការរំលោភបំពានសិទ្ធិមនុស្សឲ្យមានកម្រិតអប្បបរមាទេប៉ុន្តែថាយោធាបច្ចុប្បន្នមិនត្រូវបានរៀបចំសម្រាប់ការគ្រប់គ្រងហ្វូងអ្នកតវ៉ា និងការបំបែកហ្វូងអ្នកតវ៉ាទេ»។
ទោះយ៉ាងណាក្នុងសុន្ទរកថារបស់លោក លោក នេត្រ សាវឿន បានច្រានចោលចំពោះការថាកម្ពុជាកំពុងស្ថិតក្នុងវិបត្តិនយោបាយហើយផ្ទុយទៅវិញលោកបានចោទប្រកាន់បុគ្គល អង្គការ និង «គណបក្សនយោបាយ» មួយចំនួនថា «បំពុលបរិយាកាស»។
លោកថ្លែងថានគរបាលត្រូវតែ «ធ្វើពលិកម្មគ្រប់យ៉ាង» ដើម្បីការពាររដ្ឋាភិបាលពី «សត្រូវ កម្លាំង ឬក្រុម» ណាមួយដែលបង្ក «អស្ថិរភាព»៕
No comments:
Post a Comment