ស្នងការខេត្តព្រះសីហនុព្រមានដាក់ពិន័យកងកម្លាំងដែលអនុញ្ញាតឲ្យមានល្បែងស៊ីសង
ស្នងការនគរបាលខេត្តព្រះសីហនុ ស្នើកងកម្លាំងនគរបាលក្រោមឱវាទនៅតាមមូលដ្ឋានឃុំ-សង្កាត់ ឬស្រុក-ក្រុងនានា ឲ្យរឹតបន្តឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តឲ្យមានប្រសិទ្ធភាព។ ស្នងការខេត្តដដែលបានព្រមានថា នឹងដាក់ពិន័យរដ្ឋបាលធ្ងន់ធ្ងរ ប្រសិនបើកងកម្លាំងនៅតាមមូលដ្ឋានមិនអាចធានាសុវត្ថិភាពបាន។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ នឹងចាត់វិធានការក្តៅលើកងកម្លាំងនគរបាលក្រោមឱវាទនៅតាមឃុំ-សង្កាត់ និងស្រុក-ក្រុងនានា ដែលអនុញ្ញាតឲ្យមានបទល្មើសវង់ល្បែងស៊ីសងគ្រប់ប្រភេទ អាចធ្វើសកម្មភាពនៅតាមមូលដ្ឋានរបស់ខ្លួនគ្មានការបង្ក្រាប។
សារព្រមាននេះ កើតឡើងក្រោយពេលលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ដែលសំណូមពរឲ្យរូបលោកជួយលុបបំបាត់វង់ល្បែងស៊ីសងដុះស្លែមួយកន្លែង នៅក្នុងមូលដ្ឋាននេះជិតមួយឆ្នាំកន្លងទៅ ហើយគ្មានសមត្ថកិច្ចបង្ក្រាប។
លោក ជួន ណារិន្ទ ព្រមានថា ប្រសិនបើរូបលោករកឃើញថាពិតជាមានវង់ល្បែងស៊ីសងគ្រប់ប្រភេទមានបៀ ឬល្បែងជល់មាន់ ជាដើម ធ្វើសកម្មភាពនៅឃុំរាម ដូចពលរដ្ឋអះអាង ហើយលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំរាម និងលោកអធិការស្រុកព្រៃនប់ មិនបង្ក្រាប ឬអនុញ្ញាតឲ្យធ្វើសកម្មភាពទៀតនោះ នឹងត្រូវដាក់ពិន័យរដ្ឋបាលរបស់កងកម្លាំងនាពេលដ៏ឆាប់ខាងមុខ៖ «វង់ល្បែងស៊ីសងនៅមូលដ្ឋានឃុំរាម នេះ ខ្ញុំបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់លោកអធិការស្រុកព្រៃនប់ ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាលនៅឃុំរាម ឲ្យចុះចំណាត់ការបង្ក្រាបល្បែងស៊ីសងទាំងនោះ ប៉ុន្តែប្រសិនបើសកម្មភាពល្បែងស៊ីសងនៅបន្តធ្វើសកម្មភាពផុលផុសតទៅទៀតនោះ ខ្ញុំនឹងបញ្ចុះកម្លាំងការិយាល័យជំនាញចុះទៅអនុវត្តការងារបង្ក្រាបពីថ្នាក់ខេត្តដោយផ្ទាល់ ហើយពួកគាត់នឹងទទួលពិន័យរដ្ឋបាលក្នុងលក្ខណៈកងកម្លាំងថ្នាក់ក្រោមមិនស្តាប់តាមបទបញ្ជាថ្នាក់លើ ព្រោះនេះជាគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលយើងត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព ហើយករណីល្បែងស៊ីសងនេះ ខ្ញុំបានដាក់ផែនការ និងបទបញ្ជាឲ្យកម្លាំងនៅអធិការស្រុកព្រៃនប់ និងមេប៉ុស្តិ៍រដ្ឋបាលឃុំរាម អនុវត្តរួចហើយ»។
សារព្រមាននេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋរស់នៅឃុំរាម ស្រុកព្រៃនប់ មានទីតាំងនៅជិតព្រលានយន្តហោះអន្តរជាតិកងកេង។ ពួកគេមានជំនឿទៅលើសកម្មភាពការងាររបស់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រោះសង្កេតឃើញជាង ១ឆ្នាំកន្លងទៅនេះ ស្ថាប័នជំនាញទាំងពីរបានចុះបង្ក្រាបបទល្មើសផ្សេង មានលទ្ធផលវិជ្ជមានជាច្រើនករណី មានដូចជា បទល្មើសចោរឆក់ប្លន់ និងបទល្មើសគ្រឿងញៀន ជាដើម។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ គាំទ្រសកម្មភាពការងាររបស់កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងរយៈពេលជាង ១ឆ្នាំចុងក្រោយនេះ ថាមានលទ្ធផលវិជ្ជមានច្រើន។ លោកថា ១ឆ្នាំចុងក្រោយនេះ កម្លាំងជំនាញស្ថាប័ននីមួយៗបានបង្ហាញសកម្មភាពការងាររស់រវើក ក្នុងការងារចុះបង្ក្រាបបទល្មើសចោរឆក់ប្លន់ ពិសេសបទល្មើសគ្រឿងញៀន ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
ទន្ទឹមគ្នានេះ លោក ប៊ួន ណារិទ្ធិ ក៏ស្នើដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ត្រូវជួយជំរុញដល់កងកម្លាំងជំនាញដទៃទៀត ឲ្យចូលរួមសហការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលប្រមុខរដ្ឋាភិបាលបានដាក់ចេញ ឲ្យមានប្រសិទ្ធភាពថែមទៀត ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ៖ «រហូតមកដល់ពេលនេះ បទល្មើសមួយចំនួនធំនៅក្នុងក្រុងព្រះសីហនុ គឺត្រូវបានកាត់បន្ថយ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងទាំងអស់មានទំនុកចិត្ត និងមានភាពកក់ក្តៅយ៉ាងខ្លាំង។ ប៉ុន្តែទន្ទឹមគ្នានេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួនទៀត មានដូចជា ល្បែងស៊ីសង រួមមានការប្រជល់មាន់ ល្បែងឆ្នោត ឬកន្ទុយលេខ ហើយនឹងបទល្មើសគ្រឿងញៀនខ្លះៗនៅតំបន់ជាយក្រុង មានដូចជានៅតំបន់ក្បាលឆាយ តំបន់ទំនប់រលក និងនៅតំបន់ខ្លះនៃស្រុកព្រៃនប់ នៅមានសកម្មភាពខ្លាំងក្លានៅឡើយ។ ដូច្នេះខ្ញុំសំណូមពរដល់កងកម្លាំងកងរាជអាវុធហត្ថ និងកងកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ សូមលោកមេត្តាជួយចាត់វិធានការបោសសម្អាតនូវល្បែងស៊ីសង កំពុងធ្វើសកម្មភាពគគ្រឹកគគ្រេងនេះ កាត់បន្ថយឲ្យបានជាអតិបរមា»។
ទាក់ទិនវង់ល្បែងស៊ីសងដុះស្លែមានទីតាំងនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះអះអាងប្រាប់អាស៊ីសេរីថា បានធ្វើសកម្មភាពជិត ១ឆ្នាំមកហើយ ដោយគ្មានកម្លាំងសមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធណាមួយចេញមុខបង្ក្រាបទេ។
ពលរដ្ឋចោទថា បទល្មើសល្បែងស៊ីសងមានបៀ និងជល់មាន់ ជាដើមនេះ ទំនងជាអាចមានជាប់ពាក់ព័ន្ធជាមួយកម្លាំងជំនាញមួយចំនួនជាអ្នកកាងការពារ ឬធ្វើជាខ្នងបង្អែក ក្នុងនោះក៏មានលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំរាម និងលោកអធិការស្រុកព្រៃនប់ ព្រមទាំងបុគ្គលស្ថិតក្នុងជួរបក្សមូលដ្ឋានឃុំរាម មួយចំនួនទៀត ជាថ្នូរទទួលបានសំណូកពុករលួយ ហើយអនុញ្ញាតឲ្យវង់ល្បែងស៊ីសងអនាធិបតេយ្យទាំងនេះអាចបន្តធ្វើសកម្មភាពរហូតមកដល់ពេលនេះ៕
No comments:
Post a Comment