Wednesday, October 12, 2016

អ្នក​ធ្វើ​រូប​សំណាក​លោក​ កែម ​ឡី បារម្ភ​ពី​សុវត្ថិភាព



អ្នក​ធ្វើ​រូប​សំណាក​លោក​ កែម ​ឡី បារម្ភ​ពី​សុវត្ថិភាព

លោក សៀន កាម៉ង់ដង់​ និង​រូប​សំណាក​ បណ្ឌិត កែម ឡី ដែល​​លោក​បាន​ធ្វើ​​​។ រូបថត ហ្វេសប៊ុក


កំពង់ស្ពឺៈ ជាង​ចម្លាក់​ដែល​​ជា​អ្នក​ធ្វើ​រូប​សំណាក​លោក កែម ឡី បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក៏​ដូចជា​កូន​ជាង​របស់​ខ្លួន​បន្ទាប់ពី​មាន​មនុស្ស​មិន​ស្គាល់​មុខ​ជាច្រើន​បាន​ចេញ​ចូល​មើល​រូប​សំណាក​នេះ​ហើយ​តាម​សួរ​រក​រូប​លោក​ និង​ខណៈ​​ដែល​អាជ្ញាធរ​រាជធានី​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​បុណ្យ​ ១០០ ​ថ្ងៃ​នៅ​វត្តចាស់​សម្រាប់​អ្នក​វិភាគ​ល្បី​ឈ្មោះ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​​រូប​នេះ។

លោក សៀន កាម៉ង់ដង់ ជា​អ្នក​​ធ្វើ​​រូប​សំណាក​លោក កែម ឡី ​បាន​ប្រគល់​រូប​សំណាក​ដែល​ធ្វើ​រួច​ហើយ​នេះ​ទៅ​គណៈកម្មការ​បុណ្យ​សព​តាំងពី​​សប្តាហ៍​មុន​ប៉ុន្តែ​​រូប​សំណាក​នេះ​មិន​ទាន់​ត្រូវ​បាន​យក​ចេញ​នៅ​ឡើយ។

លោក​បន្ត​ថា​ក្រោយពី​ប្រកាស​ថា​រូប​សំណាក​លោក កែម ឡី បាន​សាងសង់​រួច​មាន​មនុស្ស​ជាច្រើន​បាន​ចូល​មក​ទស្សនា​រូបសំណាក​នេះ​ដែល​​​មនុស្ស​ភាគច្រើន​លោក​មិន​បាន​ស្គាល់​នោះ​​ទេ​ដែល​លោក​ថា​ធ្វើ​ឲ្យ​លោក​បារម្ភ​ពី​សុវត្ថិភាព​ខណៈ​​ដែល​កម្មវិធី​បុណ្យ​ ១០០ ​ថ្ងៃ​លោក កែម ឡី កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស។
លោក​ថា​៖ ​«ម្សិលមិញ​អ្នក​ធ្វើការ​នៅ​ភ្នំពេញ​បាន​មក​ជួប​ខ្ញុំ តាមពិត​ទៅ​ក៏​មាន​បញ្ហា​ជាច្រើន​ដែល​មាន​គេ​ទាមទារ​រក​រូប​ខ្ញុំ​ ...អ៊ីចឹង​បាន​ន័យ​ថា​រូប​ខ្ញុំ​ជា​មុខ​សញ្ញា​មួយ...​ឥឡូវ​ហ្នឹង​បញ្ហា​សុវត្ថិភាព​ជា​ចម្បង​ហើយ​ពិសេស​ប្អូនៗ​ខ្ញុំ​បើ​តែ​ខ្ញុំ​មិន​ខ្លាច​ទេ​ព្រោះ​​អី​ខ្ញុំ​អត់​ធ្វើ​​អី​ខុស»។​

លោក កាម៉ង់ដង់ ​ឲ្យ​ដឹង​ទៀត​ថា​លោក​​កំពុង​ទាក់ទង​គណៈកម្មការ​បុណ្យ​ដើម្បី​ឲ្យ​មក​ទទួល​រូប​​សំណាក​នេះ​ឲ្យ​បាន​ឆាប់​។

លោក​បន្ត​ថា៖ «ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព​គ្រប់​យ៉ាង​សូម្បី​តែ​វត្តចាស់​ក៏​គេ​មិន​អនុញ្ញាត​ឲ្យ​ (ធ្វើ​បុណ្យ) អ៊ីចឹង​រូប​សំណាក​ដែល​មាន​ហើយ​វា​អាច​ប៉ះពាល់​​ច្រើន...​ខ្ញុំ​កំពុង​តែ​ទាក់ទង​ទៅ​គាត់​ឲ្យ​មក​យក​មុន​ថ្ងៃ​ទី ១៣ ដើម្បី​ឲ្យ​វា​ផុត​ព្រោះ​យើង​ធ្វើ​កិច្ចការ​នេះ​មិន​បាន​អ្វី​ទាំងអស់​តែ​បែរ​ជា​ភិតភ័យ»។

ទាក់ទង​នឹង​ការ​ដែល​អាច​យក​រូប​សំណាក​លោក កែម ឡី ចេញ​ពី​ស្រុក​ឧដុង្គ​មុន​ថ្ងៃ​ទី​ ១៣ នេះ​សមាជិក​គណៈកម្មការ​​បុណ្យ​សព​លោក កែម ឡី ព្រះតេជគុណ ប៊ុត ប៊ុនតិញ មាន​សង្ឃដីកា​ថា​ព្រះអង្គ​មិន​ទាន់​អាច​ថា​យ៉ាង​ម៉េច​បាន​ទេ​ដោយ​​​ត្រូវ​រង់ចាំ​ពិភាក្សា​ជាមួយ​សមាជិក​គណៈកម្មការ​ដទៃ​ទៀត​ជាមុន​សិន។​ «ចាំ​មើល​ស្ថានភាព​យើង​ទៅ​ដឹក​ចេញ​មក​បើ​ស្ថានភាព​តានតឹង​បើ​ថា​វា​តានតឹង​មាន​តែ​យើង​ទៅ​ហែ​មក...​ត្រូវ​តែ​ពិភាក្សា​គ្នា​ព្រោះ​អាហ្នឹង​វា​ជា​កិច្ចការ​រួម​អាត្មា​មិន​ទាន់​ហ៊ាន​សម្រេច​ថា​ទៅ​ហែ​មក​ ឬ​ដឹក​មក​ស្ងាត់ៗ​ណា»។​

ព្រះអង្គ​ ប៊ុនតិញ ឲ្យ​ដឹង​ដែរ​ថា​រហូត​មក​ដល់​ពេល​នេះ​​គណៈកម្មការ​បុណ្យ​នៅ​រក្សា​ជំហរ​រៀបចំ​បុណ្យ​ ១០០ ​ថ្ងៃ​លោក កែម ឡី​ នៅ​វត្ត​ចាស់​ដដែល​បើ​ទោះបី​ជា​សាលា​រាជធានី និង​ព្រះគ្រូ​ចៅអធិការ​វត្តចាស់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ក៏ដោយ។

ទោះ​យ៉ាង​ណា​ព្រះអង្គ​ថា​គណៈកម្មការ​នៅ​តែ​​ព្យាយាម​ទាក់ទង​សាលា​រាជធានី​​ដើម្បី​សុំ​ការ​អនុញ្ញាត​ធ្វើ​បុណ្យ និង​កំណត់​ផ្លូវ​ហែ​រូប​សំណាក​លោក កែម ឡី នេះ​។

បើ​តាម​គម្រោង​ព្រះអង្គ​ថា​រូបសំណាក​លោក កែម ឡី នឹង​ត្រូវ​ដង្ហែ​ពី​ឧដុង្គ​មក​កាន់​វត្តចាស់​នៅ​ថ្ងៃ​ទី​ ១៣ តុលា​នេះ​មក​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្តចាស់​តែ​មិន​មែន​ជា​ការ​ធ្វើ​ពិធី​អ្វី​នោះ​ទេ​ហើយ​​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៦ ​នឹង​មាន​ពិធី​ហែ​រូប​សំណាក​នេះ​ទៅ​កាន់​ផ្ទះ​លោក កែម ឡី ក្នុង​ខេត្ត​តាកែវ។

កាលពី​ថ្ងៃ​ទី​ ១០ ខែ​តុលា​ព្រះចៅ​អធិការ​វត្តចាស់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ថា​ព្រះអង្គ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​ពិធី​បុណ្យ ១០០ ​ថ្ងៃ​សព​លោក​ កែម ឡី​ នោះ​ទេ​ដោយ​​ថា​ព្រះអង្គ​​នឹង​ស្នើ​ទៅ​កាន់​អាជ្ញាធរ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ សមាជិក​គណៈកម្មការ​បុណ្យ​សព​លោក កែម ឡី លោក ប៉ា ងួនទៀង ថ្លែង​ថា​ព្រះចៅ​អធិការ​វត្ត​នេះ​​អាច​រង​ការ​គំរាម​កំហែង​ណា​មួយ​បាន​ជា​លោក​មិន​អនុញ្ញាត​បែប​នេះ។

សាលា​រាជធានី​​កាលពី​ថ្ងៃ​ទី​ ៧​​ ខែ​តុលា​ក៏​បាន​បដិសេធ​ចំពោះ​សំណើ​សុំ​ធ្វើ​បុណ្យ​ ១០០ ថ្ងៃ​​នេះ​ផង​ដែរ និង​បាន​ណែនាំ​ឲ្យ​គណៈកម្មការ​ទៅ​ធ្វើ​បុណ្យ​នៅ​​ស្រុក​កំណើត​លោក​ កែម ឡី នៅ​ខេត្ត​តាកែវ​វិញ៕

No comments:

Post a Comment