October 8, 2016
EU បញ្ជូនគ្រឿងសមុទ្រវៀតណាម ផ្ទុកសារធាតុគីមី ត្រលប់ទៅស្រុកវិញ
![(រូបតំណាង)](https://1.bp.blogspot.com/-5W73QnWWhSY/V_eyrMLm_vI/AAAAAAAAQbA/3Tn_O6mMWU0wU_4f4NaUspsqqlDYwq0iwCLcB/s640/image.jpg)
គ្រឿងសមុទ្រវៀតណាម ដែលបាននាំចូលសហភាពអឺរ៉ុប (EU) ត្រូវបានបដិសេធ និងបញ្ជូនត្រលប់ទៅស្រុកវិញ ចំនួន១១ដង គិតត្រឹមរយៈពេល ៩ខែដំបូង ក្នុងឆ្នាំ២០១៦នេះ ដោយសារការប្រើសារធាតុគីមីច្រើនហួសកម្រិត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះលើគេហទំព័រ Nafiqad របស់ក្រសួងកសិកម្ម រុក្ខកម្ម និងជលផល នៃប្រទេសវៀតណាម។ គ្រឿងសមុទ្រទាំងនោះ បានផ្ទុកទៅដោយសារធាតុគីមីដូចជា បារ៉ត និងកាតមីញ៉ូម ជាដើម។
បរិមាណនាំចូល ដែលត្រូវបានបដិសេធដោយសហភាពអឺរ៉ុប ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៦ មានចំនួនខ្ពស់ជាងរហូតដល់ទៅ ២,២ដង បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៥ ទាំងមូល។ នេះបើយោងតាមគេហទំព័រ Nafiqad។
គួររំលឹកផងដែរថា ក្រុមអាជ្ញាធរវៀតណាម បានព្រមានក្រុមហ៊ុនក្នុងស្រុកថា ពួកគេនឹងមិនបន្តអាជ្ញាប័ណ្ណនាំចេញឲ្យទៀតឡើយ លុះត្រាតែក្រុមហ៊ុនទាំងនោះ គោរពតាមគោលការណ៍សុវត្ថិភាពចំណីអាហារ បន្ទាប់ពីមានការព្រមានពីសហភាពអឺរ៉ុប ក្រោយអាហារសមុទ្រវៀតណាម ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុគីមីច្រើនលើសកម្រិត។
ជាមួយគ្នានេះដែរ សហភាពអឺរ៉ុប បានណែនាំបណ្តាប្រទេសជាសមាជិក ដើម្បីបង្កើនការត្រួតពិនិត្យ ចំពោះការនាំចូលគ្រឿងសមុទ្រពីប្រទេសវៀតណាម ទៀតផង បន្ទាប់ពីមានការកំពប់ប្រេងពុល ដែលបង្កឡើងដោយក្រុមហ៊ុនតៃវ៉ាន់ ឈ្មោះថា «Formosa Plastics Group» នៅតាមបណ្តោយឆ្នេរសមុទ្រភាគកណ្តាល កាលពីខែមេសា កន្លងទៅនេះ៕
No comments:
Post a Comment