មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោក ជា ដា មានប្រសាសន៍នៅថ្ងៃទី៣១ តុលា ថា សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃ ជាមេខ្លោងឆបោកប្រាក់ដ៏ច្រើននេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋខ្មែរចំនួនជាង ១៣០នាក់ ដែលបានចាញ់បោកជនទាំងនោះតាមរយៈបញ្ចុះបញ្ចូលឲ្យពួកគេយកប្រាក់ទៅដាក់សន្សំនៅក្នុងក្រុមហ៊ុន ធី.ក្លឹប (T CLUB) មានទីតាំងជាប់កាស៊ីណូផ្កាយប្រាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអះអាងថា ប្រជាពលរដ្ឋបានយកប្រាក់ទៅដាក់នៅក្រុមហ៊ុនមួយនេះតាំងពីខែកក្កដា ឆ្នាំ២០១៦ សរុបជាង ៥០ម៉ឺន ៦ពាន់ដុល្លារអាមេរិក ដោយទទួលបានការប្រាក់ខ្ពស់ទៅតាមសាច់ប្រាក់ដែលដាក់ភាគហ៊ុន ប៉ុន្តែលោកមិនបានបញ្ជាក់ថា ក្នុង ១ពាន់ដុល្លារទទួលបានការប្រាក់មួយខែចំនួនប៉ុន្មាននោះទេ។ លោកបន្តថា ដំបូងឡើយ អតិថិជនទទួលការប្រាក់ជាធម្មតា ក្រោយមកពលរដ្ឋជាច្រើននាក់នាំគ្នាសម្រុកយកប្រាក់ទៅដាក់សន្សំនៅក្រុមហ៊ុននេះជាបន្តបន្ទាប់។
លោកបន្ថែមថា ចាប់តាំងពីដើមខែតុលា ក្រុមហ៊ុននេះមិនផ្ដល់ការប្រាក់ទៅអតិថិជន ហើយបានផ្ដាច់ការទាក់ទង ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការសង្ស័យ ក៏ដាក់ពាក្យប្ដឹងតែម្ដង៖ «គាត់ប្ដឹងមកសមត្ថកិច្ចយើងទៅ ហើយយើងក៏បានសួរនាំដឹងពីរឿងរ៉ាវ ក៏សុំយោបល់ទៅមេបញ្ជាការអាវុធហត្ថខេត្ត ហើយអញ្ជើញពួកគាត់សាកសួរតែម្ដង។ ហើយភ្លាមៗនោះមានប្រជាពលរដ្ឋមកទីបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត ដូចគេហែកឋិន ខ្ញុំក៏សម្រេចបញ្ជូនទៅខេត្តម្ដង»។
លោកឲ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅសាកសួរដល់ទីកន្លែង ហើយនាំជនសង្ស័យជាជនជាតិថៃ បានចំនួន ៦នាក់ រួមមានឈ្មោះ ថៈរៈសិរិ រេវ៉ាន (tharaksire Ravan) ភេទប្រុស អាយុ ៣១ឆ្នាំ ឈ្មោះ ណាត់ ឆៃយ៉ា (Natt Chaiya) ភេទស្រី អាយុ ២៣ឆ្នាំ លោក ដេឆា ខៀវផឹក (Dacha Keanphek) អាយុ ២៣ឆ្នាំ លោក ផាវី ឡាក់តិភូមិ (Phavi Laktiphoum) អាយុ ៣៧ឆ្នាំ កញ្ញា សៃថាន ថាវន (Sai than Thavon) អាយុ ២០ឆ្នាំ និង កាន់ចៈនា ឡាក់ម៉ាយស៊ី (Kanchana Lakmysi) ភេទស្រី អាយុ ២៤ឆ្នាំ និងពលរដ្ឋខ្មែរចំនួន ៣នាក់ផ្សេងទៀត។
អាស៊ីសេរី ពុំអាចទាក់ទងប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣១ តុលា។

បច្ចុប្បន្ន សមត្ថកិច្ចក្រុងប៉ោយប៉ែត បានបញ្ជូនជនសង្ស័យទាំង ៩នាក់ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធី៕
No comments:
Post a Comment