Thursday, November 24, 2016
កម្ពុជានិងវៀតណាមព្រមព្រៀងគ្នាធ្វើលិខិតស្នើសុំជំនាញការបារាំងឲ្យជួយរឿងព្រំដែន
កាលពីខែសីហាកន្លងទៅ គណៈកម្មការព្រំដែនរបស់កម្ពុជានិងវៀតណាម បានជួបប្រជុំគ្នាពិភាក្សាពីបញ្ហាព្រំដែន និងការព្រាងលិខិតសម្រាប់ផ្ញើទៅប្រទេសបារាំងស្នើសុំអ្នកជំនាញដើម្បីគូសចម្លងផែនទី។
ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម បានព្រមព្រៀងគ្នាលើការធ្វើលិខិតរួមគ្នាដើម្បីស្នើទៅប្រទេសបារាំងសុំអ្នកជំនាញមកជួយធ្វើផែនទី ដោយផ្ទេរពីខ្នាត ១លើ១០០.០០០ មកខ្នាត១លើ៥០.០០០ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា។
បញ្ហាព្រំដែននៅតែជាបញ្ហាចម្រូងចម្រាស ដោយកម្ពុជានិងវៀតណាមនៅមិនទាន់ឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅតំបន់មួយចំនួន។
កាលពីខែសីហាកន្លងទៅ គណៈកម្មការព្រំដែនរបស់កម្ពុជានិងវៀតណាម បានជួបប្រជុំគ្នាពិភាក្សាពីបញ្ហាព្រំដែន និងការព្រាងលិខិតសម្រាប់ផ្ញើទៅប្រទេសបារាំងស្នើសុំអ្នកជំនាញដើម្បីគូសចម្លងផែនទី។
ក៏ប៉ុន្តែភាគីទាំងពីរ ពុំសម្រេចបានសេចក្ដីព្រាងលិខិតណាមួយនោះទេ ដោយសារពុំឯកភាពគ្នាលើខ្លឹមសារដែលត្រូវបញ្ចូលនៅក្នុងលិខិតនោះ ហើយក៏បញ្ជូនបញ្ហានេះឱ្យថ្នាក់ដឹកនាំប្រទេសទាំងពីរជាអ្នកសម្រេច។
លោក កៅ គឹមហួន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅឯខេត្តសៀមរាបថា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពក្នុងការធ្វើលិខិតរួមគ្នានេះដើម្បីស្នើទៅប្រទេសបារាំងក្នុងការផ្ដល់អ្នកជំនាញមកជួយចម្លងផែនទីពីខ្នាត១លើ១០០.០០០ មកផែនទីខ្នាត១លើ៥០.០០០វិញ។
«ពាក់ព័ន្ធនឹងកិច្ចការព្រំដែនដែលជាកិច្ចការបន្តពិភាក្សាកាលសម្ដេចនាយករដ្ឋមន្ត្រីទៅប្រជុំនៅទីក្រុងហាណូយ នៅក្នុងចំណុចនេះគឺនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នានៅក្នុងការធ្វើលិខិតរួមគ្នាទៅប្រទេសបារាំង ដើម្បីស្នើសុំឱ្យអ្នកឯកទេសបារាំងមកជួយធ្វើផែនទីដែលផ្ទេរពីផែនទី១[លើ]១០០.០០០ មកផែនទី១លើ៥០.០០០»។
លោក កៅ គឹមហួន បានឱ្យដឹងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់តាំងលោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសដើម្បីធ្វើការជាមួយភាគីវៀតណាមក្នុងការព្រាងឯកសារសម្រាប់ស្នើសុំអ្នកជំនាញពីប្រទេសបារាំង។
VOA មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ឡុង វិសាលោ ដែលត្រូវទទួលការងារក្នុងការព្រាងលិខិតជាមួយភាគីវៀតណាមសម្រាប់ផ្ញើទៅបារាំងបានទេនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។
ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមកន្លងទៅ គណបក្សប្រឆាំងបានចោទរដ្ឋាភិបាលថាបានធ្វើឱ្យកម្ពុជាខាតដីទៅវៀតណាម។
បក្សប្រឆាំង បានទាមទារឱ្យរដ្ឋាភិបាលប្រើប្រាស់ផែនទីបោនខ្នាត១លើ១០០ ០០០ សម្រាប់ការងារព្រំដែន ឱ្យស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល បានអះអាងថា ផែនទីបោនខ្នាត១លើ១០០.០០០ មិនអាចប្រើប្រាស់សម្រាប់ការងារកំណត់ខ្សែបន្ទាប់ព្រំដែនបានទេ គឺត្រូវប្រើផែនទីUTM ខ្នាត១លើ៥០.០០០។
បើតាមលោក កៅ គឹមហួន ក្នុងជំនួបកាលពីថ្ងៃពុធ លោក ហ៊ុន សែន ក៏បានស្នើឱ្យភាគីវៀតណាមរក្សាស្ថានភាពនៅតាមតំបន់ដែលពុំទាន់ឯកភាពគ្នាឱ្យនៅដដែល កុំឱ្យមានការសាងសង់សំណង់អ្វីបន្ថែម ដោយត្រូវគោរពឱ្យបានម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនាពេលកន្លងមក។
ទោះយ៉ាងណា លោកមិនបានថ្លែងពីការឆ្លើយតបរបស់ភាគីវៀតណាមនោះទេ។
ក្រោយកិច្ចប្រជុំជាមួយវៀតណាមពីបញ្ហាព្រំដែនកាលពីចុងខែសីហាកន្លងទៅ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជាបានថ្លែងថា ភាគីទាំងពីរមិនឯកភាពគ្នាទៅលើសេចក្ដីព្រាងសំណើទៅប្រទេសបារាំង ដោយសារភាគីវៀតណាមស្នើឱ្យបញ្ចូល៧ចំណុច ចំណែកកម្ពុជាស្នើដាក់តែ២ចំណុចប៉ុណ្ណោះ ទៅក្នុងលិខិតស្នើនោះ។
ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថា ចំណុចទាំងនោះមានអ្វីខ្លះនោះទេ។
លោក វ៉ា គឹមហុង ក៏បានអះអាងដែរថា ការដែលកម្ពុជាចង់ឱ្យបញ្ចូលតែ២ចំណុចទៅក្នុងលិខិតស្នើសុំជំនួយពីប្រទេសបារាំងនោះ គឺដោយសារកម្ពុជាយល់ថា ៥ចំណុចទៀតដែលវៀតណាមចង់បញ្ចូលគឺក្រុមជំនាញគណៈកម្មការព្រំដែននៃប្រទេសទាំងពីរអាចដោះស្រាយដោយខ្លួនឯងបាន ដោយពុំចាំបាច់សុំអន្តរាគមន៍ពីប្រទេសទី៣។
នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ VOA មិនអាចសុំការបញ្ជាក់ពីលោក វ៉ា គឹមហុង ថាតើថ្នាក់ដឹកនាំប្រទេសទាំងពីរបានសម្រេចថានឹងបញ្ចូលបញ្ហាអ្វីខ្លះទៅក្នុងលិខិតនោះនៅឡើយទេ ដោយលោកអះអាងថាជាប់ប្រជុំ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បដិសេធមិនអត្ថាធិប្បាយជាក់លាក់លើរឿងសរសេរលិខិតស្នើសុំជំនួយពីប្រទេសបារាំងក្នុងការចម្លងផែនទីនេះ ដោយលោកថាមានលក្ខណៈបច្ចេកទេស និងទាមទារការសិក្សាឱ្យបានស៊ីជម្រៅ។
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ មានប្រសាសន៍ថា បញ្ហាព្រំដែនជាបញ្ហាធំរបស់ជាតិ ដូច្នេះរាល់ដំណើរការក្នុងការដោះស្រាយពាក់ព័ន្ធនឹងបញ្ហាកំណត់ព្រំដែននេះគួរមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសង្ស័យឬការចោទប្រកាន់គ្នានាពេលខាងមុខ។
«ខាងសង្គមស៊ីវិលគេចង់ចូលរួម អ្នកជំនាញការផ្នែកខាងព្រំដែនព្រំអីដែលគេយល់ដឹងពីបញ្ហាព្រំដែនតាំងពីយូរយារណាស់មកហើយហ្នឹង ក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅតាមព្រំដែនហ្នឹងគឺសុទ្ធតែចូលរួមចំណែកឱ្យការងារបោះបង្គោលព្រំដែនហ្នឹងឱ្យវាសុក្រឹត»។
លោក យឹម សុវណ្ណ បន្ថែមទៀតថា កម្ពុជាក៏គួរផ្ដោតលើការដោះស្រាយបញ្ហាដែលវៀតណាមសាងសង់សំណង់ និងជីកស្រះនៅតំបន់ដែលប្រទេសទាំងពីរ ពុំទាន់បានដោះស្រាយរួចឬតំបន់សផងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment