Thursday, November 10, 2016

ថ្ងៃ​រំឭក​បុណ្យ​ឯករាជ​ជាតិ​មិន​មាន​ការ​ថ្លែង​សុន្ទរកថា

ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​ជាតិ​ពេល​យាង​ និង​អញ្ជើញ​ចូលរួម​រំឭក​បុណ្យ​ឯករាជ​ជាតិ​ពី​ម្សិលមិញ។ ហេង ជីវ័ន


ភ្នំពេញៈ នៅ​ក្នុង​ទិវា​រំឭក​ខួប​លើក​ទី ៦៣ នៃ​បុណ្យ​ឯករាជ​ជាតិ​ ៩ វិច្ឆិកា​ពី​ម្សិលមិញ​ពុំ​មាន​ការ​ថ្លែង​សុន្ទរកថា​ពី​ព្រះមហាក្សត្រ ឬ​ថ្នាក់ដឹកនាំ​ណា​មួយ​ទេ​ប៉ុន្តែ​ប្រមុខ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​បង្ហោះ​សារ​រៀង​ខ្លួន​លើ​ទំព័រ​ហ្វេសប៊ុក​ដើម្បី​អបអរ​ពិធី​នេះ​ខណៈ​បក្ស​មួយ​ផ្សេង​មើល​ឃើញ​កម្ពុជា​បច្ចុប្បន្ន​ថា​ពុំ​ទាន់​មាន​ឯករាជ្យ​ពិតប្រាកដ។

ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៣ ត្រូវ​បាន​គេ​កំណត់​យក​ជា​ថ្ងៃ​ដែល​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​បារាំង​ដែល​បាន​ត្រួតត្រា​ពី​ឆ្នាំ ១៨៦៣ ដល់​ឆ្នាំ ១៩៥៣។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ម្សិលមិញ​សិស្សានុសិស្ស គ្រូបង្រៀន រួម​ជាមួយ​អ្នក​មុខ​អ្នក​ការ​ជាច្រើន​ពាន់​នាក់​បាន​មក​ចូលរួម​ក្នុង​កម្មវីធី​នេះ​នៅ​វិមាន​ឯករាជ្យ​ហើយ​នៅ​ម៉ោង​ប្រហែល ៨ ព្រឹក​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ នរោត្តម សីហមុនី បាន​យាង​ដល់​កន្លែង​ប្រារព្ធ​ពិធី។ ក្រោយពី​រៀបចំ​ពិធី​ផ្សេងៗ​សម្រាប់​បុណ្យ​ឯករាជ​ជាតិ​នេះ​ព្រះមហាក្សត្រ​ទ្រង់​ពុំ​បាន​ថ្លែង​សារ​ណា​មួយ​ដល់​អ្នក​ចូលរួម​នោះ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ជួប​សិស្សានុសិស្ស និង​អ្នក​ចូលរួម​ផ្សេង​ទៀត​មុន​នឹង​យាង​ត្រឡប់​ទៅ​ព្រះបរមរាជវាំង​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​ឯករាជ​ជាតិ​នេះ​ដែរ​នោះ​ក៏​មិន​បាន​ថ្លែង​សារ​អ្វី​ដែរ​ប៉ុន្តែ​លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​បើសិន​ជា​គ្មាន​ការ​តស៊ូ​របស់​ព្រះមហា​វីរក្សត្រ​នរោត្តម សីហនុ ទេ​នោះ​កម្ពុជា​ក៏​មិន​អាច​ទទួល​ឯករាជ្យ​ពី​បារាំង​បាន​នោះ​ដែរ។

លោក​ថា៖ «ប្រជារាស្រ្ត​ទូទាំង​ប្រទេស​សូម​ចងចាំ​ និង​ដឹង​គុណ​ជានិច្ច​នូវ​ព្រះរាជ​បូជនីយកិច្ច​ជា​ប្រវត្តិសាស្រ្ត​ដែល​ព្រះមហាក្សត្រ​កម្ពុជា​បាន​លះបង់​ដើម្បី​ប្រទេស​យើង​ទាំង​មូល»។


ដោយ​ឡែក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា បាន​សរសើរ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ពី​វីរភាព​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​បារាំង។ លោក​បញ្ចេញ​ទស្សនៈ​ថា​ឯករាជ្យ​ជាតិ​គឺជា «គុណ​តម្លៃ​ដ៏ឧត្តុង្គឧត្តម​សម្រាប់​ជាតិ​សាសន៍​មួយ» ប៉ុន្តែ​កន្លង​មក​តាម​ប្រវត្តិសាស្រ្ត​អ្នក​នយោបាយ​ខ្មែរ​ជំនាន់​ខ្លះ​ដើម្បី​អំណាច​ខ្លួន និង​បក្ខពួក​សុខចិត្ត​បោះបង់​ឯករាជភាព​របស់​ខ្លួន​ទៅ​ជ្រក​ក្រោម​អំណាច ឬ​អាណានិគម​បរទេស។

លោក​បាន​បញ្ជាក់​ថា៖ «ដើម្បី​ឈ្នះ​ខ្មែរ​គ្នា​ឯង​ ដើម្បី​អំណាច​ផ្ទាល់​ខ្លួន​ ឬ​ក្រុម​បក្ស​ខ្លួន សុខចិត្ត​ទទួល​យក​ ឬ​ជ្រក​ក្រោម​អំណាច​ត្រួតត្រា ឬ​អាណានិគម​បរទេស បើ​ទោះបី​ជា​មាន​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ខ្លួន​ក៏ដោយ...ពេល​ខ្លះ​គេ​គ្រាន់​តែ​រើបម្រះ​ចេញ​ពី​នឹម​ត្រួតត្រា​របស់​ប្រទេស​មួយ​ហើយ​ទៅ​ជ្រក​កោន​ក្រោម​អំណាច​នយោបាយ​អំណាច​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​ទៀត​ឲ្យ​តែ​គេ​អាច​រក្សា​អំណាច​បាន​ដោយ​ភ្លេច​អំពី​តម្លៃ​នៃ​ឯករាជជាតិ​ពិតប្រាកដ»។

លោក កឹម សុខា បាន​បន្ថែម​ថា​ឯករាជជាតិ​ពិតប្រាកដ​អាច​ស្ថិតស្ថេរ​បាន​លុះត្រា​តែ​មាន​ឯកភាព​ជាតិ​ដោយ​ថា «ឯកភាព​ជាតិ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ឯករាជ​ជាតិ»។ លោក​បញ្ជាក់​ថា៖ «ឯកភាព​ជាតិ​បាន​មក​ដោយ​ការ​ផ្សះផ្សា​ជាតិ ការ​បង្រួប​បង្រួម​ជាតិ​ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ធំ​ជាង​ផលប្រយោជន៍​ខ្លួន ឬ​បក្ខពួក​ខ្លួន​ស្រម​តាម​មាគ៌ា​លទ្ធិប្រជាធិបតេយ្យ»។

អ្នកស្រី ដឿ តឹកឡុង ជា​មន្ត្រី​រាជការ​ចូលនិវត្តន៍​វ័យ ៧៨ ឆ្នាំ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ​ដែរ​បាន​រំឭក​ថា​អ្នកស្រី​បាន​ចូលរួម​ចលនា​នារី​ក្លាហាន​តាម​ការ​អំពាវនាវ​របស់​សម្តេច សីហនុ។ អ្នកស្រី​ថា​អ្នកស្រី​ពេល​នោះ​អាយុ​ប្រហែល​ជា ១៤ ឆ្នាំ​ដោយ​ថា​កងនារី​ក្លាហាន​នេះ​មាន​ក្មេងស្រី​ចូលរួម​ជាច្រើន​នៅ​ទូទាំង​ប្រទេស។ អ្នកស្រី​បន្ត​ថា​ក្មេងស្រី​ទាំង​នោះ​កាត់​សក់​ខ្លី​ត្រឹម​ក និង​មាន​ឯកសណ្ឋាន​ពណ៌​គគី និង​មាន​កាំភ្លើង​ឈើ​ម្នាក់​មួយ​ដើម។ អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា​ពួក​អ្នកស្រី​ហាត់សម​ដូចជា​ទាហាន​អ៊ីចឹង​ដែរ​នៅ​តាម​ភូមិ និង​ថា​ធ្វើ​បែប​នេះ​ដើម្បី​បង្ហាញ​កម្លាំង​ដល់​បារាំង។

លោកស្រី​បន្ថែម​ថា៖ «ហេតុ​អ្វី​បាន​ជា​សម្តេច (សីហនុ) ឲ្យ​យើង​កាន់​កាំភ្លើង​ឈើ​គ្រប់​គ្នា​គំនិត​សម្តេច​គឺ​ចង់​សម្លុត​បារាំង​ដែរ​ណា...ចលនា​ទាមទារ​ឯករាជ្យ​ហ្នឹង​មាន​ច្រើន​ដែរ តែ​ខ្ញុំ​អត់​សូវ​ចាំ...ខ្ញុំ​ថា​ខ្ញុំ​មិន​ទ្រាំទ្រ​ឲ្យ​វា​ត្រួតត្រា​ទៀត​ទេ...យើង​អរ​ពេល​បាន​ឯករាជ្យ​ព្រោះ​យើង​អ្នក​តស៊ូ»។

លោកស្រី​បាន​រំឭក​អនុស្សាវរីយ៍​កាល​នៅ​ជា​សិស្ស​ក្រោយ​បាន​ឯករាជ្យ​ថា​អ្នកស្រី​ជា​សិស្ស​ផង ជា​អត្តពលិក​ផង ដែល​អ្នកស្រី​ថា​ធ្លាប់​បាន​លេង​បាល់បោះ​ជាមួយ​សម្តេច​ព្រះ នរោត្តមស៊ីហនុ ទៀត​ផង។ អ្នកស្រី​ចាត់​ទុក​សម្ដេច​ សីហនុ ជា​អ្នក​ដឹកនាំ​មិន​ប្រកាន់​ខ្លួន និង​បាន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាពិសេស​វិស័យ​កីឡា។

ចំណែក​យុវសិស្ស ជា យ៉ាន រៀន​ថ្នាក់​ទី ១១ នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​ថ្លែង​ថា​លោក​មក​ចូលរួម​ពិធី​បុណ្យ​នេះ​ដើម្បី​ជា​ការ​រំឭក​ដល់​ការ​ទាមទារ និង​តស៊ូ​របស់​ព្រះបាទ នរោត្តម សីហនុ ដើម្បី​ឯករាជភាព​របស់​កម្ពុជា​ពី​បារាំង។

ដោយ​ឡែក​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា មិន​ទាន់​ចាត់ទុក​ថា​កម្ពុជា​មាន​ឯករាជ្យ​នៅ​ឡើយ​ទេ​ដោយ​លើក​ឡើង​ថា​កម្ពុជា​កំពុង​ស្ថិត​ក្រោម​អំណាច​របស់​ប្រទេស​ជិត​ខាង​នៅ​ឡើយ។ មួយ​វិញ​ទៀត​លោក​ថា​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​នៅ​ពេល​អ្នក​ទាំង​នោះ​តវ៉ា​ស្វែងរក​យុត្តិធម៌។ លោក​បាន​ដាក់​ជា​សំណួរ​ថា​តើ​នេះ​​ ឬ​ជា​ឯករាជ្យ? នេះ​បើ​តាម​អ្វី​ដែល​លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ពី​ម្សិលមិញ៕

No comments:

Post a Comment