Saturday, November 12, 2016

ក្រុម​កីឡាករ​ប្រណាំង​ទូក​បាន​មក​ដល់​ភ្នំពេញ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត

កីឡាករ​អុំ​ទូក​ឈ្មោះ​ចេស្ដា​មហា​ពញ្ញាចក្រី​បារមី​ស្វាយសាច់ភ្នំ មក​ពី​ខេត្ត​កំពង់ចាម មក​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​ត្រៀម​ប្រកួត។ RFA/Khe Sonorng

មុន​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​មួយ​ថ្ងៃ កីឡាករ​ប្រណាំង​ទូក​មក​ពី​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ដណ្ដើម​យក​ជយលាភី​ក្នុង​ឱកាស​អបអរ​សាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។

កីឡាករ​ប្រណាំង​ទូក​បាន​នាំ​គ្នា​ហាត់​សម​នៅ​កណ្ដាល​ថ្ងៃ​ក្ដៅ​ហែង ដើម្បី​ត្រៀម​លក្ខណៈ​ប្រកួត​ប្រជែង​នា​ឱកាស​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ដែល​នឹង​ចូល​មក​ដល់​ចំ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​វិច្ឆិកា។

កីឡាករ​ទូក​អុំ ដូនពេញ​សែនជ័យ របស់​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ លោក ទួត សារ៉ែន ថ្លែង​ថា ចំណុះ​ទូក​របស់​គាត់​មក​ពី​ខេត្ត​ព្រៃវែង មាន​គ្នា​ចំនួន ៦៧​នាក់ បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការ​ប្រកួត ព្រោះ​គាត់​បាន​អុំ​ហាត់​សម​ចំនួន ១៥​ថ្ងៃ​រួច​មក​ហើយ៖ «កីឡាករ​ប្រឹង​ការ​ហូប​ចុក​ថែ​ទាំ​សុខភាព ដេក​ពួន​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ថ្ងៃ​ប្រកួត​យក​ជ័យជំនះ។ ...ទូក​នេះ​មិន​ដែល​មាន​ប្រវត្តិ​ចាញ់​ផង ដល់​ឆ្នាំ​នេះ​ពួក​កីឡាករ​ខ្ញុំ​សង្ឃឹម ១០០%»។

មិន​ខុស​គ្នា​នោះ​ទេ កីឡាករ ហ៊ន សៀងហាក់ ដែល​ក្រុម​កីឡាករ​របស់​គាត់​ពាក់អាវ​យឺត​ពណ៌ស្វាយ​មក​ពី​ឃុំ​ស្វាយសាច់ភ្នំ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ជា​កីឡាករ​ទូក​អុំ "ចេស្ដា​មហា​ពញ្ញាចក្រី​បារមី​ស្វាយសាច់ភ្នំ" បាន​ថ្លែង​ថា ពួកគាត់​បាន​នាំ​គ្នា​ហាត់​សម​អុំ​សាក​កម្លាំង​នៅ​លើ​ដង​ទន្លេសាប​មុន​ថ្ងៃ​ប្រកួត​មក​ដល់។

កីឡាករ​អុំ​ទូក​ព្រះ​អណ្ដូងសែនជ័យ មក​ពី​ភូមិ​ព្រះអណ្ដូង ខេត្ត​កំពង់ចាម បរិភោគ​អាហារ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Khe Sonorng

លោក​ថា កីឡាករ​ទាំង​អស់​បាន​នាំ​គ្នា​ថែទាំ​សុខភាព​ទាំង​ការ​ហូប​ចុក និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ដណ្ដើម​យក​ជាយ​លាភី។ ចំណែក​កន្លែង​ស្នាក់​នៅ​វិញ ពួក​គាត់​បាន​បោះតង់​នៅ​ត្រើយ​ម្ខាង​ក្នុង​សង្កាត់​ជ្រោយចង្វារ៖ «ត្រៀម​ខ្លួន​ប្រយុទ្ធ​យក​ជ័យជំនះ​ហាត់​បន្តបន្ទាប់​ហ្មង អុំ​ទៅ​អុំ​មក​តែ​យើង​មិន​មែន​អុំ​ជាមួយ​គូ។ សង្ឃឹម​យក​ជ័យជំនះ ៩០%»។

កីឡាករ​មក​ពី​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​បាន​ស្នាក់នៅ​ហូប​ចុក នៅ​កន្លែង​មួយ​ចំនួន​ដែល​មាន​ទីតាំង​នៅ​ក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំ ក្នុង​សង្កាត់​វត្តភ្នំ និង​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​វត្ត​អារាម ជា​ដើម ដែល​ជា​ទីតាំង​នៅ​ក្បែរ​ដង​ទន្លេសាប និង​នៅ​ត្រើយម្ខាង។ រី​ឯ​កីឡាករ​មួយ​ចំនួន​ទៀត ស្នាក់​នៅ​ក្រោម​ប៉ាតង់​ដែល​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ រៀបចំ​ឲ្យ​នៅ​ក្នុង​ទីតាំង​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ។

ជា​ចុងភៅ​ដាំ​ស្ល​ឲ្យ​កីឡាករ មក​ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម លោកស្រី បិ សាលាត មាន​ប្រសាសន៍​ថា លោកស្រី​បាន​ស្ម័គ្រចិត្ត​ដោយ​រីករាយ​ក្នុង​ការ​ធ្វើ​ម្ហូប​ជូន​កីឡាករ​ក្នុង​ភូមិ​ស្រុក​របស់​លោកស្រី ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​នា​ឆ្នាំ​នេះ៖ «ផ្គត់ផ្គង់​គាត់​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​មាន​កម្លាំង​អុំ​ទូក ចង់​បាន​កីឡាករ​ឈ្នះ​ទៅ​វិញ បាន​មាន​មុខ​មាន​មាត់»។

ទូក​អុំ​ព្រះ​អណ្ដូងសែនជ័យ មក​ពី​ភូមិ​ព្រះអណ្ដូង ខេត្ត​កំពង់ចាម ឧបត្ថម្ភ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ កីឡាករ ដុង ចាន់ថុល ដែល​កំពុង​អង្គុយ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ក្រោម​រោង​ប្រក់​ប៉ាតង់ នៅ​ក្នុង​កំពង់ផែ​ស្វយ័ត រាជធានី​ភ្នំពេញ ថ្លែង​សរសើរ​មិន​ដាច់​ពី​មាត់​ថា គាត់​មាន​ភាព​ងាយ​ស្រួល​ទាំង​កន្លែង​ស្នាក់​នៅ​ការ​ហូប​ចុក និង​បង្គន់​អនាម័យ​នៅ​ឆ្នាំ​នេះ៖ «ឆ្ងាញ់​ណាស់ ស្ងោរ​ឆៃថាវ ចំ​ជំនាញ​ខ្ញុំ​ចូលចិត្ត​ទៀត។ ឡើង​មក​ជា​ឆ្នាំ​ទី​១០​ហើយ មាន​ឈ្នះ​មាន​ចាញ់ កីឡាករ​នៅ​តែ​មក។ ការ​ហូប​ចុក​រស់​នៅ​ស្រួល បាន​កន្លែង​នៅ​រង​សុវត្ថិភាព មាន​បង្គន់​អនាម័យ​ស្រួល​ជាង​រាល់​ឆ្នាំ»។

នៅ​ក្នុង​កំពង់ផែ​ស្វយ័ត រាជធានី​ភ្នំពេញ ដែល​គេ​រៀបចំ​រោង​ប្រក់​ប៉ាតង់ ឲ្យ​កីឡាករ​អុំ​ទូក ក៏​មាន​រោង​ប៉ាតង់ សុខាភិបាល​របស់​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ត្រៀម​ជួយ​សង្គ្រោះ និង​ផ្ដល់​ថ្នាំ​សង្កូវ​ឲ្យ​កីឡាករ និង​អ្នក​ដើរ​កម្សាន្ត​បុណ្យ​អុំ​ទូក។

នៅ​ក្នុង​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក នៅ​ឆ្នាំ​២០១៦ នេះ មាន​ទូក​មក​ពី​បណ្ដា​ខេត្ត​ក្រុង រាជធានី ចូល​រួម​ប្រកួត​ចំនួន ២៥៦​ទូក។

រដ្ឋាភិបាល​បាន​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ចំនួន ៤​ឆ្នាំ​មក​ហើយ គិត​តាំង​ពី​ឆ្នាំ​២០១០ មក ដោយ​ហេតុផល​កាល​ពី​ឆ្នាំ​២០១០ មាន​ហេតុការណ៍​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះពេជ្រ ដោយសារ​គ្រោះ​ទឹក​ជំនន់ និង​ដោយ​អតីត​ព្រះ​មហាក្សត្រ​ព្រះ​បរម​រតនកោដ្ឋ​ទ្រង់​យាង​ចូល​ទិវង្គត៕

No comments:

Post a Comment