Friday, November 4, 2016

អត្រា​អ្នក​ជាប់​​ឃុំ​ក្នុង​​ពន្ធនាគារ​បាន​កើនឡើង​ទ្វេដង

អត្រា​អ្នក​ជាប់​​ឃុំ​ក្នុង​​ពន្ធនាគារ​បាន​កើនឡើង​ទ្វេដង

 ក្រុម​ស្ត្រី​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ត្រូវ​នាំ​ខ្លួន​ពី​ពន្ធនាគារ​ព្រៃស​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កន្លង​មក​​​។ ផា លីណា



ភ្នំពេញៈ អត្រា​ដាក់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​បាន​កើនឡើង​ទ្វេ​ដង​នៅក្នុង​រយៈកាល​​ ១០ ​ឆ្នាំ​ចុង​ក្រោយ​​នេះ​។ ​នេះ​បើ​តាម​ស្ថិតិ​ដែល​​ចេញ​ដោយ​​​អគ្គនាយកដ្ឋាន​​ពន្ធនាគារ​។

លោក នុត សាវនា អ្នក​នាំ​ពាក្យ​​នៃ​នាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែង​​ថា​ក្នុង​ឆ្នាំ​ ២០០៦ មាន​មនុស្ស​ចំនួន​ ៩៦៣៤​ នាក់​ជាប់​ពន្ធនាគារ​ហើយ​គិត​មក​ត្រឹម​​​ដើម​សប្តាហ៍​នេះ​តួលេខ​​នេះ​បាន​កើនឡើង​​ចំនួន​ ១២៥​ ភាគរយ​គឺ​ឡើង​រហូត​ដល់​ ២១ ៧០០ ​នាក់។

មន្រ្តី​ក្រសួង​យុត្តិធម៌​​មិន​បាន​ឆ្លើយតប​​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​​​អំពី​​​​អត្រា​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​​កម្ពុជា​​កើនឡើង​​​​ទ្វេដង​ពី ​០,០៧ ​ភាគរយ​​រហូត​ដល់​ ០,១៤ ​ភាគរយ​នៃ​ចំនួន​​​អ្នក​ដែល​កំពុង​ជាប់​ពន្ធនាគារ​នេះ​ទេ​។

ទោះ​យ៉ាង​​ណា​ក្តី​លោក សុក សំអឿន អ្នក​ជំនាញ​ច្បាប់​​ និង​​​ជា​មេធាវី​​បាន​ហៅ​​ការ​កើនឡើង​នេះ​​​ថា​យ៉ាង​ហោច​ណាស់​​ជា​​ផ្នែក​​នៃ​ការ​​អនុវត្ត​​ច្បាប់​មាន​ប្រសិទ្ធភាព​ជាង​មុន។ លោក​​ក៏​បាន​កត់សម្គាល់​​ផង​ដែរ​ថា​កូន​ក្តី​ជាច្រើន​របស់​លោក​​​​ត្រូវ​បាន​ឃុំ​ខ្លួន​មុន​​ការ​កាត់​ក្តី​ច្រើន​ជាង​មុន​​ដែល​នេះ​ជា​ការ​រួម​ចំណែក​​ទៅ​នឹង​​អត្រា​កើនឡើង​នៃ​​ការ​ជាប់​ពន្ធនាគារ​ច្រើន​ទ្វេដង​ក្នុង​​ប្រទេស​កម្ពុជា​ដែល​បាន​កើនឡើង​ជិត ២៤​ ភាគរយ​នៅក្នុង​រយៈកាល​ ១២ ​ឆ្នាំ​ចុង​ក្រោយ​នេះ​​។ លោក សុក​ សំអឿន ​បាន​ថ្លែង​​បន្ត​​ថា​៖ «​​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​​អស់​រយៈពេល​បួន​ឆ្នាំ​ម្នាក់​​អស់​រយៈពេល​ ១៨ ​ខែ​​មុន​ពេល​ការ​កាត់​​ទោស​​»។ ​«​​រយៈពេល​ឃុំ​ខ្លួន​​មាន​ការ​កើនឡើង​»។ លោក​បាន​ថ្លែង​ថា​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​​ដែល​ចេញ​ក្នុង​ឆ្នាំ​ ២០០៧ ខ្វះ​​ការ​កំណត់​ជាក់​​ច្បាស់​​អំពី​​ការ​ឃុំ​ខ្លួន​មុន​ការ​កាត់​ទោស​ដោយ​ទុក​ឲ្យ​ចៅក្រម​មាន​ឆន្ទានុសិទ្ធិ​កំណត់​។


គិត​មក​ត្រឹម​ម៉ោង​ចេញ​កាសែត​កាលពី​យប់​មិញ​​លោក នុត សាវនា អ្នក​​នាំ​ពាក្យ​​នៃ​នាយកដ្ឋាន​ពន្ធនាគារ​មិន​បាន​ឆ្លើយតប​​នឹង​ព័ត៌មាន​​​អំពី​​​​​ចំនួន​សមាមាត្រ​នៃ​ចំនួន​អ្នក​ទោស​​ដែល​កំពុង​ជាប់​ឃុំ​មុន​ការ​កាត់​ទោស​​ក្នុង​ប្រទេស​កម្ពុជា​​នេះ​ទេ​។
ទោះ​យ៉ាង​ណា​ក្តី​​​កម្មវិធី​តាមដាន​​​​ការ​ជំនុំជម្រះ​​របស់​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​​បាន​​​​​សង្កេត​ការណ៍​​ទៅ​លើ​​ការ​ជំនុំជម្រះ​​​ចំនួន​ ២៥៥៨ ​​ចន្លោះ​ពី​ឆ្នាំ​ ២០០៩ និង​ ២០១២​​។ ​ក្នុង​ចំណោម​ចុង​​ចោទ​​ ៣ ៣៦០ នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅក្នុង​សំណុំ​រឿង​ទាំង​នោះ​ពីរ​ភាគ​បី​​គឺ​​ជាប់​​​ឃុំ​មុន​ការ​​ជំនុំ​ជម្រះ​។

នាយក​តស៊ូ​មតិ​​នៅ​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​លោក ឌុច ពិសិដ្ឋ បាន​ថ្លែង​​តាម​អ៊ីមែល​ថា​៖ «​​ពី​វិធី​សាស្រ្ត​​ផ្អែក​លើ​សិទ្ធិ​មនុស្ស​វា​មិនមែន​ជា​ការ​អនុវត្ត​ល្អ​ទេ​​​ដែល​ឃើញ​​មាន​​ចំនួន​​ជាប់​​ឃុំ​មុន​ការ​ជំនុំជម្រះ​ច្រើន​ជាង​មុន​​»។ «​លើក​លែង​តែ​ករណី​ពិសេស​​​ដែល​មាន​ភ័ស្តុតាង​រឹងមាំ​​ទើប​​ចៅក្រម​គួរ​សម្រេច​​ដាក់​​ចុង​ចោទ​​ឃុំ​ខ្លួន​មនុស្ស​​​មុន​ការ​ជំនុំជម្រះ​»។

លោកស្រី Naly Pilorge អនុប្រធាន​ផ្នែក​តស៊ូ​មតិ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​តាមដាន​ពន្ធនាគារ​ចំនួន​ ១៨ ក្នុង​ចំណោម​ពន្ធនាគារ​​ក្នុង​ប្រទេស​បាន​ថ្លែង​ថា​ចំនួន​អ្នក​ទោស​ច្រើន​គឺជា​បញ្ហា​ជា​យូរ​មក​​ហើយ​នៅ​ក្នុង​​ពន្ធនាគារ​របស់​កម្ពុជា​។ លោកស្រី Naly Pilorge ​បាន​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​​បាន​ព្យាយាម​​ក្នុង​រយៈកាល​ឆ្នាំ​កន្លង​មក​​ដើម្បី​សាងសង់​ពន្ធនាគារ​បន្ថែម​ប៉ុន្តែ​​វា​ជា​វិធានការ​​ដែល​មើល​ឃើញ​​ក្នុង​ចម្ងាយ​ខ្លី​»។ «​ចំពោះ​យើង​​រឿង​ធំ​បំផុត​គឺ​ត្រូវ​មើល​ទៅ​លើ​ការ​​​សុំ​នៅ​ក្រៅ​ឃុំ​ ​និង​មនុស្ស​​ដែល​នៅ​ក្រៅ​ឃុំ​ជា​ជាង​​ឃុំ​ខ្លួន​មនុស្ស​​​មុន​ការ​ជំនុំ​ជម្រះ​»។

លោកស្រី​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​អ្នក​ត្រូវ​ឃុំ​ខ្លួន​ជាច្រើន​​​​ជា​អ្នក​ដែល​​ពាក់ព័ន្ធ​នឹង​ករណី​ផឹក​ និង​ប្រើប្រាស់​គ្រឿងញៀន​ «​ដែល​នៅ​​ប្រទេស​​​ដទៃៗ​នឹង​ប្រើប្រាស់​សេវា​​សុខុមាលភាព​សង្គម​​ដើម្បី​ដោះស្រាយ​​»​។

ការ​សង្កេត​ឃើញ​​របស់​លោកស្រី​ Naly Pilorge ក៏​ត្រូវ​បាន​បន្ទរ​ស្រដៀង​​​គ្នា​​ផង​ដែរ​ដោយ​ប្រធាន​វេទិកា​អនាគត​ លោក អ៊ូ វីរៈ។ ​លោក វីរៈ បាន​ថ្លែង​យ៉ាង​ខ្លី​​ពី​បញ្ហា​នេះ​ថា​៖ «​​​ពិនិត្យ​ទៅ​ពន្ធនាគារ​អ្នក​អាច​ឃើញ​វិសមភាព​​យ៉ាង​ខ្លាំង​»៕ PS

No comments:

Post a Comment