Wednesday, November 30, 2016
ក្រសួងពីរនឹងបើកការស៊ើបអង្កេតលើសារសន្ទនារវាងលោក ហ៊ុន មានិត និងធី សុវណ្ណថា
ភ្នំពេញៈ មន្រ្តីនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យដឹងម្សិលមិញថា ក្រុមអាជ្ញាធរនឹងធ្វើការស៊ើបអង្កេតលើសារទូរស័ព្ទដែលត្រូវបានសង្ស័យថា បានបង្ហាញពី ការឆ្លើយឆ្លងគ្នារវាងកូនប្រុសទី ២ របស់លោកនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអង្គភាពចារកម្មនៃកងយោធពលខេមរភូមិន្ទគឺ លោក ហ៊ុន មានិត ជាមួយតារាបណ្តាញផ្សព្វផ្សាយសង្គមគឺ កញ្ញា ធី សុវណ្ណថា ក្នុងអត្ថន័យរៀបចំផែនការបង្ខូចឈ្មោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង។
ការសន្យាធ្វើការស៊ើបអង្កេតរបស់លោក ឈុំ សុជាតិ ត្រូវបានធ្វើឡើង បន្ទាប់ពីគណនី Facebook របស់ កញ្ញា ធី សុវណ្ណថា បានបង្ហោះរូបថតចេញពីអេក្រង់ទូរស័ព្ទជាង ៤០០ សន្លឹក ដែលបង្ហាញពីការឆ្លើយឆ្លងរបស់នាង ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់តែម្តង។
លោក ឈុំ សុជាតិ ថ្លែងថា លោកពុំបានដឹងពីសារឆ្លងឆ្លើយរវាង ធី សុវណ្ណថា ជាមួយលោក ហ៊ុន សែន នោះទេ ក៏ប៉ុន្តែបានអះអាងថា ក្រុមអ្នកជំនាញមកពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃនឹងធ្វើការស៊ើបអង្កេតលើភាពពិតប្រាកដនៃសារបែកធ្លាយដែលមានទាក់ទងជាមួយលោក ហ៊ុន មានិត ជាឧត្តមសេនីយ៍ទោ និងទើបដំឡើងឋានៈជាប្រធានអង្គភាពចារកម្មកាលពីឆ្នាំមុន។
លោកអះអាងថា ការរកឃើញណាមួយគឺជា «បញ្ហាចារកម្មសម្ងាត់» និងមិនពាក់ព័ន្ធនឹងនយោបាយនោះឡើយ។
លោកនិយាយថា៖ «យើងមិនទាន់អាចសន្និដ្ឋានបានថា វាជាការពិតឬក៏អត់បាននោះទេ... ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិនឹងបើកការស៊ើបអង្កេតស្តីពីព័ត៌មាននេះ»។
ត្រូវបានទាក់ទងទៅកាលពីម្សិលមិញតាមរយៈ Facebook លោកឧត្តមសេនីយ៍ទោ ហ៊ុន មានិត ពុំបានបដិសេធសារឆ្លងឆ្លើយរបស់លោកជាមួយកញ្ញា ធី សុវណ្ណថា នោះទេ ក៏ប៉ុន្តែលោកក៏ពុំបានឆ្លើយសំណួរស្តីពីភាពពិតរបស់សារទាំងនោះដែរ។
លោក ហ៊ុន មានិត សរសេរថា៖ «ប្រហែលជាអ្នក (អ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍) អាចជួយខ្ញុំរកឲ្យឃើញថា ហេតុអ្វីបាន ជាវីដេអូ និងប្រធានបទប្រភេទនេះត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម»។
លោកពុំបានធ្វើការឆ្លើយតបទៅនឹងបណ្តាសំណួរបន្ទាប់មកទៀតទាក់ទិននឹងទំនាក់ទំនងរបស់កញ្ញា ធី សុវណ្ណថា ជាមួយនឹងឪពុករបស់លោកនោះទេ។
សារនៃការសន្ទនាទាំងពីរ បានលេចចេញជាលើកដំបូងនៅលើគណនី Facebook របស់ឈ្មោះ ផែ សុវណ្ណារិទ្ធិ ជាមិត្តជិតស្និទ្ធម្នាក់របស់ ធី សុវណ្ណថា និងជាសកម្មជនគណបក្សប្រជាជនកម្ពុជាមួយរូប កាលពីចុងសប្តាហ៍មុន។
ជាសញ្ញានៃការពាក់ព័ន្ធរបស់ Hacker មួយរូបនៅក្នុងរឿងនេះ អ្នកប្រើប្រាស់ម្នាក់នៃគណនីឈ្មោះ ផែ សុវណ្ណារិទ្ធិ ដែលបានឆ្លងឆ្លើយជាមួយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា រូបគេមិនមែនជា ផែ សុវណ្ណារិទ្ធិ ទេ តែគេជា «អ្នកផ្សេងទៀត» ដែលកំពុង «ព្យាយាមបកអាក្រាតពីការពិត»។
កាលពីម្សិលមិញ ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទង លោក ផែ សុវណ្ណារិទ្ធិ ឬ កញ្ញា ធី សុវណ្ណថា បានឡើយ។
សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា ធ្លាប់ជាសកម្មជនដ៏ខ្លាំងក្លាមួយរូបរបស់គណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែបានមានទំនាស់ជាមួយគណបក្សនេះ និងបានក្លាយជាអ្នករិះគន់គណបក្សសង្រ្គោះជាតិមិនសំចៃមាត់ ជាពិសេសប្រឆាំងនឹងលោក កឹម សុខា។
នៅក្នុងចំណោមសញ្ញាចម្លែកទាំងអស់ដែលលេចឡើងស្របគ្នានឹងរឿងបែកធ្លាយសារសន្ទនានេះ មានសេចក្តីបង្ហោះមួយនៅលើគណនី Facebook របស់កញ្ញា ធី សុវណ្ណថា កាលពីថ្ងៃអាទិត្យ ដែលមានអត្ថន័យសុំអភ័យទោសប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
នៅឆ្នាំនេះ តារាបណ្តាញសង្គមបានអនុវត្តនូវយុទ្ធនាការដាក់សម្ពាធលើលោក កឹម សុខា ជុំវិញរឿងអាស្រូវផ្លូវភេទជាមួយនារីម្នាក់ ជាជាងធ្វើសក់ដែលគេសង្ស័យថា ជាស្រីស្នេហ៍របស់លោក។ ធី សុវណ្ណថា ធ្លាប់ទាំងបានប្តឹងអ្នកនយោបាយរូបនេះ ដោយទារជម្ងឺចិត្ត ១ លាន ដុល្លារ ចំពោះការនិយាយបន្ទុះបង្អាប់រូបនាងនៅក្នុងខ្សែអាត់សម្លេងសន្ទនាទូរស័ព្ទរវាងលោក កឹម សុខា ជាមួយនារីដែលគេសង្ស័យថា ជាស្រីស្នេហ៍របស់លោកនេះ។
ការសន្ទនាគ្នាដែលគេសង្ស័យថា ត្រូវបានធ្វើឡើងរវាងលោក ហ៊ុន មានិត និងកញ្ញា ធី សុវណ្ណថា ដែលត្រូវបានបង្ហាញក្នុងវីដេអូក្នុង Youtube មួយ ដែលមានបង្ហាញទាំងសម្លេងនិងសារជាអក្សរ និយាយអំពីផែនការធ្វើបាតុកម្មប្រឆាំង និងបង្ខូចឈ្មោះលោក កឹម សុខា ដែលត្រូវបានគាំទ្រដោយ លោក ហ៊ុន មានិត។
នៅក្នុងការសន្ទនាកាលពីខែមីនា កូនប្រុសរបស់នាយករដ្ឋមន្រ្តីបានហៅបាតុកម្មទាំងនោះថា «ត្រឹមត្រូវ និងត្រូវបានរៀបចំឡើងបានយ៉ាងល្អ» និងបានលើកទឹកចិត្ត ធី សុវណ្ណថា ឲ្យ «រំខានហើយរំខានទៀត» និង«សុំឲ្យបានចម្លើយថាពិតឬក៏អត់»។ លោកបានបន្ថែមថា លោក មានមោទនភាពចំពោះក្រុមបាតុករនេះ។
នៅក្នុងសារមួយទៀតកាលពីថ្ងៃទី ២៧ ខែមីនា កញ្ញា ធី សុវណ្ណថា បានសុំសមាជិក ៥០ នាក់ពីក្រុមយុវជនរបស់លោក ហ៊ុន មានិត ឲ្យចូលរួមធ្វើការតវ៉ានៅផ្ទះលោក កឹម សុខា។
សារឆ្លើយតបនឹងសារខាងលើ ដែលត្រូវបានសង្ស័យថា ជារបស់លោក ហ៊ុន មានិត មានសេចក្តីថា៖ « បងអត់ឲ្យពួកគាត់ចូលរួមទេ មិនចង់ឲ្យបែកការទេ កម្លាំងបងរក្សាទុកទាល់តែពេលចាំបាច់បានប្រើគាត់»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា លោកជឿជាក់ថា ការពិភាក្សាគ្នារវាងអ្នកទាំងពីរនេះគឺជាការពិត ហើយត្រូវបានទទួលដោយជនណាម្នាក់ដែលបានទិញទូរស័ព្ទចាស់របស់ធី សុវណ្ណថា។
លោកថ្លែងថា៖ «គ្មានអ្វីគួរឲ្យបារម្ភនោះទេ ព្រោះករណីនេះគឺជារឿងរបស់បុគ្គល មិនមានបញ្ហាអ្វី ហើយក៏មិនមានការប៉ះពាល់លើសិទ្ធិអ្នកដទៃដែរ»។
លោកបន្ថែមទៀតថា លោកមិនបានដឹងពីសារសន្ទនាទាក់ទងនឹងលោក ហ៊ុន សែន នោះឡើយ។
សារដែលត្រូវបានបង្ហាញក្នុងទម្រង់ជារូបភាពថតចេញពីអេក្រង់ទូរស័ព្ទត្រូវបានបង្ហោះនៅលើគណនី Facebook របស់ កញ្ញា ធី សុវណ្ណថា កាលពីម្សិលមិញ អមនឹងសេចក្តីដែលត្រូវបានសរសេរថា៖ «ខ្ញុំចង់បង្ហាញពីការពិតនៃរឿងរវាងជីតា និងចៅស្រី» ជាពាក្យដែលដៃគូរសន្ទនាទាំងពីរហៅគ្នាទៅវិញទៅមុខនៅក្នុងសារទាំងនោះ។
សារសន្ទនានេះមានសេចក្តីថា លោក ហ៊ុន សែន ផ្តល់ប្រាក់ ១ លានដុល្លារទៅឲ្យ ធី សុវណ្ណថា សម្រាប់ទ្រទ្រង់សកម្មភាពរបស់នាង ព្រមទាំងមានការពិភាក្សាពីការបាញ់កាំភ្លើង និងនិយាយពីគម្រោងកម្ទេចគណបក្សសង្គ្រោះជាតិថែមទៀតផង។
ទោះបីជាយ៉ាងណា ភ្នំពេញប៉ុស្តិ៍មិនអាចបញ្ជាក់ភាពពិតនៃការសន្ទនានេះបានទេ ហើយមន្រ្តីនាំពាក្យរបស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏មិនច្បាស់ពីភាពពិតរបស់សារទាំងនេះដែរ។
លោកនិយាយថា៖ «ប្រសិនជាវាជាការពិត ឬមិនពិត យើងត្រូវរង់ចាំម្ចាស់ទំព័រ Facebook ទាំងនោះសិន ថា តើធី សុវណ្ណថា និយាយថាម៉េច ឬសម្តេចនាយករដ្ឋមន្រ្តីនិយាយថាម៉េច បើមិនអ៊ីចឹងទេ វាគ្រាន់តែជារឿងបុគ្គលតែប៉ុណ្ណោះ។ ខ្ញុំមិនបារម្ភច្រើនពីរឿងនេះទេ វាអាចជាការពិត ឬជាការក្លែងក្លាយ»។
នៅពេលត្រូវបានទាក់ទងទៅ កាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានបដិសេធមិនធ្វើការអត្ថាធិប្បាយលើករណីនេះ ដោយគ្រាន់តែនិយាយថា៖ «យើងចង់ឲ្យនយោបាយនៅកម្ពុជាមានភាពស្អាតស្អំសម្រាប់ជំនាន់ក្រោយ»៕TN
Subscribe to:
Post Comments (Atom)
No comments:
Post a Comment