Wednesday, November 30, 2016

អភិបាល​ខេត្ត​កំពង់ចាម​ប្រាប់​មន្ត្រី​នគរបាល​ឲ្យ​បម្រើ​ពលរដ្ឋ​ប្រកប​ដោយ​សីលធម៌​និង​ច្បាប់


មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កង​អន្តរាគមន៍​ពិសេស ដែល​ត្រៀម​សម្ដែង​ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា​នូវ​ជំនាញ​មួយ​ចំនួន នា​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna



អាជ្ញាធរ​ខេត្ត​កំពង់ចាម ផ្ដាំ​ផ្ញើ​ទៅ​មន្ត្រី​នគរបាល​ដែល​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ថា ពួក​គេ​គប្បី​ត្រូវ​យក​ចំណេះ​ដឹង​របស់​ខ្លួន​ទៅ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ក្រម​សីលធម៌ និង​អនុវត្ត​ទៅ​តាម​ច្បាប់។ ការ​លើក​ឡើង​នេះ ក្នុង​ពិធី​បិទ​បញ្ចប់​វគ្គ​បំប៉ន​ជំនាញ​កង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា។

ជំនាញ​បណ្តុះបណ្តាល​សម្រាប់​មន្ត្រី​កង​អន្តរាគមន៍​ពិសេស​ចំនួន ១០៥​នាក់​រួម​មាន​ជំនាញ​ទប់ទល់​បាតុកម្ម កូដកម្ម ជំនាញ​បង្ការ និង​ពន្លត់​អគ្គិភ័យ ជំនាញ​សង្គ្រោះ​បឋម​ដល់​ប្រជាពលរដ្ឋ ដូចជា​ខ្យល់​គ លង់​ទឹក ស្ទះ​ផ្លូវ​ដង្ហើម គ្រោះ​មហន្តរាយ​ផ្សេងៗ ដើម្បី​ធានា​ឲ្យ​បាន​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង។

វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទាំងនេះ​បាន​ដំណើរ​ការ​អស់​រយៈពេល​ចំនួន ៤៥​ថ្ងៃ​សម្រាប់​កង​អន្តរាគមន៍​ពិសេស​នៅ​ខេត្ត​កំពង់ចាម ហើយ​បាន​បិទ​បញ្ចប់​ក្រោម​អធិបតីភាព​របស់​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ និង​អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ។

អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​ទៅ​មន្ត្រី​នគរបាល​ទាំងនោះ​ថា ពួក​គេ​ត្រូវ​យក​ជំនាញ និង​ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​ទៅ​បម្រើ​ប្រជាពលរដ្ឋ​ប្រកប​ដោយ​គុណធម៌ និង​យុត្តិធម៌។ លើស​ពី​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​ទឹកដី​នៃ​ខេត្ត​មួយ​នេះ​ប្រកប​ទៅ​ដោយ​សុខ​សន្តិភាព​គ្រប់គ្រាន់ ដែល​ជា​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ។ លោក​ថា មន្ត្រី​នគរបាល​ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត ដើម្បី​ឲ្យ​ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​កាន់​តែ​រីក​ចម្រើន៖ «អ៊ីចឹង​ទេ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​យក​ចំណេះ​ដឹង​នេះ​ទៅ​អនុវត្ត​ប្រកប​ដោយ​គុណធម៌​ប្រកប​ដោយ​យុត្តិធម៌ និង​ដើម្បី​សម្រេច​គោលដៅ​ចុង​ក្រោយ​នោះ គឺ​ការពារ​ប្រទេស​ជាតិ ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ការពារ​ព្រះមហាក្សត្រ​របស់​យើង»។
មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កង​អន្តរាគមន៍​ពិសេស ដែល​ត្រៀម​សម្ដែង​ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា​នូវ​ជំនាញ​មួយ​ចំនួន នា​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna

ក្នុង​ពិធី​បិទ​វគ្គ​បំពាក់បំប៉ន​នេះ​ដែរ គឺ​មាន​ការ​ចូលរួម​ពី​ស្នងការ​នគរបាល​ខេត្ត​ជិត​២០ នៅ​ទូទាំង​ប្រទេស ដើម្បី​បាន​ស្វែង​យល់ និង​រៀន​សូត្រ​តាម។ ជាមួយ​គ្នា​នេះ ជំនាញ​មួយ​ចំនួន​ត្រូវ​បាន​យក​មក​បង្ហាញ​ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា ដូចជា​ជំនាញ​ទប់ទល់ ឬ​រំសាយ​ក្រុម​បាតុកម្ម។ សកម្មភាព​នេះ ប្រៀប​ដូចជា​ហេតុការណ៍​កើត​ឡើង​ជាក់ស្តែង ដោយ​មាន​កម្លាំង​ទប់ទល់ មាន​ខែល ដំបង គ្រាប់​បែក​ផ្សែង ឡាន​ទឹក ជាដើម។ ចំណែក​ក្រុម​ដើរ​តួនាទី​ជា​បាតុករ​វិញ គឺ​មាន​ដំបង មាន​ដប​ទឹក​ច្រក​ខ្សាច់ តំណាង​ឲ្យ​ដប​សាំង​សម្រាប់​តតាំង​ជាមួយ​សមត្ថកិច្ច។

អភិបាល​ខេត្ត​ដដែល​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​ពុំ​មែន​ដើម្បី​ត្រៀម​បង្ក្រាប​បាតុកម្ម​ណា​មួយ​នោះ​ឡើយ ប៉ុន្តែ​ជា​ការ​លើក​កម្ពស់​សមត្ថភាព​របស់​មន្ត្រី​នគរបាល ហើយ​លោក​ថា​ប្រទេស​ណា​ក៏​មាន​វគ្គ​បណ្ដុះបណ្ដាល​បែប​នេះ​ដែរ។

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក បែន រ័ត្ន ដែល​ជា​អ្នក​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កង​អន្តរាគមន៍​ពិសេស​នេះ​ឡើង មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា គោល​បំណង គឺ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ព្រម​ទាំង​ការពារ​ស្ថាប័ន​របស់​ជាតិ។ លោក​បញ្ជាក់​ថា ខេត្ត​កំពង់ចាម ជា​ខេត្ត​ទី​មួយ​ដែល​រៀបចំ​ឲ្យ​មាន​វគ្គ​បំប៉ន​ជំនាញ​កង​អន្តរាគមន៍​ពិសេស​បែប​នេះ៖ «ពីព្រោះ​យើង​បាន​ទទួល​អំណាច​ពី​រាជ​រដ្ឋាភិបាល​តែ​មួយ​គត់ គឺ​អំណាច​បម្រើ​ប្រជាពលរដ្ឋ»។

លោក​បង្ហាញ​ពី​មោទនភាព​ចំពោះ​ការ​បញ្ចប់​វគ្គ​បំប៉ន​ជំនាញ​កង​អន្តរាគមន៍​ពិសេស​នេះ​ទៀត​ផង។ ជាមួយ​គ្នា​នោះ លោក​ថែម​ទាំង​លើក​ឡើង​អំពី​ជោគជ័យ​ក្នុង​កិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ក្នុង​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ​ចុង​ក្រោយ ព្រម​ទាំង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​មន្ត្រី​នគរបាល​បាន​បម្រើ​ប្រជាពលរដ្ឋ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ស្នងការ​នគរបាល​ខេត្ត​រូប​នេះ​ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ សម្រេច​ផ្ទេរ​ភារកិច្ច​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ទៅ​ធ្វើ​ជា​ស្នងការ​នៅ​ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក ម៉ៅ ពៅ ហើយ​ពិធី​ផ្ទេរ​តំណែង​ជា​ផ្លូវ​ការ គឺ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ យល់​ថា កង​កម្លាំង​ទាំងនេះ គឺ​តែងតែ​បង្កើត​ឲ្យ​មាន​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​មើល​ឃើញ​ថា កន្លង​មក​ការ​ចាត់​វិធានការ​របស់​អាជ្ញាធរ​លើ​ក្រុម​បាតុករ គឺ​មាន​ភាព​សាហាវ ពិសេស​នៅ​រាជធានី​ភ្នំពេញ។ ចំណែក​ការ​បណ្តុះបណ្តាល​វគ្គ​នេះ លោក​ថា​ពុំ​គួរ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង ឬ​ទីប្រជុំជន​ឡើយ ពីព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ ពិសេស​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច៖ «ភ័យ​ខ្លាច​ត្រង់​ណា​ប្រហែល​ជា​នៅ​ខេត្ត​កំពង់ចាម ឬ​សភាពការណ៍​នៅ​ថ្ងៃ​ខាង​មុខ​អី ប្រាកដ​ជា​មាន​បាតុកម្ម​ផ្ទុះ​ឡើង ហើយ​មាន​កម្លាំង​ប្រដាប់​អាវុធ​របស់​អាជ្ញាធរ​ខេត្ត​ជា​អ្នក​បង្ក្រាប»។

លោក​បន្ថែម​ថា ដើម្បី​ឲ្យ​ការ​បណ្តុះបណ្តាល​វគ្គ​ទាំងនេះ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ពិត​ប្រាកដ មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​ទទួល​ការ​អប់រំ​បន្ថែម​ទៀត ទាំង​ផ្នែក​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស ពិសេស​អប់រំ​ដល់​មន្ត្រី​ដែល​មាន​តួនាទី​ធំៗ ព្រោះ​ជា​អ្នក​បញ្ជា​នៅ​ពេល​មាន​ហេតុការណ៍​ណា​មួយ​កើត​ឡើង៕

No comments:

Post a Comment