Monday, November 21, 2016

កម្មករ​ចម្ការ​កៅស៊ូ​និង​ថ្មម៉ាប​ខេត្ត​ក្រចេះ​ជាង​៦០០​នាក់​ប្រឈម​នឹង​អស់​សិទ្ធិ​បោះឆ្នោត

ពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided


អ្នក​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ អះអាង​ថា កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ និង​ក្រុមហ៊ុន​ថ្មម៉ាប​ជាង ៦០០​នាក់ ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត ខណៈ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​គិត​ត្រឹម​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ​សល់ ៨​ថ្ងៃ​ទៀត។ ពួក​គេ​ថា ក្រុម​កម្មករ​ទាំងនោះ​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ ដោយសារ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ទាន់​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ។

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ អំពាវនាវ​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា សុំ​ឲ្យ គ.ជ.ប និង​អាជ្ញាធរ​ពាក់ព័ន្ធ រក​មធ្យោបាយ​ជំរុញ​ឲ្យ​កម្មករ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ថ្មម៉ាប និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ជាង ៦០០​នាក់ មាន​ឱកាស​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​មូលដ្ឋាន​ពួក​គេ​រស់នៅ។

ពលរដ្ឋ​រស់នៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ លោក ជុំ សុភី សង្កេត​ឃើញ​ថា ក្រុម​កម្មករ​ទាំងនោះ​ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ និង គ.ជ.ប មិន​ប្រញាប់​រក​មធ្យោបាយ​ឲ្យ​ទាន់​ពេល​ទេ។ លោក​បញ្ជាក់​ថា បញ្ហា​នេះ លោក​ពុំ​ដឹង​ប្រាកដ​ថា​មូលហេតុ​មក​ពី​កម្មករ​ទាំងនោះ​មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​ខាង​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​មក​ចុះ​ឈ្មោះ​នោះ​ទេ។ លោក​កត់​សម្គាល់​ថា ពួក​គេ​ភាគច្រើន​មក​ពី​ខេត្ត​កំពង់ចាម ព្រៃវែង និង​ខេត្ត​តាកែវ ជាដើម បាន​មក​ធ្វើ​ការ​នៅ​តំបន់​នេះ​ច្រើន​ខែ​មក​ហើយ។ លោក​សន្និដ្ឋាន​ថា ក្រុម​កម្មករ​ទាំងនោះ​អាច​មិន​ទាន់​យល់​ពី​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ខណៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បញ្ហា​នេះ​កន្លង​មក​របស់​អាជ្ញាធរ​មូលដ្ឋាន ហាក់​មិន​គ្រប់​ជ្រុងជ្រោយ៖ «គាត់​អត់​យល់​ច្បាស់​មើល​ទៅ ដូច​ថា​នៅ​ក្នុង​ភូមិ​គាត់​ធ្លាប់​នៅ​បោះ​នៅ​ភូមិ​គាត់ ដូច​ថា​ឆ្ងាយ។ បើ​ខ្ញុំ​អត់​ទាន់​មាន​សិទ្ធិ​ប្រកាស​ប្រាប់​គាត់ បើ​ខាង​ឃុំ​គាត់​អត់​បាន​ចាត់​តាំង​អី​មក»។
ជំទប់​ទី​១ នៃ​ឃុំ​ស្វាយជ្រះ មក​ពី​គណបក្ស សម រង្ស៊ី លោក គឹម សាន់ កត់​សម្គាល់​ថា កន្លង​ទៅ ក្រុមហ៊ុន​មិន​បាន​ផ្តល់​ព័ត៌មាន​នេះ​ជូន​អាជ្ញាធរ​ឃុំ​នោះ​ទេ។ លោក​សង្កេត​ឃើញ​ថា ក្រុម​កម្មករ​ទាំងនោះ​បង្ហើប​ថា ពួក​គេ​ពុំ​ទាន់​មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ ហើយ​ក៏​ពុំ​ទាន់​ឮ​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ៖ «ខ្ញុំ​ធ្លាប់​ជូន​កម្មករ​ប្រហែល​ជា ២០​នាក់។ យើង​សម្ភាស​ទៅ​គាត់​ថា​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ ឬ​ក្រុមហ៊ុន​អី​ទេ ព្រោះ​អី​ជា​ធម្មតាៗ​អត់​មាន​ពីណា​និយាយ​អី​ផង។ គាត់​និយាយ​ចឹង»។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​ថ្មម៉ាប និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ភូរៀង ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា។

ឆ្លើយតប​ការ​លើក​ឡើង​នេះ មេ​ឃុំ​ស្វាយជ្រះ លោក វ៉ាន់ វេត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​អំពាវនាវ​ជា​ហូរហែ ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ពលរដ្ឋ​ចំណូល​ថ្មី ប្រញាប់​មក​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​បញ្ជាក់​ថា ពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេង​ដែល​មក​ធ្វើ​ការ​នៅ​តំបន់​នេះ ក៏​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដែរ ដោយ​គ្រាន់​តែ​យក​លិខិត​បញ្ជាក់​អត្តសញ្ញាណ មាន​អត្តសញ្ញាណប័ណ្ណ​ជាដើម មក​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ក្រុមប្រឹក្សា​ឃុំ​ដែល​ប្រចាំ​ការ​នៅ​ទីនោះ នឹង​ចេញ​លិខិត​ធានា​ឲ្យ​ពួក​គេ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន៖ «ពួក​ខ្ញុំ​អំពាវនាវ​ខិតខំ​ដែរ​ឲ្យ​ពលរដ្ឋ​មក​ចុះ​ឈ្មោះ។ កន្លែង​នេះ​មាន​ក្រុមប្រឹក្សា​ឃុំ គេ​ចាំ​បញ្ជាក់​ដែរ ពលរដ្ឋ​រស់នៅ​ឃុំ​ថា​គឺ​មក​ជួប​នៅ​កន្លែង​ចុះ​ឈ្មោះ»។

ច្បាប់​បោះឆ្នោត​មាត្រា​៤៦​ថ្មី​ចែង​ថា ដើម្បី​បោះឆ្នោត​បាន ពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​បោះឆ្នោត មាន​ទី​លំនៅឋាន ឬ​ទី​សំណាក់​ក្នុង​ឃុំ-សង្កាត់​ដែល​សាមី​ខ្លួន​ត្រូវ​បោះឆ្នោត មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​មិន​ត្រូវ​ដក​សិទ្ធិ​បោះឆ្នោត ពុំ​មែន​ជា​ជន​វិកល​ចរិត ឬ​ស្ថិត​ក្រោម​អាណាព្យាបាល​ទូទៅ ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច។

តួលេខ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ស្រុក​ស្នួល បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​ទី​២១ វិច្ឆិកា បាន​ជាង ៣​ម៉ឺន ៤​ពាន់​នាក់ (៣៤.៤៦១​នាក់) ស្មើ​នឹង ៧២% ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤​ម៉ឺន ៨​ពាន់​នាក់ (៤៨.១៧៨​នាក់)។ នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ជាង ៥​ពាន់​នាក់ ស្មើ​នឹង ៦៩% ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៨​ពាន់​នាក់​ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត។

អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ លោក អឿ គឹមហ៊ាន វាយ​តម្លៃ​ថា ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ ជាង ៧​ម៉ឺន​នាក់ នឹង​ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត។ លោក​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​ជាង ៧​ម៉ឺន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ២៣​ម៉ឺន​នាក់ មិន​ទាន់​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ។ លោក​បារម្ភ​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ថយ​ចុះ​ខ្លាំង និង​មិន​គ្រប់​ចំនួន​កំណត់​ក្នុង​ទិន្នន័យ​របស់ គ.ជ.ប៖ «ខាង​ក្រចេះ យើង​មាន ៥០​ក្រុមហ៊ុន​ជាង។ ដល់​ចឹង កម្មករ​មួយ​ចំនួន​ធំ​គាត់​អត់​បាន​មក​ចុះ​ទេ»។

លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ក្រចេះ លោក អ៊ុង ស៊ីយឿន មាន​ប្រសាសន៍​ថា គ.ជ.ប បាន​ដាក់​ផែនការ​ប្រជុំ​តាម​រយៈ​អាជ្ញាធរ​ខេត្ត ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ខិតខំ​រក​មធ្យោបាយ ជំរុញ​ឲ្យ​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។ លោក​ថា កម្មករ​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ក៏​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​មូលដ្ឋាន​ពួក​គេ​រស់នៅ​ដែរ។ លោក​បញ្ជាក់​ថា ប្រសិន​បើ គ.ជ.ប ធ្វើ​ការ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ទាំងនោះ ហើយ​ជជែក​ពី​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​អាច​នឹង​សម្របសម្រួល​ករណី​នេះ៖ «ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត ដើម្បី​ឲ្យ​លោក​ជួយ​តាម​រយៈ​ពេល​ចុង​ក្រោយ​នេះ ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​ខេត្ត​លោក​ព្រម​សហការ​ជាមួយ​យើង​ដោយ​លោក​ចាត់​វិធានការ​ប្រើ​មធ្យោបាយ​សរុប។ ខាង​អាជ្ញាធរ​ខេត្ត លោក​មាន​វិធានការ​គឺ​ឲ្យ​ចុះ​ទៅ​ដល់​ភូមិ​ស្ទើរ​តែ​គ្រប់​ភូមិ​នៃ​ខេត្ត​ទាំងមូល។ ទី​១ ជំនឿន​ប្រជាជន​ឡើង​វិញ​ថា តើ​នៅ​សល់​ប៉ុន្មាន​នាក់​ដែល​មិន​ទាន់​ចុះ​ឈ្មោះ ដើម្បី​យក​មធ្យោបាយ​ឲ្យ​គាត់​អញ្ជើញ​មក​ចុះ​ឈ្មោះ»។

តួលេខ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​ជិត ១៦​ម៉ឺន​នាក់ (១៥៨.០០៧​នាក់) ស្មើ​នឹង ៦៧% ក្នុង​ចំណោម​ពលរដ្ឋ​ជិត ២៤​ម៉ឺន​នាក់ (២៣៧.៣៧៥​នាក់) ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ មាន​រយៈពេល ៣​ខែ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា៕

No comments:

Post a Comment