Thursday, November 24, 2016

ការ​ជួញ​ដូរ​ឈើ​គ្រញូង​ទៅ​វៀតណាម​ នៅ​តែ​មាន​ការ​កើន​ឡើង

អ្នក​កាប់​ឈើ​ខុស​ច្បាប់​ម្នាក់​កំពុង​តែអារ​ឈើគ្រញូង​នៅភាគនិរតី​នៃ​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ ២០១៤។ ហេង ជីវ័ន


ភ្នំពេញៈ បើ​ទោះបីជា​មាន​វត្តមាន​នៃ​ការ​ហាម​ឃាត់​ពី​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​ការ​ជួញដូរ​លើ​ឈើ​គ្រញូង​ ចាប់​តាំង​ពី​ឆ្នាំ ២០១៣ មក ការ​នាំចេញ​ឈើ​ប្រណីតៗ​ទៅ​ប្រទេស​វៀតណាម​មាន​ការកើន​ឡើ​ង​នៅ​ត្រីមាស​ទី​បី​នៃ​ឆ្នាំ​នេះ។ នេះ​បើយោង​តាម​ទិន្នន័យ​ពន្ធគយ​របស់​ប្រទេស វៀតណាម ប្រមូល​​បាន​ដោយអង្គការ Forest Trends ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

ចន្លោះ​ខែ​មករា​ ដល់​ខែ ​មិថុនា ឈើ​ចំនួន ១៧ ម៉ែត្រ​គូប​ មាន​តម្លៃ ៣៨ ១៥១ ដុល្លារ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ថា បាន​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​​វៀតណាម។ នៅ​ចុង​ខែ កញ្ញា តួលេខ​នេះ​បាន​កើន​ឡើង​ជាង​ប្រាំ​​ដង មក​ដល់ ៩០ ម៉ែត្រ​គូប ដែល​មាន​តម្លៃ​ចុះ​ក្នុង​បញ្ជី​សរុប ២៥៨ ៩៨៣ ដុល្លារ។​

នៅ​ឆ្នាំ ២០១៣ ជា​ឆ្នាំ​តែមួយ​ដែល​ប្រទេស​កម្ពុជា​បាន​កំណត់​ការ​ជួញដូរ​ឈើ​គ្រញូង​​ ជា​អំពើ​ខុស​ច្បាប់ ឈើ​ប្រណីត​មួយ​ប្រភេទ​​នេះ ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ក្រុម​អម្បូរ​​រុក្ខ​ជាតិ​ត្រូវ​បាន​ការពារ ដោយ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​លើ​អម្បូរ​សត្វព្រៃ​និង​រុក្ខជាតិ​ជិត​ដាច់​ពូជ (CITES)។

ក្រោម​អនុសញ្ញា​នេះ ការ​ធ្វើពាណិជ្ជកម្ម​ឆ្លង​ដែនទៅលើ​អម្បូរ​​សត្វ​ព្រៃ​និង​រុក្ខជាតិ​ដែល​ស្ថិត​ក្នុង​ក្រុម​ដែល​ត្រូវ​បាន​ការពារ ត្រូវ​តែ​មាន​លិខិត​​អនុញ្ញាត​ការ​នាំចេញ​និង​នាំចូល​ ចេញដោយ​អាជ្ញាធរ​គ្រប់​គ្រង​របស់ CITES នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​បុគ្គលិក​បម្រើ​ការ​មក​ពី​រដ្ឋាភិបាល​របស់​ប្រទេស​នីមួយៗ។

ក្រាប​បង្ហាញ​ពី​បរិមាណ​នៃ​ការ​នាំចេញ​ឈើចេញពីប្រទេស​កម្ពុជា។

អាជ្ញាធរ​គ្រប់​គ្រងរបស់​កម្ពុជា ក៏ដូចជា​​វៀតណាម មិនបាន​ឆ្លើយតប​នឹង​សំណើរ​សុំ​ការ​អត្ថាធិប្បាយ​ឡើយ​កាល​ពី​ម្សិល​មិញ។ ទោះ​បីជា​យ៉ាងណា អាជ្ញាធរ​គ្រប់​គ្រង​របស់​កម្ពុជា​បាន​បដិសេធ ចេញ​នូវ​លិខិត​អនុញ្ញាត​ការ​នាំ​ចេញ​ឈើ​គ្រញូង​ជាបន្ត​បន្ទាប់​ក្នុង​រយៈពេល​បីឆ្នាំ គិត​តាំង​ពី​រដ្ឋាភិបាល​បាន​ហាម​ឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម។

ប៉ុន្តែ​ខាង​អាជ្ញាធរ​គ្រប់​គ្រង​របស់ប្រទេស​វៀតណាម​ បាន​បន្ត​អះអាងថា ខ្លួន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ឈើ​គ្រញូង​​ណា​ដែល​មាន​លិខិត​អនុញ្ញាត ដែល​នៅ​មាន​សុពលភាព​របស់​អាជ្ញាធរ​គ្រប់​គ្រង​កម្ពុជា​តែ​ប៉ុណ្ណោះ។

វៀតណាម ​បាន​បង្ហាញ​នូរ​ឯកសារ​ចម្លងនៃ​លិខិត​អនុញ្ញាតនិង​អ៊ីម៊ែល​បញ្ជាក់​ ដែល​មាន​ចុះ​តាំង​ពី​ឆ្នាំ ២០១៣ រហូត​ដល់ ២០១៥ ដើម្បី​បញ្ជាក់​ការអះអាងរបស់​ខ្លួន ក៏​ប៉ុន្តែ​អាជ្ញាធរ​គ្រប់គ្រង​របស់​កម្ពុជា​បាន​លើក​ឡើង​ថា ឯកសារ​ទាំង​នោះ​សុទ្ធ​តែ​ជា​ឯកសារ​ក្លែងបន្លំ។

កាល​ពី​ខែកញ្ញា ក្រុម​ប៉ូលិស​អន្តរជាតិ ​ត្រូវ​បាន​ឲ្យចូលរួម​ជួយ​ក្នុង​ការ​ធ្វើ​ស៊ើបអង្កេត​នៃ​រឿង​ដ៏ចម្រូង​ចម្រាស់​នេះ។

លោក Jago Wadley យុទ្ធនាករជាន់ខ្ពស់​មួយ​រូប​នៃ​ទី​ភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ បាន​ឲ្យ​ដឹង​តាម​រយៈ​អ៊ីម៉ែល​មួយ​​​ម្សិលមិញ​ថា ប្រទេស​វៀតណាម​គ្មាន​រឿង​អី​ត្រូវ​ទទួល​ការ​នាំចូល​ឈើគ្រញូង​​ពី​ប្រទេស​កម្ពុជា​នោះ​ឡើយ នៅ​ឆ្នាំ ២០១៦។

លោក​សរសេរថា៖ «នៅ​ចុងឆ្នាំ ២០១៤​ អាជ្ញាធរ​គ្រប់​គ្រង CITES របស់​ប្រទេស​វៀតណាម​បាន​ទទួល​ដំណឹង​យ៉ាង​ជាក់​លាក់​ពី​អាជ្ញាធរ​គ្រប់​គ្រង​របស់​កម្ពុជា​ថា ប្រទេស​កម្ពុជា​បាន​ចុះ​ជា​បទល្មើស​នូវ​ការ​កាប់ ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុងស្រុក ឬ​ការ​នាំ​ចេញ​ឈើ​គ្រញូង​... ចាប់​ពី​ពេល​នោះ​តទៅ»។

លោក​បន្តថា៖​ «ការ​ទទួល​ការ​នាំចូល​ឈើ​គ្រញូង​​​រហូត​មក​ដល់​ចុង​ឆ្នាំ ២០១៦ បង្ហាញថា ប្រទេស​វៀតណាម​បាន​ល្មើស​ដោយ​ចេតនា​ទៅ​លើ​ស្មារតី ប្រសិនជា​មិន​មែន​បទ​បញ្ញត្តិ​ នៃ CITES ។ វៀតណាម​មាន​ហេតុផល​ឲ្យ​ជឿ​ថា ពាណិជ្ជកម្ម​នេះ​មិន​ស្រប​ច្បាប់ ឬ​មិន​មាន​ចីវភាព ក៏​ប៉ុន្តែ​ទំនង​ជា​បាន​លះបង់​ការ​ពិត​ទាំង​នេះ​ដើម្បី​ចង់​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​ពាណិជ្ជកម្ម»៕TN

No comments:

Post a Comment