អាជ្ញាធរអប្សរាគ្រោងបិទរានហាលបុរាណឆ្លងទៅប្រាសាទអង្គរវត្តដើម្បីជួសជុល
មន្ត្រីអាជ្ញាធរអប្សរាទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណនៅខេត្តសៀមរាប ឲ្យដឹងថា រានហាលបុរាណនៅផ្នែកខាងលិចដែលភ្ញៀវទេសចរតែងដើរឆ្លងទៅទស្សនាប្រាសាទអង្គរវត្តជារៀងរាល់ថ្ងៃ គឺមានអាយុជិត ១.០០០ឆ្នាំទៅហើយ កំពុងបាក់បែក និងទ្រុឌទ្រោមយ៉ាងខ្លាំងដែលទាមទារឲ្យធ្វើការជួសជុល។
អ្នកជំនាញរបស់ជប៉ុន ដែលសហការជាមួយអាជ្ញាធរអប្សរា នឹងចាប់ផ្ដើមជួសជុលរានហាលបុរាណនេះចាប់ពីចុងឆ្នាំ២០១៦ តទៅ។
មន្ត្រីអាជ្ញាធរអប្សរា ឲ្យដឹងថា គេមានគម្រោងនឹងធ្វើស្ពានបណ្ដែតទឹកបណ្ដោះអាសន្នមួយ ដើម្បីឲ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដើរឆ្លងទឹកកស្សិណទៅទស្សនាប្រាសាទអង្គរវត្តមួយរយៈសិន។ គម្រោងធ្វើស្ពានបណ្ដែតទឹកបណ្ដោះអាសន្ននេះ អាចចាប់ផ្ដើមនៅចុងខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់អំឡុងខែឧសភា ឆ្នាំ២០១៧ ខាងមុខ។
គោលគំនិតចម្បងដែលនឹងធ្វើស្ពានបណ្ដែតទឹកបណ្ដោះអាសន្នមួយនោះឡើង គឺដើម្បីធ្វើជាផ្លូវថ្មីឲ្យអ្នកទេសចរចម្រុះជាតិសាសន៍បានឆ្លងទឹកកស្សិណទៅទស្សនាប្រាសាទអង្គរវត្តជាប្រចាំថ្ងៃ ជំនួសឲ្យស្ពានថ្មបុរាណដែលអ្នកបុរាណវិទ្យាហៅថារានហាល នៅប៉ែកខាងលិចដែលចាស់ទ្រុឌទ្រោម ព្រមទាំងបាក់បែកជាច្រើនកន្លែង បានជួសជុលឡើងវិញ។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក ឡុង កុសល។ លោកមានប្រសាសន៍ថា អ្នកបច្ចេកទេសរបស់អាជ្ញាធរអប្សរា បានរៀបចំគម្រោងធ្វើស្ពានប្លាស្ទិកបណ្ដែតទឹកមួយ ត្រៀមទុកជាស្រេចហើយ ដើម្បីទុកឲ្យភ្ញៀវទេសចរឆ្លងទៅទស្សនាប្រាសាទអង្គរវត្តជារៀងរាល់ថ្ងៃ ជំនួសឲ្យស្ពានរានហាលបុរាណដែលនឹងត្រូវបិទមួយរយៈដើម្បីជួសជុល។
លោក ឡុង កុសល បញ្ជាក់ទៀតថា ស្ពានបណ្ដែតទឹកបណ្ដោះអាសន្ននេះ ថ្វីត្បិតតែធ្វើពីជ័រប្លាស្ទិក ប៉ុន្តែគុណភាពរបស់វាមាំស្វិត អាចធានាសុវត្ថិភាពឲ្យភ្ញៀវទេសចររាប់ម៉ឺននាក់អាចដើរឆ្លងទៅមើលប្រាសាទអង្គរវត្ត ដូចជារានហាលបុរាណនោះដែរ៖ «បញ្ហាសុវត្ថិភាព គឺជាបញ្ហាចម្បង ដែលអាជ្ញាធរអប្សរាបានគិតគូរ។ ការរៀបចំធ្វើស្ពានបណ្ដោះអាសន្ននេះ គឺមានលក្ខណៈមាំទាំ ដែលអាចឲ្យអ្នកទេសចរទុកចិត្តក្នុងការដើរឆ្លង»។
ទោះបីជាយ៉ាងណា មគ្គុទ្ទេសក៍ទេសចរណ៍ខ្លះមិនគាំទ្រចំពោះគម្រោងធ្វើស្ពានបណ្ដែតទឹក ហើយបិទរានហាលបុរាណទាំងស្រុងមិនឲ្យភ្ញៀវទេសចរបានដើរឆ្លងទៅទស្សនាប្រាសាទអង្គរវត្តនោះទេ។
មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេសម្នាក់ លោក ឈឹម ហុង មានប្រសាសន៍ថា លោកបានសាកសួរទៅភ្ញៀវ ហើយពួកគេនិយាយថាមិនចង់ឆ្លងស្ពានបណ្ដែតទឹកទៅមើលប្រាសាទអង្គរវត្តទេ គឺគេចង់ដើរលើរានហាលបុរាណ ទៅមើលប្រាសាទអង្គរវត្ត។ មគ្គុទ្ទេសក៍ទេសចរណ៍ដដែលបញ្ជាក់ថា អ្នកទេសចរបរទេសភាគច្រើនដែលចំណាយលុយមកទស្សនាអង្គរវត្ត ពីព្រោះតែគេចង់ដើរលើស្ពានបុរាណ មិនចង់ដើរលើស្ពានជ័រទេ៖ «ភ្ញៀវទេសចរគាត់មកចង់ឃើញស្ពានបុរាណនៅសភាពដើម ដោយមិនទាន់ជួសជុល គឺគាត់ចង់មើលអ៊ីចឹងជាង»។
អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ដើម្បីសុំការអធិប្បាយជុំវិញរឿងភ្ញៀវទេសចរនៅតែចង់ដើរលើរានហាលបុរាណនោះបានថាយ៉ាងណានៅឡើយទេ នៅថ្ងៃទី២៧ ខែវិច្ឆិកា។
ចំណែកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ មិនហ៊ានអធិប្បាយជុំវិញគំនិតដែលមគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងភ្ញៀវខ្លះ នៅតែចង់ដើរលើរានហាលនោះ ថាយ៉ាងណាឡើយ ពីព្រោះលោកមិនទាន់បានទទួលព័ត៌មានស្ដីពីគម្រោងសាងសង់ស្ពានបណ្ដែតទឹកនោះយ៉ាងណានៅឡើយ៖ «ដូចជាអត់ទាន់បានទទួលព័ត៌មានហ្នឹងច្បាស់ទេ។ ចាំមើលខ្ញុំឆែកមើលសិន ពីព្រោះអត់ទាន់បានប្រជុំផ្សព្វផ្សាយអ្វីផង»។
បើទោះបីជាភ្ញៀវទេសចរ និងមគ្គុទ្ទេសក៍ខ្លះ នៅតែចង់ឲ្យអាជ្ញាធរអប្សរា បើកផ្លូវរានហាលមួយច្រកតូចឲ្យអាចដើរឆ្លងទៅទស្សនាប្រាសាទអង្គរវត្ត នៅពេលដែលរានហាលនោះចាប់ផ្ដើមដំណើរការជួសជុលក៏ដោយ ក៏មន្ត្រីអាជ្ញាធរអប្សរាបង្ហាញជំហរថា គេត្រូវតែបិទរានហាលនោះទាំងស្រុង មិនអាចធ្វើទៅតាមអ្វីដែលភ្ញៀវទេសចរ និងមគ្គុទ្ទេសក៍ចង់បានឡើយ។
អ្នកនាំពាក្យអាជ្ញាធរអប្សរា អ្នកស្រី ចៅ ស៊ុនកិរិយា មានប្រសាសន៍ថា អង្គរវត្តដែលគេឲ្យតម្លៃជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ ពីព្រោះតែថ្មបុរាណ ហើយបើបណ្ដោយឲ្យថ្មបុរាណខូចខាត គឺខូចសម្បត្តិបេតិកភណ្ឌ ដូច្នេះបើទោះបីជាភ្ញៀវទេសចរមិនសប្បាយចិត្តចំពោះការបិទរានហាលមិនឲ្យឆ្លងទៅទស្សនាអង្គរវត្តជាបណ្ដោះអាសន្នក៏ដោយ ក៏អាជ្ញាធរត្រូវតែបិទដើម្បីជួសជុលមត៌កដ៏មានតម្លៃទាំងនោះឡើងវិញដែរ៖ «គេអត់មានចង់ធ្វើដើម្បីរំខានអ្នកណាមួយទេ គឺអត់មានចេតនាដូច្នេះទាល់តែសោះ។ ដូចយើងដឹងស្រាប់ហើយ បើទោះបីជាការធ្វើផ្លូវក៏វារំខានអ្នកដំណើរដែរ ប៉ុន្តែអ្នកត្រូវតែទ្រាំបន្តិច»។
មន្ត្រីអាជ្ញាធរអប្សរា ឲ្យដឹងថា ការដាក់ស្ពានបណ្ដែតទឹកបណ្ដោះអាសន្នឲ្យភ្ញៀវទេសចរឆ្លងទៅទស្សនាប្រាសាទអង្គរវត្ត អាចនឹងមានរយៈពេល ៥ឆ្នាំ ដោយយោងទៅតាមគម្រោងជួសជុលរានហាលរបស់អង្គរវត្ត ដែលចាប់ផ្ដើមពីចុងឆ្នាំ២០១៦ រហូតទៅដល់ឆ្នាំ២០២០ ខាងមុខ៕
No comments:
Post a Comment