អាជ្ញាធរថាកំពុងចាត់ការសំណុំរឿងបុរសបើកឡានកិនយុវជនម្នាក់នៅក្រុងព្រះសីហនុ
សាច់ញាតិយុវជនម្នាក់ដែលរងរបួសធ្ងន់ធ្ងរដោយសារមនុស្សមួយក្រុមបានជិះឡានមកដាល់ចំមុខ និងក្រោយមកទៀតជិះឡានកៀរម៉ូតូ ហើយកិនពីលើកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា នៅក្រុងព្រះសីហនុ នោះ ស្នើឲ្យអាជ្ញាធរជួយរកយុត្តិធម៌ជូនជនរងគ្រោះ។ ឥឡូវនេះ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះដែលមានសភាពធ្ងន់ធ្ងរ ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ចំណែកអាជ្ញាធរថាកំពុងចាត់ការលើសំណុំរឿងនេះហើយ។
សំណុំរឿងជនសង្ស័យវាយបុរសម្នាក់ និងឈានដល់បើកឡានកៀរម៉ូតូឲ្យដួល ហើយកិនពីលើនេះ កើតឡើងនៅវេលាម៉ោងប្រមាណជិត ១១យប់ ថ្ងៃទី១៤ ខែវិច្ឆិកា នៅចំណុចកន្ទុយនាគស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ហេតុការណ៍នេះ បណ្ដាលឲ្យយុវជនម្នាក់ឈ្មោះ សល់ ពូលី អាយុ ២១ឆ្នាំរងរបួសធ្ងន់ធ្ងរដោយបាក់ឆ្អឹងជំនីរ និងបាក់ឆ្អឹងដងកាំបិត ព្រមទាំងឈាមកកក្នុងខួរក្បាល និងឈាមកកក្នុងសួត។ នេះបើតាមការអះអាងរបស់គ្រួសារជនរងគ្រោះ។
សាក្សីម្នាក់ឈ្មោះ សុន ដាណែត រៀបរាប់ថា ដំបូងឡើយជនរងគ្រោះឈ្មោះ ពូលី និងមិត្តភ័ក្ដិស្រីប្រុសសរុប ៥នាក់ទៀត កំពុងអង្គុយលេងនៅចំណុចកន្ទុយនាគ ស្រាប់តែមានឡានមួយគ្រឿងម៉ាកហាយឡែនឌឺ (Highlander) ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AC-5766 បានបើកមកឈប់ក្បែរ ហើយសួរពួកគេថា តើនិយាយសើចរឿងអី ដាក់ឲ្យអ្នកណា?
ជនរងគ្រោះឆ្លើយថា ពួកគាត់និយាយសើចរឿងគ្នាគាត់ទេ។ តែបុរសបើកឡាននោះបានស្ទុះមកដាល់មួយដៃចំមុខជនរងគ្រោះ ហើយបើកឡានចេញទៅ។ ភ្លាមៗជនរងគ្រោះខឹង ក៏បានរត់តាមឡានម្នាក់ឯង ហើយចុងក្រោយបានមិត្តភ័ក្ដិម្នាក់ឌុបតាមក្រោយឡាននោះ ដើម្បីមើលស្លាកលេខឡាន និងមើលមុខអ្នកបើកឡាននោះ។ ពេលតាមទាន់ឡាននៅលើដងផ្លូវឆ្នេរសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ស្រាប់តែឡាននោះបើកកៀរម៉ូតូបណ្ដាលឲ្យដួល ហើយបើកឡានកិនពីលើតែម្តងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរម្នាក់ និងស្រាលម្នាក់៖ «ពួកឡានហ្នឹងខុសតែម្តង ព្រោះបើកឡានកៀរគេហើយរត់គេច។ និយាយទៅខុសពីតាំងពីនៅកន្លែងកន្ទុយនាគម្ល៉េះ ព្រោះចុះមកពីលើឡានវាយគេតែម្តង»។
ចំណែកបងស្រីជីដូនមួយជនរងគ្រោះឈ្មោះ ពេជ្រ សូរិយា រៀបរាប់ថា ប្អូនប្រុសរបស់ខ្លួននៅមិនទាន់ដឹងខ្លួននៅឡើយ ហើយមិនហ៊ានសង្ឃឹមយ៉ាងណានោះទេ។ នៅរសៀលថ្ងៃទី១៥ វិច្ឆិកា នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត បានវះកាត់ខួរក្បាលដើម្បីយកឈាមកកចេញ តែនៅមិនទាន់ដឹងខ្លួននៅឡើយ។ កញ្ញាបន្ថែមថា ប្អូនប្រុសរបស់ខ្លួនជាមនុស្សស្លូត មិនមានប្រវត្តិរករឿងអ្នកផ្សេងនោះទេ។ កញ្ញាសំណូមពរឲ្យអាជ្ញាធរជួយរកយុត្តិធម៌ជូនជនរងគ្រោះ៖ «សូមឲ្យរកយុត្តិធម៌ជូនគ្រួសារខ្ញុំ និងចាប់ខ្លួនផ្ដន្ទាទោសអ្នកប្រព្រឹត្តិនោះ»។
បងស្រីជីដូនមួយជនរងគ្រោះថាក្រោយកើតហេតុនោះ ប៉ូលិសបានឃាត់ខ្លួនបុរសពីរនាក់ដែលជាអ្នកបើកឡានបង្កហេតុនោះ តែប៉ូលិសមិនទាន់បង្ហាញអត្តសញ្ញាណពួកគេថាជាអ្នកណា និងឈ្មោះអ្វីនៅឡើយ គ្រាន់តែបង្ហើបថា ជាអ្នកធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ចំណែកមន្ត្រីប៉ូលិសចរាចរណ៍ក្រុងព្រះសីហនុ ថាករណីនេះ ប៉ូលិសកំពុងធ្វើការដោះស្រាយ ប៉ុន្តែសុំមិនទាន់បកស្រាយយ៉ាងណាឡើយ ដោយសារនៅមិនទាន់ទទួលបានរបាយការណ៍លម្អិត។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានទេ នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយលោកពុំទទួលទូរស័ព្ទ។
អ្នកសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ មានប្រសាសន៍ថា ករណីហិង្សាពីសំណាក់ក្រុមកូនអ្នកមានលុយ និងមានអំណាច តែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅខេត្តព្រះសីហនុ ដែរ ប៉ុន្តែអ្នកទាំងនោះកម្រទទួលទោសពីតុលាការដោយស្មើភាពគ្នាចំពោះមុខច្បាប់ឡើយ។ សំណុំរឿងភាគច្រើន គឺបញ្ចប់ដោយសារការសម្របសម្រួលជាប្រាក់សំណងតិចតួច។ កត្តាទាំងនេះហើយ បណ្ដាលឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្តលើប្រព័ន្ធតុលាការ ហើយនាំឲ្យមនុស្សមួយចំនួនមិនខ្លាចរអាក្នុងការបំពានច្បាប់។
ចំពោះសំណុំរឿងនេះ លោក ប៊ួន ណារិទ្ធិ សូមអំពាវនាវដល់មន្ត្រីនគរបាលយុត្តិធម៌ ក៏ដូចជាព្រះរាជអាជ្ញា ចាត់វិធានការឲ្យបានហ្មត់ចត់បំផុត ដោយយកអ្នកដែលប្រព្រឹត្តហិង្សានោះមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងដើម្បីពង្រឹងជំនឿចិត្តរបស់ពលរដ្ឋឡើងវិញ ហើយត្រូវបញ្ចប់អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ជាដើម៕
No comments:
Post a Comment