លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធានាដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជា ដែលបំផ្លាញនូវសេចក្តីសុខ និងសន្តិភាពរបស់ប្រទេសជាតិ ហើយត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់។
លោកបន្តថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំលុបបំបាត់ភាពអសកម្មរបស់ខ្លួន ហើយត្រូវចូលរួមកសាងអំពើល្អ និងសកម្មភាពជួយសង្គមឲ្យបានច្រើន ដូចជាការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ពិសេសការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ បញ្ជីជាតិ និងប័ណ្ណស្នាក់នៅ ជាដើម។
ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងនៅថ្ងៃបិទសិក្ខាសាលានៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣ វិច្ឆិកា នេះ។
លោក ហ៊ុន សែន ក៏បានជំរុញឲ្យកងកម្លាំងគ្រប់ប្រភេទ ត្រូវការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានដាច់ខាត និងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ជាងនេះទៅទៀត គឺត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស អំពើប្លន់ប្រដាប់អាវុធ និងបញ្ហាសណ្ដាប់ធ្នាប់សង្គមជាច្រើនទៀត៕
No comments:
Post a Comment