ពលរដ្ឋ១៦គ្រួសារនៅខេត្តព្រះសីហនុស្នើអាជ្ញាធរពន្លឿនការផ្ដល់ប្លង់កម្មសិទ្ធិដីធ្លី
ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍អូរខ្សាច់ ខេត្តព្រះសីហនុ បានទទូចដល់អភិបាលខេត្តព្រះសីហនុ ជួយពន្លឿនកាត់ឆ្វៀលដីឈានដល់ផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់។ ទន្ទឹមគ្នានេះ ក្រុមប្រជាពលរដ្ឋក៏បានអំពាវនាវដល់ប្រមុខដឹកនាំរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធឲ្យជួយពិនិត្យទៅលើសកម្មភាពរបស់មន្ត្រីមានអំណាចដែលបានឃុបឃិតធ្វើប្លង់កម្មសិទ្ធិរំលោភយកដីលំនៅឋានពួកគាត់ ដោយប្រើប្រព័ន្ធតុលាការដើម្បីគំរាមកំហែងតាមគ្រប់រូបភាព។
តំណាងប្រជាពលរដ្ឋ ១៦គ្រួសារ រស់នៅសហគមន៍អូរខ្សាច់ មានទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោកស្រី ឡុច ទូច ស្នើឲ្យអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជួយសម្របសម្រួល និងជួយពន្លឿនសកម្មភាពចុះវាស់ចំណែកក្បាលដីដែលនៅសេសសល់មិនជាប់ពាក់ព័ន្ធបណ្ដឹងនៅតុលាការ ដើម្បីឈានដល់ចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋបានប្រើប្រាស់ស្របច្បាប់ឲ្យបានឆាប់។
លោកស្រី ឡុច ទូច អះអាងថា កន្លងមកពលរដ្ឋរស់នៅសហគមន៍អូរខ្សាច់ ធ្លាប់មានទំនាស់ប្តឹងផ្តល់គ្នានៅតុលាការគ្រប់ជាន់ថ្នាក់ជាមួយភាគី លោក ប៉ុន សារឿន អតីតចៅសង្កាត់រងសង្កាត់លេខ១ និងបច្ចុប្បន្នមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
តំណាងពលរដ្ឋសហគមន៍អូរខ្សាច់ អះអាងថា កន្លងមក ពលរដ្ឋសហគមន៍នេះ ធ្លាប់បានដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីទៅកាន់សាលាដំបូងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៤ ស្នើសុំមោឃៈ និងរំលាយប័ណ្ណកម្មសិទ្ធិដីធ្លីដែលពលរដ្ឋសហគមន៍នេះចោទថា ត្រូវភាគីទំនាស់ លោក ប៉ុន សារឿន និងអ្នកជាប់ពាក់ព័ន្ធដទៃទៀត ឃុបឃិតលួចធ្វើប្លង់រំលោភយកដីពលរដ្ឋទាំង ១៦គ្រួសារ មានផ្ទៃដីសរុបចំនួន ២៧ហិកតារ។
លោកស្រី ឡុច ទូច បានចោទថា ភាគីលោក ប៉ុន សារឿន ថា បានឃុបឃិតជាមួយមន្ត្រីមួយចំនួននៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ លួចធ្វើប្លង់កម្មសិទ្ធិរំលោភយកដីពលរដ្ឋក្នុងសហគមន៍ មានទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ទាំងពលរដ្ឋមិនដឹងខ្លួន៖ «លោក ប៉ុន សារឿន ពីមុនគាត់ធ្វើការនៅសង្កាត់លេខ១ ប៉ុន្តែបច្ចុប្បន្នធ្វើការនៅក្រសួងបរិស្ថានវិញ។ គាត់ឡើងធ្វើធំខ្លាំង គាត់ធ្វើបាបប្រជាពលរដ្ឋខ្លាំង ពលរដ្ឋក្រីក្រ អត់មានអីទីពឹងទេ មានតែពឹងសម្ដេច ហ៊ុន សែន ឲ្យជួយទេ»។
អ្នកសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលតាមឃ្លាំមើលវិវាទដីធ្លីនៅសហគមន៍អូរខ្សាច់ និងបានចុះពិនិត្យដល់ទីតាំងដីជាក់ស្ដែង បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ ត្រូវពន្លឿនសកម្មភាពចុះវាស់ចំណែកដីដែលមិនជាប់ពាក់ព័ន្ធរឿងក្ដីនៅប្រព័ន្ធតុលាការជូនពលរដ្ឋរស់នៅសហគមន៍អូរខ្សាច់ បានប្រើប្រាស់ស្របច្បាប់ ដើម្បីទប់ស្កាត់ការរំលោភបំពានដីធ្លីនៅថ្ងៃខាងមុខ៖ «ខ្ញុំសំណូមពរដល់រដ្ឋបាលខេត្តព្រះសីហនុ សូមមេត្តាជួយសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋរស់នៅសហគមន៍អូរខ្សាច់ ផង ពីព្រោះក្នុងចំណោមដីដែលប្រជាពលរដ្ឋអះអាងថា ២៧ហិកតារនេះ គឺមានទំនាស់តែប្រមាណ ១០ហិកតារទេ ជាមួយប្រព័ន្ធតុលាការ ហើយចំណែកដីដែលនៅសេសសល់ គឺអាចឲ្យអាជ្ញាធរចុះវាស់ចំណែកក្បាលដីឈានដល់ផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់បាន»។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក ប៉ុន សារឿន បច្ចុប្បន្នមានឋានៈជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលពលរដ្ឋសហគមន៍អូរខ្សាច់ ចោទថា បានឃុបឃិតធ្វើប្លង់រំលោភយកដីធ្លីរបស់គាត់ទាំង ១៦គ្រួសារ តាមទូរស័ព្ទបានទេ នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា។ ប៉ុន្តែតាមឯកសារបង្ហាញថា ភាគីលោក ប៉ុន សារឿន តែងបានឈ្នះក្ដីទៅលើសំណុំរឿងដីធ្លីជាមួយពលរដ្ឋទាំង ១៦គ្រួសារនេះ ជារហូត ចាប់ពីសាលាដំបូងខេត្តព្រះសីហនុ បន្តដល់សាលាកំពូល។
ជាងនេះ លោក ប៉ុន សារឿន ក៏ធ្លាប់ដាក់ពាក្យបណ្ដឹងប្ដឹងប្រជាពលរដ្ឋចំនួន ៤នាក់ ដែលតវ៉ាការពារដីធ្លីរបស់ខ្លួននៅសហគមន៍អូរខ្សាច់ ទៅកាន់សាលាដំបូងខេត្តនេះ ហើយត្រូវតុលាការចោទពីបទប្រើអំពើហិង្សាដោយទុច្ចរិតទៅលើអ្នកកាន់កាប់អចលនវត្ថុ ប្រព្រឹត្តនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីឆ្នាំ២០០៨។ ពលរដ្ឋទាំង ៤នាក់នោះមានឈ្មោះ ឡុច ទូច ឃឹម មុំ អេង វ៉ាន់ និង កៅ ហួរ។ ពលរដ្ឋទាំង ៤នាក់នេះ ស្ថិតក្នុងចំណោមប្រជាពលរដ្ឋមានជម្លោះដីធ្លីទាំង ១៦គ្រួសារ ដែលកំពុងមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយភាគីលោក ប៉ុន សារឿន ដែលពលរដ្ឋចោទថា លោក ប៉ុន សារឿន បានឃុបឃិតជាមួយមន្ត្រីមន្ទីរពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ លួចធ្វើប្លង់កម្មសិទ្ធិលើដីលំនៅឋាន និងដីចម្ការពួកគាត់។ មនុស្ស ៤នាក់ដែលលោក ប៉ុន សារឿន ប្ដឹងទៅកាន់តុលាការកាលណោះមាន ៣នាក់ ជាមនុស្សស្រី និងជាស្ត្រីមេម៉ាយ ហើយបច្ចុប្បន្នមានអាយុជាង ៥០ឆ្នាំ ហើយអ្នកខ្លះកំពុងមានជំងឺប្រចាំកាយផង។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានបញ្ជាក់ថា រដ្ឋបាលខេត្តនេះ បានបែងចែកក្រុមការងារឲ្យចុះពិនិត្យ និងវាស់ដីជូនពលរដ្ឋនៅតាមសហគមន៍មួយចំនួន និងទទួលបានលទ្ធផលជាបន្តបន្ទាប់រួចហើយ។ លោកបន្តថា ចំពោះដីធ្លីដែលមានជាប់ពាក់ព័ន្ធនៅប្រព័ន្ធតុលាការរដ្ឋបាលខេត្តព្រះសីហនុ មិនអាចលូកដៃចូលបានទេ៕
No comments:
Post a Comment