November 28, 2016
Territorial integrity and maps បញ្ហាបូរណភាពទឹកដី និងបញ្ហាផែនទី
បញ្ហាបូរណភាពទឹកដី និងបញ្ហាផែនទី / Territorial integrity and maps | ២៨ វិច្ឆិកា ២០១៦ / 28 November 2016
Welcome to France's technical aid in the delineation of the border between Cambodia and Vietnam (*) បញ្ហាបូរណភាពទឹកដី និងបញ្ហាផែនទី / Territorial integrity and map issues.
បញ្ហាបូរណភាពទឹកដី គឺជាបញ្ហាកំណត់ព្រំដែន ទាំងដែនដីគោក និងដែនដីទឹក ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌។ បញ្ហានេះ ឈានមកដល់ដំណាក់កាលមួយថ្មី ដែលតម្រូវឲ្យជនជាតិខ្មែរ អ្នកស្នេហាជាតិទាំងអស់ ចូលរួមធ្វើការ និងតស៊ូជាមួយគ្នា ដើម្បីរកដំណោះស្រាយឲ្យបានត្រឹមត្រូវ ដោយឈរលើមូលដ្ឋានច្បាប់ មានទាំងច្បាប់ជាតិ (ជាពិសេស រដ្ឋធម្មនុញ្ញ) ទាំងច្បាប់អន្តរជាតិ (ជាពិសេស កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១)។ ដំណោះស្រាយត្រឹមត្រូវ ចំពោះបញ្ហានេះ តម្រូវឲ្យគូវិវាទ (ជាពិសេស ប្រទេសកម្ពុជា និងប្រទេសវៀតណាម) ស្វែងរកផែនទីត្រឹមត្រូវ ធ្វើជាមូលដ្ឋានបច្ចេកទេសច្បាស់លាស់ ក្នុងការកំណត់ព្រំដែន ដែលគ្មាននរណាអាចប្រកែកបាន។ ចំពោះបញ្ហាផែនទីនេះ ខ្ញុំសូមធ្វើការកត់សម្គាល់ ហើយមានយោបល់ដូចតទៅ ៖
១- រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២ ចែងថា ៖ "បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩"។
២- ដើម្បីកំណត់បន្ទាត់ព្រំដែន នៅលើដែនដី និងដែនទឹកជាក់ស្តែង ឲ្យបានកាន់តែច្បាស់លាស់ថែមទៀត យើងត្រូវប្រើបច្ចេកទេស និងឧបករណ៍ទំនើបបំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដែលមិនទាន់មានកាលពីជាង ៦០ ឆ្នាំមុន នៅពេលដែលរដ្ឋបាលអាណានិគមនិយមបារាំង បានរៀបចំផែនទីដូចបញ្ជាក់ខាងលើ ទុកឲ្យយើងប្រើប្រាស់មកដល់សព្វថ្ងៃ។
៣- ប្រទេសបារាំងសព្វថ្ងៃ អាចផ្តល់ជំនួយបច្ចេកទេស ដែលភាគីពាក់ព័ន្ធទាំងអស់អាចជឿទុកចិត្តបាន ពីព្រោះប្រទេសបារាំងសព្វថ្ងៃ ប្រកាន់ជំហរអព្យាក្រិត ហើយក៏មានជំនាញ ឯកសារប្រវត្តិសាស្ត្រ បទពិសោធន៍ និងធនធានគ្រប់គ្រាន់ ដើម្បីជួយដោះស្រាយបញ្ហាកំណត់បន្ទាត់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌។
៤- ភាគីពាក់ព័ន្ធទាំងអស់ អាចស្នើរដ្ឋាភិបាលប្រទេសបារាំងសព្វថ្ងៃ ឲ្យជួយផ្តល់ផែនទីបន្ថែម ដែលមានផែនទីដូចចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋាន។ ផែនទីបន្ថែមនោះ អាចផ្តល់ការងាយស្រួល ក្នុុងការប្រើប្រាស់ និងការអនុវត្តន៍ ផែនទីជាមូលដ្ឋាន ក្នុងការកំណត់បន្ទាត់ព្រំដែន លើដែនដី និងដែនទឹកជាក់ស្តែង។ ផែនទីបន្ថែម ដែលអាចតម្រូវឲ្យអ្នកបច្ចេកទេសបារាំង មកពិនិត្យមើលស្ថានការណ៍ជាក់ស្តែង បច្ចុប្បន្ននៅមូលដ្ឋាន មានលក្ខណៈពិសេស ២ យ៉ាងដ៏សំខាន់ដូចតទៅ ៖
ក- មានការពង្រីកខ្នាតពី ១/១០០.០០០ (គឺ ១ សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើផែនដីជាក់ស្តែង) ទៅ ១/៥០.០០០ (គឺ ២ សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើផែនដីជាក់ស្តែង) មានន័យថា ផែនទី ១/៥០.០០០ លម្អិតជាង ២ ដង ហើយក៏ច្បាស់ជាង ២ ដង ប្រៀបធៀបទៅនឹងផែនទី ១/១០០.០០០ ដោយគ្មានប្រែប្រួលអ្វីដែលជាលក្ខណៈមូលដ្ឋានឡើយ។
ខ- មានការបំលែង (conversion) ពីប្រព័ន្ធបច្ចេកទេស Bonne (ដែលគេឈប់ប្រើប្រាស់ហើយសព្វថ្ងៃ) មកប្រព័ន្ធបច្ចេកទេស UTM (ដែលគេប្រើប្រាស់ជាសកល នាពេលបច្ចុប្បន្ន)។ បំលែងមកប្រព័ន្ធ UTM នេះ នឹងនាំមកនូវការងាយស្រួល ក្នុងការប្រៀបធៀបជាមួយនឹងផែនទី ដែលបានយកមកប្រើប្រាស់មកដល់សព្វថ្ងៃ ដើម្បីឲ្យឃើញថាផែនទីណាខុស ផែនទីណាត្រូវ។
៥- យើងអាចជឿទុកចិត្តលើផែនទី រៀបចំដោយប្រទេសបារាំង ដែលមានគោលជំហរអព្យាក្រិត ជាជាងផែនទី ដែលរៀបចំដោយប្រទេសវៀតណាម ដែលមានផលប្រយោជន៍ ផ្ទុយពីផលប្រយោជន៍ប្រទេសកម្ពុជា ក្នុងការកំណត់ព្រំដែនរវាងប្រទេសទាំង២។
៦- ក្នុងកាលៈទេសៈបច្ចុប្បន្ន ជំនួយបច្ចេកទេស និងអព្យាក្រិត ពីប្រទេសបារាំង មិនអាចធ្វើឲ្យប្រទេសកម្ពុជា ទទួលការបង់ខាតអ្វីទេ។ ផ្ទុយទៅវិញ អន្តរាគមន៍ពីប្រទេសបារាំង នឹងធ្វើឲ្យសហគមន៍អន្តរជាតិ ចាប់អារម្មណ៍ពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ហើយនឹងជួយផ្តល់យុត្តិធម៌ ឲ្យប្រទេសកម្ពុជា។
៧- ត្រូវផ្តល់យុត្តិធម៌ ឲ្យអ្នកស្នេហាជាតិដូចជា លោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ និងលោកតំណាងរាស្ត្រ អ៊ុំ សំអាន ដែលពួកគាត់បានលើកពីបញ្ហាផែនទីនេះ ដើម្បីជួយការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា។ មិនគួរចាប់ពួកគាត់ដាក់គុកសោះ តែគួរតែយកពួកគាត់មកជួយធ្វើការ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិរបស់យើងទាំងអស់គ្នា៕
(*) The defense of Cambodia’s territorial integrity requires the use of proper maps as legal technical basis for border delineation and demarcation. My remarks on this topic are the following:
1- Cambodia’s Constitution requires us to use maps of a scale of 1/100,000 produced (by French colonial authorities) between 1933 and 1953 and internationally recognized between 1963 and 1969.
2- For more precise border delineation and demarcation we have to use modern technologies that did not exist when the French produced the above-mentioned maps more than 60 years ago.
3- France can provide technical assistance acceptable by all concerned parties because France is a neutral country and, while having in her possession important historic documents, she has the expertise, the experience and the means to help properly solve the border issue between Cambodia and Vietnam.
4- All concerned parties could ask the French government to provide additional maps based on those stated in Cambodia’s Constitution. Those additional maps could facilitate the implementation of data contained in the basic maps when it comes to effective border delineation on the ground. Those additional maps whose production could require the presence on the spot of French experts, would meet two important requirements:
a) Conversion from the 1/100,000 scale to the 1/50,000 scale, which will make the additional maps twice as accurate as the original and basic ones without changing any fundamental data.
b) Conversion from the Bonne system (used in the old French maps but no longer used nowadays) to the UTM system (currently used worldwide). This conversion to the UTM system will help when making meaning comparison with other maps that have been used for border delineation up to now.
5) Those additional maps produced by France -- a neutral country -- would be more credible and more reliable than those maps recently produced by Vietnam, which has conflicting interests with Cambodia concerning border delineation.
6) In the present circumstances, Cambodia has nothing to lose from a technical and neutral assistance from France. On the contrary, an intervention from France would help draw the attention of the international community to the border issue between Cambodia and Vietnam, and this would help render justice to Cambodia. 7) Justice must be rendered to patriots such as Senator Hong Sok Hour and National Assembly Member Um Sam An who rightly raised the above-mentioned border and map issues in order to help defend Cambodia’s territorial integrity. Instead of putting them in jail, the government should seek their cooperation and that of other patriots for the supreme interest of our motherland.
No comments:
Post a Comment