Friday, December 9, 2016

ACUថា​​គ្មាន​សមត្ថកិច្ច​ស៊ើប​អង្កេត​សារ​​​​ដែល​គេ​សង្ស័យ​ថា​ជា​របស់​​គ្រួសារ​លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា


 ពី​ឆ្វេង៖ លោក ហ៊ុន ម៉ានិត លោក ហ៊ុន សែន និង​កញ្ញា ធីសុវណ្ណថា។ RFA Photo

រហូត​មក​ទល់​ពេល​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) មិន​ទាន់​បើក​ការ​ស៊ើបអង្កេត​លើ​សារ​ឆ្លើយឆ្លង​គ្នា​តាម​បណ្ដាញ​សង្គម​ដែល​គេ​សង្ស័យ​ថា ជា​សារ​សំឡេង និង​សារ​ជា​អក្សរ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​កញ្ញា ធី សុវណ្ណថា និង​សារ​រវាង​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន មានិត និង​កញ្ញា ធី សុវណ្ណថា នៅ​ឡើយ​ទេ។ ចំណែក​អ្នក​វិភាគ​យល់​ថា សារ​នេះ​អាច​ជា​តម្រុយ​មួយ​សម្រាប់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អាច​បើក​ការ​ស៊ើបអង្កេត​បាន។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា មិន​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត​សារ​សន្ទនា​ដែល​បាន​បែក​ធ្លាយ ដែល​គេ​សង្ស័យ​ថា ធ្វើ​ឡើង​​រវាង​គ្រួសារ​លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា នោះ​ទេ។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​នេះ ថ្លែង​ឆ្លើយ​តប​នឹង​សំណួរ​របស់​អាស៊ីសេរី​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពុំ​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត​សារ​សន្ទនា​ដែល​បាន​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​គេ​សង្ស័យ​ថា ជា​សារ​សំឡេង និង​សារ​ជា​អក្សរ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​កញ្ញា ធី សុវណ្ណថា និង​សារ​រវាង​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន មានិត និង​កញ្ញា ធី សុវណ្ណថា នោះ​ឡើយ។លោក​បន្ត​ថា ការ​ចាប់​សំណុំរឿង​របស់​លោក កឹម សុខា និង​នាង​ខុម ចាន់តារាទី កន្លង​មក​មិន​មែន​ជា​​រឿង​សម្ព័ន្ធ​ផ្លូវ​ភេទ​របស់​បុគ្គល​នោះ​ទេ ប៉ុន្តែ​ការ​ចាប់​នោះ​ដោយសារ​មាន​សារ​បែក​ធ្លាយ​ដល់​រឿង​សូក​ប៉ាន់​សាក្សី៖ «ខ្ញុំ​អរគុណ​ណាស់! បើ​អាស៊ីសេរី ឲ្យ​តម្រុយ​ថា​វា​ពាក់ព័ន្ធ​មាត្រា​ប៉ុន្មាន​នៃ​ច្បាប់​យើង​ខ្ញុំ។ ខ្ញុំ​ឃើញ​អាស៊ីសេរី មាន​ចេតនា​នយោបាយ​ច្បាស់លាស់ មួលបង្កាច់។ យើង​ខ្ញុំ​ចាប់​លើក​មុន​នេះ អត់​មាន​ចាប់​រឿង​អា​ណា​ទៅ​រក​ស្រី​ញី​អី ប្រពន្ធ​ចុង​ប្រពន្ធ​ដើម​ទេ អ៊ីចឹង​រឿង​បែក​ធ្លាយ​នេះ​ពាក់​ព័ន្ធ​ស្អី រឿង​សមត្ថកិច្ច​របស់​យើង​ខ្ញុំ។ សូម​ប្រាប់​ឲ្យ​ត្រង់​មក​ថា ណែ ឱម យ៉ិនទៀង ខ្ញុំ​ឃើញ​និយាយ​អ៊ីចេះ​បើ​តាម​ច្បាប់...? ខ្ញុំ​សូម​ឆ្លើយ​ត្រង់​អ៊ីចឹង បើ​សំណួរ​របៀប​នយោបាយ ខ្ញុំ​សូម​ឆ្លើយ​នយោបាយ​វិញ»។

លោក ឱម យ៉ិនទៀង ថ្លែង​បែប​នេះ​នៅ​ពេល​ជួប​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​ទិវា​ប្រឆាំង​អំពើ​ពុករលួយ ៩ ធ្នូ ដែល​ធ្វើ​ឡើង​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​បែក​ធ្លាយ​សារ​សន្ទនា​មួយ ដែល​គេ​សង្ស័យ​ថា ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ានិត ជា​ប្រធាន​អង្គភាព​ចារកម្ម​នៃ​ក្រសួង​ការពារ​ជាតិ ដែល​បង្ហាញ​ពី​ការ​ពិភាក្សា​គ្នា​រវាង​កញ្ញា ធី សុវណ្ណថា អំពី​មធ្យោបាយ​បង្ខូច​ឈ្មោះ និង​រៀបចំ​ផែនការ​បំផ្លាញ​គណបក្ស​ប្រឆាំង។

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ថ្លែង​ថា ករណី​បែក​ធ្លាយ​នេះ លោក​ពុំ​ឃើញ​មាន​តម្រុយ​ណា​មួយ​នៃ​ការ​សូក​ប៉ាន់ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទេ ប៉ុន្តែ​លោក​ស្នើ​ឲ្យ ACU អនុវត្ត​ច្បាប់​ឲ្យ​មាន​ភាព​ស្មើ​គ្នា៖ «»។

ប៉ុន្តែ​លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត មាន​ទស្សនៈ​ថា វា​ជា​ករណី​មួយ​មាន​ថវិកា​ច្រើន និង​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​សាធារណៈ​ផង ដែល​ជា​រឿង​មួយ​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ប៉ុន្តែ​បើ​សិន​ជា​ក្នុង​ការ​បន្ត​ឃ្លាំមើល​ក្រែងលោ​មាន​តម្រុយ។ ជាង​នេះ​ទៅ​ទៀត ACU អាច​ផ្ញើ​លិខិត​ទៅ​សាកសួរ​បាន​ទៀត​ផង។ លោក​ថា ការ​ស៊ើបអង្កេត​លើ​រឿង​បែប​នេះ​ក៏​អាច​ជា​រឿង​មួយ​ភ្ញាក់ផ្អើល​ដែរ ប៉ុន្តែ​ប្រហែល​ជា​ពិបាក ពីព្រោះ ACU មិន​ទាន់​ឯករាជ្យ​ពី​នាយករដ្ឋមន្ត្រី​នោះ​ទេ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​ទិវា​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/Cheu Sideth
លោក អ៊ូ វីរៈ៖ «ប៉ុន្តែ ACU នៅ​ក្រោម​គណៈរដ្ឋមន្ត្រី គាត់​ត្រូវ​ទទួល​បញ្ជា​ពី​គណៈរដ្ឋមន្ត្រី នេះ​តាម​ផ្លូវ​ច្បាប់​តម្រូវ ហើយ​ក្រុមប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​គឺ​ក្រោម​នាយករដ្ឋមន្ត្រី អ៊ីចឹង​គាត់​ត្រូវ​ទទួល​បញ្ជា​ពី​នាយករដ្ឋមន្ត្រី អ៊ីចឹង​យើង​មិន​ត្រូវ​សួរ​គាត់​ទេ ត្រូវ​សួរ​នាយករដ្ឋមន្ត្រី​បាន​ច្បាស់​ជាង។ បើ​យើង​មើល​មែន​ទែន វិភាគ​មែន​ទែន គឺ​គាត់​ត្រូវ​ទទួល​បញ្ជា​ពី​នាយករដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី ខ្ញុំ​មើល​ទៅ​មិន​មាន​អ្វី​ប្លែក​ទេ ការ​ឆ្លើយ​តប​របស់​គាត់​នេះ»។

ជាមួយ​គ្នា​នោះ លោក ឱម យ៉ិនទៀង ក៏​បាន​ឆ្លើយ​តប​ទៅ​ការ​អំពាវនាវ​របស់​សង្គម​ស៊ីវិល​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ទាមទារ​ឲ្យ​បង្ហាញ​តម្លាភាព​នៃ​ថវិកា​មូលនិធិ​របស់​កញ្ញា ធី សុវណ្ណថា ពោល​គឺ​ត្រូវ​មាន​តម្លាភាព​ពី​ប្រភព​ដែល​កញ្ញា ធី សុវណ្ណថា បាន​ទទួល​ប្រាក់។

លោក ឱម យ៉ិនទៀង បាន​ធ្វើ​ឆ្លើយ​តប​ដូច្នេះ៖ «ឥឡូវ​មាន​ចលនា​មួយ NGO ទារ​ឲ្យ ធី សុវណ្ណថា តម្លាភាព​មូលនិធិ។ ខ្ញុំ​អរ​ដែរ វា​មិន​ចូល តែ​វា​នៅ​ក្នុង​កិច្ចការ​បង្ការ​ធ្វើ​ទាំង​អស់​គ្នា អិន.ជី.អូ ៤ពាន់ ស្រុក​ខ្មែរ​ធ្វើ​ទាំង​អស់​គ្នា​មក កុំ​ចាប់​បង្ខំ​តែ​មួយ​ធ្វើ​អា ៣​ពាន់​ទៀត​មិន​ធ្វើ មិន​បាន​ទេ។ អ្នក​ឯង​ទទួល​លុយ​ពី​បរទេស​ប៉ុន្មាន​និយាយ​គ្នា​ដូច​គ្នា កុំ​ឲ្យ អិន.ជី.អូ ស្រុក​ខ្មែរ គ្នា​រហាម គ្នា​អត់​អី ទី​បំផុត​គ្នា​ដួល​ងាប់​ម្ដង​មួយៗ ឯ អិន.ជី.អូ តែ ៤ ៥ ទេ លុយ​គរ​ភ្នំ ហើយ​អត់​មាន​នរណា​ត្រួត​ពិនិត្យ​បាន​ទៀត»។

កាល​ពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​មុន ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ល្បី​ឈ្មោះ កញ្ញា ធី សុវណ្ណថា បាន​ប្រកាស​ថា ខ្លួន​បាន​ទទួល​ថវិកា ៣​លាន​ដុល្លារ​ពី​បណ្តាញ​មូលនិធិ​អន្តរជាតិ ដើម្បី​ឧបត្ថម្ភ​លើ​ការ​ផ្តល់​អាហារូបករណ៍​សិក្សា​ជា​បន្ត​បន្ទាប់​នៅ​ឧត្តម​សិក្សា បាន​ជំរុញ​ឲ្យ​មាន​ការ​អំពាវនាវ​ពី​សំណាក់​ក្រុម​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល ឲ្យ​បង្ហាញ​ពី​តម្លាភាព​នៃ​ប្រភព​ថវិកា​នេះ មួយ​សប្ដាហ៍​បន្ទាប់​ពី​ការ​បែក​ធ្លាយ​ដែល​គេ​សង្ស័យ​ថា ជា​សារ​សន្ទនា​ដែល​បង្ហាញ​ពី​ការ​សន្យា​ផ្ដល់​ប្រាក់​ចំនួន ១​លាន​ដុល្លារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ឲ្យ​រូប​នាង។

កន្លង​ទៅ​នៅ​ពេល​មាន​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ឆ្លើយឆ្លង​ដែល​គេ​សង្ស័យ​ថា ជា​របស់​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ករណី​នេះ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចាត់​វិធានការ​ស៊ើប​អង្កេត​ក្រោយ​ពី​មាន​ពាក្យ​បណ្ដឹង​មួយ​ចំនួន​ប្រឆាំង​នឹង​លោក​ កឹម សុខា។ បណ្ដឹង​ទាំង​នេះ បាន​ធ្វើ​ឲ្យ​លោក កឹម សុខា ត្រូវ​បាន​តុលាការ​កាត់​ទោស​ជាប់​ពន្ធនាគារ​ចំនួន ៥​ខែ និង​មេ​ឃុំ​បក្ស​ប្រឆាំង​មួយ​រូប​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​ផង​ដែរ។ ក្រៅ​ពី​នោះ​នៅ​មាន​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ចំនួន ៥​នាក់ កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ៕

No comments:

Post a Comment