Monday, December 26, 2016

មាន​ការ​​អះអាង​ថា ​ម្ចាស់​គម្រោង​រុករក​រ៉ែ​ បុក​​ស៊ីត ​​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស


ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី​នៅ​ក្នុង​ពិធី​មួយ​កាលពី​ពេល​កន្លង​មក។ រូបថត សហការី



មណ្ឌលគិរីៈ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន បន្ទាប់ពី​មាន​ការ​បង្ហាញ​ថា​ម្ចាស់​នៃ​គម្រោង​រុករក​រ៉ែ​បុកស៊ីត​ក្នុង​ខេត្ត​មណ្ឌលគិរី​មាន​ប្រវត្តិ​រំលោភ​បំពាន​សិទ្ធិ​នៅ​កន្លែង​អភិវឌ្ឍន៍ និង​កន្លែង​ដទៃៗ​ទៀត​អស់​រយៈកាល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

ក្រសួង​បរិស្ថាន​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​បច្ចុប្បន្ន​នេះ​កំពុង​ពិនិត្យ​ការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន (EIA) សម្រាប់​គម្រោង​រុករក​រ៉ែ​ចំនួន ២៦០០០ ហិកតា​ដែល​លាត​សន្ធឹង​ពី​ស្រុក​អូររំាង​រហូត​ដល់​ក្រុង​សែនមនោរម្យ​នៅ​ភាគ​ខាងត្បូង​ខេត្ត​មណ្ឌលគិរី។

មន្រ្តី​ម្នាក់​ពី​នាយកដ្ឋាន​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន (EIA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​ថា​ក្រុមហ៊ុន​នៅ​ពី​ក្រោយ​គម្រោង​អណ្តូង​រ៉ែ​នេះ​គឺ​ក្រុមហ៊ុន Alex Corporation បាន​ផ្តល់​ពាក្យ​សម្តី​ថា​ខ្លួន​នឹង​មិន​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​សហគមន៍​ដែល​រងគ្រោះ​ហើយ​ក៏​មិន​បណ្តេញ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទទួល​យក​សំណង​ចេញ​ពី​ដីធ្លី​ដែរ។

ទោះ​យ៉ាង​ណា​ក្តី​ម្ចាស់​ក្រុមហ៊ុន Alex Corporation មាន​ប្រវត្តិ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​មិន​ត្រឹម​តែ​នៅ​ភាគ​ខាង​ត្បូង​ខេត្ត​មណ្ឌលគិរី​ទេ​ប៉ុន្តែ​ទូទាំង​ប្រទេស​កម្ពុជា។

សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​លោក ឡាវ ម៉េងឃីន និង​ភរិយា​របស់​លោក​គឺ​លោកស្រី ជឹង សុភាព ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​ឯកសារ​សម្ងាត់​របស់​ស្ថានទូត​អាមេរិក​នៅ​ឆ្នាំ ២០០៧ ថា​ជា «ប្តី​ប្រពន្ធ​មាន​អំណាច» ក្នុង​ប្រទេស​កម្ពុជា។ របាយការណ៍​ឆ្នាំ ២០០៩ របស់​អង្គការ Global Witness បាន​រកឃើញ​ថា​ពួកគេ​កាន់កាប់​សិទ្ធិ​យ៉ាង​ហោច​ណាស់ ៧% នៃ​ដី​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ជា​ចម្បង​តាមរយៈ​ក្រុមហ៊ុន Pheapimex Group ដែល​លោកស្រី សុភាព ជា​ប្រធាន។

កាលពី​ឆ្នាំ ២០០៤ ក្រុមហ៊ុន Pheapimex បាន​ចុះ​ហត្ថលេខា​រកស៊ី​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ចម្ការ​ចិន​មួយ​ឈ្មោះ Wuzhishan។ នៅ​ក្នុង​ឆ្នាំ​នោះ​អ្នក​តវ៉ា​មួយ​ចំនួន​បាន​រងរបួស​ដោយសារ​គ្រាប់បែក​ដៃ​ខណៈ​កំពុង​ធ្វើ​បាតុកម្ម​តវ៉ា​នឹង​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ពោធិ៍សាត់​ក្នុង​គម្រោង​វិនិយោគ​រកស៊ី​រួម​គ្នា​នេះ។

នៅ​ឆ្នាំ​បន្ទាប់​ការ​រកស៊ី​រួម​គ្នា​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ៣៣៦ គីឡូម៉ែត្រ​ការ៉េ​នៅ​ភាគ​ខាង​ត្បូង​ខេត្ត​មណ្ឌលគិរី។ ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​ឆ្នាំ ២០០៧ របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​ក្រុមហ៊ុន​ទទួល​បាន​សម្បទាន​សេដ្ឋកិច្ច​ជា​ផ្លូវការ​ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ការងារ​នៅ​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ភាគតិច​ព្នង។ ទ្រង់ទ្រាយ​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​នោះ​គឺ​ជិត​ដូច​នឹង​ទ្រង់ទ្រាយ​នៃ​តំបន់​ដែល​ក្រុមហ៊ុន Alex Corporation បាន​ស្នើសុំ​ចាប់ផ្តើម​រក​រ៉ែ​បុកស៊ីត​នា​ឆ្នាំ​ក្រោយ។

មិន​មាន​ឯកសារ​បង្ហាញ​ជា​សាធារណៈ​ណា​បង្ហាញ​ច្បាស់​អំពី​ការ​ជាប់​ពាក់ព័ន្ធ​នៃ​ប្តីប្រពន្ធ​មាន​អំណាច​នេះ​ទៅ​នឹង​ក្រុមហ៊ុន Alex Corporation ទេ។

ទោះ​យ៉ាង​ណា​ក្តី Lau Zhong Yao ដែល​ជា​ប្រធាន​ក្រុមហ៊ុន​នេះ​គឺជា​នាយក​ក្រុមហ៊ុន Pheapimex Group, ក្រុមហ៊ុន Wuzhishan និង​គម្រោង​វិនិយោគ​ទី​បី​របស់​ប្តីប្រពន្ធ​មាន​អំណាច​គឺ Cambodia International Investment Development Group (CIIDG)។

ការិយាល័យ​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន Alex Corporation គឺ​នៅ​ក្នុង​អគារ​ជាមួយ​គ្នា​នឹង​ក្រុមហ៊ុន CIIDG ហើយ​គណនេយ្យករ​ម្នាក់​ដែល​មាន​អ៊ីមែល​ជា​អាសយដ្ឋាន CIIDG សម្រាប់​ក្រុមហ៊ុន Alex Corporation បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា​អ្នកនាង​បាន​ចុះ​បញ្ជី​ក្រុមហ៊ុន​នេះ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ហើយ​ថា​វា​ជា​កម្មសិទ្ធិ​របស់​មនុស្ស​ជាមួយ​គ្នា​នឹង​ក្រុមហ៊ុន CIIDG។

តំណាង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​កាលពី​សប្តាហ៍​មុន​បាន​ថ្លែង​ថា​ការ​ជាប់​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន Alex Corporation ទៅ​នឹង​ប្តី​ប្រពន្ធ​មាន​អំណាច​នេះ​គឺ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន។

លោក អៀង វុទ្ធី នាយកប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​បាន​ធ្វើការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​លើ​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ទៀត​របស់​ប្តី​ប្រពន្ធ​មាន​អំណាច​នេះ។

ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ ២០០៨ មាន​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​នៅ​ជុំវិញ​តំបន់​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បើក​ផ្លូវ​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​របស់​លោក ឡាវ ម៉េងឃីន Shukaku Inc។ គម្រោង​នេះ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ​ខណៈ​អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ជាច្រើន​នាក់​នៅ​តែ​គ្មាន​ផ្ទះសម្បែង​ និង​មិន​ទាន់​ទទួល​បាន​សំណង​នៅ​ឡើយ។

លោក វុទ្ធី បាន​ថ្លែង​ថា៖ «យើង​ជាប់​ទាក់ទង​នៅ​ក្នុង​ករណី​នេះ​ជាមួយ​លោកស្រី​ [ជឹង សុភាព] និង​លោក ឡាវ ម៉េងឃីន ហើយ​មាន​បញ្ហា​រហូត»។ «ដូច្នេះ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​ពួកគេ​ត្រូវ​បង្ហាញ​អ្វីៗ​គ្រប់​យ៉ាង និង​អនុវត្ត​ទៅ​តាម​ច្បាប់​ហើយ​រដ្ឋាភិបាល​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ក្រុមហ៊ុន​គោរព​ច្បាប់ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន»។

លោក ឌុច ពិសិដ្ឋ នាយក​ផ្នែក​តស៊ូមតិ​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ឱ្យ​ដឹង​ថា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សង្ឃឹម​ថា​ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន Alex Corporation បាន «រៀនសូត្រ​អ្វី​មួយ​ពី​សកម្មភាព​មិន​ល្អ​របស់​ដៃគូ​ខ្លួន»។

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ផ្តល់​មតិយោបល់​យ៉ាង​ច្បាស់​តាមរយៈ​អ៊ីមែល​មួយ​ថា៖ «អ្នកភូមិ​ដែល​រស់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ទាំង​នេះ​គួរ​ទទួល​ស្គាល់​ឥឡូវ​ថា​ប្រសិន​បើ​ក្រុមហ៊ុន Alex Corporation បាន​ទទួល​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​សម្រាប់​គម្រោង​រុករក​រ៉ែ​ដ៏ធំ​នេះ​ប្រវត្តិ​របស់​មនុស្ស​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​នេះ​បង្ហាញ​ថា​អ្នក​ភូមិ​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​របស់​គម្រោង​នេះ​ដោយ​ត្រូវ​លះបង់​ដីធ្លី​របស់​ពួកគេ​មិន​ថា​ពួកគេ​យល់​ស្រប ឬ​មិន​យល់​ស្រប​នោះ​ទេ​ហើយ​ទំនង​ដូចជា​ទទួល​បាន​សំណង​តិចតួច​ប៉ុណ្ណោះ»។

ក្រៅពី​គណនេយ្យករ​របស់​ក្រុមហ៊ុន Alex Corporation គឺ​មាន​អ្នក​តំណាង​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន Pheapimex, CIIDG និង Alex Corporation ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ព្យាយាម​ទាក់ទង​មាន​អ្នក​ខ្លះ​ទាក់ទង​អត់​បាន​ អ្នក​ខ្លះ​ទាក់ទង​បាន​ប៉ុន្តែ​ពួកគេ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ៕

No comments:

Post a Comment