អ្នកច្បាប់ និងប្រធានក្រុមហ៊ុនសន្តិសុខឯកជនជាច្រើន សាទរចំពោះការបង្កើតនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។ ប្រធានក្រុមហ៊ុនសន្តិសុខឯកជន បារម្ភដែរថា នាយកដ្ឋានថ្មីនេះអាចនឹងតម្រូវឲ្យពួកគេបង់កម្រៃសេវាច្រើន។ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា គ្មានការយកកម្រៃសេវាពីក្រុមហ៊ុនឯកជនទាំងនោះឡើយ។
ក្តីកង្វល់របស់ម្ចាស់អាជីវកម្មផ្តល់សេវាសន្តិសុខឯកជននេះ ខណៈរាជរដ្ឋាភិបាលនៅពេលថ្មីៗនេះ បានចេញអនុក្រឹត្យមួយស្ដីពីការបង្កើតនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននេះ ជាសេនាធិការរបស់នាយកដ្ឋានកណ្ដាលសន្តិសុខអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ហើយនាយកដ្ឋាននេះបង្កើតឡើងដើម្បីគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពរបស់បណ្ដាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សហគ្រាស គ្រឹះស្ថានសន្តិសុខឯកជន ជាដើម។
ប្រធានក្រុមហ៊ុនសន្តិសុខឯកជន ស៊ី.យូ.អេស (CUS) មួយនៅរាជធានីភ្នំពេញ លោក ឆែ ចំរើន ថ្លែងថា លោកគាំទ្រចំពោះការបង្កើតនាយកដ្ឋានថ្មីនេះ។ លោកបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនសន្តិសុខមិនស្របច្បាប់ជាច្រើន ត្រូវបានបង្កើតដើម្បីធ្វើអាជីវកម្មដោយមិនបានបំពេញទៅតាមវិជ្ជាជីវៈ និងគ្មានការបណ្តុះបណ្តាលច្បាស់លាស់។
ស្រដៀងគ្នានេះដែរ ប្រធានក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន អិល.អេស.អេស (LSS) គឺលោក ស សារិទ្ធ យល់ថាជារឿងល្អ ដែលមាននាយកដ្ឋានមួយសម្រាប់គ្រប់គ្រង និងត្រួតពិនិត្យក្រុមហ៊ុនសន្តិសុខទូទាំងប្រទេស ព្រោះអាចទប់ស្កាត់ក្រុមហ៊ុនដែលបើកអាជីវកម្មដោយមិនស្របច្បាប់ខុសនឹងនីតិវិធី និងមិនមានការបណ្តុះបណ្តាលត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក៏ប៉ុន្តែលោកបារម្ភថា នាយកដ្ឋានថ្មីនេះទាមទារការបង់កម្រៃសេវាច្រើនលើសពីការរំពឹងទុក៖ «ខ្ញុំគិតថាធ្វើអ៊ីចឹងល្អម្យ៉ាងដែរ ព្រោះគ្រប់ក្រុមហ៊ុនសន្តិសុខដែលបើកនៅក្នុងព្រះរាជាណាចក្រយើង គឺស្របច្បាប់ទាំងអស់ ទើបអាចដំណើរការបាន។ កុំឲ្យតែគាត់គាបពីលើយើងថាត្រូវផ្តល់ឲ្យគាត់លើសពីការរំពឹងទុករបស់យើង។ កាលណាខ្ពស់ពេក យើងពិបាក Charge (ទូទាត់) ពីអតិថិជន ព្រោះអតិថិជនមួយចំនួនគាត់ចង់ចំណាយថវិកាតិចជួលសេវាកម្មរបស់យើង ក៏ប៉ុន្តែគាត់ចង់បានសេវាកម្មល្អ»។
ឆ្លើយតបនឹងកង្វល់របស់ម្ចាស់ក្រុមហ៊ុនសន្តិសុខឯកជន អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា មិនមានប្រការណាមួយដែលតម្រូវឲ្យម្ចាស់ក្រុមហ៊ុនសន្តិសុខបង់ថ្លៃសេវាទៅឲ្យនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននោះឡើយ៖ «គ្មានប្រការណាមួយដែលចែងថា នាយកដ្ឋានត្រូវយកកម្រៃពីក្រុមហ៊ុន ដូចគ្មាន បាទ! ក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាលគ្មាន ឬក៏របស់ក្រសួងក៏គ្មានដែរបាទ»។
លោក ខៀវ សុភ័គ នៅមិនទាន់អាចបញ្ជាក់អំពីពេលវេលាជាក់លាក់ណាមួយ ដែលនាយកដ្ឋាននេះបង្កើតចេញជារូបរាង និងសមាសភាពប្រធាន និងអនុប្រធានរបស់នាយកដ្ឋានថ្មីនេះបាននៅឡើយទេ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។
នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដែលទើបប្រកាសឲ្យបង្កើតឡើងនេះ ក្រៅពីគ្រប់គ្រង និងពិនិត្យលើការអនុវត្តរបស់បណ្ដាក្រុមហ៊ុន ក៏នៅមានផ្តល់ការហ្វឹកហ្វឺនជំនាញឯកទេសដល់កងកម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងនោះដោយផ្ទាល់ផង ហើយនាយកដ្ឋានក៏មានកាតព្វកិច្ចជំរុញ និងលើកកម្ពស់ឲ្យវិស័យសន្តិសុខឯកជន មកការពារសន្តិសុខ និងថែរក្សាសណ្ដាប់ធ្នាប់សាធារណៈផង។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន ស្នើឲ្យមានការកំណត់តួនាទីរបស់ក្រុមសន្តិសុខឯកជនឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការប្រើប្រាស់ក្រុមសន្តិសុខឯកជនទាំងនេះមកបម្រើការងារបង្ក្រាបកុប្បកម្ម ឬបាតុកម្ម៖ «ខ្ញុំគិតថាគេអាចប្រើលាយឡំ។ ចឹងហើយបានជាខ្ញុំនិយាយថា ជាការប្រសើរ គួរតែកំណត់តួនាទីឲ្យបានច្បាស់លាស់ហ្នឹងណា!»។
ទាក់ទងនឹងការតម្រូវឲ្យនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជំរុញ និងលើកកម្ពស់ឲ្យវិស័យសន្តិសុខឯកជន មកការពារសន្តិសុខ និងថែរក្សាសណ្ដាប់ធ្នាប់សាធារណៈនេះ លោក ខៀវ សុភ័គ បញ្ជាក់ថាមិនមានការស្នើឲ្យក្រុមសន្តិសុខឯកជន មកធ្វើអ្វីផ្ទុយទៅនឹងការងាររបស់ក្រុមហ៊ុនដែលកំពុងតែធ្វើនោះទេ។ លោកបន្ថែមថា អ្វីដែលនាយកដ្ឋានត្រូវធ្វើនោះ គឺណែនាំឲ្យក្រុមហ៊ុនទាំងនោះចេះគ្រប់គ្រងលិខិតបទដ្ឋាន របៀបរបបការពារឲ្យត្រឹមត្រូវទៅតាមច្បាប់ ហើយជាពិសេស គឺមិនអនុញ្ញាតឲ្យមានបំពាក់អាវុធឡើយ៕
No comments:
Post a Comment