អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ព្រមានផាកពិន័យតាមផ្លូវច្បាប់ ចំពោះពលរដ្ឋណាដែលមិនចូលរួមអនុវត្តសេចក្ដីណែនាំទាក់ទងនឹងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ការព្រមាននេះ ធ្វើឡើងដោយសារពលរដ្ឋខ្លះនៅតែទុកដាក់សំរាមពាសវាលពាសកាល ដែលជាមូលហេតុធ្វើឲ្យកន្លែងខ្លះមានបញ្ហាកកស្ទះសំរាម និងធុំក្លិនស្អុយ។
ការទុកដាក់សំរាមមិនដឹងពេលវេលា គឺជាមូលហេតុធ្វើឲ្យរថយន្តប្រមូលសំរាម ពិបាកប្រមូលសំរាមទាំងនោះឲ្យអស់ពីតាមកន្លែងទុកដាក់សំរាមខ្លះ។
ថ្លែងនៅក្នុងកម្មវិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានកែសម្រួលស្ពានអាកាសក្បាលថ្នល់ ច្បារអំពៅ នៅថ្ងៃទី៤ ធ្នូ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អះអាងថា នៅទីក្រុងភ្នំពេញសព្វថ្ងៃ ក្នុងរយៈពេលមួយថ្ងៃ គឺមានកាកសំណល់ និងសំរាមប្រមាណ ២ពាន់តោន។ លោកបញ្ជាក់ថា អាជ្ញាធរនឹងផាកពិន័យតាមផ្លូវច្បាប់ ចំពោះពលរដ្ឋដែលមិនព្រមអនុវត្តសេចក្ដីណែនាំទាក់ទងនឹងការទុកដាក់កាកសំណល់ និងសំរាមវេចខ្ចប់ត្រឹមត្រូវ ដើម្បីឲ្យក្រុមហ៊ុនប្រមូលសំរាមងាយស្រួលប្រមូលសំរាមទាំងនោះ។
អភិបាលរាជធានីភ្នំពេញបញ្ជាក់ទៀតថា មុននឹងដល់ដំណាក់ការប្រើប្រាស់វិធានការច្បាប់ អាជ្ញាធរនៅតែបន្តចុះអប់រំពលរដ្ឋជាមុនសិន អំពីរបៀបវេចខ្ចប់សំរាម ការញែកសំរាមរឹង និងរាវ និងការយកសំរាមទៅដាក់ឲ្យចំគោលដៅ ដែលរថយន្តសំរាមមកប្រមូលជាប្រចាំ៖ «ប៉ុន្តែតាមយើងមើលទៅ ប្រហែលយើងចៀសមិនផុតពីការប្រើវិធានការរដ្ឋបាលច្បាប់ ផាកពិន័យចំពោះអ្នកមានកំហុស...»។
រយៈពេលកន្លងទៅ ជាពិសេសនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បញ្ហាសំរាមពាសវាលពាសកាល និងការទុកដាក់សំរាមពុំបានត្រឹមត្រូវ ត្រូវបានពលរដ្ឋខ្លះរិះគន់អាជ្ញាធរភ្នំពេញ ថាខ្វះសមត្ថភាពគ្រប់គ្រងសំរាម។
ទោះជាយ៉ាងណា លោក ប៉ា សុជាតិវង្ស អះអាងថា សាលារាជធានីភ្នំពេញទើបទទួលបានគោលការណ៍ថ្មីពីរដ្ឋាភិបាល ស្ដីពីការបង្កើតរោងចក្រកែច្នៃសំរាមឲ្យក្លាយជាជីកំប៉ុស ឬក៏ក្លាយជាថាមពលអគ្គិសនី ព្រមទាំងមានការកែប្រែកន្លែងដាក់សំរាម ដែលលោក ប៉ា សុជាតិវង្ស ចាត់ទុកថា គឺជាវិធីសាស្ត្រអាចដោះស្រាយបញ្ហាសំរាមបាន។
ពាក់ព័ន្ធបញ្ហាកាកសំណល់សំរាមនេះ មន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព អះអាងថា ក្រសួងបានចេញអនុក្រឹត្យមួយកាលពីចុងឆ្នាំ២០១៥ ដើម្បីផ្ទេរភារកិច្ចទទួលបន្ទុកខាងសំរាម ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកដោះស្រាយនៅតាមទីតាំងរៀងៗខ្លួន។ លោកថា អនុក្រឹត្យនោះ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិហាក់មិនទាន់អនុវត្តឲ្យបានពេញលេញនៅឡើយ៖ «រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅតាមបណ្ដាខណ្ឌ-សង្កាត់នានា បន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាអនុវត្តភារកិច្ចដូចមានចែងនៅក្នុងអនុក្រឹត្យ»។
លោកបន្តថា នៅភ្នំពេញដែលជួបបញ្ហាកកស្ទះសំរាមកន្លងទៅ ដោយសារទីតាំងខ្លះតូចចង្អៀត រថយន្តប្រមូលសំរាមមិនអាចចូលទៅដល់ ដូច្នោះលោកអំពាវនាវឲ្យតាមបណ្ដាខណ្ឌទាំងអស់ ត្រូវធ្វើយ៉ាងណាកំណត់ទីតាំងច្បាស់លាស់ណាមួយសម្រាប់ឲ្យពលរដ្ឋប្រមូលផ្ដុំសំរាមនៅទីនោះ ដើម្បីបង្កការងាយស្រួលឲ្យរថយន្តសំរាមអាចប្រមូលបាន។ ម្យ៉ាងវិញទៀត លោកថាបញ្ហាសំរាមនេះ កើតឡើងក៏ដោយសារផ្នត់គំនិតពលរដ្ឋខ្លះ មិនទាន់ចូលរួមទុកដាក់សំរាមត្រឹមត្រូវ ហើយទាមទារការអប់រំបន្ថែមពីអាជ្ញាធរ។
នាយកប្រតិបត្តិនៃអង្គការកែច្នៃ និងអនាម័យសហគមន៍ (CSARO) លោក ហេង យ៉ុនគូរ៉ា បញ្ជាក់ថា បញ្ហាទុកចោលសំរាមគ្មានការប្រមូល ឬយកទៅកប់ចោលក្នុងដី និងបោះចូលក្នុងទឹក ជាដើម គឺធ្វើឲ្យប៉ះពាល់សោភណភាពទីក្រុងយ៉ាងធ្ងន់ធ្ងរ។ មិនត្រឹមប៉ុណ្ណោះ នៅពេលកាកសំណល់ និងសំរាមទាំងនោះនៅជាមួយទឹក និងដី គឺធ្វើឲ្យទឹក ដី និងខ្យល់ ដែលស្ថិតនៅជុំវិញខ្លួនមនុស្ស សម្បូរទៅដោយក្លិនអាក្រក់ និងមានសារធាតុពុល ហើយនឹងធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស។
លោកបន្តថា នៅរាជធានីភ្នំពេញ មានត្រឹមក្រុមហ៊ុនប្រមូលសំរាម មិនទាន់គ្រប់គ្រាន់ទេ ដូច្នោះអាជ្ញាធរគួរបង្កើតឲ្យមានក្រុមអនាម័យ ឬក្រុមប្រមូលសំរាមបឋមនៅតាមសង្កាត់នីមួយៗ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនប្រមូលសំរាមដែលមិនអាចចូលទៅយកសំរាមនៅទីកន្លែងខ្លះដែលតូចចង្អៀត៖ «តាមខណ្ឌ-សង្កាត់ ត្រូវមានក្រុមអនាម័យ ហើយក្រុមអនាម័យត្រូវទទួលខុសត្រូវជួយប្រមូលសំរាមគ្រប់ច្រកល្ហក ដែលរថយន្តសំរាមមិនអាចចូលដល់»។
លោក ហេង យ៉ុនគូរ៉ា អំពាវនាវឲ្យអាជ្ញាធរ គួរបង្កើតធុងសំរាមបន្ថែមនៅតាមទីសាធារណៈ រីឯពលរដ្ឋបើសិនជាធ្វើដំណើរទេសចរណ៍ទៅកន្លែងណាមួយ មិនត្រូវបោះចោលសំរាមផ្ដេសផ្ដាសទៀតទេ៕
No comments:
Post a Comment