Monday, January 16, 2017
លោកហ៊ុន សែនស្នើឲ្យលុបចោលប្រធានក្រុមភាគតិចនៅរដ្ឋសភាកុំឲ្យពិបាករឿងចរចាដោះលែងអ្នកទោស
លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅរសៀលនេះ បានបញ្ជាក់ថា បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី(បី)នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាធ្វើឲ្យពិបាកក្នុងការធ្វើការដោយរួមទាំងការប៉ុនប៉ងប្រើប្រាស់វា ដើម្បីចរចាដោះលែងអ្នកទោសនោះ លោកស្នើឲ្យធ្វើវិសោធនកម្មប្រការថ្មីនេះតែម្តង។ ការធ្វើវិសោធនកម្មប្រការថ្មីនេះ មានន័យស្មើនឹងលុបចោលប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រនៅក្នុងរដ្ឋសភា។
ពីប្រទេសស្វីសតាមរយៈសារព័ត៌មានអនឡាញFresh News លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នេះថា «បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី (បី) វាពិបាកធ្វើការដោយរួមទាំងការប៉ុនប៉ងប្រើប្រាស់វា ដើម្បីចរចាដោះលែងអ្នកទោសដែលបំពានដល់អំណាចតុលាការផងនោះ យើងត្រូវតែធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី) ហើយវិលទៅប្រើប្រការ ៤៨ (ពីរ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាវិញ។ ដោយសារប្រការ ៤៨ថ្មី (បី) ជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ទើបខ្ញុំស្នើសុំឲ្យធ្វើការកែប្រែតាមរយៈសមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជាវិញ»។
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ការធ្វើដូច្នេះ គឺដើម្បីឆាប់ចប់រឿងព្រោះមិនចាំបាច់ពិបាករៀបចំរបៀបវារៈនៃការប្រជុំទៀតទេ ព្រោះថា យន្តការនោះវារលាយបាត់តាមរយៈវិសោធនកម្មដែលនឹងត្រូវធ្វើរួចទៅហើយ។ សូមបញ្ជាក់ថា ប្រសិនបើប្រការថ្មីនោះ ត្រូវបានធ្វើវិសោធនកម្មតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មែននោះ គឺមានន័យថាលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនឹងត្រូវបានបាត់បង់តំណែងជាប្រធានក្រុមមតិភាគតិចនិងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រគណប្សសង្គ្រោះជាតិ ដែលទើបនឹងទទួលបានកាលពីដើមធ្នូ ឆ្នាំ២០១៦ កន្លងទៅ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ ដោយលោកបញ្ជាក់ថា មានបញ្ហាជាតិជាច្រើនទៀតដែលគណបក្សត្រូវដោះស្រាយ។
យ៉ាងណាក៏ដោយ សម្រាប់លោកសូរ ចន្ថា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកយល់ថា ប្រសិនបើមានការដកដំណែងប្រធានក្រុមមតិភាគតិចពីលោកកឹម សុខាមែននោះ បានន័យថាការលើកលែងទោសលោកកឹម សុខា និងការផ្តល់តួនាទីជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភានាពេលកន្លងមកគឺគ្រាន់តែជាយុទ្ធសាស្ត្រឫជាល្បែងនយោបាយបំបែកបំបាក់គណបក្សប្រឆាំង។ មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់ដែរថា ការដកតំណែងដែលនឹងកើតឡើងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់បរិយាកាសនយោបាយមុនការបោះឆ្នោតនាពេលខាងមុខនេះ។
ផ្ទុយពីការលើកឡើងរបស់លោកសូរ ចន្ថា លោកអ៊ូ វីរៈប្រធានវេទិកាអនាគតនិងជាអ្នកវិភាគស្ថានការនយោបាយកម្ពុជាបានបញ្ជាក់ថា ការចង់លុបចោលតំណែងជាប្រធានមតិភាគតិចនៅក្នុងរដ្ឋសភានេះ មិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់វប្បធម៌សន្ទនារវាងគណបក្សទាំងពីរឡើយ ព្រោះថា ការជជែកគ្នាមិនចាំបាច់មានតួនាទីនៅក្នុងរដ្ឋសភាក៏អាចធ្វើបានដែរ។ បើតាមលោកអ៊ូ វីរៈ ការចរចាគ្នាអាចនឹងកើតមានឡើង សំខាន់ឲ្យតែភាគីនីមួយៗមានឆន្ទៈពិតប្រាកដក្នុងការជជែកគ្នា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment