ប្រធានាធិបតីប្រទេសសិង្ហបុរី លោក តូនី តាន់ កេងយាំ (Tony Tan Keng Yam) នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមករា។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ផ្សព្វផ្សាយនៅថ្ងៃទី៤ មករា ឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក តូនី តាន់ កេងយំា នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។
ក្រៅពីនោះ លោកក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ គឺអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងវិទ្យាស្ថានអប់រំបច្ចេកទេសនៃប្រទេសសិង្ហបុរី និងអនុស្សរណៈរវាងមន្ទីរពេទ្យកាល់ម៉ែតកម្ពុជា និងមន្ទីរពេទ្យ តាន់ តុក សេង (Tan Tock Seng) របស់សិង្ហបុរី។
លោក តូនី តាន់ កេងយាំ ក៏នឹងទៅទស្សនាគម្រោងរបស់សិង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត និងទៅទស្សនាប្រាសាទអង្គរ នៅខេត្តសៀមរាប ផងដែរ៕
No comments:
Post a Comment