ភ្នំពេញ — ជាផ្នែកមួយនៃការរួមកម្លាំងដើម្បីទាមទាររកយុត្តិធម៌ជូនជនរងគ្រោះដែលត្រូវបានឃាដករបាញ់សម្លាប់កាលពីជាង១០ឆ្នាំមុននិងកាលពីពេលថ្មីៗនេះ លោកជា មុន្នី អតីតប្រធាន និងជាទីប្រឹក្សាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកៀងគក្រុមគ្រួសារជនរងគ្រោះទាំងអស់មកប្រមូលផ្តុំគ្នាដើម្បីស្វែងរកយុត្តិធម៌ប្រឆាំងអំពើឃាដកម្មទាំងនេះ។
ការប្រកាសរបស់លោកជា មុន្នីបានធ្វើឡើងនៅមុនពេលខួបលើកទី១៣ឆ្នាំនៃការបាញ់សម្លាប់លោកជា វិជ្ជា ប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញដែលគ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ខែមករាខាងមុខនេះ។
លោកជា មុន្នីមានប្រសាសន៍ថា ក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែលត្រូវបានឃាដករបាញ់សម្លាប់ ដែលរួមមានលោកបណ្ឌិត កែម ឡី លោកឈុត វទ្ធី លោករស់ សុវណ្ណារ៉េត លោកជា វិជ្ជា និងព្រះតេជព្រះគុណសំ ប៊ុនធឿនអាចមករួបរួមគ្នាជាកម្លាំងដើម្បីទាមទាររកយុត្តិធម៌ទាំងអស់គ្នានៅថ្ងៃខួប១៣ឆ្នាំនៃការបាញ់សម្លាប់លោកជា វិជ្ជា។
រូបឯកសារ៖ សមាជិកសហជីពមួយរូបយំនៅក្បែរកម្រងផ្កាដែលមានរូបថតលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ ក្នុងអំឡុងពេលពិធីបុណ្យសពរបស់លោកកាលពីថ្ងៃអាទិត្យទី២៥ ខែមករា ឆ្នាំ២០០៤ នៅរាជធានីភ្នំពេញ។ លោក ជា វិជ្ជា ត្រូវបានរូបឯកសារ៖ សម្លាប់កាលពីថ្ងៃព្រហស្បតិ៍ខណៈដែលលោកកំពុងអាននៅតូបកាសែតមួយនៅក្រុងភ្នំពេញ។ (AP Photo/Andy Eames)
សហជីពសេរីកម្មករគ្រោងនឹងប្រារព្ធពិធីខួបលើកទី១៣ឆ្នាំនៃការបាញ់សម្លាប់លោកជា វិជ្ជានៅថ្ងៃទី២២ខែមករាខាងមុខនេះ ដោយមិនមានការហែក្បួនទេគឺអ្នកចូលរួមនិងជួបជុំគ្នានៅកន្លែងរូបសំណាកលោកជា វិជ្ជា ក្បែរគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជិតវិមានឯករាជ្យ។
លោកជា មុន្នី អតីតប្រធាន និងជាទីប្រឹក្សាសហជីពសេរីកម្មករ មានប្រសាសន៍ថា កាលណាយើងធ្វើការរួមគ្នាជាកម្លាំង វាជាសម្ពាធមួយដល់រដ្ឋាភិបាលដើម្បីបន្តការខិតខំរបស់ខ្លួនក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
លោកជា មុន្នីបញ្ជាក់ថា៖
«អំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នាដើម្បីធ្វើចលនានេះឲ្យរដ្ឋាភិបាលស្វែងរកឃាដករ។ យើងដឹងថា អ្នកណាជាអ្នកនៅពីក្រោយខ្នងហើយ ប៉ុន្តែយើងចង់ដឹងថា រដ្ឋាភិបាលហ៊ានទទួលខុសត្រូវដែរ ឬទេ ក្នុងការចាប់ជនដៃដល់នោះ»។
មានសកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន អ្នកវិភាគនយោបាយ ព្រះសង្ឃ សហជីព និងអ្នកកាសែតជាច្រើនត្រូវបានឃាដករបាញ់សម្លាប់កាលពីជិត២០ឆ្នាំកន្លងមកនេះ។ ក៏ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា មិនមានឃាដករពិតប្រាកដណាម្នាក់ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនយកមកកាត់ទោសតាមច្បាប់ទេ។
កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៦ លោកបណ្ឌិតកែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យស្លាប់ភា្លមៗនៅក្នុងហាងលក់ទំនិញមួយកន្លែងក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាលតិច (Caltex) នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
វីអូអេបានព្យាយាមទាក់ទងសុំការអធិប្បាយពីលោកស្រីប៊ូ រចនា អាយុ៣៦ ឆ្នាំភរិយារបស់លោកកែម ឡី តែមិនអាចទាក់ទងបានទេនៅថ្ងៃច័ន្ទនេះ។លោកស្រី និងកូនៗទាំង៥នាក់ពេលនេះកំពុងភៀសខ្លួននៅឯក្រៅប្រទេសដោយហេតុផលសុវត្តិភាព។
លោកឆើយ ឧត្តមរស្មី កូនប្រុសលោកឈុត វទ្ធី អតីតសកម្មជនការពារបរិស្ថានដែលត្រូវបានខ្មាន់កាំភ្លើងបានបាញ់សម្លាប់ក្នុងខេត្តកោះកុងកាលពីខែមេសាឆ្នាំ២០១២ បានឲ្យដឹងថា លោកនឹងចូលរួមពិធីនោះ ពីព្រោះវាជាឱកាសដ៏ល្អមួយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវទាមទាររកយុត្តិធម៌។
លោកនិយាយថា៖
«វាពិតជាមានសារៈសំខាន់ខ្លាំងមែនទែន បើមានសង្គមស៊ីវិល និងអ្នកសារព័ត៌មានចូលរួម។ យើងនឹងបញ្ចេញមតិ អ្វីដែលយើងចង់បញ្ចេញ ហើយយើងនឹងធ្វើការគោរពខួបលោកជា វិជ្ជា ហើយលោកឪពុកខ្ញុំ លោកបណ្ឌិត កែម ឡី ដើម្បីទាមទាររកយុត្តិធម៌ ពីព្រោះយើងជាអ្នករងគ្រោះដូចគ្នា»។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ មានប្រសាសន៍ថា វាជាគំរូដ៏ល្អមួយដែលក្រុមគ្រួសារជនរងគ្រោះប្រមូលផ្តុំគ្នាតែមួយដើម្បីទាមទាររកយុត្តិធម៌។ លោកបញ្ជាក់ថា៖
«ខ្ញុំគិតថា ល្មមដល់ពេលហើយដែលរដ្ឋាភិបាលត្រូវតែបង្ហាញនូវស្នាដៃរបស់ខ្លួនដើម្បីស្វែងរកយុត្តិធម៌សម្រាប់សម្មជនទាំងឡាយដែលបានបាត់បង់ជីវិតទៅហើយ។ បើយើងបណ្តោយឲ្យភាពនិទណ្ឌភាពនេះនៅតែបន្ត នោះអំពើហិង្សានៃការបាញ់សម្លាប់វាអាចនឹងកើតឡើងបន្តទៀត»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គ្រប់ឃាដកម្មដែលបានកើតមានឡើងសម្ថកិច្ចមិនព្រងើយកន្តើយនោះទេ ហើយមានករណីខ្លះរកឃើញ និងមានករណីខ្លះរកមិនឃើញផងដែរ។
លោកមានប្រសាសន៍ថា ចំពោះសំណុំរឿងណាដែលមិនទាន់បិទបញ្ចប់សម្ថកិច្ចសម្ថកិច្ចនៅបន្តធ្វើការស៊ើបអង្កេតរបស់ខ្លួននៅឡើយ បើទោះបីសំណុំរឿងនោះបានកើតមានឡើងយូរឆ្នាំរួចហើយក៏ដោយ៕
No comments:
Post a Comment