សភាស៊ើបសួរនៃសាលាឧទ្ទរណ៍ បានសម្រេចឲ្យ លោក ឌិន ពុទ្ធី នៅក្រៅឃុំបណ្ដោះអាសន្ន តែឋិតក្រោមការឃ្លាំមើល។ ការសម្រេចដូច្នេះធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការអសាធារណៈនៅព្រឹកថ្ងៃសុក្រនេះក្នុងសំណុំរឿងសុំនៅក្រៅឃុំ។ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងជាអនុប្រធានគណបក្សសង្រ្គោះជាតិប្រចាំក្រុងប៉ោយប៉ែតផងនោះត្រូវបានចោទប្រកាន់ថាបើកឡានបុកលោកឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
តាមគម្រោងលោក ឌិន ពុទ្ធី អាចនឹងត្រូវដោះលែងចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យនៅល្ងាចនេះឬព្រឹកស្អែក។ ភ្លាមៗក្រោយសភាស៊ើបសួរនៃសាលាឧទ្ទរណ៍បានសម្រេចឲ្យ លោក ឌិន ពុទ្ធី នៅក្រៅឃុំបណ្ដោះអាសន្នមេធាវីរបស់លោក ឌិន ពុទ្ធី កំពុងដុតដៃដុតជើងបំពេញឯកសារច្បាប់នានាដើម្បីឲ្យលោក ឌិន ពុទ្ធី ឆាប់ចេញពីពន្ធនាគារ។
គិតរហូតមកដល់ពេលនេះលោក ឌិន ពុទ្ធី បានជាប់ពន្ធនាគាររយៈពេលជាង២សប្ដាហ៍មកហើយ។ ជំហរមេធាវីនិងអ្នកពាក់ព័ន្ធនឹងបន្តជំរុញឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើលោក ឌិន ពុទ្ធី ទាំងស្រុងព្រោះថា ដ្បិតតែលោកពុទ្ធីត្រូវដោះលែងឲ្យនៅក្រៅឃុំមែនពិតតែឋិតនៅក្រោមការត្រួតពិនិត្យដដែលពោលគឺមិនត្រូវផ្លាស់ប្ដូរទីលំនៅ និងត្រូវចូលបំភ្លឺតាមដីកាកោះរបស់តុលាការជាដើម។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលបានឃ្លាំមើលដំណើរការជំនុំជម្រៈសំណុំរឿងនេះបានអះអាងជំនួសតុលាការថា ទំនងជាតុលាការទទួលស្គាល់ថា មានភាពមិនប្រក្រតីលើសំណុំរឿងលោក ឌិន ពុទ្ធី តាំងពីថ្នាក់ដំបូងមកហើយទើបសភាស៊ើបសួរនៃសាលាឧទ្ទរណ៍សម្រេចឲ្យ លោក ឌិន ពុទ្ធី នៅក្រៅឃុំបណ្ដោះអាសន្នយ៉ាងដូច្នេះ។
សូមបញ្ជាក់ថា កន្លងមកទាំងក្រសួងមហាផ្ទៃនិងតុលាការខេត្តបន្ទាយមានជ័យសុទ្ធតែអះអាងពីភាពត្រឹមត្រូវនៃការចោទប្រកាន់មកលើលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋ កិច្ចក្រៅប្រព័ន្ធនិងជាអនុប្រធានគណបក្សសង្រ្គោះជាតិប្រចាំក្រុងប៉ោយប៉ែតថា លោកឌិន ពុទ្ធី បានបើកឡានបុកលោកឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ចំណែកតុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនលោក ឌិន ពុទ្ធីនៅក្នុងពន្ធនាគារ និងបើកការស៊ើបសួរពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ហេតុការណ៍នេះមិនថាមុនតុលាការជម្រះក្ដីឬក្រោយតុលាការធ្វើសេចក្ដីសម្រេច បាននាំឲ្យសាធារណជននាំគ្នារិះគន់យ៉ាងចាស់ដៃចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីចុងឆ្នាំ២០១៦ដោយចោទលោកឈាន ពិសិដ្ឋ ថាបានធ្វើពុតជាដួលសន្លប់នៅមុខរថយន្តដើម្បីចាប់ លោក ឌិន ពុទ្ធី៕
No comments:
Post a Comment