Thursday, October 27, 2016

ក្រសួងទេសចរណ៍ចង់អោយអាជ្ញាធរក្រុងភ្នំពេញយកផ្លូវមាត់ទន្លេមុខវាំងជាផ្លូវថ្មើរជើង

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុនចង់អោយអាជ្ញាធររាជធានីភ្នំពេញ រៀបចំផ្លូវមាត់ទន្លេពីមុខព្រះបរមរាជវាំង ដល់ប៉ុស្តិ៍ប្រៃសណីយ៍ម្តុំរមណីដ្ឋានវត្តភ្នំ ជាផ្លូវថ្មើរជើងសម្រាប់ភ្ញៀវទេសចរដើរកំសាន្ត។  លោកថោងខុន អោយអាស៊ីសេរីដឹងនៅថ្ងៃទី២៧តុលាថាជំហានដំបូងសាលាក្រុងគួរតែរៀបចំអោយមាននៅចុងសប្តាហ៍គឺថ្ងៃសៅរិ៍និងអាទិត្យមុននឹងរៀបចំអោយមានជារៀងរាល់ថ្ងៃ ដូចនៅខេត្តសៀមរាប ក្នុងតំបន់ផ្សារចាស់ ផាប់ស្រ្ទីត (Pub Street)។   លោកបន្តថា ផ្លូវថ្មើរជើងសម្រាប់ទេសចរណ៍នេះគឺលោកចង់អោយមាននៅគ្រប់រាជធានី ខេត្តតែម្តង ដើម្បីបម្រើការកំសាន្តដល់ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ជាពិសេសខេត្តទេសចរធំៗ ដូចជាខេត្តព្រះសីហនុជាដើម។ ឆ្លើយតបនឹងការចង់បាននេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អោយអាស៊ីសេរីដឹងថា នេះជាសំណើរល្អ ហើយអាជ្ញាធរនឹងរៀបចំជាជំហានៗ ដើម្បីរៀបចំផ្លូវសម្រាប់ថ្មើរជើងនេះនៅពេលខាងមុខ ក្រោយពីមានសំណើរផ្លូវពីក្រសួងទេសចរណ៍។ លោកមាន ចាន់យ៉ាដា បន្តថា បច្ចុប្បន្នតាមបណ្តោយផ្លូវមាត់ទន្លេចាប់ពីមុខព្រះបរមរាជវាំងដល់ម្តុំប៉ុស្តិ៍ប្រៃសណីយ៍នេះ អាជ្ញាធរបានយកចិត្តទុកដាក់រៀបចំអោយមានសោភ័ណភាពល្អប្រសើរហើយ។ប៉ុន្តែយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា អ្វីដែលត្រូវការចាំបាច់នោះ គឺទីតាំងចំណតយានយន្ត៕

No comments:

Post a Comment