ពលរដ្ឋស្រុកព្រែកប្រសព្វបារម្ភខ្លាចសិស្សបោះបង់ការសិក្សាកាន់តែច្រើនដោយសារខ្វះសាលា
ពលរដ្ឋ ព្រះសង្ឃ និងគ្រូបង្រៀនរស់នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រួយបារម្ភពីការបោះបង់ការសិក្សារបស់សិស្សកើនឡើង ដោយសារខ្វះសាលារៀន ឬសាលានៅឆ្ងាយពីផ្ទះ ដែលជាឧបសគ្គចម្បងបង្ខំឲ្យសិស្សានុសិស្សមួយចំនួនធំសិក្សាលក្ខណៈផ្សងព្រេង និងសិស្សមួយចំនួនប្រឈមការបោះបង់ការសិក្សា។ អ្នកភូមិអំពាវនាវជាថ្មីទៀតឲ្យក្រសួងអប់រំ ឬរដ្ឋាភិបាល ពន្លឿនកសាងវិទ្យាល័យបន្ថែម ដើម្បីឆ្លើយតបតម្រូវការរបស់សិស្សនៅជនបទ និងដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស។
ពលរដ្ឋរស់នៅស្រុកព្រែកប្រសព្វ សង្កេតឃើញថា សិស្សានុសិស្សភាគច្រើនដែលបញ្ចប់ការសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យនោះ គឺមានតិចតួចណាស់មានលទ្ធភាពបន្តការសិក្សាថ្នាក់វិទ្យាល័យបាន ដោយសារសាលារៀននៅឆ្ងាយពីផ្ទះ ខ្លះទៀតត្រូវឆ្លងសាឡាងទៅរៀននៅទីរួមខេត្តក្រចេះ។
អ្នកភូមិអះអាងថា ប្រសិនបើក្រសួងអប់រំ នៅតែព្រងើយកន្តើយមិនចុះសិក្សាស្រាវជ្រាវពីបញ្ហាខ្វះខាតសាលាទេ នឹងបង្កការលំបាកធ្ងន់ធ្ងរដល់សិស្ស ហើយពួកគាត់មួយចំនួន នឹងបោះបង់ការសិក្សាបន្ថែមទៀត។
ពលរដ្ឋរស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី៧ វិច្ឆិកា ថា មានកត្តាជាច្រើនដែលរុញច្រានឲ្យសិស្សបោះបង់ការសិក្សា មានជាអាទិ៍ កត្តាជីវភាព សាលារៀននៅឆ្ងាយ អគារសិក្សាមិនគ្រប់គ្រាន់ និងខ្វះសម្ភារៈសិក្សាជាដើម។ លោកថា បច្ចុប្បន្នវិទ្យាល័យក្នុងស្រុកព្រែកប្រសព្វ មិនអាចឆ្លើយតបចំនួនសិស្សក្នុងស្រុកទាំងមូលបានទេ ព្រោះថាឃុំសោប និងឃុំជ្រោយបន្ទាយ មិនទាន់មានវិទ្យាល័យនៅឡើយ។ ម្យ៉ាងទៀត ចំនួនកូនសិស្សចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកសង្កត់ធ្ងន់ថា ពីមួយឆ្នាំទៅមួយឆ្នាំ សិស្សរាប់ពាន់នាក់រស់នៅឃុំឆ្ងាយដាច់ស្រយាល ប្រឈមការលំបាកធ្វើដំណើរទៅវិទ្យាល័យដែលមានចម្ងាយពីផ្ទះចាប់ពីជិត ១០គីឡូម៉ែត្រដល់ ៥០គីឡូម៉ែត្រ ម្យ៉ាងផ្លូវលំបាកធ្វើដំណើរផង៖ «រវល់ធ្វើស្រែចម្ការ ជួនកាលគឺគាត់បញ្ឈប់ការសិក្សារបស់កូន ហើយកូនអត់បានទៅរៀនសូត្រទេ។ ជួនកាលទៅ មកពីជីវភាពក្រីក្រពេក ម្យ៉ាងខ្វះសាលារៀនផង គឺធ្វើឲ្យសិស្សបោះបង់ការសិក្សាច្រើន»។
ព្រះតេជព្រះគុណ យាន សំណាង គង់នៅវត្តកែង ឃុំជ្រោយបន្ទាយ មានថេរដីកាថា សិស្សានុសិស្សភាគច្រើនបង្ខំចិត្តសិក្សាបែបផ្សងព្រេង មានន័យថា ការសិក្សារបស់ពួកគេតាមលទ្ធភាពរបស់គ្រួសារ ដោយពេលខ្លះគាត់ទៅសាលា ពេលខ្លះទៀតមិនទៅ ហើយការសម្រេចជោគវាសនាសិក្សារបស់ពួកគេ ក៏អាស្រ័យលើឪពុកម្តាយ ឬអាណាព្យាបាលសិស្សដែរ ខណៈការចំណាយលើការសិក្សារបស់សិស្សកាន់តែខ្ពស់។
ព្រះអង្គមានថេរដីកាបន្តថា សិស្សរស់នៅឃុំជ្រោយបន្ទាយ និងឃុំសោប ដែលបញ្ចប់ការសិក្សាអនុវិទ្យាល័យ ត្រូវឆ្លងសាឡាងទៅរៀននៅទីរួមខេត្ត និងទីរួមស្រុកព្រែកប្រសព្វ ដើម្បីសិក្សាបន្តថ្នាក់វិទ្យាល័យ និងត្រូវចំណាយប្រាក់ជួលផ្ទះ ឬស្នាក់នៅ ធ្វើដំណើរ និងចំណាយលើការសិក្សា។ បញ្ហានេះ គឺជាកត្តាបន្ទាប់បន្សំដែលបង្ខំឲ្យសិស្សប្រឈមបោះបង់ការសិក្សា។ ព្រះតេជព្រះគុណកត់សម្គាល់ថា ពលរដ្ឋនៅជនបទភាគច្រើនជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងធនាគារច្រើន ដែលលំបាកក្នុងការផ្គត់ផ្គង់កូនចៅឲ្យបន្តការសិក្សា គួបផ្សំនឹងត្រូវរកប្រាក់សងបង្វិលទៅធនាគារវិញជាដើម៖ «អាចនិយាយថា គាត់ជំពាក់លុយអង្គការច្រើន វាប្រឈមនឹងបញ្ហាសំណងត្រូវការរកសងចឹងលុយ វាពិបាកទៅរៀនដែរ ព្រោះមួយអាទិត្យក៏ចំណាយយ៉ាងហោចណាស់ ៥ម៉ឺនរៀល។ គាត់អត់មានលទ្ធភាពទេ។ ការស្នាក់នៅនិយាយរួមទៅថា ទីនេះអត់មានសាលាវិទ្យាល័យ កូនត្រូវការរៀននៅក្រចេះ ឬថ្មគ្រែ។ ចឹងត្រូវការជួលផ្ទះគេនៅ មួយឆ្នាំ ២ ទៅ ៤០០ដុល្លារ»។
អ្នកភូមិព្យាករថា យុវជនរស់នៅស្រុកព្រែកប្រសព្វ បច្ចុប្បន្នអាចបន្តការសិក្សាដល់កម្រិតមធ្យមសិក្សាមានតិចតួចបំផុត ដ្បិតស្រុកមួយនេះឋិតនៅត្រើយម្ខាងនៃទន្លេមេគង្គប៉ែកខាងលិចនៃខេត្តក្រចេះ ឆ្ងាយពីទីរួមខេត្តជិត ២០គីឡូម៉ែត្រ។
ឆ្លើយតបការលើកឡើងនេះ ប្រធានមន្ទីរអប់រំខេត្តក្រចេះ លោក ឡាយ បូរ៉ា ក៏ទទួលស្គាល់ការលំបាករបស់សិស្សានុសិស្សរស់នៅស្រុកព្រែកប្រសព្វ ដែរ។ លោកបញ្ជាក់ថា មន្ទីរអប់រំគ្រោងនឹងសិក្សាករណីនេះ ហើយប្រសិនបើរកឃើញថា ចំនួនសិស្សកើនឡើងក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ មន្ទីរជំនាញនឹងស្នើទៅក្រសួងអប់រំ និងរាជរដ្ឋាភិបាល ដើម្បីសង់វិទ្យាល័យក្នុងទីតាំងអនុវិទ្យាល័យបច្ចុប្បន្ន។ លោកថា ការបង្កើតវិទ្យាល័យត្រូវទាមទារច្រើន ដូចជាអ្នកគ្រប់គ្រង គ្រូបង្រៀន សម្ភារៈសិក្សា និងផ្អែកតាមលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវ៖ «មន្ទីរអប់រំបានយកចិត្តទុកដាក់គិតគូរហើយ ប៉ុន្តែមិនទាន់ចេញលទ្ធផល។ សូម្បីតែក្រុមការងារថ្នាក់ជាតិ ក៏លោកចុះជួយហើយដែរ។ ប៉ុន្តែវាមិនដូចចិត្តប្រជាពលរដ្ឋដែលចង់បានភ្លាមៗទេ ព្រោះគេគិតពីស្តង់ដារ ពីទំហំការងារដែលយើងអាចបើកបាន កុំឲ្យខាតច្រើនពេក បើធ្វើសាលាទុកចោល»។
ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ប្រសិនបើពលរដ្ឋមានបញ្ហាខ្វះសាលារៀន ពលរដ្ឋអាចផ្ដិតមេដៃប្ដឹងទៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដើម្បីឲ្យសមាគមអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ។ អ្នកស្រីមើលឃើញថា បញ្ហាខ្វះសាលារៀន គឺជាប្រធានបទដដែលៗ ដែលទាមទារឲ្យក្រសួងអប់រំ យកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ ដើម្បីទប់ស្កាត់អត្រាបោះបង់ការសិក្សារបស់សិស្ស៖ «ខ្ញុំសំណូមពរដល់រដ្ឋាភិបាលដែរ កុំគិតបណ្តោយឲ្យអត់មានសាលារៀនបន្តទៀត ព្រោះនេះជាសារមួយដែលធ្វើឲ្យវិស័យអប់រំដើរថយក្រោយ»។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ក្រសួងអប់រំ គួរតែពង្រីកវិទ្យាល័យនៅឃុំ ឬសង្កាត់ណាដែលជាតំបន់អាទិភាព ឬគ្រប់ឃុំ-សង្កាត់ទាំងអស់ គ្រប់តំបន់ ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សផ្អែកតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ។ លោកសង្កត់ធ្ងន់ថា កត្តាខ្វះសាលារៀន គឺជាប្រភពនៃការបោះបង់ការសិក្សា និងជាប្រភពនៃភាពក្រីក្ររយៈពេលវែង បង្កប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរ ដែលនឹងអាចធ្វើឲ្យយុវជនទាំងនោះធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន ជាដើម។
លោក សន ជ័យ យល់ថា ក្រសួងអប់រំ ត្រូវប្រាកដថាមានវិធានការជាក់លាក់ ចំពោះសាលានៅជនបទ ដោយបង្កើតឲ្យមានអនុវិទ្យាល័យ និងវិទ្យាល័យនៅជាមួយគ្នា ដើម្បីកាត់បន្ថយការចំណាយ និងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស ដែលធានាថាផ្តល់ឱកាសឲ្យពួកគេទទួលបានសេវាអប់រំប្រសើរ តាមរយៈបង្កើតតម្រូវការអាទិភាពដល់តំបន់ណាជួបការលំបាក និងមានចំនួនសិស្សច្រើន៖ «ខ្វះសាលា ខ្ញុំថាគឺជាបញ្ហាបន្ទាន់មួយដែលត្រូវដោះស្រាយ។ ដោះស្រាយដើម្បីផ្តល់ឱកាសឲ្យសិស្សរៀនបានបន្តទៀតថ្នាក់វិទ្យាល័យ គឺរួមចំណែកទប់ស្កាត់អត្រានៃការបោះបង់ការសិក្សា។ តំបន់ជនបទដាច់ស្រយាលយ៉ាងហោចណាស់មួយឃុំ ឬក៏ពីរឃុំមានវិទ្យាល័យមួយដែរ»។
ស្រុកព្រែកប្រសព្វ មានពលរដ្ឋរស់នៅជាង ៧ម៉ឺននាក់ (៧១.៣១៣នាក់) ស្មើនឹងពលរដ្ឋជាង ១ម៉ឺន ៥ពាន់គ្រួសារ (១៥.១៩៧គ្រួសារ) ក្នុងឆ្នាំ២០១៥។
ស្ថិតិ និងសូចនាករអប់រំខេត្តក្រចេះ ក្នុងឆ្នាំ២០១៤-២០១៥ ក្នុងស្រុកព្រែកប្រសព្វ បង្ហាញថា ស្រុកព្រែកប្រសព្វ មានវិទ្យាល័យចំនួន២ ហើយមានសិស្សសិក្សាចំនួនជាង ១.៧០០នាក់ (១.៧៤០នាក់) មានអនុវិទ្យាល័យចំនួន៧ មានសិស្សសិក្សាចំនួនជាង ១.៥០០នាក់ (១.៥៣៧នាក់) និងមានសាលាបឋមសិក្សាចំនួន៤៤ ដែលមានសិស្សចំនួនជិត ១ម៉ឺន ៤ពាន់នាក់ (១៣.៦២៥នាក់)៕
No comments:
Post a Comment