ពលរដ្ឋស្រុកមង្គលបូរីត្អូញត្អែរពីបញ្ហាសុខភាពដោយសារក្រុមហ៊ុនដឹកសំរាមចាក់ក្បែរភូមិ
ប្រជាពលរដ្ឋរាប់រយគ្រួសារនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រិះគន់អាជ្ញាធរមូលដ្ឋានថាបណ្ដោយឲ្យក្រុមហ៊ុនធ្វើអាជីវកម្ម ដឹកសំរាមយកទៅចាក់ក្បែរផ្ទះអ្នកស្រុកប៉ះពាល់សុខភាពរបស់ពួកគាត់។ កន្លងទៅ អ្នកភូមិធ្លាប់បានស្នើឲ្យអាជ្ញាធរ បញ្ឈប់ក្រុមហ៊ុននេះកុំឲ្យចាក់សំរាមនៅតំបន់ពួកគាត់រស់នៅជាច្រើនលើកមកហើយ តែពុំមានដំណោះស្រាយ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងចោលសំរាមនៅស្រុកមង្គលបូរី កំពុងព្រួយបារម្ភបញ្ហាក្លិនស្អុយ និងសត្វរុយបណ្ដាលមកពីគំនរសំរាម រំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ពលរដ្ឋរស់នៅក្បែរទីកន្លែងចោលសំរាមនៅភូមិចំការលោក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ថ្លែងនៅថ្ងៃទី៧ វិច្ឆិកា ថា ក្រុមហ៊ុនធ្វើអាជីវកម្មដឹកសំរាម ប៉ុន្តែមិនស្គាល់ឈ្មោះ បានដឹកសំរាមយកទៅចោលនៅជើងភ្នំធំ ក្បែរផ្ទះរបស់អ្នកស្រុកចម្ងាយប្រមាណ ២០០ម៉ែត្រ បានបង្កក្លិនស្អុយប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ជាពិសេសកុមារ បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។
អ្នកភូមិអះអាងថា ប៉ះពាល់ខ្លាំង គឺនៅពេលរថយន្តដឹកសំរាមឆ្លងកាត់មុខផ្ទះរបស់ពួកគាត់ ព្រោះផ្លូវតូចចង្អៀត និងមានផ្ទះមនុស្សរស់នៅច្រើន។ អ្នកស្រុកបន្ថែមថា កន្លងទៅ ពួកគាត់ធ្លាប់ស្នើឲ្យអាជ្ញាធរភូមិ និងឃុំ ដោះស្រាយបញ្ហានេះជាច្រើនលើកមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផលឡើយ៖ «ជាទូទៅឲ្យតែពេលខ្ញុំហូបបាយថ្ងៃ ដឹងតែដឹកសំរាមមកហើយ។ ពេលឡានទៅហួសប្រហែល ៥ម៉ែត្រ ស្អុយខ្លាំងនៅពីក្រោយឡាន។ ចៅខ្ញុំតូចៗឈឺជាច្រើននាក់ ទើបមកពីព្យាបាលនៅសៀមរាប ទេ។ ដឹកសំរាមមកម្ដងៗនិយាយពីស្អុយ ហើយរោមដូចឃ្មុំ។ ខ្ញុំពិបាកណាស់ហូបបាយថ្ងៃក៏មិនបាន ដេកក៏មិនបាន ដោយសាររុយរោម»។
អ្នកភូមិឲ្យដឹងថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដល់សុខភាពប្រមាណ ៤០០គ្រួសារនៅក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំអូរប្រាសាទ លោក ខាវ រឹន ទទួលស្គាល់ថា ក្រុមហ៊ុនដឹកសំរាមយកទៅចាក់ចោលក្បែរផ្ទះពលរដ្ឋមែន ប៉ុន្តែលោកមិនស្គាល់ឈ្មោះក្រុមហ៊ុនដូចគ្នា ដែលបានដឹកសំរាមទៅគរចោលនៅជើងភ្នំធំ ភូមិចំការលោក ពិតជាប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋខ្លះប្រាកដមែន។
លោកបញ្ជាក់ថា កន្លងទៅ លោកធ្លាប់លើករឿងនេះទៅអាជ្ញាធរស្រុក ដើម្បីពិនិត្យ និងរកទីតាំងថ្មីរួចមកហើយ ប៉ុន្តែអភិបាលស្រុកពុំទាន់សម្រេចជាផ្លូវការថាយ៉ាងណានៅឡើយ៖ «ថ្ងៃមុនថ្នាក់ស្រុកគាត់ប្រាប់ខ្ញុំដែរ ថាគេនឹងឲ្យអ្នកដឹកសំរាមទៅចាក់នៅកន្លែងថ្មី ដែលមានការទទួលខុសត្រូវទុកដាក់សំរាមបានល្អ»។
ទោះជាយ៉ាងនេះក្ដី ប្រធានកម្មវិធីបរិស្ថាន និងសុខភាព នៃអង្គការសេដាក (CEDAC) លោក គាម មករាឌី មានប្រសាសន៍ថា ក្លិនស្អុយពីគំនរសំរាមប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់មនុស្ស ជាពិសេសគឺកុមារ។ ក្រៅអំពីនេះ លោកពន្យល់ថា សត្វរុយក៏ជាបញ្ហាសំខាន់នាំមេរោគពីគំនរសំរាម ទៅចម្លងដល់ប្រជាពលរដ្ឋតាមរយៈទំលើចំណីអាហារដែលបរិភោគ។ លោកថា ករណីនេះអាជ្ញាធរពាក់ព័ន្ធ ត្រូវបញ្ឈប់ក្រុមហ៊ុននេះ ឬរកទីតាំងថ្មីដែលពុំមានមនុស្សរស់នៅសម្រាប់ចាក់សំរាមជាបន្ទាន់៖ «បាទ! មិនអ៊ីចឹងទេ ត្រូវគ្រប់គ្រងសំរាមឲ្យបានល្អ គឺដាក់គ្របឲ្យបានជិត កុំឲ្យសំរាមមានក្លិនចេញក្រៅ។ ហើយប្រសិនបើកន្លែងចាក់សំរាមជាកន្លែងកែច្នៃត្រឹមត្រូវ មានប្រសិទ្ធភាព វាក៏កាត់បន្ថយការរំខានការចម្លងមេរោគបានខ្លះដែរ»។
ក្រុមហ៊ុនឯកជនធ្វើអាជីវកម្មដឹកសំរាមនេះ អ្នកភូមិឲ្យដឹងថា ម្ចាស់ឈ្មោះ ពៅ ដំណើរការប្រមាណ ៥ឆ្នាំហើយ។ ជាទូទៅ ក្រុមហ៊ុននេះដឹកសំរាមពីផ្សារមង្គលបូរី និងផ្សារអូរស្ងួត ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយយកទៅចោលក្នុងទីតាំងតែមួយ គឺនៅជើងភ្នំធំ ឃុំអូរប្រាសាទ៕
No comments:
Post a Comment