ពលរដ្ឋស្រុកស្នួលជាង៨០០នាក់តវ៉ាទាមទារឲ្យក្រុមហ៊ុនវៀតណាមបើកស្ពាន
ពលរដ្ឋរស់នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ជាង ៨០០នាក់ ប្រមូលផ្តុំគ្នាតវ៉ាបិទផ្លូវ ទាមទារឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ប៊ិញ ភឿក២ (Bin Phoeuk 2) បើកផ្លូវឲ្យអ្នកភូមិ ដឹកកសិផលលើស្ពានដូចដើមវិញ។ ការតវ៉ានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៩ វិច្ឆិកា ក្រោយពីក្រុមហ៊ុនមិនអនុញ្ញាតឲ្យអ្នកភូមិ ដឹកកសិផលឆ្លងស្ពានលើសពី ១តោន ដោយលើកហេតុផលថា ស្ពានទ្រុឌទ្រោម។
ពលរដ្ឋឲ្យដឹងនៅថ្ងៃទី៩ វិច្ឆិកា ថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ប៊ិញ ភឿក២ ឬក្រុមហ៊ុន ជុង យឿង របស់វៀតណាម បានដាក់បារ៉ាស់ទារប្រាក់ពីអ្នកដឹកកសិផលលើសពី ៥តោន ត្រូវបង់ប្រាក់ពី ៥ពាន់រៀលដល់ ២ម៉ឺនរៀលតាំងពីឆ្នាំ២០១៤។
តំណាងពលរដ្ឋរស់នៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល លោក សឹម ពៅ ចាត់ទុកស្ពាននេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់អ្នកភូមិ ក្នុងការដឹកកសិផលចេញពីចម្ការរៀងរាល់រដូវប្រមូលផល ក៏ប៉ុន្តែក្រុមហ៊ុនបានហាមមិនឲ្យកសិករដឹកកសិផលឆ្លងស្ពានលើសពី ១តោនទេ កាលពីថ្ងៃទី៨ វិច្ឆិកា ដោយអះអាងថា ខ្លាចក្រែងស្ពាននេះបាក់។ លោកសង្កេតឃើញថា ស្ពាននេះពុំមែនចាស់ទ្រុឌទ្រោមដូចការលើកឡើងរបស់តំណាងក្រុមហ៊ុនទេ ម្យ៉ាងលោកក៏ធ្លាប់ប្រទះឃើញរថយន្តយីឌុបដឹកឈើមានទម្ងន់ច្រើនតោន ឆ្លងស្ពាននេះញឹកញាប់ដែរ។
លោកត្អូញត្អែរថា ប្រសិនបើក្រុមហ៊ុនមិនអនុញ្ញាតឲ្យពលរដ្ឋដឹកកសិផលឆ្លងស្ពាននេះទេ នឹងប៉ះពាល់ជីវភាពពួកគេធ្ងន់ធ្ងរ៖ «ស្ពានហ្នឹងដឹកឈើរាប់តោន ដឹកប៉ុន្មានថ្ងៃមុនអាយីឌុបចូលដឹកទៀត មិនមានបញ្ហា តែមានបញ្ហាទើបមានបញ្ហាម្សិលមិញ ហ្នឹងដាក់ស្លាកមិនឲ្យពលរដ្ឋដឹកលើសទម្ងន់ចាប់ពី ១តោនឡើងទៅ។ ផ្លូវតំបន់សេដ្ឋកិច្ចរបស់ពួកគាត់ បើសិនជាបិទផ្លូវហ្នឹង គាត់មានអីដឹកកសិផលរបស់គាត់ចេញ»។
លោក សឹម ពៅ បន្ថែមថា អ្នកភូមិបានតវ៉ាជាង ៣ម៉ោង ពុំឃើញមានអាជ្ញាធររដ្ឋាភិបាលណាចេញមុខសម្របសម្រួលទេ។ លោកព្រមានថា នឹងបន្តការតវ៉ាទៀត បើអាជ្ញាធរមិនដោះស្រាយក្តីកង្វល់របស់ពួកគេទេ។
អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ប៊ិញ ភឿក២ លោក ជុង យឿង បានទេនៅថ្ងៃទី៩ វិច្ឆិកា ព្រោះទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល។
អភិបាលស្រុកស្នួល លោក គង់ គឹមនី មានប្រសាសន៍ថា ពលរដ្ឋអាចដឹកកសិផលបានដូចដើមវិញ ហើយក្រោយពីអាជ្ញាធរស្រុកបានសម្របសម្រួលករណីនេះ។ លោកថា ក្រុមហ៊ុនបារម្ភខ្លាចស្ពាននេះបាក់ បានជារឹតត្បិតការដឹកធ្ងន់ ម្យ៉ាងស្ពាននេះក៏កាន់តែទ្រុឌទ្រោមដែរ។ លោកអំពាវនាវឲ្យពលរដ្ឋដឹកកសិផលឆ្លងស្ពាននេះ ត្រូវជួយថែរក្សាទាំងអស់គ្នា និងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ លោកថា អាជ្ញាធរស្រុកមិនទាន់ទទួលព័ត៌មានថា ក្រុមហ៊ុនបានយកប្រាក់ពីពលរដ្ឋដឹកកសិផល ដើម្បីជាថ្នូរឆ្លងស្ពាននេះទេ។ ទោះជាយ៉ាងណា លោកថាប្រសិនបើពលរដ្ឋប្រទះឃើញបុគ្គលណាទារប្រាក់ពីអ្នកដំណើរជាថ្នូរឆ្លងស្ពាននេះ សូមរាយការណ៍ឲ្យអាជ្ញាធរស្រុកជាបន្ទាន់ ដើម្បីឲ្យអាជ្ញាធរអន្តរាគមន៍៖ «កន្លងមកប្រជាពលរដ្ឋតែងតែឆ្លងកាត់ដឹកកសិផលចឹងដែរ ប៉ុន្តែគ្រាន់តែស្ពានទ្រុឌទ្រោម។ យើងការពារក្រែងលោមានគ្រោះថ្នាក់។ ក្រុមហ៊ុនខ្លាចមានគ្រោះថ្នាក់ដោយប្រការណាមួយ ចឹងបើបាក់ហើយ យើងមិនងាយធ្វើបានភ្លាមទេ»។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ខេត្តក្រចេះ លោក ឌិន ខន្នី យល់ថា ការដាក់បារ៉ាស់បិទផ្លូវ និងទារប្រាក់ពីអ្នកដំណើរ ជាថ្នូរដឹកកសិផល គឺជាករណីខុសច្បាប់ បើទោះបីជាក្រុមហ៊ុនជាអ្នកកសាងស្ពាននេះក្តី។ លោកថា អាជ្ញាធរមូលដ្ឋានត្រូវពន្លឿនដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋប្រមូលកសិផលឆ្នាំនេះ៖ «តែបើហេតុផលរបស់ក្រុមហ៊ុនវាជាការពិត ស្ពានហ្នឹងវាទ្រុឌទ្រោមមិនអាចប្រើប្រាស់បានមែន អាជ្ញាធរគាត់ត្រូវតែរកដំណោះស្រាយ គួរដោះស្រាយយ៉ាងម៉េច? យើងគួរកសាងយ៉ាងម៉េចជូនពលរដ្ឋវិញ មិនមែនបិទមិនឲ្យពលរដ្ឋចរាចរទេ»។
No comments:
Post a Comment