"ក្រោយមានច្បាប់សហជីពសិទ្ធិសេរីភាពកម្មករនៅមិនទាន់ប្រសើរឡើង"

ក្រុមសហជីព តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកជំនាញសេដ្ឋកិច្ច និងអង្គការអន្តជាតិខាងការងារ លើកឡើងថា នៅដើមឆ្នាំ២០១៦ នេះ ស្ថានភាពការទាមទារសិទ្ធិសេរីភាពរបស់កម្មករ និងសហជីពមិនទាន់ប្រសើរឡើង គឺនៅក្រោយមានច្បាប់សហជីព។ ទន្ទឹមគ្នានេះ ស្ថាប័នអន្តរជាតិ និងអ្នកជំនាញសេដ្ឋកិច្ចស្នើរដ្ឋាភិបាលអនុវត្តច្បាប់សហជីពដោយតម្លាភាពដើម្បីធានាដល់និរន្តភាពវិស័យកាត់ដេរកម្ពុជា។
សហជីព តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកជំនាញសេដ្ឋកិច្ចពីស្ថានទូតអាមេរិក និងអង្គការអន្តរជាតិខាងការងារ (ILO) អះអាងថា រយៈពេល ៦ខែកន្លងទៅ ក្រោយកម្ពុជាមានច្បាប់សហជីព ស្ថានភាពនៃការទាមទារសិទ្ធិសេរីភាពរបស់កម្មករ និងសហជីពនៅតែមានការរារាំងពីអាជ្ញាធរ។
ការលើកឡើងរបស់សហជីព និងស្ថាប័នអន្តរជាតិនៅពេលនេះ ធ្វើឡើងនៅក្នុងសន្និសីទស្ដីពី "ការពិនិត្យមើលច្បាប់សហជីពក្នុងរយៈពេល ៦ខែកន្លងមក" ដែលរៀបចំឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា លើកឡើងថា ស្ថានភាពសិទ្ធិកម្មករមិនបានប្រសើរឡើងជាងមុនក្រោយមានច្បាប់សហជីពនោះទេ។ ផ្ទុយទៅវិញ ក្នុងរយៈពេល ៦ខែ កន្លងមកនេះ ទាំងសហជីព និងកម្មករនៅមានចំណុចប្រឈម និងក្តីកង្វល់ខ្លាំង ក្នុងនោះមាន បែបបទនៃការចុះបញ្ជិកា ការទទួលពាក្យបណ្ដឹង និងការផ្ដល់របាយការណ៍ហិរញ្ញវត្ថុជាដើម។
លោកបន្តថា ការរឹតបន្តឹងសិទ្ធិរបស់សហជីពនៅតែបន្តកើតមានសហជីព និងកម្មករនៅតែរងការចោទប្រកាន់ ពិសេសការដោះស្រាយវិវាទ និងជម្លោះនៅមានការរារាំងពីអាជ្ញាធរ ពិសេសមិនស្មើភាពគ្នារវាងក្រុមសហជីព និងក្រុមនិយោជកនៅឡើយ៖ «ឧទាហរណ៍ កាលពីប៉ុន្មានថ្ងៃមុន សហជីពខ្ញុំបានទទួលពាក្យបណ្ដឹងពីកម្មករ ហើយគាត់មិនចេះអក្សរទេតែគាត់ត្រូវបានក្រុមហ៊ុនបញ្ឈប់ ប៉ុន្តែនៅពេលដែលយើងទៅក្រសួង ក្រសួងមិនឲ្យយើងធ្វើជាតំណាងឲ្យកម្មករទេ គឺក្រសួងឲ្យកម្មករខ្លួនគាត់ជាអ្នកការពារក្ដី និងធ្វើជាតំណាងឲ្យខ្លួនគាត់។ អ៊ីចឹងខ្ញុំសួរថា បើកម្មករគាត់អត់ចេះអក្សរផងហ្នឹង តើគាត់ទៅបកស្រាយជាមួយក្រសួងយ៉ាងម៉េច បើខ្លួនគាត់មិនចេះអក្សរផងហ្នឹង ហើយទាំងខ្លួនគាត់ទៅមិនទាន់ទទួលបានសិទ្ធិពេញលេញផងហ្នឹង តើគាត់ទទួលបានយុត្តិធម៌ពីច្បាប់នោះយ៉ាងម៉េច»។

អ្នកការពារសិទ្ធិកម្មកររូបនេះ ស្នើទៅក្រសួងការងារ គួរតែពិនិត្យលើច្បាប់សហជីពឡើងវិញ និងគួរចាត់វិធានការឲ្យបានស្មើភាពមិនមែនរឹតបន្តឹងតែអ្នកការពារសិទ្ធិកម្មករ និងកម្មករនោះទេ។
តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) មានប្រសាសន៍ថា គោលការណ៍នៃការអនុវត្តច្បាប់នេះ នៅមានភាពច្របូកច្របល់ ដូចជាការចុះបញ្ជិកា និងសិទ្ធិនៃការបង្កើតសហជីពជាដើម។
អ្នកស្រី វ៉ាន់ហ៊ី លី ស្នើឲ្យភាគីពាក់ព័ន្ធគួរតែពិនិត្យ និងពិភាក្សារួមគ្នាលើច្បាប់សហជីព ប្រសិនជារកឃើញភាពមិនប្រក្រតីណាមួយ។
ឆ្លើយតបនឹងការលើកឡើងនេះ អគ្គលេខាធិការនៃសហព័ន្ធនិយោជក (CAMFEBA) លោក សុខ ឡោ មានប្រសាសន៍ថា ក្រុមនិយោជកមានបញ្ហាទំហំធំជាងសហជីព ព្រោះនិយោជកមានតួនាទីបង្កើតទីផ្សារការងារនៅកម្ពុជា។ លោកស្នើឲ្យសហជីពគួរតែគោរពច្បាប់ដែលមានក្នុងវិស័យការងារដែរ មិនគួរបន្ទោសតែអ្នកវិនិយោគនោះទេ។ ប៉ុន្តែយ៉ាងណា លោកស្វាគមន៍រាល់ការពិភាក្សាជាមួយភាគីពាក់ព័ន្ធពីច្បាប់សហជីពនេះ៖ «យើងចង់ឲ្យខាងសហជីពគោរពទៅតាមច្បាប់ និងបទបញ្ញត្តិផ្សេងៗ ដែលមានក្នុងវិស័យការងារដែរ ព្រោះសហជីពគួរគិតពីតួនាទីរបស់និយោជក តើបានធ្វើអ្វីខ្លះសម្រាប់ប្រជាជនខ្មែរ? ព្រោះយើងដឹងហើយ ថារាល់ថ្ងៃខាងនិយោជកជាអ្នកបង្កើតការងារ បង្កើតរោងចក្រឲ្យយុវជនខ្មែរ នេះជាក្តីកង្វល់ និងបញ្ហារបស់សហជីព»។
សន្និសីទស្ដីពីការពិនិត្យមើលច្បាប់សហជីពក្នុងរយៈពេល ៦ខែ កន្លងមកនេះ មិនមានវត្តមានតំណាងក្រសួងការងារចូលរួមនោះឡើយ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ធ្លាប់អះអាងថា ដើមឆ្នាំ២០១៦ ក្រោយមានច្បាប់សហជីព ស្ថានភាពឧស្សាហកម្មសំលៀកបំពាក់កម្ពុជា ពិសេសសិទ្ធិកម្មករប្រសើរឡើងជាងមុន ព្រោះចំនួនរោងចក្រដែលបានបើកទ្វារច្រើនជាងចំនួនរោងចក្រដែលបានបិទទ្វារ ឬផ្អាកធ្វើអាជីវកម្ម ពិសេសថយចុះបាតុកម្មខុសច្បាប់។
ទោះយ៉ាងណា អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ស្កុត ឆ្សូសប៊ើក (Scott Schlossberg) និងអ្នកឯកទេសអង្គការអន្តជាតិខាងការងារ ក៏ស្នើឲ្យរដ្ឋាភិបាលអនុវត្តច្បាប់សហជីពដោយតម្លាភាព យុត្តិធម៌ សំដៅធានាការពារសិទ្ធកម្មករដើម្បីធានាដល់និរន្តរភាពវិស័យកាត់ដេរកម្ពុជា៕
No comments:
Post a Comment