Monday, November 7, 2016

សហគមន៍​ជម្លោះ​ដីធ្លី​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទោះ​បី​នាយក​រដ្ឋមន្ត្រី​ព្រមាន

ពលរដ្ឋ​សហគមន៍​បុរីកីឡា និង​អ្នក​ភ្នំបាត ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នា​សហគមន៍​បុរីកីឡា នៅ ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth


បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋមន្ត្រី មិន​ឲ្យ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​រដ្ឋាភិបាល​អះអាង​ថា ជា​ទម្រង់​នៃ​បដិវត្តន៍​ពណ៌​ក្ដី ក៏​សហគមន៍​ជម្លោះ​ដីធ្លី​តំបន់​បុរីកីឡា និង​ភ្នំ​បាត នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា បាន​រៀបចំ​យុទ្ធនាការ​នេះ​ដូច​លើក​មុនៗ​ដែរ។ សហគមន៍​បាន​ទាមទារ​រក​យុត្តិធម៌ និង​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ពី​រឿង​បដិវត្តន៍​ពណ៌។

សហគមន៍​បុរីកីឡា និង​សហគមន៍​ភ្នំ​បាត ដែល​ជា​អតីត​អ្នក​បុរីកីឡា​ប្រមាណ ២០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​២៧ នៅ​ក្នុង​មុខ​អគារ​ទី​៥ នៃ​បុរីកីឡា។

សមាជិក​សហគមន៍​ពាក់​អាវ​ពណ៌​ខ្មៅ​កាន់​បដា​ដែល​សរសេរ​ថា «ម្ចាស់​ដី ម្ចាស់​ផ្ទះ ម្ចាស់​ឆ្នោត» បង្ហោះ​ប៉េងប៉ោង​ចម្រុះ​ពណ៌​ដែល​មាន​ចង​ភ្ជាប់​បដា និង​សូត្រ​មន្ត។

នៅ​លើ​បដា​នេះ សហគមន៍​រំពឹង​រក​យុត្តិធម៌ ដោយ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប តំណាង​សហគមន៍​បឹងកក់ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង និង​ស្វែងរក​អ្នក​រៀបចំ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

ពលរដ្ឋ​សហគមន៍​បុរីកីឡា និង​អ្នក​ភ្នំបាត ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នា​សហគមន៍​បុរីកីឡា នៅ ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth

ដោយឡែក​សហគមន៍​បឹងកក់ ខកខាន​មិន​បាន​រៀបចំ​យុទ្ធនាការ​នេះ​ទេ ដោយ​តំណាង​សហគមន៍​បញ្ជាក់​ថា សមាជិក​មួយ​ចំនួន​ជាប់​រវល់​រៀបចំ​ឯកសារ​សម្រាប់​សំណុំ​រឿង​ក្តី​នៅ​តុលាការ និង​ខ្លះ​ទៀត​ឈឺ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវ​ធានា​ដាច់ខាត​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​ឡើង​នៅ​កម្ពុជា ដែល​បំផ្លាញ​នូវ​សេចក្ដី​សុខ និង​សន្តិភាព​របស់​ប្រទេស​ជាតិ ហើយ​ត្រូវ​ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។

មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ហៅ​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ថា​ជា​ការ​រៀបចំ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល។

អាជ្ញាធរ​បាន​ចាប់​ឃាត់​ខ្លួន និង​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​សន្យា ចំពោះ​អ្នក​ដែល​រៀបចំ និង​ចូលរួម​យុទ្ធនាការ​នេះ។

ទោះ​យ៉ាង​ណា លោកស្រី សរ ស៊ន តំណាង​សហគមន៍​បុរីកីឡា បញ្ជាក់​ថា ការ​ចោទ​របស់​រដ្ឋាភិបាល​ជា​លេស​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​ពលរដ្ឋ​រិះគន់។ លោកស្រី​បញ្ជាក់​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ មិន​មែន​ជា​បដិវត្តន៍​ពណ៌​ទេ ពីព្រោះ​ក្រុម​សហគមន៍​លោកស្រី​គ្មាន​ចេតនា​ណា​មួយ ដើម្បី​ផ្ដួល​រំលំ ឬ​ប្រឆាំង​រដ្ឋាភិបាល​ឡើយ៖ «សួរ​ថា​ប្រជាពលរដ្ឋ​ធ្វើ​បដិវត្តន៍​ពណ៌​យ៉ាង​ម៉េច បើ​លុយ​អត់​មាន​ផង អាវុធ​ក៏​អត់ កងទ័ព កង​កម្លាំង​ក៏​អត់​មាន សួរ​ថា​ធ្វើ​បដិវត្ត​អី?»។

លោកស្រី ស៊ន បន្ត​ថា អ្វី​ដែល​សហគមន៍​មាន​ជម្លោះ​ដីធ្លី​រៀបចំ​យុទ្ធនាការ​នេះ គឺ​ទាមទារ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​មន្ត្រី​រដ្ឋ​បំពេញ​តាម​តួនាទី​ឲ្យ​ត្រឹមត្រូវ។ លោកស្រី សរ ស៊ន ជឿជាក់​ថា បុគ្គល​ដែល​កំពុង​ជាប់​ឃុំ និង​ត្រូវ​បាន​គេ​សម្លាប់ មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​ថា ការ​រៀបចំ និង​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​លោក​មិន​យល់​ថា យុទ្ធនាការ​នេះ​ជា​ទម្រង់​នៃ​បដិវត្តន៍​ពណ៌​នោះ​ទេ។

យុទ្ធនាការ​របស់​សហគមន៍​ជម្លោះ​ដីធ្លី​នៅ​សប្ដាហ៍​នេះ មិន​មាន​អាជ្ញាធរ​មក​រារាំង​ឡើយ ក៏ប៉ុន្តែ​មន្ត្រី​របស់​សាលា​រាជធានី​ភ្នំពេញ ធ្លាប់​លើក​ឡើង​ថា អាជ្ញាធរ​បន្ត​ឃ្លាំ​មើល​ការ​រៀបចំ​យុទ្ធនាការ​នេះ ដើម្បី​ប្រមូល​ភស្តុតាង។

លោកស្រី សរ ស៊ន បង្ហាញ​ជំហរ​ថា នឹង​បន្ត​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​រហូត​ដល់​មាន​ដំណោះស្រាយ៖ «មីង​នឹង​បន្ត​យុទ្ធនាការ​នេះ​ទៀត ទោះ​បី​មាន​ការ​ចាប់​ខ្លួន ទោះ​បី​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ខ្លះៗ​ក៏ដោយ ក៏​មីង​នៅ​តែ​ប្រឹងប្រែង​ធ្វើ​ទៅ​ទៀត»៕

No comments:

Post a Comment