Wednesday, November 23, 2016

សមត្ថកិច្ច​ខេត្ត​ក្រចេះ​រង​ការ​ចោទ​ថា​បង្កើត​កុងត្រូល​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ

ពលរដ្ឋ​ដឹក​ឈើ​តាម​ម៉ូតូ​នៅ​ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Men Sothyr


ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​ពី​សកម្មភាព​នគរបាល​សេដ្ឋកិច្ច សមត្ថកិច្ច​តាម​ដង​ផ្លូវ  និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​បើក​កុងត្រូល​ជជុះ​ចាំ​ស្ទាក់​ជំរិត​ទារ​ប្រាក់​ពី​ពួកគាត់ ក្រោម​ហេតុផល​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ត្រូវ​បង់​ប្រាក់​ដើម្បី​ជា​ថ្នូរ។ ការ​ជំរិត​ទារ​ប្រាក់​បែប​នេះ ខណៈ​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ស្ទឹងត្រែង កំពង់ចាម កំពត និង​តាកែវ ជាដើម បាន​មក​ទិញ​ឈើ​ផ្ទះ​ចាស់ៗ ដែល​អ្នក​ភូមិ​ស្រែគរ រុះរើ​ទៅ​តាំងទី​លំនៅ​កន្លែង​ថ្មី។

ប្រជាពលរដ្ឋ​អំពាវនាវ​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ ស៊ើប​អង្កេត និង​អន្តរាគមន៍​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​តាម​ដង​ផ្លូវ នគរបាល​សេដ្ឋកិច្ច ដែល​បង្កើត​កុងត្រូល​ជជុះ​គាបសង្កត់​ពលរដ្ឋ​ដឹក​ឈើ​គ្រឿង​ផ្ទះ​ដែល​ប្រមូល​ទិញ​ពី​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ដែល​រុះរើ​ចេញ​ពី​លំនៅឋាន​ចាស់ ទៅ​តាំង​ទី​លំនៅ​ភូមិ​ថ្មី​ក្រោយ​ពី​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ពលរដ្ឋ​ដែល​មក​ទិញ​ឈើ​គ្រឿង​ផ្ទះ​រស់​នៅ​ខេត្ត​កំពត លោក លីវ ឈុន ចោទ​ប្រកាន់​ថា សមត្ថកិច្ច​តាម​ដង​ផ្លូវ​បាន​បើក​កុងត្រូល​ជជុះ​ជំរិត​ទារ​ប្រាក់​ពី​ពួកគាត់​នៅ​ផ្លូវ​ជាតិ​លេខ​៧ ពី​ខេត្ត​ស្ទឹងត្រែង មក​ខេត្ត​ក្រចេះ ឋិត​នៅ​ស្រុក​សំបូរ និង​ស្រុក​ចិត្របូរី។ លោក​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា មន្ត្រី​ទាំង​នោះ​បាន​គំរាម​ពួកគាត់​ដែល​ដឹក​ជញ្ជូន​ឈើ​ធ្វើ​គ្រឿង​ផ្ទះ ដោយ​តម្រូវ​ឲ្យ​បង់​ប្រាក់​ឲ្យ​ពួកគេ​ចំនួន ២​ម៉ឺន​រៀល​ដល់ ២០​ម៉ឺន​រៀល​ក្នុង​មួយ​ស្ថាប័ន ហើយ​កន្លែង​ខ្លះ​មាន​សមត្ថកិច្ច​បើក​រថយន្ត​ស្ទាក់ ដោយ​គំរាម​ទារ​ប្រាក់ ២០​ម៉ឺន​រៀល បើ​ទោះ​បី​ជា​លោក​បាន​បង្ហាញ​លិខិត​អនុញ្ញាត​ដែល​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្ដី។

លោក​ត្អូញ​ថា លោក​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាង ៨០​ម៉ឺន​រៀល ទើប​រថយន្ត​របស់​លោក​ដល់​គោលដៅ។ លោក​ថា ក្រុម​ពលរដ្ឋ​បាន​ស្ដីបន្ទោស​ចំពោះ​ការ​ជំរិត​ទារ​ប្រាក់​ពី​សមត្ថកិច្ច​ទាំង​នោះ​ថា យក​តួនាទី​គំរាម​បង្ខំ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់ បង្ក​ការ​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់៖ «គេ​ថា​ខ្លះ​មេព្រៃ​ទៅ ប៉ូលិស​សេដ្ឋកិច្ច​ក៏​មាន មិន​ដឹង​នរណា​ខ្លះ? អត់​ឃើញ​ពាក់​អាវ​ផង សុទ្ធតែ​ស៊ីវិល​ទាំង​អស់។ បើ​យើង​មិន​ព្រម​វា​នៅ​កាក់​ឡាន​នៅ​មុខ​ហ្នឹង​រហូត»។
អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ក្រចេះ លោក ប៊ន សុភី ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ព្រោះ​ទូរស័ព្ទ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ លោក ទ្រី សុភ័ក្រ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

មេឃុំ​ស្រែគរ លោក សៀក មេគង្គ ថ្លែង​បញ្ជាក់​ថា អ្នក​ភូមិ​ស្រែគរ ដែល​យល់​ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ សម្រេច​ទៅ​តាំងទី​លំនៅ​ថ្មី​បាន​លក់​ផ្ទះ​ចាស់ៗ​តម្លៃ​សមរម្យ​ឲ្យ​ពលរដ្ឋ​មក​ពី​ខេត្ត​កំពត និង​កំពង់ចាម ជាដើម។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ និង​ភូមិ​បាន​ចេញ​លិខិត​បញ្ជាក់​ស្ដីពី​កិច្ចសន្យា​វាង​អ្នក​ទិញ និង​អ្នក​លក់​ឲ្យ​ពលរដ្ឋ​ដឹក​ឈើ​ទាំង​នោះ​ដើម្បី​បង្ហាញ​ថា ឈើ​ទាំ​នេះ​ជា​របស់​កម្មសិទ្ធិ​បុគ្គល ពុំ​មែន​ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​នោះ​ទេ។

លោក​ចាត់​ទុក​ការ​ជំរិត​ទារ​ប្រាក់​បែប​នេះ​ថា ជា​ករណី​ខុស​ច្បាប់៖ «គ្នា​មាន​លុយ​អី បើ​កោសរូស​អ៊ីចឹង​ទៅ ជះ​ឥទ្ធិពល​ដ៏​អាក្រក់។ ទី​១ ខ្ញុំ​គិត​ថា ជះឥទ្ធិពល​ដល់​រដ្ឋាភិបាល និង​ទី​២ កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ត្រង់​ណា? ហើយ​ទី​៣ កាត់​បន្ថយ​អំពើ​ពុករលួយ។ អា​ហ្នឹង​ជះឥទ្ធិពល​ត្រង់​ហ្នឹង»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ការ​ដាក់​កុងត្រូល​ជជុះ​របស់​សមត្ថកិច្ច គឺ​ផ្ទុយ​ពី​បទ​បញ្ជា​ប្រមុខ​រដ្ឋាភិបាល​ដែល​ហាម​មិន​ឲ្យ​មាន​កុងត្រូល​តាម​ផ្លូវ​ស្ទាក់​ឃាត់​រថយន្ត​ពលរដ្ឋ​ទារ​លុយ ដែល​ប៉ះពាល់​មុខ​របរ​ចិញ្ចឹម​ជីវិត​ពលរដ្ឋ។

លោក​បញ្ជាក់​ថា ផ្ទះ​ចាស់ៗ​ដែល​អ្នក​ភូមិ​ស្រែគរ លក់​ឲ្យ​ពលរដ្ឋ​នៅ​ខែត្រ​ផ្សេងៗ វា​ជា​កម្មសិទ្ធិ​បុគ្គល​ពុំ​មែន​ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​នោះ​ទេ ដូច្នេះ​ការ​ដឹក​ជញ្ជូន​បែប​នេះ​ពុំ​មែន​ជា​ករណី​ខុស​ច្បាប់​ឡើយ៖ «វា​មាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ហើយ វា​អស់​អី​ហើយ វា​មិន​មែន​ជា​ឈើ​ចេញ​ពី​សិប្បកម្ម ឬ​មួយ​ឈើ​ចេញ​ពី​​ព្រៃ​ទេ។ នេះ​ជា​ឈើ​ផ្ទះ​ដែល​គាត់​រើ​ដើម្បី​យក​ទៅ​ធ្វើ​ថ្មី​ម្ដង​ទៀត។ អ៊ីចឹង​វា​មិន​មាន​អី​លក្ខណៈ​ឲ្យ​ពួកគាត់​ខុស​ទេ។ បើ​សិន​​ជា​មាន​ការ​ទារ​ប្រាក់​គឺ​សមត្ថកិច្ច​គឺ​គាត់​ខុស​វិញ»។

កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដោយ​ហាម​មិន​ឲ្យ​មាន​កុងត្រូល​ជជុះ​ខុស​ច្បាប់​តាម​ផ្លូវ​ស្ទាក់​ឃាត់​រថយន្ត​ពលរដ្ឋ​ទារ​លុយ​ដែល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​នោះ​ឡើយ៕

No comments:

Post a Comment