
នគរបាលខេត្តកណ្ដាល កំពុងចរចាផ្តល់សំណងដល់គ្រួសារជនរងគ្រោះ ដែលនគរបាលស្រុកស្អាង ព្រួតគ្នាវាយតប់ទៅលើបុរសជិះម៉ូតូពីរនាក់ បណ្ដាលឲ្យស្លាប់ម្នាក់ កាលពីខែតុលា។ បុរសដែលបានស្លាប់ក្នុងអំពើហិង្សាបង្កដោយនគរបាលវាយដំនោះ ឈ្មោះ ចំរើន សីហា អាយុ ២៦ឆ្នាំ រស់នៅភូមិតានង់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកម្នាក់ទៀតរបួសធ្ងន់មានឈ្មោះ ទិត លាភ អាយុ ២២ឆ្នាំ ត្រូវជាប្អូនថ្លៃអ្នកស្លាប់ ហើយមានទីលំនៅជាមួយគ្នា។
ភរិយាសពជនរងគ្រោះ ចំរើន សីហា គឺលោកស្រី ឃួន ស្រីមុំ។ លោកស្រីបានឲ្យដឹងថា ខាងប៉ូលិសព្រហ្មទណ្ឌខេត្តកណ្ដាល បានកោះហៅអ្នកស្រី ២ ឬ ៣ដងរួចមកហើយដើម្បីសាកសួរ និងពិភាក្សាសងសំណងជាទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែលោកស្រីមិនព្រម។ លោកស្រីបន្តទៀតថា នៅថ្ងៃទី២៤ វិច្ឆិកា គេកោះឲ្យលោកស្រីចូលខ្លួនម្តងទៀត ប៉ុន្តែលោកស្រីមិនមានគម្រោងទៅនោះទេ៖ «គេឲ្យត្រឹមពីរម៉ឺន។ គេអត់គំរាមកំហែងទេ តែខ្លាចតែទៅថ្ងៃមុខទៀត ខ្លាចគេធ្វើបាប។ ខ្ញុំចង់ឃើញគាត់ ចង់មើលមុខគាត់ ដែលហ៊ានប្រព្រឹត្តលើប្ដីខ្ញុំអ៊ីចឹង។ ខ្ញុំចង់មើលមុខដែរ។ ខ្ញុំ សំណងក៏ខ្ញុំចង់បាន ខ្លួនគាត់ក៏ខ្ញុំចង់ឲ្យចូលគុក។ ខ្ញុំបានសំណងខ្លះចិញ្ចឹមកូន ហើយអ្នកជំងឺ សុំលុយកាក់ខ្លះ ដើម្បីមើលជំងឺអ៊ីចឹងណាបង»។
តាមការអះអាងរបស់ភរិយាសពជនរងគ្រោះ ចំរើន សីហា គឺលោកស្រី ឃួន ស្រីមុំ ថាជនរងគ្រោះឈ្មោះ ទិត លាភ ដែលរងរបួសធ្ងន់ បច្ចុប្បន្នស្ថិតនៅក្នុងការព្យាបាលនៅឡើយ ហើយមិនអាចទៅធ្វើការបាននោះទេ។
ស្នងការខេត្តកណ្តាល លោក អ៊ាវ ចំរើន បានឲ្យអាស៊ីសេរី ដឹងនៅយប់ថ្ងៃទី២២ វិច្ឆិកា តាមបណ្ដាញទំនាក់ទំនងតេឡេក្រាមថា រហូតមកទល់ពេលនេះ ខាងលោកមិនទាន់ចាប់បានជនជាប់ចោទទាំង ៣នាក់នោះទេ៖ «សំណុំរឿង ខ្ញុំបញ្ជូនឲ្យខាងតុលាការរួចមកហើយ គាត់ចាត់ចែងតាមនីតិវិធីនៅពេលដែលគាត់ចេញដីកាមកឲ្យខ្ញុំ ពួកខ្ញុំនឹងបន្តដំណើរការតទៅទៀត»។
ជនជាប់ចោទទាំង ៣នាក់ដែលជាប៉ូលិសប្រើហិង្សាលើបុរសជិះម៉ូតូរហូតដល់ស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់នោះមានឈ្មោះ ឆៃ ស៊ីណា ជានាយការិយាល័យនគរបាលអន្តោប្រវេសន៍ស្រុក ឈ្មោះ ភក្ដី វិទូ ជាអធិការរងនគរបាលស្រុក និងឈ្មោះ ឃាង សុថេង ជានាយរងនគរបាលបច្ចេកទេសស្រុក។
កាលពីល្ងាចថ្ងៃទី២១ ខែតុលា នគរបាលស្រុកស្អាង ខេត្តកណ្ដាល ជាច្រើននាក់បានប្រើហិង្សាវាយដំទាត់ធាក់បុរសជិះម៉ូតូពីរនាក់ ហើយចោទថា បុរសពីរនាក់នោះជាចោរប្លន់។ ប៉ុន្តែជនរងគ្រោះថា ជម្លោះកើតចេញពីការជិះម៉ូតូជែងគ្នា។ អ្នកស្រុកដែលឃើញហេតុការណ៍នោះផ្ទាល់បានបញ្ជាក់ថា ប៉ូលិសវាយដំអ្នកទាំងពីរនោះ ប៉ុន្តែក៏មើលទៅមិនសូវមានរបួសធ្ងន់ធ្ងរទេ។ ប៉ុន្តែអ្នកទាំងពីរត្រូវមើលឃើញថាមានរបួសធ្ងន់ បន្ទាប់ពីចេញមកពីអធិការដ្ឋាននគរបាលស្រុកស្អាង ហើយបានស្លាប់នៅពេលអ្នកភូមិ និងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងតាខ្មៅ។
ការប្រើអំពើហិង្សារបស់ប៉ូលិសទៅលើជនរងគ្រោះទាំងពីរនាក់ ត្រូវបានថ្កោលទោសពីពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្ស ថាជាអំពើរំលោភច្បាប់ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ៕
No comments:
Post a Comment