គណៈមេធាវីអាមេរិករិះគន់ការកាត់ទោសលោក នី ចរិយា
ភ្នំពេញៈ គណៈមេធាវីអាមេរិកបានរិះគន់ការកាត់ទោសកាលពីខែកញ្ញាទៅលើអតីតបុគ្គលិកអង្គការសិទ្ធិមនុស្សអាដហុកលោក នី ចរិយា ដោយហៅនីតិវិធីរបស់តុលាការកម្ពុជាថាជាការរំលោភបំពានសិទ្ធិរបស់គាត់ «សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌» និងការមិនបានបំពេញទៅតាមស្តង់ដារច្បាប់អន្តរជាតិ។
លោក នី ចរិយា ដែលឥឡូវនេះជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ត្រូវបានកាត់ទោសកាលពីខែកញ្ញាពីបទបរិហារកេរ្តិ៍ទៅលើមន្រ្តីតុលាការខេត្តសៀមរាបពីររូបហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ និងពិន័យជាប្រាក់ចំនួន ៦ លានរៀល (ប្រហែល ១៤៦០ ដុល្លារ) ដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ឃី ឆ័យ នៅក្នុងសំណុំរឿងមួយដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការយាយីពីតុលាការទៅលើក្រុមសិទ្ធិមនុស្ស។ សំណុំរឿងនេះកើតចេញពីការរិះគន់របស់លោក នី ចរិយា ដែលបានចាក់ផ្សាយក្នុងអំឡុងសន្និសីទកាសែតមួយទៅលើចៅក្រមស៊ើបសួរលោក គី រិទ្ធី និងព្រះរាជអាជ្ញារងលោក សុខ កែវបណ្ឌិត ចំពោះការចាប់ខ្លួនអ្នកភូមិពីរនាក់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីមួយនៅក្នុងខេត្តសៀមរាប។
នៅក្នុងរបាយការណ៍អង្កេតការណ៍លើការជំនុំជម្រះដែលចេញកាលពីម្សិលមិញមជ្ឈមណ្ឌលដើម្បីសិទ្ធិមនុស្សរបស់គណៈមេធាវីអាមេរិកបានរកឃើញថាការជំនុំជម្រះលើករណីលោក ចរិយា គឺពោរពេញទៅដោយការធ្វេសប្រហែសនៃនីតិវិធីដូចជាការសន្មតជាមុនថាមានទោសកំហុសអវត្តមាននៃម្ចាស់ពាក្យបណ្តឹងទំាងលោក គី រិទ្ធី និង កែវ បណ្ឌិត ដែលមិនបានចូលរួមនៅក្នុងសវនាការដូចដែលពួកគាត់បានចូលរួមក្នុងអំឡុងសវនាការកាលពីខែកក្កដា។
របាយការណ៍នេះបានឲ្យដឹងថា៖ «ដោយសារអវត្តមានភាគីដែលប្តឹងវាហាក់បីជាសមហេតុផលក្នុងការស្នើលើកចោលបទចោទប្រកាន់ ឬបន្តបង្ខំឲ្យមានវត្តមាន»។
របាយការណ៍នេះក៏បានរិះគន់ផងដែរចំពោះការខ្វះខាតការលើកហេតុផលដោយលោកចៅក្រម ឆ័យ ដែលបានចំណាយពេលតែ ១៥ នាទីដើម្បីពិចារណាលើអង្គសេចក្តីនៃសំណុំរឿងនោះសម្រាប់ការចេញសេចក្តីសម្រេច។
របាយការណ៍នេះបន្តថា៖ «លោក [ឆ័យ] មិនបានឆ្លើយតបនឹងក្តីបារម្ភដែលលើកឡើងដោយមេធាវីការពារក្តីអំពីការខកខានរបស់ព្រះរាជអាជ្ញាដែលមិនបានអះអាងអំពីបន្ទុកនៃការផ្តល់ភ័ស្តុតាងសិទ្ធិតទល់ជាមួយសាក្សី ឬការអះអាងដែលធ្វើឡើងដោយចុងចោទថាពិតប្រាកដនោះទេ»។
លោកមេធាវី សំ សុគង់ ដែលតំណាងឲ្យលោក ចរិយា បានយល់ស្របជាមួយរបាយការណ៍វាយតម្លៃនេះ។
លោកបានបន្ថែមថាភាពអសមត្ថភាពក្នុងការពិនិត្យទៅលើដើមបណ្តឹងបានធ្វើឲ្យប៉ះពាល់ការការពារក្តីរបស់លោកសម្រាប់លោក ចរិយា។
លោកបានបន្តថា៖ «នេះជាបញ្ហាប្រឈមមួយសម្រាប់ខ្ញុំជាមេធាវីការពារក្តី»។ «ជាមួយនឹងរបាយការណ៍វាយតម្លៃនេះខ្ញុំសង្ឃឹមថាសាលាឧទ្ធរណ៍នឹងរៀបចំសវនាការដោយយកចិត្តទុកដាក់ដើម្បីកុំឲ្យមានការរិះគន់»។
ខណៈបទចោទប្រកាន់ «ការបរិហារកេរ្តិ៍ជាសាធារណៈ» មិនមានការកាត់ទោសឲ្យជាប់ពន្ធនាគារអ្នកជំនាញច្បាប់លោក សុក សំអឿន បានថ្លែងថាជាញឹកញាប់ការភ្ជាប់បទបរិហារកេរ្តិ៍ជាមួយបទល្មើសធ្ងន់ធ្ងរដទៃៗនៅក្នុងករណីរបស់លោក ចរិយា រិះគន់តុលាការអាចធ្វើឲ្យព្រះរាជអាជ្ញាជំរុញឲ្យមានការដាក់ពន្ធនាគារ។
លោកបានថ្លែងបន្តថា៖ «បើតែបទបរិហារកេរ្តិ៍ចុងចោទនឹងមិនភ័យខ្លាចទេ។ «ពួកគេ [ព្រះរាជអាជ្ញា] នឹងជ្រើសរើសបទចោទប្រកាន់ដទៃៗទៀតដើម្បីឲ្យពួកគេអាចយកអ្នកទៅដាក់គុកបាន»។
ជាមួយនឹងបញ្ហាកំណែទម្រង់ប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជាលោក សំអឿន បានថ្លែងថាការខ្វះខាតអ្នកជំនាញច្បាប់ដែលមានគុណវុឌ្ឍិនៅក្រសួងយុត្តិធម៌ និងការច្រានចោលរបស់រដ្ឋាភិបាលចំពោះការរិះគន់តុលាការគឺវារារាំងមិនឲ្យមានភាពផ្លាស់ប្តូរ។ លោកបន្តថា៖ «រដ្ឋាភិបាលត្រូវតែយល់ថាកំណែទម្រង់នេះគឺត្រូវការឲ្យមាន»។ «ប៉ុន្តែប្រសិនបើអ្នករិះគន់តុលាការអ្នកនឹងត្រូវជាប់គុក»។
កាលពីឆ្នាំមុនគណៈមេធាវីអាមេរិកបានចេញរបាយការណ៍រិះគន់ខ្លាំងៗមួយទៅលើតុលាការកម្ពុជាដោយហៅតុលាការកម្ពុជាថាពោរពេញដោយអំពើពុករលួយ សូកប៉ាន់ និងឥទ្ធិពលនយោបាយ។
ខណៈអំពើពុករលួយ និងការសូកប៉ាន់ត្រូវបានរកឃើញនៅតុលាការគ្រប់ជាន់ថ្នាក់របស់កម្ពុជា។ របាយការណ៍នោះក៏បានចង្អុលបង្ហាញដែរថាច្បាប់ទាំងបីស្តីពីតុលាការដែលត្រូវបានអនុម័តកាលពីឆ្នាំ ២០១៤ គឺជាការពង្រឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើតុលាការ។
លោក Kingsley Abbot ទីប្រឹក្សាច្បាប់អន្តរជាតិជាន់ខ្ពស់នៅគណៈកម្មការអ្នកច្បាប់អន្តរជាតិនិយាយថាភាពប្រសើរឡើងនៃនីតិវិធីជំនុំជម្រះគឺរងឥទ្ធិពលពីរដ្ឋាភិបាល។
លោកថា៖ «បញ្ហាពិតប្រាកដគឺវិសាលភាពដែលចៅក្រមអាចធ្វើការងាររបស់ខ្លួនដោយមិនមានការជ្រៀតជ្រែកពីតុលាការជាពិសេសនៅក្នុងសំណុំរឿងនយោបាយ»។
លោក ចរិយា បច្ចុប្បន្នគឺកំពុងជាប់ឃុំមុនការជំនុំជម្រះក្នុងសំណុំរឿងសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងករណីរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សប្រឆាំងជាមួយនឹងនារីកាត់សក់ម្នាក់។ បុគ្គលិកអង្គការអាដហុកគឺលោក យី សុខសាន លោកស្រី លឹម មុនី លោក នី សុខា និងលោក ណៃ វ៉ាន់ដា ក៏កំពុងជាប់ឃុំក្នុងសំណុំរឿងនេះដែរ៕PS
No comments:
Post a Comment